ពលរដ្ឋគោរពវិញ្ញាណក្ខន្ធសពលោកបណ្ឌិត កែម ឡី នាវត្តពោធិយារាម ហៅវត្តចាស់ ឋិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦។ RFA/Cheu Sideth |
ស្ថាប័ន អន្តរជាតិ និងជាតិ សំខាន់ៗ ថ្កោលទោស ការបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី
RFA / វិទ្យុ អាស៊ី សេរី | ១៤ កក្កដា ២០១៦
ស្ថានទូតជប៉ុន ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក កែម ឡី នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦។ RFA/Cheu Sideth
|
ស្ថានទូតបារាំង ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក កែម ឡី នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦។ RFA/Cheu Sideth |
ស្ថានទូតស៊ុយអែត (Sweden) ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក កែម ឡី នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦។ RFA/Cheu Sideth |
បុគ្គលិកនៃ DCA/CA ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក កែម ឡី នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦។ RFA/Cheu Sideth |
ទាហានចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក កែម ឡី នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦។ RFA/Cheu Sideth |
View more photos here
ស្ថាប័នអន្តរជាតិខ្លះទៀត ស្នើឲ្យរដ្ឋាភិបាលបង្កើតគណៈកម្មការស៊ើបអង្កេត និងស្នើសុំបរទេសមកជួយក្នុងការស៊ើបអង្កេតនេះទៀតផង។
តើស្ថាប័នណាខ្លះចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស និងទាមទារឲ្យរដ្ឋាភិបាលស៊ើបអង្កេតឲ្យបានច្បាស់លាស់លើករណីឃាតកម្មនេះ?
ស្ថាប័នអន្តរជាតិ និងជាតិសំខាន់ៗមួយចំនួន បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស និងអំពាវនាវឲ្យរដ្ឋាភិបាល បើកការស៊ើបអង្កេតករណីឃាតកម្មបណ្ឌិត កែម ឡី ឲ្យឆាប់រហ័សមិនលម្អៀង និងមានប្រសិទ្ធភាព ដើម្បីស្វែងរកអ្នកដែលពាក់ព័ន្ធយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។
ការចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់នេះ នៅខណៈដែលតុលាការកំពុងបន្តនីតិវិធីសួរចម្លើយជនសង្ស័យ និងកំពុងស៊ើបអង្កេតរកអ្នកពាក់ព័ន្ធបន្តទៀត។ កាលពីថ្ងៃទី១៣ កក្កដា តុលាការបានចោទប្រកាន់ជនសង្ស័យឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ចំនួនពីរបទចោទ គឺបទឃាតកម្មគិតទុកជាមុន និងកាន់អាវុធខុសច្បាប់ ដែលនឹងត្រូវជាប់ទោសអស់មួយជីវិត ប្រសិនបើតុលាការរកឃើញថាពិតជាឃាតកពិតមែន។
ក្រុមគ្រួសារសាកសពលោកបណ្ឌិត កែម ឡី បានដាក់លិខិតទៅតុលាការស្នើសុំយកទូរស័ព្ទចំនួនពីរគ្រឿងរបស់លោក បណ្ឌិត កែម ឡី មកវិញ ដែលសមត្ថកិច្ចដកហូតយកទៅប្រគល់ឲ្យតុលាការនោះ។
នៅថ្ងៃទី១៤ កក្កដា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានឲ្យវិទ្យុអាស៊ីសេរី ដឹងតាមតេលេក្រាមថា (Telegram) ចៅក្រមស៊ើបសួរកំពុងពិចារណាលើការស្នើសុំយកទូរស័ព្ទវិញនេះ។
ទោះបីជាយ៉ាងណាក៏ដោយ ក្មួយប្រុសលោកបណ្ឌិត កែម ឡី លោក ធួវី ហ្សាន់ឌី អំពាវនាវឲ្យតុលាការត្រូវតែស្វែងរកយុត្តិធម៌លោកបណ្ឌិត កែម ឡី និងក្រុមគ្រួសាររបស់លោក៖ «សូមសំណូមពរអាជ្ញាធរ និងតុលាការជួយរកអ្នកឃុបឃិតនៅពីក្រោយខ្នង និងឃាតកពិត តែការសម្រេចយ៉ាងណារបស់តុលាការ គឺជាសិទ្ធិរបស់តុលាការតែខាងក្រុមគ្រួសារខ្ញុំគ្រាន់តែចង់រកយុត្តិធម៌ជូនគាត់។»
ទាក់ទងនឹងបញ្ហានេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) សង្ឃឹម ថា អាជ្ញាធរកម្ពុជា នឹងបើកការស៊ើបអង្កេតពេញលេញ និងឯករាជ្យ ដើម្បីពិនិត្យមើលគ្រប់ជ្រុងជ្រោយជុំវិញការបាញ់សម្លាប់នេះ។ លោកសម្ដែងការសោកស្ដាយជាខ្លាំងបន្ទាប់ពីបានទទួលដំណឹងពីការបាញ់ សម្លាប់លោកបណ្ឌិត កែម ឡី កាលពីថ្ងៃអាទិត្យ ទី១០ ខែកក្កដា។
អ្នកនាំពាក្យនៃអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ស្តេហ្វ៉ាន ឌូយ៉ារីក (Stephane Dujarric) មានប្រសាសន៍ក្នុងសន្និសីទកាសែតនៅទីស្នាក់ការកណ្ដាលរបស់អង្គការសហប្រជាជាតិ នៅក្រុងញីវយ៉ក (New York) កាល ពីថ្ងៃទី១៣ ខែកក្កដា ថា លោក បាន គីមូន នៅតែមានក្តីបារម្ភអំពីស្ថានការណ៍នៅប្រទេសកម្ពុជា ក្នុងនោះរួមមាន ការបំភិតបំភ័យ ការរើសអើង ការចាប់ខ្លួនមន្ត្រីសង្គមស៊ីវិល និងគណបក្សប្រឆាំង ព្រមទាំងបញ្ហាគំរាមកំហែងលើផ្នែកសារព័ត៌មាន និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជាដើម។ លោក បាន គីមូន ក៏អំពាវនាវសុំឲ្យមានការគោរពសិទ្ធិមនុស្ស រួមមាន សេរីភាពនៃការបញ្ចេញមតិ និងការប្រមូលផ្តុំគ្នា ជាដើម។
ទន្ទឹមនឹងនេះ ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) ថ្កោលទោសចំពោះការសម្លាប់លោកបណ្ឌិត កែម ឡី ហើយស្នើឲ្យអាជ្ញាធរស៊ើបអង្កេតរកឃាតកពិតប្រាកដមកផ្ដន្ទាទោសតាមច្បាប់។
អ្នកនាំពាក្យការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស អ្នកស្រី សេស៊ីល ពួយលី (Cecile Pouilly) ថ្លែង ប្រាប់វិទ្យុអាស៊ីសេរី តាមសារអេឡិចត្រូនិកថា អង្គការសហប្រជាជាតិ ស្វាគមន៍ចំពោះការអំពាវនាវរបស់រដ្ឋាភិបាលកម្ពុជា ដែលប្រកាសបើកការស៊ើបអង្កេត និងការចាប់ខ្លួនជនសង្ស័យ។
ជាមួយគ្នានេះដែរ អង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្ស ជំរុញឲ្យអាជ្ញាធរស៊ើបអង្កេតករណីឃាតកម្មនេះឲ្យបានជាក់លាក់ ច្បាស់លាស់ និងត្រូវធានាថា អ្នកដែលជាប់ពាក់ព័ន្ធនឹងឃាតកម្មលោកបណ្ឌិត កែម ឡី ត្រូវចាប់យកមកកាត់ទោស និងដាក់ទោសត្រឹមត្រូវតាមច្បាប់។
ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សដដែល ក៏អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការជាបន្ទាន់ និងមានប្រសិទ្ធភាពដើម្បីការពារសកម្មជនការពារសិទ្ធិមនុស្ស អ្នកនយោបាយ និងសមាជិកអង្គការសង្គមស៊ីវិល។
អង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្ស កត់សម្គាល់ថា ខណៈស្ថានការណ៍នយោបាយកម្ពុជា កំពុងតានតឹងនៅរយៈពេលចុងក្រោយ វាមានសារសំខាន់ណាស់ដែលអាជ្ញាធរត្រូវធានាថា ប្រជាពលរដ្ឋគ្រប់រូបមានសុវត្ថិភាពពេញលេញដោយគ្មានការភ័យខ្លាច និងរងហិង្សាលើរាងកាយក្នុងការបញ្ចេញមតិជាសាធារណៈ ពិសេសក្នុងពេលវេលាមុនការបោះឆ្នោតឃុំ-សង្កាត់ និងបោះឆ្នោតជាតិ ដែលនឹងមកដល់នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ ខាងមុខ។
ខ្មាន់កាំភ្លើងបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នេះ ធ្វើឡើងតែពីរថ្ងៃក្រោយពីលោកបានបកស្រាយនៅក្នុងវេទិកាអ្នក ស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៨ កក្កដា អំពីរបាយការណ៍របស់អង្គការឃ្លាំមើលពិភពលោក (Global Witness) រក ឃើញថា គ្រួសារត្រកូលហ៊ុនចំនួន ២៧នាក់ បានក្តោបក្តាប់មុខជំនួញស្ទើរគ្រប់ផ្នែកនៅកម្ពុជា និងមានហ៊ុននៅក្នុងក្រុមហ៊ុនប្រមាណ១១៤។
ក្រោយការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ប៉ុន្មានម៉ោងនៅថ្ងៃទី១០ កក្កដា អង្គការឃ្លាំមើលពិភពលោក (Global Witness) ប្រកាសថ្កោលទោសជាខ្លាំងចំពោះឃាតកម្មលោក កែម ឡី។ អង្គការអន្តរជាតិនេះ បានប្រាប់វិទ្យុអាស៊ីសេរី តាមអ៊ីមែល (email) ដោយ អំពាវនាវឲ្យមានការស៊ើបអង្កេតដោយឯករាជ្យករណីបាញ់សម្លាប់លោក កែម ឡី ដើម្បីនាំយកឧក្រិដ្ឋជនពិតប្រាកដមកផ្ដន្ទាទោស មិនមែនតែខ្មាន់កាំភ្លើង។ រដ្ឋាភិបាលកម្ពុជា រងការចោទប្រកាន់ និងមានប្រវត្តិមិនល្អរាប់សិបឆ្នាំពីការសម្លាប់សកម្មជននយោបាយ សិទ្ធិមនុស្ស និងកម្មករ ដែលអាជ្ញាធរកម្រចាប់ខ្លួនជនល្មើសពិតប្រាកដមកផ្ដន្ទាទោស។
អង្គការឃ្លាំមើលពិភពលោក (Global Witness) ក៏ទទូច ឲ្យម្ចាស់ជំនួយអន្តរជាតិរបស់កម្ពុជា ថ្កោលទោសឲ្យខ្លាំងក្លា និងទាមទារការស៊ើបអង្កេតដោយឯករាជ្យចំពោះការបាញ់សម្លាប់លោក កែម ឡី នេះ។
លោកបណ្ឌិត កែម ឡី ជាស្ថាបនិកបណ្ដាញខ្មែរដើម្បីខ្មែរ ដែលជាក្រុមតស៊ូមតិមូលដ្ឋាន។ លោកជាញឹកញយ រិះគន់ពីបញ្ហាអវិជ្ជមាននានាស្ដីពីសង្គម និងនយោបាយនៅកម្ពុជា និងទាមទារឲ្យរដ្ឋាភិបាលធ្វើកំណែទម្រង់ស្ថាប័នរដ្ឋសំខាន់ៗមួយ ចំនួន និងលុបបំបាត់អំពើពុករលួយ បក្ខពួកនិយមនៅក្នុងស្ថាប័នរដ្ឋ។
ចំពោះសហរដ្ឋអាមេរិក វិញ ដែលជាម្ចាស់ជំនួយ និងដៃគូពាណិជ្ជកម្មសំខាន់របស់កម្ពុជា បានហៅការស្លាប់របស់លោកបណ្ឌិត កែម ឡី ថាជាព័ត៌មានរន្ធត់ និងសោកស្ដាយ។ សហរដ្ឋអាមេរិក ហៅលោក កែម ឡី ថាជាអ្នកវិភាគនយោបាយកម្ពុជា ដ៏សំខាន់ម្នាក់។
ស្ថានទូតសហរដ្ឋអាមេរិក ឲ្យដឹងបន្តថា នៅក្នុងដំណើរទស្សនកិច្ចនេះ លោក ថម ម៉ាលីណូស្គី (Tom Malinowski) នឹងជួបជាមួយមន្ត្រីរដ្ឋាភិបាល បក្សប្រឆាំង សង្គមស៊ីវិល និងតំណាងទីភ្នាក់ងារអន្តរជាតិ ដើម្បីពិភាក្សាពីសារសំខាន់នៃការបោះឆ្នោតប្រកបដោយភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅកម្ពុជា។ លោកក៏នឹងរម្លឹកឲ្យកម្ពុជា លើកកម្ពស់បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ហើយធានាការការពារអង្គការសិទ្ធិមនុស្ស។
ចំណែកឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេស លោក ប៊ីល ឡុងហឺស (Bill Longhurst) ថ្លែង ថា លោករន្ធត់ និងសោកសង្រេងចំពោះការស្លាប់របស់លោកបណ្ឌិត កែម ឡី។ លោកថា នេះជាការបាត់បង់ដ៏ធំមួយសម្រាប់សង្គមកម្ពុជា។
គណៈកម្មការអ្នកច្បាប់អន្តរជាតិ (International Commission of Jurists-ICJ) វិញ នៅថ្ងៃទី១៣ ខែកក្កដា អំពាវនាវរដ្ឋាភិបាលបើកការស៊ើបអង្កេតករណីឃាតកម្មបណ្ឌិត កែម ឡី ឲ្យឆាប់រហ័ស មិនលម្អៀង និងមានប្រសិទ្ធភាព ដើម្បីស្វែងរកអ្នកដែលពាក់ព័ន្ធយកមកផ្ដន្ទាទោស។
ទីប្រឹក្សាជាន់ខ្ពស់ផ្នែកច្បាប់អន្តរជាតិនៃគណៈកម្មការអ្នកច្បាប់អន្តរជាតិ លោក ឃីងស្លី អាប៊ត (Kingsley Abbott) ថ្លែងថា, «លោក កែម ឡី ដែលជាអ្នកវិភាគនយោបាយ និងសកម្មជនការពារសិទ្ធិមនុស្សដ៏លេចធ្លោម្នាក់ ត្រូវបានគេធ្វើឃាតខណៈមានការចាប់ខ្លួនសង្គមស៊ីវិល និងអ្នកនយោបាយបក្សប្រឆាំង។»
លោក បន្តថា, «ក្នុងបរិបទនៃប្រវត្តិវប្បធម៌និទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍របស់កម្ពុជា ដែលត្រូវបានគេចោទប្រកាន់ថាពាក់ព័ន្ធនឹងឃាតកម្មនយោបាយ ហើយបើទោះបីជាជនសង្ស័យត្រូវគេចាប់ដាក់ពន្ធនាគារក៏ដោយ អាជ្ញាធរត្រូវបន្តស៊ើបអង្កេតដោយតម្លាភាព និងវិធីសាស្ត្រត្រឹមត្រូវ រហូតដល់អស់លទ្ធភាព និងសមត្ថភាព។»
គណៈកម្មការអ្នកច្បាប់អន្តរជាតិ ផ្តល់យោបល់ថា ខណៈកម្ពុជា ខ្វះសមត្ថភាពស៊ើបអង្កេតកម្ពុជា គួរស្វែងរកជំនួយបច្ចេកទេសពីបរទេសដែលមានជំនាញខាងវិភាគវីដេអូ កាមេរ៉ាសុវត្ថិភាព និងប្រព័ន្ធទិន្នន័យទំនាក់ទំនង អង្កេត និងការធ្វើកោសល្យវិច័យរាងកាយលោក កែម ឡី ទីកន្លែងកើតហេតុ និងរថយន្ត ដែលមានសារសំខាន់អាចជួយកំណត់អត្តសញ្ញាណ និងសកម្មភាពរបស់ឧក្រិដ្ឋជន និងដើម្បីដឹងថា តើគេប្រព្រឹត្តតែម្នាក់ឯង ឬផ្សំគំនិតជាមួយអ្នកដទៃ។
ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា រដ្ឋាភិបាលមិនចាំបាច់បង្កើតគណៈកម្មការស៊ើបអង្កេត ឬពឹងពាក់បរទេសអ្វីទេ សមត្ថកិច្ចកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការស៊ើបអង្កេតនេះ។
ទោះបីជាយ៉ាងនេះក្ដី គណៈកម្មការអ្នកច្បាប់អន្តរជាតិ ស្នើឲ្យអាជ្ញាធរកម្ពុជា ធានាថា រាល់អ្នកស៊ើបអង្កេត និងចៅក្រមស៊ើបអង្កេត ត្រូវតែឯករាជ្យ និងមិនលម្អៀង គ្មានរងឥទ្ធិពលអ្វីទាំងអស់ ហើយមានសេរីភាពពេញលេញក្នុងការស៊ើបអង្កេតដោយគ្មានការគំរាមកំហែង ធ្វើបាប ការបន្ទច់បង្អាក់ ឬការជ្រៀតជ្រែក។
ក្រៅពីអង្គទូត និងស្ថាប័នសិទ្ធិមនុស្សអន្តរជាតិ ចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសនោះ។ អង្គការក្នុងស្រុកវិញ ក៏ចេញសេចក្ដីថ្លែងការណ៍រួមមួយ និងសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតជាបណ្ដុំអង្គការក្នុងស្រុក ចំនួន ១១ស្ថាប័ន ដែលចេញនៅថ្ងៃទី១២ កក្កដា បង្ហាញពីការសោកស្ដាយលោក កែម ឡី ដែលជាអ្នកសិក្សាការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយ ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់។
ក្រុមអង្គការសង្គមស៊ីវិលលើកឡើងថា ការស៊ើបអង្កេតត្រឹមត្រូវមួយ មិនត្រឹមតែអាចផ្ដល់យុត្តិធម៌ដល់លោក កែម ឡី និងក្រុមគ្រួសារទេ ថែមទាំងអាចជម្រះមន្ទិលសង្ស័យនានា ព្រមទាំងអាចបន្ធូរស្ថានការណ៍តានតឹង និងបញ្ចប់និទ្ទណ្ឌភាពនៅកម្ពុជា ដែលករណីឃាតកម្មកន្លងមកដូចជា ករណីលោក ជា វិជ្ជា និងករណីសម្លាប់ព្រះតេជព្រះគុណ សំ ប៊ុនធឿន អ្នកកាសែត និងសិល្បករ កន្លងមកមិនទាន់រកឃើញឃាតកពិត និងអ្នកនៅក្រោយខ្នងនៅឡើយ ដែលពួកគេបារម្ភថា ករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី នេះ ដូចករណីមុនៗទៀត៕
No comments:
Post a Comment