រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោក អ៊ុច បូររិទ្ធ ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានក្រោយជំនួបជាមួយឧបការីរដ្ឋមន្ត្រី អាមេរិក (រូបភាព៖ ឃុត សុគន្ធ) |
មន្ត្រីកម្ពុជា ថា, អាមេរិក សម្តែង ការព្រួយបារម្ភ ពីស្ថានភាព នយោបាយ នៅកម្ពុជា
|ឧបការី រដ្ឋមន្ត្រី ការបរទេស អាមេរិក ទទួលបន្ទុក ផ្នែកសិទ្ធិមនុស្ស, លទ្ធិប្រជាធិបតេយ្យ, និងការងារ លោក Tom Malinowski បានលើកឡើង បែបនេះ ក្នុងជំនួប ពិភាក្សា ការងារ ជាមួយ រដ្ឋលេខាធិការ ក្រសួង ការបរទេស កម្ពុជា លោក អ៊ុច បូររិទ្ធ ក្នុងរយៈពេល មួយម៉ោង នាល្ងាច ថ្ងៃចន្ទនេះ នៅទីស្តីការ ក្រសួង។
ក្រោយកិច្ចប្រជុំ លោក អ៊ុច បូររិទ្ធ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោក Tom Malinowski បានលើកពីការចាប់ខ្លួន និងឃុំខ្លួនមន្ត្រីអង្គការសង្គមស៊ីវិល និងមន្ត្រីគណបក្សប្រឆាំង ជាមួយនឹងការប៉ុនប៉ងចាប់ខ្លួនមេបក្សប្រឆាំងជាដើម។ លោក អ៊ុច បូររិទ្ធបន្តទៀតថា ឧបការីអាមេរិកក៏បានជម្រុញឲ្យគណបក្សកាន់អំណាច និងគណបក្សសង្គ្រោះជាតិ បន្តអនុវត្តវប្បធម៌សន្ទនាឡើងវិញ ដើម្បីធានាឲ្យបាននូវបរិយាកាសល្អសម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨។
ជាការឆ្លើយតប លោក អ៊ុច បូររិទ្ធ ថាលោកបានប្រាប់ទៅលោក ឧបការីអាមេរិកវិញថា រដ្ឋាភិបាលកម្ពុជាបានគោរសិទ្ធិមនុស្ស និងគណបក្សនយោបាយ។ លោកបន្តប្រាប់មន្ត្រីជាន់ខ្ពស់អាមេរិកទៀតថា ការចាប់ខ្លួនមន្ត្រីអង្គការសង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំង កើតចេញការប្រព្រឹត្តបទល្មើសដោយបុគ្គលផ្ទាល់។
លោក បន្ថែមថា៖ «គឺ កម្ពុជា រដ្ឋាភិបាលយើងបានប្តេជ្ញាចិត្តអនុវត្តគោលនយោបាយប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ប៉ុន្តែក្នុងក្រមខណ្ឌច្បាប់ … ហើយបញ្ហានេះគឺ ជារឿងបញ្ហាបុគ្គល វាមិនមែនជាបញ្ហាពាក់ព័ន្ធទៅនឹងអង្គការ ក៏ដូចជាគណបក្សនយោបាយទេ។ ហើយ ខ្ញុំ បញ្ជាក់ ថា, រឿង ដែលកើតឡើងនេះ ជារឿងបុគ្គល។»
ទាក់ទងនឹងការលើកឡើងរបស់ឧបការីរដ្ឋមន្ត្រីអាមេរិកជំរុញឲ្យគណបក្សជាប់ឆ្នោតទាំងពីរបន្តអនុវត្តវប្បធម៌សន្ទនានោះ លោក អ៊ុច បូររិទ្ធ ថាគណបក្សប្រឆាំងខ្លួនឯងទេ ដែលបានបំពានកិច្ចព្រមព្រៀងថ្ងៃ២២ ខែកក្កដា ឆ្នាំ២០១៤ និងថាតែងតែ “អុចអាល” ឲ្យមានការរើសអើសពូជសាសន៍ជាដើម។
លោក បន្តថា៖ «ដៃស៊ីញ៉េ រួចហើយបែរខ្នងក្រោយ គឺចាប់ផ្តើមទាំងសម រង្ស៊ី ទាំងកឹម សុខា នៅគ្រប់វេទិកាពេលខ្លួនជួបជាមួយប្រជាជន តែងតែនិយាយវាយប្រហារប្រើប្រាស់ពាក្សអសុរស ខ្ញុំមិនថាទេ, ប៉ុន្តែ ប្រើពាក្យ អុចអាល ប្រកាន់ ពូជសាសន៍ ដើម្បី ប្រយោជន៍ នយោបាយ ផ្ទាល់ខ្លួន។»
គួរបញ្ជាក់ថា បច្ចុប្បន្ន អង្គការជាតិ អន្តរជាតិ មួយចំនួន និងគណបក្សប្រឆាំង ចាត់ទុកថាកម្ពុជាកំពុងជួបវិបត្តិនយោបាយ ខណៈមន្ត្រីបក្សប្រឆាំង និងមន្ត្រីអង្គការសិទ្ធិមនុស្សមួយចំនួនកំពុងជាប់ឃុំ និងខ្លះកំពុងជាប់បណ្តឹងនៅតុលាការ។ ទោះយ៉ាងណា គណបក្សកាន់អំណាចថាកម្ពុជាមិនមានវិបត្តិនយោបាយនោះទេ និងថាអ្នកដែលជាប់ឃុំ និងកំពុងជាប់បណ្តឹងនៅតុលាការគឺជាការប្រព្រឹត្តបទល្មើស របស់បុគ្គល៕
No comments:
Post a Comment