លោក កែម ឡី៖ នៅពេល យើង វិភាគ ម្តងៗ, ខ្ញុំ មិនដែល គិតថា ខ្លួនខ្ញុំ មានជីវិតទេ
VOD / វីអូឌី |
អ្នកវិភាគ ព្រឹត្តិការណ៍ សង្គម ឯករាជ្យ ត្រូវ បាន ខ្មាន់កំាភ្លើង បាញ់សម្លាប់ នៅម៉ោង ប្រមាណ ៩ព្រឹក ថ្ងៃអាទិត្យនេះ នៅម៉ាត លក់ទំនិញ មួយ ក្បែរស្តុប បូកគោ។ ភរិយា របស់លោក កែម ឡី អ្នកស្រី ប៊ូ រចនា បានអះអាង ថា, ករណី បាញ់សម្លាប់ប្តី របស់ អ្នកស្រី ជារឿង នយោបាយ ដោយច្រានចោល ការលើកឡើង ពីរឿង ជំពាក់លុយគេ។
លោក កែម ឡី ដែលមាន ស្រុកកំណើត នៅខេត្ត តាកែវ និងជាអ្នក ស្រាវជ្រាវ មួយរូប ធ្លាប់បាន និយាយ ទៅកាន់ សាធារជន ថា៖ នៅពេល យើង វិភាគ ម្តងៗ, ខ្ញុំ មិនដែល គិតថា ខ្លួនខ្ញុំ មានជីវិតទេ។ ខ្ញុំ ចង់និយាយ ថា នៅក្នុងប្រទេស មួយ ដែលមាន ខ្លា ច្រើន, ដែលមាន ពស់វែក ច្រើន, ដែលមាន ឆ្លាម ច្រើន-- នៅពេល ដែលយើង វិភាគ ម្តងៗ យើង មិនដែលគិត ថា យើងមានជីវិតទេ។ ប៉ុន្តែ បើ សិនជាយើង នាំគ្នា ខ្លាច, យើង នាំគ្នា ខ្លាច ទាំងអស់គ្នា, យើង អត់មាន លទ្ធភាព ផ្តល់គំរូ ដល់យុវជនទេ។ យើង អត់មាន លទ្ធភាព កែប្រែ ប្រទេសយើងទេ។ អញ្ចឹងហើយ បានខ្ញុំ ហ៊ាននិយាយ បែបនេះ។
លោក កែម ឡី បាន ឲ្យយោបល់ ថា, ការវិភាគ ឬការផ្តល់យោបល់ ត្រូវ មានលក្ខណៈ វិទ្យាសាស្រ្ត ឲ្យច្រើន និងមាន ភស្តុតាង ត្រឹមត្រូវ។ លោក បញ្ជាក់ថា៖ ជាទូទៅ ខ្ញុំ ដាក់ខ្លួន ថា នៅពេល ដែលយើង ចាប់ផ្តើម វិភាគ, យើង ត្រូវ មានលិខិត ឆ្លងដែនមួយ, ហើយ មានវីសា (ទិដ្ឋាការ) បី។ ទីមួយ, បើ សិនជាគេ មិនសប្បាយចិត្ត, គេ ឲ្យយើង ទៅមន្ទីរពេទ្យ; យើង ទៅ, ទៅ មិនសប្បាយ។ គេ ឲ្យយើង ទៅព្រៃស; យើង ទៅ។ ទៅ ហើយb បើ សិនជាគេ មិនសប្បាយចិត្ត, ហើយ គេ ឲ្យយើង ទៅវត្ត ព្រះពុទុ្ធ។ យើង ទៅ; ទៅ អាហ្នឹង បានយើង វិភាគទៅ។ យើង បញ្ចេញ យោបល់ទៅ។ វា ត្រូវ ជ្រុងណា។ ក៏ប៉ុន្តែ បើ សិនជាយើង ខ្លាច នូវវីសាបី ហ្នឹងទេ, ខ្ញុំ គិតថា, វា ពិបាក នឹងផ្តល់ផល ដល់សង្គម។
លោក បន្ថែម ថា៖ ខ្ញុំ អំពាវនាវ ឲ្យយុវជន ជំនាន់កណ្តាល ឬក៏ជំនាន់ក្រោយ ហ្នឹង កាន់តែ មានសេចក្តី ក្លាហានឡើង។ យើង ធ្វើម៉េច ផ្តល់យោបល់ ព័ត៌មាន ដែលមាន ភស្តុតាង ត្រឹមត្រូវ, មានលក្ខណៈ វិទ្យាសាស្រ្ត, មានឧទាហរណ៍ ឲ្យច្រើន, ហើយ ប្រកប ដោយក្រមសីលធម៌ ខ្ពស់។
លោក កែម ឡី បានឲ្យ ជាយោបល់ ថា៖ អ្វី ដែលជាផល វិបាក បើ សិនជាយើង វិភាគ, ហើយ ខ្លាច បរិយាកាស នយោបាយ។ បើ យើង វិភាគ យើង បារមុ្ភ ខ្លាច គេ សម្លាប់, ខ្លាច ជាប់គុក, ខ្លាច គេ ធ្វើបាប។ អញ្ចឹង ខ្ញុំ គិតថា, យើង វិភាគ អត់ត្រូវ ជ្រុងទេ។ អញ្ចឹង ខ្ញុំ គិតថា ផ្តាំ ដល់សាធារជន, យុវជន, យើង និយាយ អី ជាការពិត កម្រិត នៃការ យល់ដឹងយើង ប៉ុណ្ណា, យើង និយាយ ប៉ុណ្ណឹង។
លោកបានអំពាវនាវឲ្យយុវជនចេះបញ្ចេញគំនិតទៅលើបញ្ហាអ្វីមួយ ប្រសិនបើពួកគេមានគោលដៅពិតប្រាកដក្នុងការជួយសង្គម។ លោកមានប្រសាសន៍ថា៖ “ខ្ញុំមើលទៅអ្នកអត្ថាធិប្បាយ អ្នកផ្តល់យោបល់នៅក្នុងសង្គម ប្រសិនបើគាត់មានគោលដៅពិតប្រាកដ ថាគាត់ជួយសង្គមពិតប្រាកដ ហ្នឹងខ្ញុំគិតថាវាមិនប៉ះពាល់ទេ។ ដោយសារអីយើងត្រូវតែហ៊ានប្រឈមណាស់ បើយើងចង់និយាយការពិតជៀសវាងយើង និយាយការពារ”។
ព្រះសង្ឃប៊ុត ប៊ុនតិញ ដែលតែងតែចូលរួមការតវ៉ានិងសកម្មភាពសង្គមនានា បានសរសេរនៅលើហ្វេសប៊ុករបស់លោក ក្រោយការបាញ់សម្លាប់លោក កែម ឡី ថា៖ “ភាសាចុងក្រោយរបស់លោកបណ្ឌិត កែម ឡីកាលពីល្ងាចថ្ងៃព្រហស្បត្តិ៍ទី០៧ ខែមិថុនា ឆ្នាំ២០១៦។ គាត់និយាយថា គេនឹងសម្លាប់យើងទាំងពីរនាក់ កែម ឡី និងប៊ុត ប៊ុនតិញ។ លោកបណ្ឌិតបានដឹងរឿងនេះច្បាស់ណាស់ តែគាត់មិនព្រមគេចខ្លួន។
ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក កែម ឡី ត្រូវបានសារព័ត៌មានផ្សេងៗហៅសម្ភាសន៍ពីរបាយការណ៍របស់អង្គការគ្លូបល វីតណេស(Global Witness)ពីរឿងជំនួញធំៗរបស់ក្រុមគ្រួសារត្រកូលហ៊ុន។
លោក កែម ឡី បានធ្វើជាវាគ្មិនក្នុងកម្មវិធីតុមូលអាស៊ីសេរី កាលពីថ្ងៃសុក្រលើប្រធានបទ”តើសែស្រឡាយមេដឹកនាំមានសិទ្ធិធ្វើជំនួញឬទេ”? ចំណែកវិទ្យុសំឡេងសហរដ្ឋអាមេរិក(VOA)បានសម្ភាសន៍រូបលោកពីរបាយការណ៍នេះផងដែរ។ VOAបានចុះផ្សាយកាលពីថ្ងៃសៅរ៍ថា៖ “អ្នកស្រាវជ្រាវសង្គមគឺលោកកែម ឡី បានថ្លែងថាការសិក្សារបស់លោករកឃើញថារបាយការណ៍នោះនឹងជួយឲ្យក្រុមអ្នកបោះឆ្នោត ក្រុមអ្នកជំនួញនិង ក្រុមមន្ត្រីរដ្ឋាភិបាលផ្សេងៗទៀតមានព័ត៌មានដើម្បីសម្រេចចិត្តនិងពិចារណា។ VOAបន្ថែមថា៖ “លោកកែម ឡីបានអះអាងថា បញ្ហាសំខាន់មិនមែនប្រតិកម្មតបទេគឺការបកស្រាយឲ្យពលរដ្ឋបានយល់ច្បាស់និងផ្តល់ព័ត៌មានពិត។ លោកថ្លែងថាប្រសិនបើរដ្ឋាភិបាលចង់ប្តឹងអង្គការGlobal Witness លោកលើកទឹកចិត្តហើយបើចង់ស្រាវជ្រាវរកការណ៍ពិត លោកក៏រីករាយនឹងចូលរួមដែរ។ លោកបានអះអាងថារបាយការណ៍នេះជាភស្តុតាងប្រវត្តិសាស្ត្រ ហើយរដ្ឋាភិបាលក្រោយៗអាចសើរើថារឿងក្តោបក្តាប់សេដ្ឋកិច្ចរបស់គ្រួសារនាយករដ្ឋមន្ត្រីវាសមស្របឬមិនសមស្រប។ តែលោកថា ប្រទេសខ្លះ ក៏មានការសម្របសម្រួលបែបនយោបាយដែរ”។
បើពិនិត្យទៅលើប្រព័ន្ធសង្គមវិញ លោក កែម ឡី បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃសៅរ៍ពីរឿងកំប្លែងទី១៩“សួនសត្វសាហាវ”។ នៅចុងក្រោយនៃសំណេរនោះ លោក កែម ឡី បានបញ្ជាក់ថា៖ មនុស្សមានប្រាជ្ញាបានរៀនសូត្រច្រើន និងមានការគិតស៊ីជម្រៅ មិនត្រូវដឹកនាំបែបសាច់រឿងខាងលើឡើយ។
ខាងក្រោមនេះ ជាសារ របស់លោក កែម ឡី៖
នៅក្នុងសួនមួយឈ្មោះថាសួននយោបាយសត្វ មានសត្វចម្រុះដែលរស់នៅលាយឡំគ្នា រួមទាំង សត្វតោ ខ្លា គោ ក្របី សេះ មាន់ ទា ចាប លលកនិងសត្វជាច្រើនទៀត។ នៅជ្រុងមួយនៃសួន មានដើមឈើជាច្រើនដែលមានផ្លែច្រើននិងមានចំណីជាច្រើនក្រៃលេងនៅទីនោះ តែកន្លែងផ្សេងៗទៀតមិនសូវមានអាហារហូបទេ។
សត្វសាហាវៗដូចជា ពស់វែក ខ្លា តោ ។ល។ បានជួបជុំគ្នា និង រកល្បិចបំភ័យ សម្លុត គំរាមសត្វទាំងឡាយនៅក្នុងសួនជាមួយគ្នាកុំឲ្យទៅទីនោះ ព្រោះបារម្ភសត្វដទៃនាំគ្នាទៅទីនោះច្រើនកុះករដែលបណ្តាលឲ្យអស់ចំណី។ ក្រោយពីប្រជុំគ្នារួច សត្វខ្លាបានប្រកាសថា ពពួកសត្វទាំងឡាយអើយ កុំទៅជ្រុងមួយនៃសួនឲ្យសោះព្រោះមានបីសាចសាហាវនិងតែងតែស៊ីយើងទាំងរស់ ។ ចំណែកសត្វតោបានប្រកាសថា នៅទីនោះមានទ្រុងពួកព្រានដែលតែងតែចាប់យើងយកធ្វើជាម្ហូបអាហារ និងមិនងាយរួចខ្លួនទេ។ លើសពីនេះ សត្វពស់វែកបានបញ្ចេញយោបល់ថា ជ្រុងនោះជាជ្រុងមានជ្រោះសែនជ្រៅដែលអាចឲ្យយើងធ្លាក់ចូលដោយពុំដឹងខ្លួនរហូតស្លាប់គ្មានថ្ងៃកើតមកវិញទេ។
ពពួកសត្វជាពិសេសសត្វស្លូតៗ សត្វល្អៗ និងសត្វស្រុកដែលមានប្រយោជន៍ដល់សង្គមបានឭដំណឹងដូចនេះ ក៏ចាប់ផ្តើមភ័យខ្លាច និងមិនហ៊ានទៅទីនោះទេ និងថែមទាំងបានព្យាយាមរស់ នៅនិងសម្ងំក្នុងព្រៃធម្មតា។ សត្វមាន់បានឆ្លើយថា សុខចិត្តរស់នៅក្នុងព្រៃតូចមួយដែលមានសេរីភាព ប្រសើរជាងរស់នៅក្នុងព្រៃធំសម្បូរដោយសត្វខ្លា និងសត្វសាហាវនានា ។
មានសត្វស្លូតៗដូចជា គោ សេះ ពពែ សាកល្បងទៅទីនោះ តែត្រូវសត្វសាហាវលួចខាំសុីដោយគ្មានមេត្តា ដែលបន្សល់នូវព័ត៌មានប្រកបដោយការភ័យខ្លាច ។ សម្លាប់មួយបន្លាចមួយពាន់ ។ ដោយស្ថានភាពបែបនោះ ធ្វើឲ្យសត្វនានាដែលជាសត្វមានគុណតម្លៃខ្ពស់មិនហ៊ានទៅទីនោះរហូតមកដល់បច្ចុប្បន្ននេះ ។
សត្វគោបានស្រែកថា សុខចិត្តនៅបម្រើមនុស្សស្លូតៗ ប្រសើរជាងទៅទីនោះដែលមានវាសនាអាក្រក់ បើមិនជាប់ទ្រុង ឬរត់ចោលទ្រុង ក៏ត្រូវសត្វសាហាវសម្លាប់ដែរ ។
រីឯសត្វសាហាវៗ ដូចជា ខ្លា តោ ពស់ ។ល។ បាននាំគ្នាទៅទីនោះ និងទទួលបានចំណីឆ្ងាញ់ៗ ព្រមទាំងព្យាយាមកាន់កាប់ គ្រប់គ្រងតំបន់នោះទៅតាមកម្លាំង និងសមត្ថភាព ។
តោដែលមានកម្លាំងខ្លាំងជាងគេបានប្រាប់ពួកសត្វសាហាវថា យើងខ្លាំងជាងគេ ត្រូវគ្រប់គ្រងសួននេះទាំងមូល និងតំបន់មានចំណីច្រើន យើងគ្រប់គ្រងទាំងស្រុង បើអ្នកចង់បានចំណី ចាំយើងចែកឲ្យសុី ។
មួយឆ្នាំក្រោយមក តោនោះចាស់ បញ្ជាលែងមានអ្នកស្តាប់ សត្វខ្លាបានឡើងកាន់កាប់ម្តង និងចេញបទបញ្ជាដោយខ្លួនឯងថា មិនអាចនរណាមកបំផ្លាញយើងបានទេ ។ ករណីសត្វណាព្យាយាមប្រឆាំងយើង ត្រូវតែចាប់ ចោទ ឃុំ និង សម្លាប់ ។
ក្រោយពីសត្វខ្លាអស់ចង្កូមមក សត្វពស់វែករឹតតែសាហាវបានមកកាន់កាប់ និងគ្រប់គ្រងសួននេះម្តង ។ ជាបន្តបន្ទាប់មក សួននេះ ត្រូវបានគ្រប់គ្រង និង ត្រួតត្រាដោយសត្វសាហាវៗមិនចេះចប់ ។
សត្វស្លូតៗដែលទទួលរងការកាប់សម្លាប់ឥតឈប់ឈរបានប្រជុំគ្នានិងលើកឡើងថា បងប្អូនយើងស្លាប់អស់ច្រើនណាស់ ករណីដែលសត្វល្អៗ សត្វស្លូតៗ សត្វដែលមានប្រយោជន៏ដូចពួកយើងនេះមិនរួមគ្នា មិនហ៊ានប្រឈម និងមិនចូលរួមប្រកួតប្រជែងនៅតំបន់នោះទេ និង នាំគ្នាចេះតែភ័យខ្លាចដូចសព្វថ្ងៃនេះ ចំណីទាំងឡាយ ភាពភ័យខ្លាច ភាពខ្វល់ខ្វាយ បញ្ហាទាំងឡាយ នៅតែគ្រប់គ្រង ត្រួតត្រា និង ចាត់ចែងដោយពពួកសត្វសាហាវទាំងនោះជារៀងរហូត៕
No comments:
Post a Comment