រូបឯកសារ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ គោរពអ្នកគាំទ្រគណបក្សលោក នៅពេលដែលលោកបានអញ្ជើញទៅដល់បូជនីយដ្ឋានជើកឯក នៅរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០១៥។ |
តុលាការ ផ្ដន្ទាទោស លោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ នៅលើទំព័រ ហ្វេសប៊ុក
VOA | ២៨ កក្កដា ២០១៦
ភ្នំពេញ —
តុលាការ ក្រុងភ្នំពេញ នាព្រឹក ថ្ងៃព្រហស្បតិ៍នេះ បានសម្រេច ផ្ដន្ទាទោស លោក សម រង្ស៊ី ប្រធាន គណបក្សប្រឆាំង ពីបទបរិហារកេរ្តិ៍ នៅលើទំព័រ ហ្វេសប៊ុក និងតម្រូវ ឲ្យលោក សម រង្ស៊ី ដែលកំពុង និរទេសខ្លួន នៅក្រៅប្រទេសនោះ សំណង ជំងឺចិត្ត ជាទឹកប្រាក់ ចំនួន ១៥០លាន រៀល ទៅលោក ហេង សំរិន ប្រធាន រដ្ឋសភា។
ក្រៅពីសម្រេច ឲ្យសងសំណង ជំងឺចិត្ត ដល់លោក ហេង សំរិន ហើយ នោះ, លោក រស់ ពិសិដ្ឋ ចៅក្រម ជំនុំជម្រះ សាលាដំបូង រាជធានីភ្នំពេញ ក៏បានសម្រេច ដោយកំបាំងមុខ ឲ្យលោក សម រង្ស៊ី បង់ជាទឹកប្រាក់ ចំនួន ១០លាន រៀល ផ្សេងទៀត សម្រាប់ ថវិកាជាតិ ផងដែរ។
ការសម្រេច ផ្ដន្ទាទោសនេះ គឺ យោងលើមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ ចែង អំពី បទបរិហារកេរ្តិ៍ ជាសាធារណៈ។ ក្រមព្រហ្មទណ្ឌ ថា, «គ្រប់ការ អះអាង បំផ្លើស ឬការទម្លាក់ កំហុស ដោយអសុទ្ធចិត្ត លើអំពើណាមួយ ដែលនាំ ឲ្យប៉ះពាល់ដល់ កិត្តិយស ឬកិតិ្តស័ព្ទ នៃបុគ្គល ឬស្ថាប័ន គឺ ជាការបរិហារកេរ្តិ៍, ត្រូវ ពិន័យ ជាប្រាក់ ចំនួន១សែនដល់១០លាន រៀល។ ការបរិហារកេរ្តិ៍ ដែលធ្វើ តាមមធ្យោបាយ ណាមួយ ដូចជា តាមសម្តី ដែលបញ្ចេញ នៅទីសាធារណៈ...និងទូរគមនាគមន៍ សោតទស្សន៍ សម្រាប់ សាធារណជន។»
ថ្លែងមកកាន់ក្រុមអ្នកយកព័ត៌មាន លោក គី តិច មេធាវីតំណាងលោក ហេង សំរិន បានឲ្យដឹងថា ចំនួនសំណងជម្ងឺចិត្តនេះមិនទាន់ស័ក្តិសមនឹងអ្វីដែលលោកសម រង្ស៊ី បានធ្វើឲ្យប៉ះពាល់កិត្តិយសលោក ហេង សំរិន នោះទេ។ ហើយលោកថា លោកនឹងពិភាក្សាជាមួយលោក ហេង សំរិន ថា គួរតែទទួលយកការសម្រេចនេះ ឬគួរប្តឹងបន្តទៅសាលាឧទ្ធរណ៍។
«ចំពោះការសម្រេចឲ្យបង់ត្រឹម១០លានសម្រាប់ថវិកាជាតិ និង១៥០លានរៀលសម្រាប់ដើមបណ្តឹងហ្នឹង វាមិនទាន់សមល្មមនឹងអំពើទេ។ ... អញ្ចឹងវាធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សម្តេច ហេង សំរិន ដែលមានតួនាទីជាន់ខ្ពស់ ទាំងក្នុងរបប១៩៧៩ ទាំងបច្ចុប្បន្នហ្នឹង ហើយវាប៉ះពាល់ដល់គណបក្សប្រជាជនកម្ពុជាទៀត។»
យ៉ាងណាក៏ដោយ លោក អ៊ូ វីរៈ អ្នកឃ្លាំមើលស្ថានការណ៍នយោបាយនៅកម្ពុជា យល់ថា សំណងក្នុងបទបរិហារកេរ្តិ៍សម្រាប់អ្នកនយោបាយនោះ គប្បីធ្វើឡើងក្នុងរូបភាពមួយដើម្បីបញ្ជាក់ពីភាពខុស ឬត្រូវ និងចាញ់ ឬឈ្នះប៉ុណ្ណោះ មិនមែនទាមទារសំណងក្នុងតម្លៃមួយខ្ពស់បែបនេះទេ។ លោកបន្តថា បទបរិហារកេរ្តិ៍របស់អ្នកនយោបាយ ជាទូទៅពាក់ព័ន្ធនឹងសេរីភាពនៃការបញ្ចេញមតិ ដែលជាផ្នែកមួយសំខាន់នៃយុទ្ធសាស្ត្រនយោបាយ។
«ខ្ញុំថា ជារឿងមួយដែលសោកស្តាយ ត្រង់ថា បទបរិហារកេរ្តិ៍មានន័យថា ទាក់ទងរឿងសេរីភាពបញ្ចេញមតិ ហើយការធ្វើនយោបាយ វាពឹងផ្អែកលើការមានសិទ្ធិ មានសេរីភាពក្នុងការបញ្ចេញមតិរៀងៗខ្លួនរបស់អ្នកនយោបាយ។ បើសិនមានការប្តឹងបែបហ្នឹង សំណងគួរតែទាបបំផុត គ្រាន់តែជានិម្មិតរូបទេ គ្រាន់តែចង់ដឹង ខុស ឬត្រូវ។ មិនគួរទារក្នុងតម្លៃខ្ពស់ដែលផុតលើសផ្លូវច្បាប់ទៀត។»
លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បញ្ជាក់ប្រាប់ VOA ថាគណបក្សជំទាស់ចាត់ទុកថា ចំណាត់ការរបស់តុលាការមកលើលោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់នានារបស់គណបក្សនេះ គឺជារឿងនយោបាយ។
«អញ្ចឹង! សាលក្រម របស់ តុលាការ អត់មានអ្វី ដែលភ្ញាក់ផ្អើល នឹងរឿងហ្នឹង ទេ។ រឿង របស់ គណបក្ស សង្គ្រោះជាតិ ទាក់ទង នឹងតុលាការច្រើនណាស់ ដាក់ឡានមិនអស់ផង។ អញ្ចឹងបានថា សំណុំរឿង ទាំងអស់ហ្នឹង, វា ចេញពីហេតុផល នយោបាយ។ យើង កំពុង ខំប្រឹង តស៊ូ មតិ។ កាលណា មានដំណោះស្រាយ នយោបាយ អ្វីៗ ទាំងអស់ ហ្នឹងធ្លាក់ តាមហ្នឹង។»
កន្លងមក លោក សម រង្ស៊ី អះអាងថា លោកមិនបានបរិហារកេរ្តិ៍លោក ហេង សំរិន នោះទេ។ លោកថា លោកគ្រាន់តែផ្សាយបន្តតាមហ្វេសប៊ុកនូវព្រះរាជសង្កថារបស់អតីត ព្រះមហាក្សត្រប៉ុណ្ណោះ។
ចាប់តាំងពីចុងឆ្នាំ២០១៥កន្លងមក លោក សម រង្សី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ត្រូវតុលាការចេញដីកាចាប់ខ្លួន និងដីកាកោះហៅជាបន្តបន្ទាប់ទាក់ទងនឹងបណ្តឹងបរិហារកេរ្តិ៍ និងសំណុំរឿងផ្សាយឯកសារព្រំដែនក្លែងក្លាយជាដើម៕
No comments:
Post a Comment