តុលាការ ស្នើរដ្ឋសភា ឲ្យដកអភ័យឯកសិទ្ធិ តំណាងរាស្រ្ត បក្សប្រឆាំង ពីររូប
អយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ តាមរយៈ ក្រសួង យុត្តិធម៌ ស្នើទៅប្រធាន រដ្ឋសភា ឲ្យពិចារណា ពីនីតិវិធី លើកអភ័យឯកសិទ្ធិ សភា របស់ តំណាងរាស្រ្ត គណបក្សប្រឆាំង ពីររូបទៀត ដោយសង្ស័យ ថា ជាប់ពាក់ព័ន្ធ នឹងសំណុំរឿង ព្រហ្មទណ្ឌ ថា បានប្រព្រឹត្ត អំពើ សញ្ចារកម្ម។
កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ក្រសួងយុត្តិធម៌ផ្ញើលិខិតមួយច្បាប់ទៅកាន់ប្រធានរដ្ឋសភា លោក ហេង សំរិន ទៅតាមសំណើរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដែលស្នើឲ្យក្រសួងយុត្តិធម៌ចាត់នីតិវិធីបន្តក្នុងការស្នើសុំលើកអភ័យឯកសិទ្ធិសភាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាលលោក តុ វ៉ាន់ចាន់ និងតំណាងរាស្រ្តមណ្ឌលបាត់ដំបង លោក ពិន រតនា។ បើតាមលិខិតរបស់ក្រសួងយុត្តិធម៌ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញសង្ស័យអ្នកទាំងពីរថាបានប្រព្រឹត្តអំពើសញ្ចារកម្មដែលជាបទល្មើសព្រហ្មទណ្ឌ។
ក្រសួងសរសេរក្នុងលិខិតរបស់ខ្លួនទៀតថាដើម្បីអាចឲ្យអយ្យការអមសាលាដំបូងអាចអនុវត្តច្បាប់ចំពោះតំណាងរាស្រ្តបក្សប្រឆាំងទាំងពីររូបនេះបាន ក្រសួងស្នើឲ្យប្រធានរដ្ឋសភាចាត់នីតិវិធីបន្តលើសំណើលើកអភ័យឯកសិទ្ធិអ្នកតំណាងរាស្រ្តនេះ។
ក្នុងសេចក្តីថ្លែងហេតុដែលក្រសួងយុត្តិធម៌ភ្ជាប់ទៅជាមួយសំណើរបស់ខ្លួននោះ ក្រសួងសរសេរថាលោក តុ វ៉ាន់ចាន់ និងលោក ពិន រតនា ជាអ្នកសម្របសម្រួលឲ្យមានការជួបគ្នារវាងលោក កឹម សុខានិងកញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ នៅប្រទេសថៃ។ ក្នុងសេចក្តីថ្លែងហេតុដដែល ក្រសួងសរសេរថាអ្នកទាំងពីរបានបញ្ជាក់ប្រាប់កញ្ញាស្រីមុំ ថានឹងបានទួលប្រាក់និងផ្ទះពីលោក កឹម សុខា ជាការដោះដូរនឹងទំនាក់ទំនងស្នេហានេះ។
បើតាមសេចក្តីថ្លែងហេតុ ក្រសួងបានលើកយកមាត្រា២៨៤នៃក្រមព្រហ្មទណ្ឌពីន័យរបស់ពាក្យសញ្ចារកម្ម ដែលន័យមួយក្នុងចំណោមន័យផ្សេងទៀតមានន័យថាសញ្ចារកម្មគឺជាការជ្រើសរើស ពង្រត់ឬការអូសទាញបុគ្គលណាមួយឲ្យធ្វើអំពើពេស្សាចារ។ បើតាមមាត្រានេះ អ្នកប្រព្រឹត្តត្រូវមានទោសពី២ទៅ៥ឆ្នាំនិងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល។
លោក តុ វ៉ាន់ចាន់ ប្រាប់វីអូឌីតាមរយៈហ្វេសប៊ុកថា៖ ខ្ញុំ អត់យល់ទេ, ព្រោះ ខ្ញុំ អត់ដឹងរឿង ទាល់តែទៅសួរអ្នកដែលគេបង្កើតរឿងទើបយល់។
វីអូឌីមិនទាន់អាចទាក់ទងលោក ពិន រតនា បាននៅឡើយ។
ទោះយ៉ាងណា មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ លោក គឹមសួរ ភិរិទ្ធិ ថ្លែងក្នុងសន្និសីទព័ត៌មានប្រចាំថ្ងៃរបស់ខ្លួននៅរសៀលនេះថាប្រធានរដ្ឋសភាគ្រាន់តែមានសិទ្ធិដាក់របៀបវារៈសម្រាប់សភាពេញអង្គបោះឆ្នោតគាំទ្រថាដកឬព្យួរអភ័យឯកសិទ្ធសភារបស់តំណាងរាស្រ្តនេះតែប៉ុណ្ណោះ។ លោកថាចំនួនសមាជិកសភារបស់បក្សកាន់អំណាចមិនអាចគ្រប់២ភាគ៣សម្រាប់ដកអភ័យឯកសិទ្ធិសភាពីតំណាងរាស្រ្តបក្សប្រឆាំងបាននោះដែរ។
លោកបន្ថែមថា៖ សភាគ្រាន់តែដាក់របៀបវារៈទេ យល់ទេ ហើយជជែកនៅពេញអង្គ យកមកបោះឆ្នោតថាតើយល់ព្រមលើកឬក៏ដកយ៉ាងម៉េចតាម២ភាគ៣ទៅ អ៊ីចឹងបោះ(ឆ្នោត)មិនចេញវាមិនគ្រប់ធ្វើវាមិនកើត ប៉ុន្តែបានគោរពច្បាប់ បានធ្វើតាមនីតិវិធីច្បាប់…ធ្វើគ្រាន់តែដកព្យួរអត់បាន ព្រោះត្រូវការសំឡេងតាមច្បាប់។
គួរបញ្ជាក់ថាកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ អយ្យការអមសាលាដំបូងបានចេញដីកាកោះអញ្ជើញតំណាងរាស្រ្តបក្សប្រឆាំងទាំងពីររូបក្នុងនាមជាជនសង្ស័យក្នុងសំណុំរឿងព្រហ្មទណ្ឌថាបានប្រព្រឹត្តអំពើសញ្ចារកម្ម ប៉ុន្តែអ្នកទាំងពីរមិនបានចូលខ្លួនតាមការកោះអញ្ជើញនោះទេ ដោយសំអាងថាខ្លួនមានអភ័យឯកសិទ្ធិសភានិងថាដំណើររឿងពាក់ព័ន្ធនឹងអំពើពេស្យាចារនេះថាគ្រាន់តែជាការរៀបចំឡើងរបស់បុគ្គលណាម្នាក់ប៉ុណ្ណោះ៕
No comments:
Post a Comment