Paris Peace Accords 23 Oct. 1991

Friday, July 22, 2016

លោក សម រង្ស៊ី ថា, រដ្ឋាភិបាល ​មួល​បង្កាច់​លោក​ ចំពោះ​ ការ​ស្នើ​ អឺរ៉ុប​ បិទ​ទីផ្សារ​ កម្ពុជា | Sam Rainsy says govt twisted his message sayig he wanted Europe to close imports from Cambodia

សម រង្ស៊ី ៨៥៥ ២០១៦
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ក្នុង​វេទិកា​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៦ នា​រដ្ឋ​ធានី​វ៉ាស៊ីនតុន សហរដ្ឋអាមេរិក។ RFA

លោក សម រង្ស៊ី ថា, រដ្ឋាភិបាល ​មួល​បង្កាច់​លោក​ ចំពោះ​ ការ​ស្នើ​ អឺរ៉ុប​ បិទ​ទីផ្សារ​ កម្ពុជា

RFA / វិទ្យុ អាស៊ី សេរី | ២១ កក្កដា ២០១៦

ព័ត៌មាន ​ជុំវិញ​ ការ​អំពាវនាវ​ ឲ្យ​សហភាព​ អឺរ៉ុប បិទ​ទីផ្សារ​ នាំ​ចេញ​ សម្លៀកបំពាក់ ​ពី​កម្ពុជា នោះ ត្រូវ​ បាន​ប្រធាន​ បក្ស​ប្រឆាំង លោក សម រង្ស៊ី ឆ្លើយ​តប ​នៅ​ថ្ងៃ​ ទី​២១ កក្កដា ថា, រដ្ឋាភិបាល​ មួលបង្កាច់​លោក, ហើយ​ កំពុង​តែ ​ភូត​កុហក​ ប្រជាពលរដ្ឋ ជាពិសេស ​កម្មករ​ ទៅ​វិញ។

លោក សម រង្ស៊ី ប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ ចេញ​សេចក្ដី​ថ្លែងការណ៍​ ឆ្លើយ​តប​ នៅ​ក្នុង​ទំព័រ​ ហ្វេសប៊ុក (Facebook) របស់​លោក ​ដោយ​បដិសេធ​ ថា, លោក ​មិន​បាន​ អំពាវនាវ​ ឲ្យ​សហភាព​ អឺរ៉ុប បិទ​ទីផ្សារ​ របស់​គេ ​មិន​ឲ្យ​នាំ​ចូល​ សម្លៀកបំពាក់ ​ពី​កម្ពុជា ទេ។

ខ្លឹមសារ​ ដែល​លោក​ សរសេរ​ លើ​ហ្វេសប៊ុក នៅ​ថ្ងៃ​ ទី​២១ កក្កដា អម​ដោយ​ឃ្លីប ​វីដេអូ​ខ្លី​ ជា​ភាសា​ បារាំង ផង មាន​សេចក្ដី​ ថា, រដ្ឋាភិបាល ​កំពុង​តែ​ ភូត​កុហក ​ប្រជាពលរដ្ឋ ជាពិសេស ​កម្មករ ដោយ​មួលបង្កាច់​លោក​ ក្នុង​បញ្ហា​នេះ៖ «វីដេអូ​នេះ ជា​ការ​ថត​ សំឡេង​ នៅ​ពេល ​ដែល​ខ្ញុំ​ និយាយ​ ជា​ភាសា​បារាំង នៅ​ចំពោះ​មុខ​ តំណាង​រាស្ត្រ​ សភា​អឺរ៉ុប កាល​ពី​ថ្ងៃ​ ១៣ កក្កដា ២០១៦។  បន្ទាប់​ ពី​បញ្ជាក់​ ថា, ក្រុមហ៊ុន​ កាត់​ដេរ​ នៅ​ប្រទេស​ កម្ពុជា ចំណេញ​លុយ​ ច្រើន​ណាស់, ហើយ ​មួយ​ផ្នែក​ នៃ​ប្រាក់​ចំណេញ​នេះ ត្រូវ​ ផ្ទេរ​ជា​សំណូក​ សូកប៉ាន់​ ឲ្យ​ទៅ​មេ​ដឹកនាំ ​ពុក​រលួយ​ នៅ​ស្រុក​យើង។  ខ្ញុំ​ ក៏​បាន​ លើក​ឡើង​ ថា, បើ​ អស់​លោក​អ្នក​ តំណាង​រាស្ត្រ​ សភា​អឺរ៉ុប ធ្វើ​ឲ្យ​ អាជ្ញាធរ​ ប្រទេស​កម្ពុជា យល់​ថា, ទីផ្សារ​ សម្លៀកបំពាក់​នេះ​ មិន​មែន ​បើក​ចំហ​ ជានិច្ចកាល ដោយ​គ្មាន​ លក្ខខណ្ឌ​ នោះ​ទេ, ពួក​គេ ​ទាំង​នោះ​ អាច​ចាប់​ផ្ដើម ​គិតគូរ​ ពី​ការ​គោរព​ សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា។  ដូច្នេះ ខ្ញុំ​ មិន​បាន​ អំពាវនាវ​ ទាល់​តែ​សោះ​ ឲ្យ​សហគមន៍​ អឺរ៉ុប បិទ​ទីផ្សារ ​របស់​គេ​ តែ​ម្ដង។  នេះ​ បង្ហាញ​ថា, រដ្ឋាភិបាល ​កំពុង​តែ​ ឃោសនា​ យ៉ាង​អកុសល ដោយ​បកប្រែ​ ពាក្យ​សម្ដី​ របស់​ខ្ញុំ​ ពី​ភាសា​បារាំង មក​ភាសា​ខ្មែរ ខុស​ស្រឡះ​ ទាំង​ស្រុង»



លោក​ បញ្ជាក់​បន្ថែម​ថា អ្វី​ដែល​លោក​បាន​លើក​ឡើង​នោះ ក៏​មិន​ខុស​ពី​អ្វី​ដែល​សហជីព​ធំៗ​នៅ​ប្រទេស​កម្ពុជា បាន​លើក​ឡើង​ជាមួយ​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​ជា​អ្នក​បញ្ជា​ទិញ ឬ Buyers ដើម្បី ​ទាក់ទាញ​អារម្មណ៍​ក្រុមហ៊ុន​បរទេស​ទាំង​នោះ ឲ្យ​គិតគូរ​អំពី​លក្ខខណ្ឌ​ការងារ​ដ៏​លំបាក​វេទនា​របស់​កម្មករ​ខ្មែរ​នៅ​ ប្រទេស​កម្ពុជា។ លោក​បន្ត​ថា ការ​លើក​ឡើង​បែប​នេះ គឺ​ជា​វិធីសាស្ត្រ​ក្នុង​ការ​ចរចា ដើម្បី​ស្នើសុំ​ឲ្យ​អ្នក​បញ្ជា​ទិញ ឬ Buyers ដាក់ ​សម្ពាធ​ទៅ​លើ​ថៅកែ​រោងចក្រ​កាត់​ដេរ​នៅ​ប្រទេស​កម្ពុជា ឲ្យ​ដំឡើង​ប្រាក់​ខែ និង​កែលំអ​លក្ខខណ្ឌ​ការងារ​សម្រាប់​ជួយ​ដល់​កម្មករ​ខ្មែរ។

សារ​ឆ្លើយ​តប​របស់​លោក សម រង្ស៊ី នៅ​ពេល​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​យប់​ថ្ងៃ​ទី​១៩ កក្កដា ចេញ​សេចក្ដី​ប្រកាស​ថ្កោលទោស​លោក ដោយ​ចាត់​ទុក​ថា ការ​អំពាវនាវ​បែប​នេះ​ជា​អំពើ​អមនុស្សធម៌ ខ្វះ​ការ​ទទួល​ខុស​ត្រូវ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផល​ប្រយោជន៍​កម្មករ​និយោជិត​ជាង ៧០​ម៉ឺន​នាក់​ដែល​កំពុង​ទទួល​បាន​ផល​កម្រៃ​ដោយ​ផ្ទាល់ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ២​លាន​នាក់​ផ្សេង​ទៀត កំពុង​ទទួល​ផល​ដោយ​ប្រយោល​ពី​ឧស្សាហកម្ម​នេះ​ដែរ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន យល់​ឃើញ​អំពី​ផល​ប៉ះពាល់​ដូច​គ្នា​នេះ​ដែរ ហើយ​លោក​ចាត់​ទុក​ការ​អំពាវនាវ​បែប​នេះ ថា​ជា​ការ​សម្លាប់​ពលរដ្ឋ​ខ្មែរ។ លោក​បាន​ហៅ​ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី ថា​មាន​ចរិត​នយោបាយ​ពិសពុល ខុស​ស្រឡះ​ពី​ចរិត​មេ​ដឹក​នាំ​គណបក្ស​នៅ​ប្រទេស​ដទៃ៖ «ដូចជា​អ្នកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) អ៊ីចឹង ដែល​គាត់​ប្រៀបធៀប​យក អ៊ុងសាន ស៊ូជី ជា​ខ្នាត​វាស់​របស់​គាត់​ហ្នឹង តាម​ពិត​មិន​អាច​វាស់​កើត​ទេ។ គេ​នោះ​គេ​មាន​តែ​អំពាវនាវ​រក​វិនិយោគិន​ឲ្យ​ចូល​មក​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​គេ ឯង​នេះ​មាន​តែ​រុញ​ច្រាន​គេ​ចេញ បន្លាច​គេ​មិន​ឲ្យ​ចូល សុទ្ធតែ​ថៅកែ​ចិត្ត​ខ្មៅ។ អា​ហ្នឹង​ហើយ វា​ឆ្លុះ​បញ្ចាំង​អំពី​ចរិត​ពិសពុល​របស់​គណបក្ស​ប្រឆាំង។ អ៊ីចឹង​ទេ បង​ប្អូន​កម្មករ​និយោជិត​ល្មម​យល់​បញ្ហា​ហើយ​ថា អ្វី​ទៅ​ដែល​មេ​បក្ស​ប្រឆាំង​ចង់​បាន​នោះ គឺ​ចង់​សម្លាប់​កម្មករ​និយោជិត​ហ្នឹង​ឯង»


លោក សម រង្ស៊ី លើក​ហេតុផល​ថា ប្រសិន​បើ​សហភាព​អឺរ៉ុប បិទ​ទីផ្សារ​សម្លៀកបំពាក់ ការ​ប៉ះពាល់​ចម្បង គឺ​មេ​ដឹកនាំ​ពុក​រលួយ​ថ្នាក់​ធំៗ​ដែល​រក​ចំណូល​បាន​ជាច្រើន​លើសលប់​ពី​ វិស័យ​ឧស្សាហកម្ម​កាត់​ដេរ​សម្លៀកបំពាក់​នេះ។ លោក​ថា កម្មករ​មិន​សូវ​ប៉ះពាល់​ទេ។

ទាក់ទង​បញ្ហា​នេះ នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ ដែល​ជា​អ្នក​ជំនាញ​ខាង​សេដ្ឋកិច្ច លោក ច័ន្ទ សុផល មាន​ប្រសាសន៍​ថា មាន​ភាគរយ​តិច​ណាស់​ដែល​សហភាព​អឺរ៉ុប បិទ​ទីផ្សារ​នាំ​ចូល​សម្លៀកបំពាក់​ពី​កម្ពុជា សម្រាប់​ស្ថានភាព​ដូច​បច្ចុប្បន្ន​នេះ លើក​លែង​តែ​ប្រទេស​កម្ពុជា មាន​ស្ថានភាព​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ ឬ​ការ​រំលោភ​ឃ្លាត​ចាក​ប្រជាធិបតេយ្យ​ខ្លាំង។ លោក​យល់​ថា បើ​សិន​ជា​សហភាព​អឺរ៉ុប បិទ​ទីផ្សារ​កម្ពុជា មែន អ្នក​ប៉ះពាល់​មុន​គេ គឺ​កម្មករ ៨​សែន​នាក់៖ «បន្ទាប់​មក​ទៀត ថៅកែ​ រោងចក្រ​ ប៉ះពាល់​ ខាត​ការ​ វិនិយោគ​ខ្លះ។  ប៉ុន្តែ​ ជា​ទូទៅ ពួក​គេ ​មិន​មែន​ ក្រ​ទេ។  គេ​ ខាត​ខ្លះ​ ក៏​មិន​អី​ដែរ។  គេ​ ច្រើន​តែ​ មាន​រោងចក្រ​ នៅ​ប្រទេស​ ផ្សេងៗ ទៀត​ដែរ។  គេ​ អាច​រំកិល​ រោងចក្រ​គេ​ បន្តិច​ទៅ។  ឯ​ ចំណែក​ រដ្ឋាភិបាល, បើ​ ថា​ ឱ្យ​ខាត​ ដោយសារ​តែ​ ការ​ប្រមូល​ពន្ធ មិន​ខាត​ ប៉ុន្មាន​ទេ, ព្រោះ​ រដ្ឋាភិបាល ​បាន​ប្រកាន់​យក​ គោលនយោបាយ​ មួយ ​មិន​យក​ពន្ធ។  ការ​អនុគ្រោះ ​ពន្ធ​ ចំពោះ​ បរទេស​ សម​ស្រប​ ដែល​បង្កើត​ ការងារ​ច្រើន»

ប្រធានបទ​ស្ដីពី​សហភាព​អឺរ៉ុប បិទ​ទីផ្សារ​នាំ​ចូល​សម្លៀកបំពាក់​ពី​កម្ពុជា បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា ប្រតិកម្ម និង​ព្រួយ​បារម្ភ​អំពី​ការ​ប៉ះពាល់​ជីវភាព​ពលរដ្ឋ​កម្ពុជា។ រហូត​មក​ដល់​ពេល​នេះ សហភាព​សហជីព​កម្មករ ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​អំពី​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន ហើយ​អំពាវនាវ​ដល់​សហភាព​អឺរ៉ុប ឲ្យ​ពិនិត្យ​ពិចារណា​ឡើង​វិញ ដោយ​សុំ​កុំ​ឲ្យ​ផ្ដាច់​កូតា​នាំ​ចេញ​សម្លៀកបំពាក់​ពី​កម្ពុជា៕





1 comment:

  1. Anonymous11:45 AM

    A good Hun Sen is a deposed Hun Sen!

    ReplyDelete