ជនជាប់ចោទ វាយតំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ ឈ្មោះ ម៉ៅ ហឿន (ឆ្វេង) និង ចាយ សារិទ្ធ ត្រូវបានសមត្ថកិច្ចនាំខ្លួនចេញពីបន្ទប់សវនាការ សាលាដំបូង រាជធានី ភ្នំពេញ នៅថ្ងៃ ទី២៨ ខែមេសា ឆ្នាំ២០១៦។ |
អ្នកភូមិ៖ គ្រួសារ លោក ម៉ៅ ហឿន ចាប់ផ្ដើម ធូរធារ ក្រោយ ពីវាយ ដំតំណាងរាស្ត្រ
RFA / វិទ្យុ អាស៊ី សេរី | ១៤ មិថុនា ២០១៦
ផ្ទះ របស់ គ្រួសារលោក ម៉ៅ ហឿន ក្នុងភូមិ ៥ ឃុំព្រែកខ្សាយ "ខ" ស្រុកពាមរ ខេត្តព្រៃវែង។ រូបថតថ្ងៃ ទី១០ វិច្ឆិកា ឆ្នាំ២០១៥។ RFA/Tha Kitya |
ផ្ទះថ្មី ដែលក្រុមគ្រួសារ លោក ម៉ៅ ហឿន កំពុង រស់នៅ ស្ថិតនៅភូមិ៥ ឃុំព្រែកខ្សាយ "ខ" ស្រុកពាមរ ខេត្ត ព្រៃវែង។ រូបថតថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ |
ផ្ទះ
ថ្មី ដែលក្រុមគ្រួសារ លោក ម៉ៅ ហឿន កំពុងរស់នៅ ស្ថិតនៅភូមិ៥
ឃុំព្រែកខ្សាយ "ខ" ស្រុកពាមរ ខេត្តព្រៃវែង។ រូបថតថ្ងៃទី៦ ខែមិថុនា
ឆ្នាំ២០១៦
|
ប្អូនស្រី របស់លោក ម៉ៅ ហឿន ឈ្មោះ ម៉ៅ វណ្ណៈ នៅក្នុងផ្ទះថ្មី ស្ថិតនៅភូមិ៥ ឃុំព្រែកខ្សាយ "ខ" ស្រុកពាមរ ខេត្តព្រៃវែង។ រូបថតថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ |
អ្នកភូមិ មួយចំនួន ហាក់មាន ការងឿងឆ្ងល់ នៅពេល គ្រួសារ របស់អ្នក វាយតំណាងរាស្ត្រ បក្សប្រឆាំង កាលពីឆ្នាំមុន នោះ មានជីវភាព ធូរធារ មួយរំពេច ដោយមាន លទ្ធភាព ទិញផ្ទះ ថ្មមួយ ល្វែង ទំហំជាង ៥ម៉ែត្រ គុណ ៧ម៉ែត្រ និងមាន លទ្ធភាព បើកមុខរបរ លក់ដូរ អីវ៉ាន់ នៅមុខផ្ទះ យ៉ាងរំភើយ, ហើយ មិនដែលឃើញ ទៅធ្វើ ជាការកម្មករ នៅកន្លែង វេចខ្ចប់ ថ្នាំជក់ ទាំងម្ដាយ ទាំងកូន ដូចកាល ពីមុន ទៀតឡើយ។
អ្នកភូមិម្នាក់ ដែលសូម មិនបញ្ចេញឈ្មោះ សង្ស័យថា, ផ្ទះថ្ម មួយខ្នងនោះ គឺ អាចជារង្វាន់ ដ៏ធំមួយ សម្រាប់ គ្រួសារលោក ម៉ៅ ហឿន ក្រោយ ពីប្រើប្រាស់ កម្លាំងបាយ វាយដំលើ តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ ឲ្យរងរបួស យ៉ាងដំ នៅជាប់របង រដ្ឋសភា កាលពីថ្ងៃ ទី២៦ ខែតុលាការ ឆ្នាំ២០១៥ កន្លងទៅ៖ «មិនអាច មាន លទ្ធភាពណា ទៅទិញផ្ទះ នោះទេ គឺ បានមក ពីការវាយគេហ្នឹង ព្រោះ ថា, ក្រោយ វាយគេទៅ មានគេ ឲ្យលុយ។»
មាឌមាំដំបង ស្ថិតក្នុងវ័យ ៣៤ឆ្នាំ លោក ម៉ៅ ហឿន មានស្រុកកំណើតនៅភូមិ៥ ឃុំព្រែកខ្សាយ «ខ» ស្រុកពាមរ ខេត្តព្រៃវែង។ លោក ម៉ៅ ហឿន គឺជាជនដៃដល់ម្នាក់ក្នុងចំណោមបីនាក់ទៀតដែលចេញមុខ សារភាព នៅចំពោះ សមត្ថកិច្ច ថា បានវាយ តំណាងរាស្ត្រ បក្សប្រឆាំង ពីរូប ឲ្យរងបួស ធ្ងន់ នៅជាប់របង រដ្ឋសភា។
អ្នកភូមិម្នាក់ទៀតដែលអះអាង ថា បានស្គាល់ គ្រួសារលោក ម៉ៅ ហឿន ច្បាស់ដែរនោះ រៀបរាប់ថា គ្រួសារលោក ម៉ៅ ហឿន ធ្លាប់តែជួបការលំបាកសព្វបែបយ៉ាង គឺម្ដាយ និងប្អូនស្រី តែងតែ ចេញទៅ ធ្វើការ ជាកម្មករ វេចខ្ចប់ ថ្នាំជក់ នៅម្ដុំផ្សារ អ្នកលឿង ជាប្រចាំ។ ចំណែក ប្អូនប្រុសវិញ, គឺ ពួកគេ ជាអ្នក អូសរ៉ឺម៉ក ដឹកអីវ៉ាន់នៅផ្សាអ្នកលឿងដែរ។ តែពេលនេះ គេសង្កេតឃើញថា ម្ដាយ និងកូនស្រីលែងឃើញចេញទៅធ្វើការជាប្រចាំដូចមុន, ហើយ បែរឃើញ រស់នៅ លក់ដូរអីវ៉ាន់នៅក្នុងផ្ទះថ្មទៅវិញ។
ប្រភពដដែលបន្តថា ផ្ទះថ្មនេះ ប្រហែលជាតម្លៃប្រមាណ ៣ម៉ឺនដុល្លារ, ហើយ ប្រហែល ជាទិញ ក្នុងខែមីនា ឆ្នាំ២០១៦៖ «តាំង ពីថ្ងៃគាត់ចូលគុកមក ខ្ញុំឃើញគ្រួសារគាត់ប្លែក ទី១ ដូចខ្ញុំរៀបរាប់ខាងដើមអ៊ីចឹង តែបច្ចុប្បន្ននេះ គ្រួសារគាត់ មានផ្ទះថ្ម, មានជីវភាពធូរធារ សមរម្យ របស់គាត់, ហើយ ផ្ទះនេះ គេ លក់ក្នុងតម្លៃ ៣៥.០០០ដុល្លារ, ហើយ គាត់ មានសមត្ថភាព ទិញបាន រហូត ដាក់សាំងលក់ នៅមុខផ្ទះ។ តែ បើ យើង សង្កេត ពីដើមវិញ, គាត់ គ្មាន សមត្ថភាព ទិញផ្ទះ នោះ បានទេ, ហើយ ឮដំណឹង ថា មានគេ រ៉ាប់រង ទិញផ្ទះឲ្យ។»
ឆ្លើយតបចំពោះការចោទប្រកាន់នេះ កញ្ញា ម៉ៅ វណ្ណៈ ដែលជាប្អូនស្រីរបស់លោក ម៉ៅ ហឿន ដែលកំពុងរស់នៅ និងលក់ដូរអីវ៉ាន់ក្នុងផ្ទះថ្មនោះ បានប្រាប់វិទ្យុអាស៊ីសេរី ទាំងទឹកមុខប្រុងប្រយ័ត្នកាលពីថ្ងៃច័ន្ទ ទី៦ ខែមិថុនា ថា ផ្ទះថ្មនេះ គឺបងប្អូនជីដូនរបស់នាងជាពេទ្យធ្មេញ ទើបទិញតពីម្ចាស់ផ្ទះមុន ពោលគឺមិនមែនជាកម្មសិទ្ធិរបស់គ្រួសារនាងនោះទេ។ បងប្អូនជីដូនមួយរបស់នាងបានជួលអោយនាងរស់នៅបណ្ដោះអាសន្នជាមួយ ម្ដាយ និងឪពុកដើម្បីរកស៊ីលក់ដូរ៖ «បងអើយ! ខ្ញុំ ធ្វើជាកម្មករគេ, តើ មានលុយណា ទិញផ្ទះ? នេះ គឺ ផ្ទះជីដូនមួយ។»
សំណួរ៖ «ពេលឡើងផ្ទះ ឭគេ និយាយថា, គ្រួសារអូន ជាអ្នករៀបចំ?»
ចម្លើយ៖ «ម្ចាស់, គេ មករៀបចំទេ។ ផ្ទះនេះ មិនមែន ម៉ៅ ហឿន ឧបត្ថម្ភទេ ព្រោះ គាត់ គ្មាន លុយ, សូម្បី តែ កូន ក៏ពួកខ្ញុំ អ្នកចិញ្ចឹមដែរ។»
កញ្ញា វណ្ណៈ ប្រាប់វិទ្យុអាស៊ីសេរី ថា ម្ដាយរបស់នាងបានឡើងមកលេងនៅភ្នំពេញ ហើយនាងក៏មិនទៅធ្វើការដែរនៅថ្ងៃដែលវិទ្យុអាស៊ីសេរី ជួបសម្ភាសន៍នោះ។ កញ្ញា ម៉ៅ វណ្ណៈ បដិសេធថា បងប្រុសរបស់នាងមិនដែលចេញពីពន្ធនាគារមកលេងផ្ទះដូចការចោទរបស់ អ្នកភូមិឡើយ ពោលគឺគាត់នៅតែក្នុងពន្ធនាគារដដែល។ កញ្ញា វណ្ណៈ បន្ថែមថា លោក ម៉ៅ ហឿន ជាមនុស្សដែលពិបាកប្រៀនប្រដៅណាស់។
ដោយឡែកមេភូមិលេខ៥ លោក ឡេង ហៃ ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៨ ខែមិថុនា ថា ផ្ទះថ្មមួយខ្នងនោះ ពិតជាមិនមែនរបស់គ្រួសារលោក ម៉ៅ ហឿន នោះទេ ពោលគឺគ្រាន់តែគ្រួសារ ម៉ៅ ហឿន ទៅស្នាក់នៅចាំថែរក្សាបណ្ដោះអាសន្នប៉ុណ្ណោះ។ លោកបញ្ជាក់ថា ឥឡូវនេះ គឺភរិយារបស់ម្ចាស់ផ្ទះនោះបានចូលមករស់នៅរកស៊ីលក់ដូរវិញជាងមួយ ខែហើយ៖ «គ្នា គ្មាន លុយអី ទិញផ្ទះថ្មី បើ ម៉ែឪ រកតែ បាយស៊ី មិនបានផង។»
សំណួរ៖ «អ៊ីចឹង គេ ទិញហើយ គេ ទុកចោល, ហើយ ឲ្យពួកគាត់ ទៅនៅវិញ មែនទេ?»
ចម្លើយ៖ «អត់មាន ឲ្យនៅទេ, គឺ ម្ចាស់ គេមកនៅហើយតើ, គឺ គេ លក់ចាប់ហួយហ្នុង។»
សំណួរ៖ «តែ ខ្ញុំ ទៅឃើញ និងសួរ, គឺ គាត់ថា, ម្ចាស់ផ្ទះ អត់ទាន់ នៅទេ, ហើយ គាត់ ជាអ្នក លក់ដូរ តើ។»
ចម្លើយ៖ «ឥឡូវ ប្រពន្ធ ម្ចាស់ផ្ទះ មកនៅលក់ ចាប់ហួយ វិញហើយតើ! កាលមុន គេ មក ឲ្យគាត់ ចាំផ្ទះឲ្យ។»
ការលើកឡើងនេះ គឺផ្ទុយពីសម្ដីរបស់កញ្ញា ម៉ៅ វណ្ណៈ និងអ្នកភូមិដែលថា ម្ចាស់ផ្ទះមិនទាន់ចូលមករស់នោះទេ ហើយគ្រួសារលោក ម៉ៅ ហឿន កំពុងតែរស់នៅ និងលក់ដូរធម្មតាសិន៖
សំណួរ៖ «អីវ៉ាន់នេះ លក់ខ្លួន ឯងមែន?»
ចម្លើយ៖ «ចាស!»
សំណួរ៖ «អត់មាន អ្នកផ្សេង លក់ទេ អ៊ីចឹង?»
ចម្លើយ៖ «ចាស!»
សំណួរ៖ «ចុះ ពេលណា គេ ឲ្យអ្នកចេញ ពីផ្ទះនេះវិញ?»
ចម្លើយ៖ «អត់ដឹងដែរ, តែ ថ្ងៃណា គាត់ ត្រូវការទៅ គឺ យើងចេញទៅ។»
ដោយឡែកអ្នកភូមិម្នាក់ទៀតអះអាងថា ផ្ទះថ្មនោះ គឺអាចជាផ្ទះរបស់គ្រួសារលោក ម៉ៅ ហឿន ច្រើនជាង ព្រោះតាំងពីពេលទៅនៅក្នុងផ្ទះនោះមក ប្អូនស្រី និងម្ដាយរបស់លោក ម៉ៅ ហឿន លែងទៅធ្វើការជាកម្មករវេចខ្ចប់ថ្នាំដូចមុន។ ម្យ៉ាងវិញទៀត គេតែងឃើញប្អូនស្រី និងម្ដាយរបស់លោក ម៉ៅ ហឿន រស់នៅលក់ដូរក្នុងផ្ទះនោះជាប់ជាប្រចាំ មិនដែលឃើញអ្នកផ្សេងណាមកលក់ដូរនោះទេ។
ចំណែកម្ដាយវិញ តែងតែឧស្សាហ៍ឡើងមករាជធានីភ្នំពេញ ឬអាចនិយាយបានថា ក្នុងមួយខែម្ដង៖ «គាត់ នៅតែ ផ្ទះទេ, មិនដែល ទៅណាគាត់។ ហើយ គេ ឧស្សាហ៍ឃើញគាត់ ចុះឡើង ភ្នំពេញ ក្នុងមួយខែម្ដង, តែ មិនដឹង ថា, តើ គាត់ ទៅអើតមើល កូនគាត់ ឬយ៉ាងម៉េច, មិនបាន ដឹងដែរ។»
អ្នកភូមិ ហាក់មិន សូវហ៊ាន និយាយ ពីរឿង គ្រួសារលោក ម៉ៅ ហឿន ឡើយ ដោយបារម្ភ ពីសុវត្ថិភាព ដោយសារ ពួកគាត់ ដឹងថា នៅភូមិនោះ អាចមាន មនុស្ស ច្រើននាក់ ជាអង្គរក្ស លោក ហ៊ុន សែន។ ក្រៅពីនេះ នៅក្នុងភូមិ លេខ៥, គេ សង្កេតឃើញ មានជនជាតិ វៀតណាម រស់នៅច្រើន។
ទាក់ទង នឹងការឃុំខ្លួន វិញ, អ្នកភូមិ ខ្លះ មានមន្ទិលសង្ស័យពីភាពមិនប្រក្រតីជុំវិញនៃការឃុំ ខ្លួនលោក ម៉ៅ ហឿន ក្នុងពន្ធនាគារ។ អ្នកយាមពន្ធនាគារព្រៃសម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ ប្រាប់ថា នៅក្នុងពន្ធនាគារគឺអង្គរក្សលោក ហ៊ុន សែន ទាំង ៣នាក់ ដែលវាយតំណាងរាស្ត្រនោះ ហាក់មានឥទ្ធិពលខ្លាំងណាស់។ ទោះជាយ៉ាងណា ឆ្មាំពន្ធនាគារនោះ មិនហ៊ាននិយាយថា តើអ្នកទាំងបីនាក់នោះអាចមានលទ្ធភាពចេញចូលពន្ធនាគារដោយសេរី ឬយ៉ាងណានោះទេ?
ករណីហិង្សាលើតំណាងរាស្ត្រទាំងពីររូប គឺលោក ញ៉យ ចំរើន និងលោក គង់ សភា កើតឡើងបន្ទាប់ពីមានបាតុកម្មដែលព្យាយាមទម្លាក់លោក កឹម សុខា ពីអនុប្រធានទី១ រដ្ឋសភានៅមុខវិមានរដ្ឋសភា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥។ ក្រុមបាតុករដែលមានគ្នាជាង ២០នាក់ ដែលគេរាយការណ៍ថា ភាគច្រើនជាអង្គរក្សលោក ហ៊ុន សែន បានទាញតំណាងរាស្ត្រទាំងពីររូបចេញពីក្នុងឡាន វាយទាត់ធាក់តាមអំពើចិត្តនៅច្រកខាងត្បូងនៃវិមានរដ្ឋសភា ក្បែរស្ថានទូតអូស្ត្រាលី។ ក្រោយហិង្សានោះ មានតែអង្គរក្សលោក ហ៊ុន សែន ចំនួន ៣នាក់ បានចេញមុខសារភាព រួមមានលោក ម៉ៅ ហឿន និងជនដៃដល់ពីរនាក់ទៀត ឈ្មោះ លោក ចាយ សារិទ្ធ និងលោក សុត វណ្ណនី បន្ទាប់ពីលោក ហ៊ុន សែន ប្រកាសឲ្យចេញមុខសារភាព។
ពេលចូលបំភ្លឺនៅតុលាការម្ដងៗ គេសង្កេតឃើញថា អ្នកទាំងបីនោះមិនមានអារម្មណ៍តក់ស្លុត ឬញញើតអ្វីឡើយ ថែមទាំងបានសម្ដែងឫកពាយ៉ាងឡូយ ដោយមានជក់បារី បង់កកន្សែងទៀតផង។
ការបើកសង្វៀនប្រដាល់សេរីពីសំណាក់ក្រុមអង្គរក្សរបស់លោក ហ៊ុន សែន លើតំណាងរាស្ត្រដែលមិនតដៃនេះ គេមិនឃើញអាជ្ញាធរ និងតុលាការស៊ើបអង្កេតតាមចាប់មេខ្លោង និងអ្នកដឹកនាំបាតុកម្មដូចករណីសកម្មជនសិទ្ធិមនុស្ស ពិសេសថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ក្នុងសំណុំរឿងបាតុកម្មរំដោះទីលានប្រជាធិបតេយ្យឡើយ។ អំពើហិង្សាលើតំណាងរាស្ត្រនោះ គឺតុលាការសម្រេចឃុំខ្លួន១ឆ្នាំលើអង្គរក្សលោក ហ៊ុន សែន តែបីនាក់ប៉ុណ្ណោះ ដែលចេញមុខសារភាព។
អង្គការសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) រាយការណ៍ថា ការចេញសារភាពរបស់អង្គរក្សទាំងបី គឺក្នុងបំណងបិទបាំង និងការពារមេខ្លោងធំដែលបញ្ជាអោយមានការវាយដំតំណាងរាស្ត្របក្ស ប្រឆាំងទាំងពីររូបនោះ។
សំណុំរឿងវាយដំលើតំណាងរាស្ត្រនេះ ត្រូវបានគេមើលឃើញថា តុលាការមានចំណាត់ការធូរស្រាលខុសឆ្ងាយគ្នាដូចជើងមេឃ បើប្រៀបធៀបជាមួយសំណុំរឿងបាតុកម្មរំដោះទីលានប្រជាធិបតេយ្យ កាលពីថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០១៤ ដែលត្រូវបានកាត់ទោសសកម្មជនគណបក្សសង្គ្រោះជាតិ ជាង ១០នាក់ រួមទាំងលោក មាជ សុវណ្ណារ៉ា ផង ឲ្យជាប់ពន្ធនាគារពី៧ ឆ្នាំទៅ ២០ឆ្នាំ ពីបទដឹកនាំចលនាកុបកម្ម និងចូលរួមចលនាកុបកម្ម។ ថ្វីត្បិតតែតុលាការអាចមានភស្តុតាងដាក់បន្ទុកដទៃទៀត តែអ្វីដែលគេបានឃើញ និងបានឮ គឺលោក មាជ សុវណ្ណារ៉ា កាន់ក្បាលមេក្រូស្រែកឃាត់កុំឲ្យបាតុករដែលមួយចំនួនជាជនបង្កប់ របស់អាជ្ញាធរសមត្ថកិច្ច វាយទៅលើក្រុមសន្តិសុខរបស់សាលារាជធានីភ្នំពេញ ឲ្យបែកក្បាលហូរឈាម។
តំណាងរាស្ត្រទាំងពីររូប ដែលរងអំពើហិង្សាធ្ងន់ធ្ងរពីកងអង្គរក្សលោក ហ៊ុន សែន បដិសេធមិនអាចទទួលយកសាលក្រមរបស់តុលាការ រាជធានីភ្នំពេញបានទេ ដែលថា ហាក់ដូចជាសាលក្រមលែងសើច ហើយប្រឹងជំទាស់ទៅសាលឧទ្ធរណ៍ទាមទារឲ្យអាជ្ញាធរ និងតុលាការតាមចាប់មេខ្លោង និងអ្នកដឹកនាំបាតុកម្ម ដូចករណីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ក្នុងសំណុំរឿងបាតុកម្មរំដោះទីលានប្រជាធិបតេយ្យដែរ។
លោក គង់ សភា ជឿជាក់ថា អ្នកប្រើហិង្សាលើលោក គឺមានអ្នកបញ្ជានៅពីក្រោយ៖ «ខ្ញុំ មិនជឿថា ជនដៃដល់ទាំងប៉ុន្មាននាក់នេះ ហ៊ានមកប្រព្រឹត្តវាយដំតំណាងរាស្ត្រទេ គឺមានអ្នកបញ្ជា និងអង្គការចាត់តាំងត្រឹមត្រូវ រៀបចំអោយមានអ្នកវាយតំណាងរាស្ត្រដែលមានអភ័យឯកសិទ្ធិ។»
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ជំរុញឲ្យមានការស៊ើបអង្កេតស៊ីជម្រៅករណីអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល វាយដំច្រំធាក់លើតំណាងរាស្ត្របក្សប្រឆាំង បន្ទាប់ពីមើលឃើញថា ការកាត់ទោសត្រឹមតែអង្គរក្ស ៣នាក់ ដែលចេញសារភាព គឺមិនទាន់គ្រប់គ្រាន់ឡើយ។
យូមែន រ៉ៃត៍ វ៉ច្ឆ បានចេញរបាយការណ៍កម្រាស់ ៦១ទំព័រមានចំណងជើងថា «អូសហើយវាយ តួនាទីរបស់រដ្ឋាភិបាលកម្ពុជា ចំពោះការវាយប្រហារខែតុលា ឆ្នាំ២០១៥ លើអ្នកនយោបាយប្រឆាំង»។ របាយការណ៍នេះរៀបរាប់ពីព្រឹត្តិការណ៍ជុំវិញការវាយដំលើតំណាងរាស្ត្រ បក្សប្រឆាំង និងថា ព្រឹត្តិការណ៍នោះមិនមែនប្រព្រឹត្តដោយបុរស ៣នាក់ ដែលចេញសារភាពប៉ុណ្ណោះទេ គឺអាចមានជាប់ពាក់ព័ន្ធនឹងអ្នកនយោបាយ និងមន្ត្រីយោធាជាន់ខ្ពស់ផ្សេងទៀត ព្រោះថា ហេតុការណ៍វាយប្រហារនេះ បានកើតឡើងមួយថ្ងៃក្រោយពីលោក ហ៊ុន សែន ប្រកាសគំរាមពីប្រទេសបារាំង ថា អាចមានបាតុកម្មប្រឆាំងបក្សប្រឆាំងនៅស្រុកខ្មែរ ក្រោយពីមានបាតុកម្មប្រឆាំងរូបលោកនៅប្រទេសបារាំង។
ងាកទៅនិយាយពីការផ្លាស់ប្ដូរជីវភាពរស់នៅរបស់គ្រួសារលោក ម៉ៅ ហឿន អង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ ថ្វីត្បិតតែគេនៅតែមិនទាន់ដឹងថា អ្នកណាជាម្ចាស់ផ្ទះថ្មីមួយល្វែងនោះពិតប្រាកដក្ដី តែគេដឹងថា គ្រួសារលោក ម៉ៅ ហឿន ពិតជាបានចូលទៅរស់នៅក្នុងផ្ទះថ្មនោះ ក្រោយពីលោក ម៉ៅ ហឿន បានចូលខ្លួនសារភាពថា ពិតជាបានចូលរួមប្រើហិង្សាវាយដំទៅលើតំណាងរាស្ត្របក្សប្រឆាំងមែន៕
No comments:
Post a Comment