អ្នកភូមិ នៅមណ្ឌលគិរី ថា, ក្រុមហ៊ុន វៀតណាម ប្រើកម្លាំង ប្រដាប់អាវុធ ការពារ ត្រាក់ទ័រ ភ្ជួរដី
RFA / វិទ្យុ អាស៊ី សេរី | ៤ មិថុនា ២០១៦
ពលរដ្ឋមានបញ្ហាដីនៅភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា
ខេត្តមណ្ឌលគិរី ជាមួយក្រុមហ៊ុន ប៊ិញ ភឿក១
មកជួបប្រជុំដើម្បីដោះស្រាយបញ្ហា កាលពីថ្ងៃទី២ ខែមិថុនា
ឆ្នាំ២០១៦។ Photo provided
មន្ត្រី ឃ្លាំមើល សិទ្ធិមនុស្ស សមាគម អាដហុក (ADHOC) ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា អំពាវនាវ ឲ្យអាជ្ញាធរ ខេត្ត មណ្ឌលគិរី ស៊ើបអង្កេត បន្ទាន់ ទៅលើ សេចក្ដីរាយការណ៍ ថា, ក្រុមហ៊ុន ប៊ិញ ភឿក ក្រចេះ រ៉ាប់ប៊ើ ១ ប្រើប្រាស់ ក្រុមឯកសណ្ឋាន យោធា មានអាវុធ យាមការពារ ត្រាក់ទ័រ ភ្ជួរដី របស់ ក្រុមហ៊ុន។
ការអំពាវនាវនេះ ធ្វើឡើង នៅថ្ងៃ ទី៤ ខែមិថុនា បន្ទាប់ ពីសហគមន៍ភូមិ ចក់ចារ អះអាង ថា, កាលពីថ្ងៃ ទី៣ ខែមិថុនា អ្នកភូមិ បានឃើញ ជនស្លៀកពាក់ យោធា ពីរនាក់ មានកាំភ្លើង អាកា-៤៧ [AK-47] ពីរដើម មកយាម ការពារ ត្រាក់ទ័រ ពីរគ្រឿង របស់ ក្រុមហ៊ុនដែលកំពុង ភ្ជួរដី នៅក្នុងដីចំការ កៅស៊ូ ដែលអ្នកភូមិ កំពុង តវ៉ា។
មន្ត្រី សម្របសម្រួល សមាគម អាដហុក ចាត់ទុក ការប្រើប្រាស់ អាវុធ និងកងកម្លាំង រដ្ឋាភិបាល យាមការពារ ក្រុមហ៊ុន ឯកជន គឺជារឿងខុសច្បាប់ និងថា ជាការគំរាមកំហែងទៅលើស្មារតីពលរដ្ឋដែលកំពុងតវ៉ារឿងដីធ្លីជាមួយ ក្រុមហ៊ុន។ លោកកត់សំគាល់ថា អាជ្ញាធរខេត្តកំពុងដោះស្រាយជម្លោះដីធ្លីរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ ហេតុនេះប្រសិនក្រុមហ៊ុនឆ្លៀតប្រើប្រាស់កងកម្លាំងប្រដាប់អាវុធយាម ការពារដីទំនាស់ជាកត្តាបង្ហាញថា ក្រុមហ៊ុនមិនឈរលើគោលការណ៍ដោះស្រាយទំនាស់ដោយសន្តិវិធី៖ «អ៊ីចឹង មានន័យ ថា, អ្វីដែលក្រុមហ៊ុនបានធ្វើហាក់មានចេតនាហ៊ុមព័ទ្ធយកដីសាធារណៈរបស់ រដ្ឋ ដីសហគមន៍ដែលគាត់គិតថា នឹងបានដីហ្នឹងនៅពេលខាងមុខ នៅពេលអាជ្ញាធរចុះដោះស្រាយ។»
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុន ប៊ិញ ភឿក ១ សុំបញ្ជាក់ការចោទប្រកាន់នេះបានទេ នៅថ្ងៃទី៤ ខែមិថុនា។
ចំណែកអភិបាលស្រុកកែវសីមា លោក ស៊ិន វណ្ណវុឌ្ឍ បញ្ជាក់ថា អាជ្ញាធរស្រុកមិនបានផ្តល់កងកម្លាំង ឬអនុញ្ញាតឲ្យបុគ្គលិកក្រុមហ៊ុនប្រើប្រាស់អាវុធការពារក្រុមហ៊ុននោះ ទេ។ លោកថា អាជ្ញាធរនឹងចាត់វិធានការផ្លូវច្បាប់ ប្រសិនក្រុមហ៊ុនប្រើប្រាស់កងកម្លាំងឯកសណ្ឋានយោធាមានអាវុធដូច ពលរដ្ឋអះអាង។
លោកសំណូមពរសុំឲ្យសហគមន៍ផ្ដល់ព័ត៌មានជាក់លាក់មកអាជ្ញាធរ ប្រសិនឃើញកងកម្លាំងប្រដាប់អាវុធយាមការពារដីក្រុមហ៊ុន៖ «មិន មានទេកន្លងមក ហើយថ្នាក់លើក៏មិនមានគោលការណ៍ឲ្យកងកម្លាំងទៅការពារក្រុមហ៊ុនដែរ។ បើមានការងារអ្វីឲ្យប្រជាជនរាយការណ៍មកអាជ្ញាធរផង។»
សហគមន៍ភូមិចក់ចារ ២១១គ្រួសារ កាលពីចុងខែឧសភា បានប្ដឹងក្រុមហ៊ុន ប៊ិញ ភឿក ១ ថាបានរំលោភកិច្ចព្រមព្រៀងសម្របសម្រួលរបស់អាជ្ញាធរដោះស្រាយវិវាទ ដីធ្លីខេត្តមណ្ឌលគិរី ដែលបានសម្រេចកាត់ដី ៣៧៥ហិកតារពីក្រុមហ៊ុនប្រគល់ជូនប្រជាពលរដ្ឋ។ រីឯអាជ្ញាធរខេត្តសន្យាថា នឹងចុះដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅថ្ងៃទី២ ខែមិថុនា។
ប្រជាពលរដ្ឋភូមិចក់ចារលោក ជា សារន បង្ហាញក្តីបារម្ភថា ការដាក់កងកម្លាំងមានអាវុធការពារគ្រឿងចក្រក្រុមហ៊ុនជាសញ្ញាបញ្ជាក់ ថា ក្រុមហ៊ុនមិនមានចេតនាប្រគល់ដីសហគមន៍ដែលក្រុមហ៊ុនឈូសឆាយយកនោះ ទេ។ លោកថា សហគមន៍បារម្ភពីសុវត្ថិភាព ពីព្រោះក្រុមហ៊ុនមិនបង្ហាញឆន្ទៈដោះស្រាយបញ្ហា ខណៈអាជ្ញាធរខេត្តត្រៀមចុះពិនិត្យទីតាំងដីជាក់ស្ដែង៖ «អត់ដែលទេ គេភ្ជួរតាមរងកៅស៊ូ អត់មានកាំភ្លើង អត់មានអ្នកណាមកយាមទេ។ អ្នកយាមពីមុនៗគេដកអស់ហើយ ខាងប៉ូលិសខេត្ត ទើបប៉ុន្មានថ្ងៃឃើញត្រាក់ទ័រភ្ជួរ ឃើញមានកាំភ្លើងឃើញគេយាម។»
យ៉ាងណាក៏ដោយ អភិបាលស្រុកកែវសីមា លោក ស៊ិន វណ្ណវុឌ្ឍ អះអាងថា ដីដែលប្រជាពលរដ្ឋទាមទារមិនឋិតក្នុងដីដែលក្រុមហ៊ុនបានដាំកៅស៊ូ នោះទេ។ លោកថា សប្ដាហ៍ក្រោយនេះ ក្រុមសមត្ថកិច្ចពាក់ព័ន្ធនឹងចុះពិនិត្យផ្ទៀងផ្ទាត់ដីជូនពលរដ្ឋ៕
No comments:
Post a Comment