Paris Peace Accords 23 Oct. 1991

Wednesday, July 6, 2016

សមាជិក​ អ.ស.ប​. បារម្ភ​ ពី​ការ​ធ្វើ​ ទុក្ខបុកម្នេញ​ ក្រុម​អង្គការ​ សង្គម​ស៊ីវិល​ និង​អ្នក​ នយោបាយ​ ប្រឆាំង | UN members concerned about harassment of civil society, opposition politicians

សមាជិក​ អ.ស.ប​. បារម្ភ​ ពី​ការ​ធ្វើ​ ទុក្ខបុកម្នេញ​ ក្រុម​អង្គការ​ សង្គម​ស៊ីវិល​ និង​អ្នក​ នយោបាយ​ ប្រឆាំង

RFA / វិទ្យុ អាស៊ី សេរី | ៥ កក្កដា ២០១៦

អាជ្ញាធរ​តាម​ចាប់​លោក កឹម សុខា ២០១៦ ៨៥៥
កម្លាំង​ប្រដាប់​អាវុធ​សម្រុក​ចូល​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៦។
Photo: RFA
ក្រុម​ប្រទេស​ ជា​សមាជិក​ ក្រុមប្រឹក្សា​ សិទ្ធិ​មនុស្ស​ របស់​ អង្គការ​ សហប្រជាជាតិ (អ.ស.ប.) បារម្ភ ​ពី​ការ​ធ្វើ​ ទុក្ខបុកម្នេញ ​ក្រុម​អង្គការ​ សង្គម​ស៊ីវិល និង​ក្រុម​ អ្នក​នយោបាយ ​ប្រឆាំង។  ការ​លើក​ឡើង​ ពី​បញ្ហា​ នៅ​កម្ពុជា ត្រូវ​ បាន​បញ្ជាក់​ ថា បាន​ធ្វើ​ នៅ​ក្នុង​ កិច្ច​ប្រជុំ​ លើក​ទី​៣២ របស់​ ក្រុម​ប្រឹក្សា​នេះ ដែល​បិទ​បញ្ចប់​ កាល​ពី​ថ្ងៃ​ ទី​១ ខែ​កក្កដា។

ស្រប​គ្នា​នេះ សហរដ្ឋ​ អាមេរិក ក៏​មាន​ ផែនការ​ ថា អាច​ នឹង​កាត់​ផ្ដាច់​ ជំនួយ ប្រសិន​បើ ​រដ្ឋាភិបាល ​កម្ពុជា នៅ​តែ​ បន្ត​ធ្វើ​ ទុក្ខបុកម្នេញ​ អ្នក​ការពារ​ សិទ្ធិ​មនុស្ស និង​បក្ស​ប្រឆាំង។

សង្គម​ស៊ីវិល​ ធ្វើ​ការងារ​ ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ទទូច​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ​ចំពោះ​ការ​លើក​ឡើង​របស់​សហគមន៍​ អន្តរជាតិ ជាពិសេស​កិច្ច​ប្រជុំ​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​ សហប្រជាជាតិ។

អ្នក​គ្រប់គ្រង​បច្ចេកទេស​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ក្នុង​ពេល​ដែល​មាន​ការ​លើក​ឡើង​ពី​កង្វល់​របស់​ពួក​គេ ក្រុម​សមាជិក​ទាំងឡាយ​នៃ​អង្គការ​សហប្រជាជាតិ អាច​នឹង​ពិចារណា​ពី​វិធានការ​នានា ដែល​ពួក​គេ​អាច​ធ្វើ​បាន​ធ្វើ យ៉ាង​ណា​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទទួល​យក​បញ្ហា​មក​ដោះស្រាយ៖ «នេះ គឺ​ជា​កង្វល់​ហើយ ជា​ការ​មើល​ឃើញ សូម​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​ឡើង​វិញ​ទៅ​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ កម្ពុជា ហើយ​មួយ​ទៀត ការ​គោរព​សិទ្ធិ​មនុស្ស​បាន​ល្អ​ទៅ​បាន ទាល់​តែ​ស្ថានភាព​នយោបាយ​មាន​ភាព​ប្រក្រតី»

កំណត់​ហេតុ​ពី​កិច្ច​ប្រជុំ​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ របស់​អង្គការ​សហប្រជាជាតិ ដែល​ត្រូវ​ផ្សព្វផ្សាយ​បន្ត​ដោយ​ក្រុម​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ជិត ១០​ស្ថាប័ន បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​៤ ខែ​កក្កដា ដែល​ជា​ថ្ងៃ​បញ្ចប់​នៃ​កិច្ច​ប្រជុំ​លើក​ទី​៣២ នៃ​ក្រុមប្រឹក្សា​នេះ បាន​ជជែក​ពី​ស្ថានភាព​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​បក្ស​ប្រឆាំង​នៅ​កម្ពុជា ដែល​កំពុង​រួម​តូច។ បណ្ដា​ប្រទេស​ដែល​បាន​លើក​ឡើង​ពី​ក្ដី​បារម្ភ​នេះ​រួម​មាន ជប៉ុន បារាំង សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប។

ការ​ថ្កោលទោស​ទង្វើ​របស់​រដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​កិច្ច​ប្រជុំ​អង្គការ​សហប្រជាជាតិ គឺ​បន្ទាប់​ពី​មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ចំនួន ៤​នាក់ និង​អគ្គលេខាធិការ​រង គ.ជ.ប មួយ​រូប រួម​នឹង​សកម្មជន និង​មន្ត្រី​គណបក្ស​ប្រឆាំង​ជាច្រើន​នាក់ ត្រូវ​ចាប់​ដាក់​ពន្ធនាគារ។

មន្ត្រី​អាដហុក ៤​នាក់ នី ចរិយា ៦២០
ពី​ឆ្វេង៖ អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា មន្ត្រី​សមាគម​អាដហុក (ADHOC) លោក នី សុខា អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និង​លោក យី សុខសាន្ត។ RFA

ក្រុម​សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​បង្ហាញ​កង្វល់​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស ​របស់​អង្គការ​សហប្រជាជាតិ បញ្ជាក់​ថា ពិភពលោក​មិន​បាន​មើល​រំលង​ឡើយ។ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា នៅ​តែ​ព្រងើយ​កន្តើយ​មិន​ដោះស្រាយ​បញ្ហា​នេះ ដោយ​បន្ត​ឃុំ​ខ្លួន ឬ​ធ្វើ​ទុក្ខបុកម្នេញ​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​ក្រុម​បក្ស​ប្រឆាំង​នោះ កិត្តិយស​រដ្ឋាភិបាល​នឹង​ត្រូវ​ប៉ះពាល់​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​ ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ លើក​ទី​៣៣ នៅ​ខែ​កញ្ញា ខាង​មុខ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី​៥ ខែ​កក្កដា ថា កម្ពុជា គោរព​សិទ្ធិ​មនុស្ស និង​ប្រកាន់​ខ្ជាប់​នូវ​លទ្ធិប្រជាធិបតេយ្យ។ រដ្ឋាភិបាល​លើក​ស្ទួយ​នូវ​សេរីភាព​របស់​ពលរដ្ឋ ក៏ដូចជា​សិទ្ធិ​សេរីភាព​របស់​គណបក្ស​នយោបាយ។

ស្រប​គ្នា​នេះ​ដែរ នៅ​ក្នុង​សេចក្ដី​ស្នើ​ច្បាប់​របស់​សហរដ្ឋ​អាមេរិក ដែល​បាន​ដាក់​ជូន​ព្រឹទ្ធសភា​កាល​ពី​ចុង​ខែ​មិថុនា បាន​ឲ្យ​ដឹង​ថា សហរដ្ឋ​អាមេរិក អាច​មិន​ផ្តល់​ប្រាក់​ជំនួយ ៧៧,៨ ​លាន​ដុល្លារ​ដល់​កម្ពុជា ប្រសិន​បើ​រដ្ឋាភិបាល​មិន​ឈប់​ប្រើ​អំពើ​ហិង្សា និង​យាយី​លើ​បុគ្គលិក​សិទ្ធិ​មនុស្ស និង​គណបក្ស​ប្រឆាំង​ទេ​នោះ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​ដឹក​នាំ​រដ្ឋាភិបាល គឺ​លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ការ​អនុវត្ត​របស់​រដ្ឋាភិបាល ពុំ​មែន​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ឡើយ គឺ​ជា​ការ​អនុវត្ត​ច្បាប់៖ «ករណី​ដែល​កើត​កន្លង​ទៅ​ នេះ គឺ​ដោយសារ​បុគ្គល​មួយ​ចំនួន​ហ្នឹង​ប្រព្រឹត្ត​ល្មើស​ច្បាប់​ដែល​កំពុង​ត្រូវ ​បាន​តុលាការ​ដំណើរ​ការ​តាម​នីតិវិធី»

ករណី​នេះ លោក​នាយក​រដ្ឋមន្ត្រី​ធ្លាប់​ឆ្លើយ​តប​ថា ការ​ផ្ដាច់​ជំនួយ នឹង​ប៉ះពាល់​ដល់​អង្គការ​មិន​មែន​រដ្ឋាភិបាល។ លើស​ពី​នេះ លោក​ព្រមាន​ដល់​រដ្ឋាភិបាល​ជប៉ុន ដែល​លើក​ឡើង​ពី​ក្ដី​បារម្ភ​ចំពោះ​ការ​បោះឆ្នោត​នោះ​ថែម​ទៀត៖ «សូម​ឯកអគ្គរដ្ឋទូត​ជប៉ុន កុំ​បង្ហាញ​ការ​ព្រួយ​បារម្ភ​ខ្លាច​ចុះ​ឈ្មោះ​មិន​បាន។ មនុស្ស​ប៉ុន្មាន​នាក់​ទៅ? ក្រែង​គណៈកម្មការ​បោះឆ្នោត​គេ​ធ្វើ​អី? ខ្ញុំ ​ឮ​សូរ​ថា​មាន​ការ​កង្វល់​ខ្លាច​ចុះ​ឈ្មោះ​បោះឆ្នោត​មិន​បាន។ អត់​ទេ អ្នក​ជាប់​គុក​វា​ជាប់​ទៅ អា​អ្នក​នៅ​ក្រៅ​គុក​ក៏​វា​ចុះ​ទៅ កុំ​ពិបាក​ពេក ហើយ​កុំ​ប្រើប្រាស់​ជំនួយ​ដើម្បី​មក​សង្កត់​ថា​មិន​អាច​បោះឆ្នោត​បាន»

ក្នុង​កិច្ច​ប្រជុំ​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​ សហប្រជាជាតិ ប្រទេស​ជប៉ុន បាន​លើក​ឡើង​ពី​ក្ដី​បារម្ភ​ថា ការ​ប្រឈម​មុខ​ដែល​ធ្វើ​ឲ្យ​នយោបាយ​ឡើង​កម្ដៅ​នៅ​ពេល​នេះ គឺ​ជា​លទ្ធផល​នៃ​ការ​រឹត​បន្តឹង​សកម្មភាព​ការងារ​របស់​គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល ដែល​ពួក​គេ​តែង​អនុវត្ត​ជា​ប្រចាំ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ របស់​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា លើក​ឡើង​ថា ការ​ធ្វើ​ទុក្ខបុកម្នេញ​សង្គម​ស៊ីវិល និង​ក្រុម​បក្ស​ប្រឆាំង បង្ហាញ​ថា ជា​ការ​ដាក់​សម្ពាធ ជា​ការ​គាប​សង្កត់ ដែល​នឹង​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​នៅ​ក្នុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ នោះ​មិន​អាច​ជឿ​ទុក​ចិត្ត​បាន៕

No comments:

Post a Comment