Paris Peace Accords 23 Oct. 1991

Saturday, July 2, 2016

ក្រសួង​ យុត្តិធម៌​ ស្នើ​រដ្ឋ​សភា​ ដក​អភ័យ​ឯកសិទ្ធិ​ តំណាងរាស្ត្រ ​បក្ស​ប្រឆាំង​ ២​រូប | [in]Justice Ministry requests NatAss removes parliamentary immunity from 2 CNRP lawmakers


ក្រសួង​ យុត្តិធម៌​ ស្នើ​រដ្ឋ​សភា​ ដក​អភ័យ​ឯកសិទ្ធិ​ តំណាងរាស្ត្រ ​បក្ស​ប្រឆាំង​ ២​រូប

RFA / វិទ្យុ អាស៊ី សេរី | ១ កក្កដា ២០១៦


អង្គ វង្សវឌ្ឍានា ៨៥៥ ២០១៦
រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នា​វិមាន​រដ្ឋសភា កាល​ពី​​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៦។  RFA/Brach Chev 
 
ក្រសួង​ យុត្តិធម៌ ​ស្នើ​ប្រធាន ​រដ្ឋសភា ដក​អភ័យ​ឯកសិទ្ធិ​ សភា របស់ ​តំណាងរាស្ត្រ​ គណបក្ស​ប្រឆាំង ​ចំនួន​ ២​រូប​ មកពី​គណបក្ស​ សង្គ្រោះ​ជាតិ ដែល​ពាក់​ព័ន្ធ​ នឹង​សំណុំ​រឿង​ សញ្ចារកម្ម។  តំណាងរាស្ត្រ និង​ជា​សមាជិក​ គណៈកម្មាធិការ​ អចិន្ត្រៃយ៍ គណបក្ស​ សង្គ្រោះ​ជាតិ បញ្ជាក់​ ថា, គណបក្ស​នេះ​ ស្វាគមន៍ ​ប្រសិន​បើ ​រដ្ឋសភា ​បំពេញ​ តាម​នីតិវិធី ​ត្រឹមត្រូវ។

អគ្គលេខាធិការ និង​ជា​អ្នក នាំពាក្យ​ រដ្ឋសភា​ បញ្ជាក់​ ថា, កំពុង​ ដំណើរ​ការ​ តាម​ច្បាប់ ​ចំពោះ ​សំណើ ​របស់ ​រដ្ឋមន្ត្រី​ ក្រសួង​ យុត្តិធម៌​ នេះ។

អគ្គលេខាធិការ និង​ជា​អ្នក នាំ​ពាក្យ​ រដ្ឋសភា លោក ឡេង ប៉េងឡុង ថ្លែង​ថា, រដ្ឋសភា​ បាន​ទទួល​ សំណើ​ រួចហើយ, ប៉ុន្តែ ​នៅ​រង់ចាំ​ ការសម្រេច ​របស់​ គណៈកម្មាធិការ​ អចិន្ត្រៃយ៍ ​រដ្ឋសភា៖ «បាទ, ​បាន​ទទួល​, ហើយ បាន​ធ្វើ​ កំណត់​ បង្ហាញ​ ជូន​​ទៅ​ដល់ ​គណៈកម្មាធិការ​ អចិន្ត្រៃយ៍ រដ្ឋសភា​ ហើយ។  ខ្ញុំ​ បាន​ដាក់​ ជូន​ហើយ​, គឺ គណៈកម្មាធិការ​ អចិន្ត្រៃយ៍​​ ជា​អ្នក​ សម្រេច»

លិខិត ​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គវង្ស វឌ្ឍានា ចុះ​ថ្ងៃ​ទី ៣០​ខែ មិថុនា ស្នើ​ប្រធាន​រដ្ឋសភា គឺ​លោក ហេង សំរិន អោយ​ដក​អភ័យ​ឯកសិទ្ធិ​សភា​តំណាងរាស្ត្រ​ពីរ​រូប គឺ​លោក តុ វ៉ាន់ចាន់ និង លោក ពិន រតនា។

ក្នុង​លិខិត​នោះ​បញ្ជាក់​ថា សំណើ​នេះ​ជា​ការ​ឆ្លើយ​តប​ចំពោះ​លិខិត​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ ភ្នំពេញ ដែល​សំអាង​ថា លោក តុ វ៉ាន់ចាន់ តំណាងរាស្ត្រ​មណ្ឌល​កណ្ដាល និង​លោក ពិន រតនា តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង​កំពុង​ជាប់​សង្ស័យ​ក្នុង​បទ​ប្រព្រឹត្ត​អំពើ​ សញ្ចារកម្ម​ជា​បទល្មើស​ព្រហ្មទណ្ឌ តាម​មាត្រា​២៨៤ នៃ​ក្រមព្រហ្មទណ្ឌ។ លិខិត​បញ្ជាក់​ទៀត​ថា ការសម្រេច​ដក​អភ័យ​ឯកសិទ្ធិ​សភា​ របស់​អ្នក​តំណាងរាស្ត្រ​ទាំង​២​រូប​នឹង​បើក​ផ្លូវ​អោយ​តុលាការ​បន្ត​ នីតិវិធី​ ដែល​នឹង​ជួយ​ពង្រឹង​នីតិរដ្ឋ។

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា តុលាការ​ក្រុង​ភ្នំពេញ កោះ​ហៅ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ២​រូប​ នោះ ឲ្យ​ចូល​បំភ្លឺ​ក្នុង​សំណុំ​រឿង​សញ្ចារកម្ម​ពាក់ព័ន្ធ ​រឿង​អាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា និង​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ។

ប៉ុន្តែ​តំណាង​រាស្ត្រ​ទាំង​២​រូប​នោះ បដិសេធ​មិន​ចូល​ទៅ​បំភ្លឺ​ឡើយ ក្រោយ​គណបក្ស​បាន​ចេញ​សេចក្ដី​​ថ្លែងការណ៍ ដោយ​ប្រកាន់​ជំហរ​មិន​ចូល​បំភ្លឺ និង​ស្នើ​ឲ្យ​បញ្ឈប់​ការ​ចេញ​ដីកា​ទាំង​នេះ​ជា​បន្ទាន់ ហើយ​គណបក្ស​ចាត់​ទុក​ថា​ជា​អំពើ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អភ័យ​ ឯកសិទ្ធិ​របស់​អ្នក​តំណាង​រាស្ត្រ ដែល​ធានា​ការពារ​ដោយ​មាត្រា​៨០​នៃ​រដ្ឋធម្មនុញ្ញ។

តំណាងរាស្ត្រ និង​សមាជិក​ គណៈកម្មាធិការ​ អចិន្ត្រៃយ៍ លោក គីមសួរ ភីរិទ្ធ បញ្ជាក់​ ថា, គណបក្ស​នេះ ​ស្វាគមន៍​ ប្រសិន​បើ​ រដ្ឋសភា​ បំពេញ​ តាម​នីតិវិធី៖ «ខ្ញុំ​ គិត​ថា, ​ដក​ព្យួរ​លើក ​គឺ​តែ​មួយ សំឡេង​​ ២​ភាគ​៣ គេ​អត់​មាន​ចែង​ថា​ព្យួរ​តែ​ពាក់កណ្ដាល (សំឡេង) ​តែ​៦០​នាក់​ឯណា! គឺ​សភា​ពេញ​អង្គ​សំឡេង​២ភាគ​៣។ បើ​គេ​គោរព​ច្បាប់​ទៅ​គ្មាន​បញ្ហា​ទេ សង្រ្គោះជាតិ​តាម​តែ ហ្នឹង​ទេ​ព្រោះ​ច្បាប់​ចែង​ច្បាស់​ណាស់»

បើ​ទោះជា​យ៉ាងណា​មក​ដល់​ពេល​នេះ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់​បាន​ពហិការ​មិន​ចូល​រួម​ប្រជុំ​សភា​ឡើយ។

មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា តំណាង​រាស្ត្រ​មាន​អភ័យ​ឯកសិទ្ធិ​សភា ហើយ​មិន​ត្រូវ​ចោទ​ប្រកាន់ ចាប់​ខ្លួន ឃាត់​ខ្លួន​ឬ ឃុំ​ខ្លួន ដោយ​សារ​​បាន​សំដែង​យោបល់ ឬ​បញ្ចេញ​មតិ​ក្នុង​ការ​បំពេញ​មុខងារ​​របស់​ខ្លួន​ឡើយ។ ការចោទប្រកាន់​ចាប់​ឃាត់ខ្លួន ឬ​ឃុំ​ខ្លួន​អាច​ធ្វើ​បាន​លុះត្រាតែ​មាន​ការ​យល់​ព្រម​ពី​រដ្ឋសភា ឬ​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់ រដ្ឋសភា ក្នុង​ចន្លោះ​សម័យ​ប្រជុំ​នៃ​រដ្ឋសភា វៀរ​លែង​តែ​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង។ សេចក្ដី​សម្រេច​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ត្រូវ​ដាក់​ជូន​ កិច្ច​ប្រជុំ​សភា ដើម្បី​អនុម័ត​តាម​មតិភាគច្រើន ពីរ​ភាគ​បី​នៃ​សមាជិក​ទាំងមូល៕


No comments:

Post a Comment