«អាណាចក្រ សាជីវកម្ម នៃគ្រួសារ អ្នកកាន់អំណាច នៅកម្ពុជា»
RFA / វិទ្យុ អាស៊ី សេរី | ៦ កក្កដា ២០១៦
អង្គការ ឃ្លាំមើល ពិភពលោក គ្លបល វីនេស (Global Witness) បានរកឃើញ ថា, ក្រុមគ្រួសារ របស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង កាន់កាប់ ក្រុមហ៊ុន និងភាគហ៊ុន ដោយសម្ងាត់ ជាច្រើន ដែលក្រុមហ៊ុន ខ្លះ កំពុង រំលោភ សិទ្ធិមនុស្ស, ហើយ ខ្លះទៀត កំពុង រំលោភច្បាប់។ ប៉ុន្តែ មន្ត្រី ជាន់ខ្ពស់ នៃគណបក្ស ប្រជាជន កម្ពុជា បដិសេធ ការចោទប្រកាន់ នេះ។
របាយការណ៍ កម្រាស់ ជិត ៦០ទំព័រ របស់ អង្គការ ឃ្លាំមើល ពិភពលោក គ្លបល វីនេស មានចំណងជើងថា «ការក្ដោបយក វិនិយោគ នៅកម្ពុជា» បង្ហាញថា, អធិរាជត្រកូល «ហ៊ុន» កំពុង ក្ដោបក្ដាប់ សេដ្ឋកិច្ច ធំៗ របស់ កម្ពុជា ដោយអំពើ ពុករលួយ, រំលោភ អំណាច, និងរំលោភ សិទ្ធិមនុស្ស ដើម្បី ការពារ អំណាច របស់លោក ហ៊ុន សែន។
គ្លបល វីនេស រកឃើញ ថា, គ្រួសារ ត្រកូល «ហ៊ុន» បានកាន់កាប់ ផ្ទាល់ ឬកាន់កាប់ ដោយផ្នែក ក្នុងក្រុមហ៊ុន ជាច្រើន ដែលមាន ដើមទុន ចុះបញ្ជី ជាង ២០០លាន ដុល្លារ សហរដ្ឋអាមេរិក, ហើយ បានដាក់ ភាគហ៊ុន ជាមួយ ក្រុមហ៊ុន បរទេស ដែលមាន យីហោ ល្បីៗ ដូចជា Apple, Unilever, Visa, Nestle, Honda និងក្រុមហ៊ុន ចំនួន ១១៤ ផ្សេងទៀត នៅក្នុងប្រទេស។ ចំនួន ទឹកប្រាក់ ជាង ២០០លាន ដុល្លារនេះ ជាចំនួន ទឹកប្រាក់ ដែលដាក់ចេញ ឲ្យឃើញ ក្នុងក្រុមហ៊ុន របស់ ត្រកូល «ហ៊ុន» ដែលបាន ចុះបញ្ជី ក្នុងក្រសួង ពាណិជ្ជកម្ម។ ប៉ុន្តែ អង្គការ គ្លបល វីនេស អះអាង ថា, ពួកគេ មានភាគហ៊ុន ច្រើនជាងនេះ, ហើយ ដែលមិន ប្រកាស ឲ្យដឹង ជាតម្លាភាព, ប៉ុន្តែ ប្រើ អ្នកក្លែងក្លាយ និងជ្រកក្រោមផ្លាក ក្រុមហ៊ុន ផ្សេងៗ។
អង្គការ គ្លបល វីនេស បន្តថា ក្នុងសមាជិកត្រកូល «ហ៊ុន» ដែលអ្នកខ្លះធ្លាប់ជាប់ឈ្មោះរត់ពន្ធគ្រឿងញៀនក្នុងតម្លៃ ១ពាន់លានដុល្លារ អ្នកខ្លះធ្លាប់បាញ់បោះលើគេឯង អ្នកខ្លះបើកឡានបុកគេស្លាប់ហើយបើករត់ អ្នកខ្លះជាប់ពាក់ព័ន្ធនឹងរឿងច្បាមយកដីគេ បណ្ដាលអោយមានវិបត្តិដីធ្លី និងភាពក្រីក្រនៅទីជនបទ។
សហស្ថាបនិករបស់អង្គការ គ្លបល វីនេស លោក ផាទ្រិក អាឡេយ៍ (Patrick Alley) និយាយថា ក្រៅពីឪពុករបស់ពួកគេកំពុងគ្រប់គ្រងយោធា ប៉ូលិស តុលាការ រដ្ឋសភា និងស្ថាប័នរបស់រដ្ឋទាំងឡាយហើយនោះ ចំណែកកូនៗ និងសាច់ញាតិរបស់គាត់ជាច្រើនទៀតកំពុងកាន់កាប់វិនិយោគ និងគ្រប់គ្រងសេដ្ឋកិច្ចសំខាន់ៗរបស់ប្រទេសទាំងមូលតែម្តង។ លោកបន្តថា កូនប្រុសរបស់លោក ហ៊ុន សែន ដែលមានតួនាទីក្នុងជួរកងទ័ព មិនអាចជាម្ចាស់ក្រុមហ៊ុនណាមួយបាននោះទេ ពីព្រោះវាផ្ទុយនឹងច្បាប់របស់រដ្ឋ។
លោកបន្តថា ឧត្ដមសេនីយ៍ត្រី ហ៊ុន ម៉ានិត ដែលជាមន្ត្រីយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ជាអគ្គនាយកក្រុមហ៊ុនអគ្គីសនាកម្ពុជា ហើយដែលតួនាទីនេះផ្ទុយនឹងមាត្រា ២៥ នៃច្បាប់ស្ដីពីការគ្រប់គ្រងកងទ័ព៖ «ពួកគេគួរតែប្រកាស ទ្រព្យសម្បត្តិរបស់ខ្លួនជាសាធារណៈ ប៉ុន្តែយើងមិនដែលឃើញពួកគេប្រកាសទ្រព្យសម្បត្តិនោះទេ ម្យ៉ាងទៀត ច្បាប់ប្រឆាំងអំពើពុករលួយរបស់កម្ពុជា ក៏បានចែងដែរថា ជនទាំងឡាយអាចបង្ហាញទ្រព្យសម្បត្តិរបស់ពួកគេពីប្រាក់ចំណូលស្រប ច្បាប់ទាំងឡាយ ប៉ុន្តែយើងមិនបានឃើញមានការបង្ហាញប្រាក់ចំណូលទាំងនោះទេ។ នេះហើយជាបញ្ហាដែលយើងឃើញ និងនៅមានបញ្ហាផ្សេងៗជាច្រើនទៀត។»
អធិរាជគ្រួសារត្រកូល «ហ៊ុន» ដែលកំពុងរកស៊ីយ៉ាងគគ្រឹកគគ្រេងក្នុងប្រទេសកម្ពុជា គេអាចរាប់ចាប់តាំងពីលោក ហ៊ុន សែន ហ៊ុន ម៉ាណែត ហ៊ុន ម៉ានី ហ៊ុន ម៉ានិត ហ៊ុន ម៉ាណា ហ៊ុន ម៉ាលី ហ៊ុន ចិន្តាវី ហ៊ុន តូ ឌី វិជ្ជា ហ៊ុន ជា ហ៊ុន គិមលេង ហ៊ុន ចន្ធូ សុខ ពុទ្ធីវុធ សេង ឃាង ឌី ចូច ឌី ប្រឹម និងមនុស្សជាច្រើនទៀត។ ពួកគេកំពុងគ្រប់គ្រង និងមានភាគហ៊ុនក្នុងក្រុមហ៊ុនផ្នែកឧស្សាហកម្ម កសិកម្ម រ៉ែ ព្រៃឈើ ថាមពល រោងចក្រ កន្លែងកំសាន្ត តំបន់សេដ្ឋកិច្ចពិសេស សណ្ឋាគារ ទេសចរណ៍ រោងចក្រ ល្បែងស៊ីសង ក្រុមហ៊ុនដឹកជញ្ជូន ហិរញ្ញវត្ថុ សារព័ត៌មាន និងក្រុមហ៊ុនជាច្រើនទៀត។ នេះបើតាមការស្រាវជ្រាវរបស់អង្គការ គ្លបល វីនេស។
អ្នកស្រី ហ៊ុន ម៉ាណា ក្រៅពីរកស៊ីជានាយកទូរទស្សន៍បាយ័ន (BTV News ETV) កាសែតកម្ពុជាថ្មី និងវិទ្យុបាយ័ន ដែលជួយឃោសនាឲ្យឪពុករបស់អ្នកស្រីនោះ គាត់ក៏ជាមនុស្សមានមុខជំនួញធំ និងមានភាគហ៊ុនច្រើនជាងគេដែរក្នុងគ្រួសារត្រកូល «ហ៊ុន»។ ក្រៅពីរកស៊ីខាងផ្នែកសារព័ត៌មាន អ្នកស្រីក៏មានភាគហ៊ុននៅក្នុងក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនឯកជនរាប់មិនអស់ជាច្រើនទៀត ហើយក៏ជាប្រធានក្រុមហ៊ុន ចាយ៉ា ហូលឌីង (Jaya Holding) ដែលជាសាខារបស់ក្រុមហ៊ុននៃប្រទេសសិង្ហបុរី មួយដែលរកស៊ីខាងផ្ដល់សេវាថាមពលពីតំបន់ឆ្នេរ។
រីឯប្អូនស្រីរបស់អ្នកស្រីម្នាក់ទៀត គឺអ្នកស្រី ហ៊ុន ម៉ាលី ជាប្រធានក្រុមហ៊ុន និងមានភាគហ៊ុនជាច្រើនមិនចាញ់បងប៉ុន្មាននោះទេ។ អ្នកស្រី ហ៊ុន ម៉ាលី ជាប្រធានក្រុមហ៊ុន Visa, Unilever, Procter & Gamble, Honda និងមានភាគហ៊ុននៅក្រុមហ៊ុនសាបៀ Tiger ថែមទៀត។ ក្រៅពីនេះ អ្នកស្រីក៏មានភាគហ៊ុនជាច្រើនជាមួយក្រុមលក់សម្ភារៈកីឡាដូចជា Adidas ក្រុមហ៊ុនលក់ថ្នាំពេទ្យ Guardian Pharmacy ក្រុមហ៊ុនសំអាង Shiseido និងក្រុមហ៊ុនម៉ាសន្ធឹកសន្ធាប់។
អង្គការ គ្លបល វីនេស ក៏បានរកឃើញដែរថា ប្តីរបស់អ្នកស្រី ហ៊ុន ម៉ាលី គឺលោក សុខ ពុទ្ធីវុធ ដែលជាកូនប្រុសរបស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន វិញនោះ ជានាយកក្រុមហ៊ុន សោម៉ា អ៊ីនើជី (Soma Energy) ដែលមានដើមទុន ១០លានដុល្លារតម្កល់នៅក្រសួងពាណិជ្ជកម្ម។ ក្រុមហ៊ុននេះបានបោះទុន ៣.០០០លានដុល្លារសហរដ្ឋអាមេរិក ជាមួយក្រុមហ៊ុនថាមពលរបស់អាមេរិក មួយឈ្មោះ ជេនែរ៉ល អេឡិចត្រិច (General Electric)។ នេះនៅមិនទាន់រាប់បញ្ចូលភរិយារបស់លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី ដែលមានក្រុមហ៊ុន និងភាគហ៊ុនជាមួយក្រុមហ៊ុនឯកជនផ្សេងៗមិនចាញ់បងប្អូនរបស់លោកទាំង ពីរប៉ុន្មាននោះដែរ។
អង្គការឃ្លាំមើលពិភពលោកមួយនេះក៏រកឃើញលោក ហ៊ុន តូ ជាកូនប្រុសរបស់លោក ហ៊ុន ណេង បងប្រុសលោក ហ៊ុន សែន ហើយល្បីរន្ទឺខាងលាងលុយកខ្វក់ និងជួញដូរគ្រឿងញៀនប្រភេទណាកូទីក (Narcotics) ដែលមានតម្លៃ ១ពាន់លានដុល្លារទៅកាន់ប្រទេសអូស្ត្រាលី ប៉ុន្តែក្រោយមកលោកបដិសេធនោះ ក៏ជាប្រធានក្រុមហ៊ុនប្រេង អិល.អេច្ឆ.អា អេស៊ាន អ៊ីនវេសមេន (LHR Asean Investment)។
វិទ្យុអាស៊ីសេរី មិនអាចសុំប្រតិកម្មពីសមាជិកណាមួយនៃគ្រួសារលោក ហ៊ុន សែន ដែលត្រូវអង្គការ គ្លបល វីនេស បានរាយការណ៍នោះទេ។
អង្គការ គ្លបល វីនេស ក៏បានបញ្ជាក់ក្នុងរបាយការណ៍ខ្លួនដែរថា ខ្លួនបានផ្ញើលិខិតទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសមាជិកគ្រួសាររបស់លោក ២៦នាក់ ព្រមទាំងក្រុមហ៊ុនដែលពាក់ព័ន្ធចំនួន ២៦ក្រុមហ៊ុន ដើម្បីផ្ដល់ឱកាសអោយឆ្លើយតបទៅនឹងការចោទប្រកាន់ក្នុងរបាយការណ៍ នេះ ប៉ុន្តែមានតែក្រុមហ៊ុនចំនួន ៦ និងកូនប្រសារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក សុខ ពុទ្ធីវុធ ប៉ុណ្ណោះដែលបានឆ្លើយតប ដែលចម្លើយទាំងនោះត្រូវបានបោះពុម្ពនៅក្នុងរបាយការណ៍នេះ។
ទោះជាយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចោទអង្គការ គ្លបល វីនេស ថាកុំឲ្យមានចរិតគុំកួនជាមួយគ្រួសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកបន្តថា កូនៗរបស់លោក ហ៊ុន សែន ជាពលរដ្ឋសាមញ្ញធម្មតា ហើយមានសិទ្ធិគ្រប់គ្រាន់ក្នុងការប្រកបអាជីវកម្ម ឬបណ្តាក់ទុនផ្សេងៗស្របទៅតាមច្បាប់របស់ប្រទេស៖ «កូនបង្កើតក្ដី កូនប្រសាក្ដី គេមានសិទ្ធិជាពលរដ្ឋដូចគ្នា អាចប្រកបអាជីវកម្មបានអោយតែត្រឹមត្រូវតាមគោលការណ៍ រកស៊ីបង់ពន្ធត្រឹមត្រូវ មានទាស់អី។ ខ្ញុំថា គ្លបល វីនេស រកតែរឿងគ្រួសារសម្ដេច ដូចជាគុំកួនយ៉ាងម៉េច។ គ្រួសារសម្ដេចរកស៊ីមិនបាន ហើយគេដទៃទៀតរកស៊ីបាន វាទាស់អីអាហ្នឹង? ច្បាប់កម្ពុជា អត់មានហាមឃាត់ឯណា កូននរណាក៏ដោយ ប្រពន្ធនរណាក៏ដោយ អោយតែរកស៊ីត្រឹមត្រូវទៅតាមច្បាប់។ ចោទថា គេរកស៊ីមិនស្របច្បាប់អីផ្សេងៗ អាហ្នឹងគេមានស្ថាប័នអធិការកិច្ច គេមានស្ថាប័នប្រឆាំងអំពើពុករលួយគេមើលតើ! មិនមែន គ្លបល វីនេស មកមើលពីលើឯណា រដ្ឋឯករាជ្យ អធិបតេយ្យ។»
បើទោះបីជា កម្ពុជាមានអង្គភាពប្រឆាំងអំពើពុករលួយក៏ដោយ ក៏ក្រុមអ្នកសង្កេតការណ៍តែងនិយាយថា អង្គភាពនេះមិនទាន់ហ៊ានបើកការស៊ើបអង្កេតករណីពុករលួយរបស់មន្ត្រី កំពូលៗក្នុងជួររដ្ឋាភិបាលរាប់ចាប់តាំងពីនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងឧត្ដមសេនីយ៍យោធាគ្រាក់ៗនោះទេ។
អង្គការតម្លាភាពអន្តរជាតិ បានឲ្យពិន្ទុកម្ពុជា ជាប្រទេសស្ថិតក្នុងលំដាប់លេខរៀងទី១៥0 ក្នុងចំណោមប្រទេស ១៦៨ លើពិភពលោក ដែលជាប្រទេសមានអំពើពុករលួយខ្លាំង។ អំពើពុករលួយនៅកម្ពុជា ដ៏អាក្រក់នេះដោយសារតែប្រព័ន្ធតុលាការទន់ខ្សោយ បក្សពួកនិងគ្រួសារនិយម ការរំលោភអំណាច ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងអំពើនិទណ្ឌភាព។ ជាមួយគ្នានេះដែរ អង្គការ គ្លបល វីនេស ចាត់ទុកអធិរាជត្រកូល «ហ៊ុន» គឺជានិទ្ទណ្ឌភាព ខណៈប្រព័ន្ធតុលាការទាំងមូលរបស់ប្រទេសស្ថិតក្រោមការគ្រប់គ្រងដោយ មនុស្សម្នាក់ ហើយប្រើប្រាស់ដើម្បីការពារប្រយោជន៍គ្រួសារ និងបក្សពួករបស់ខ្លួន បើទោះបីជាសមាជិកគ្រួសាររបស់នាយករដ្ឋមន្ត្រីធ្លាប់ប្រព្រឹត្ត បទឧក្រិដ្ឋយ៉ាងណាក៏ដោយ។
អង្គការឃ្លាំមើលពិភពលោកមួយនេះ ក៏បានឡើងពីករណីប្អូនជីដូនមួយរបស់លោក ហ៊ុន សែន ឈ្មោះ ឌី ប្រឹម ដែលធ្លាប់ត្រូវតុលាការផ្ដន្ទាទោសឲ្យជាប់គុគរយៈពេល ២ឆ្នាំកន្លះ កាលពីឆ្នាំ២០១១ ករណីធ្វើឯកសារក្លែងក្លាយរំលោភដីទំហំ ៥,៦ហិកតារក្នុងទីក្រុងភ្នំពេញ។ ប៉ុន្តែរហូតមកទល់ពេលនេះ គេមិនដែលឃើញដីកាចាប់ខ្លួន ឌី ប្រឹម នោះឡើយ ហើយថែមទាំងបានទទួលងាជាឧកញ៉ាថែមទៀត។
ករណីមួយទៀត គឺលោក ហ៊ុន ជា កូនប្រុសរបស់លោក ហ៊ុន សាន បងបង្កើតលោក ហ៊ុន សែន កាលពីឆ្នាំ២០០០ លោក ហ៊ុន សែន បានបញ្ជាឲ្យសមត្ថកិច្ចចាប់ខ្លួនករណីបាញ់បោះ រួមទាំងកូនមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ដទៃទៀត។ ពេលនោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា កូនអ្នកណាក៏ដោយ កូនរបស់លោកក៏ដោយ ឲ្យតែប្រព្រឹត្តបទឧក្រិដ្ឋ ត្រូវទទួលទោសតាមច្បាប់។ បួនថ្ងៃក្រោយមកលោក ហ៊ុន ជា ត្រូវបានដោះលែងឲ្យមានសេរីភាពធម្មតា៕
This evil Hun family tree involved with dirty money and wealth by killing and hurting Khmer/Cambodian people and soldiers armies and being protected by his Vietnamese masters and military (hidden Yuon/Vietnamese secret agents in Hun Sen's CPP government). We knows that it is not different from Son Kuy, a Khmer Krom (Southern Cambodia called Southern Vietnam) leader. Son Kuy and Hun Sen are different in their characters. Hun Sen allowed illegal Yuon/Vietnamese residents to reside in Cambodia, illegal logging into Vietnam, Sok Kong's involvement in Angkor Wat business profit (a vast wealth him), and there are lot more about dirty businesses under Hun Sen regimes under the protection of Hun Sen's Vietnamese military agents and Yuon/Vietnamese masters in Hanoi. Vietnamese business crooks have destroyed Cambodia's natural resources, forests, water lakes and sea, fishery, land grabs, and beyond. Cambodian/Khmer people and farmers have been struggling to make their ends meet every days. The Western foreign investors have been fooled and turned blind eyes by doing businesses these evil Hun Sen's evil family members and friends along with dumb CPP government officials (non-educated and opportunistic).
ReplyDelete