តំណាង សហជីព កម្មករ និងកសិករ នឹងចូលរួម ដង្ហែសព លោកបណ្ឌិត កែម ឡី
RFA / វិទ្យុ អាស៊ី សេរី | ២៣ កក្កដា ២០១៦
ពលរដ្ឋចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកបណ្ឌិត កែម ឡី
នៅវត្តពោធិយារាម ហៅវត្តចាស់ នាសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ
កាលពីថ្ងៃទី១៦ កក្កដា ឆ្នាំ២០១៦។ RFA/Rann Samnang
ក្រុមសហជីព កម្មករ និងកសិករ ឲ្យដឹងថា, ពួកគេ នឹងចូលរួម ដង្ហែសព លោកបណ្ឌិត កែម ឡី ដែលចាប់ផ្ដើម ពីវត្តចាស់ រហូតដល់ ស្រុកកំណើត លោក កែម ឡី នាខេត្តតាកែវ នៅថ្ងៃ ទី២៤ ខែកក្កដា។ ពលរដ្ឋ ដែលត្រៀម ចូលរួម ដង្ហែសព លោកបណ្ឌិត កែម ឡី គឺ ដើម្បី បង្ហាញ ការសោកស្ដាយ អំពី វីរភាព របស់លោក។
ក្រុមសហជីព កម្មករ និងកសិករ ដែលនឹងទៅចូលរួមដង្ហែសពលោកបណ្ឌិត កែម ឡី យល់ថា ការបាតបង់លោកបណ្ឌិត កែម ឡី គឺជាការបាត់បងធនធានដ៏កម្ររបស់ប្រទេសកម្ពុជា។
កសិករម្នាក់មកពីខេត្តព្រះសីហនុ លោក សេន ចាន់ថា បានប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៣ កក្កដា ថា លោក និងកសិករជាច្រើននាក់ទៀតនៅក្នុងភូមិ បានជិះឡានស្នួលពីខេត្តព្រះសីហនុ ដើម្បីចូលរួមដង្ហែសពលោកបណ្ឌិត កែម ឡី នៅថ្ងៃទី២៤ កក្កដា។
លោកថា លោក កែម ឡី គឺជាមនុស្សស្លូតត្រង់ មានការវិភាគត្រឹមត្រូវ ពិសេសបានជួយដល់កសិករក្នុងសហគមន៍លោក ពាក់ព័ន្ធនឹងបញ្ហាដីធ្លីផងដែរ៖ «គាត់មានគុណសម្រាប់ពួកខ្ញុំ ណាស់ មកលើពួកខ្ញុំ ហើយគាត់គឺជាបណ្ឌិតមួយដែលធ្លាប់តែវិភាគត្រឹមត្រូវ តាមតែខ្ញុំស្តាប់វិទ្យុ គាត់វិភាគជួយសង្គម និយាយត្រង់ទៅខ្ញុំដាច់ចិត្តលក់គោដែលប្រវាស់គេ ៥ឆ្នាំ មកចូលរួមបុណ្យសពគាត់។»
ទន្ទឹមនេះ កម្មការិនីរោងចក្រ ជួន ស៊ី ក្នុងសង្កាត់ស្ទឹងមានជ័យ លោកស្រី គូន ស្រីមុំ ឲ្យដឹងដែរថា លោកស្រី និងកម្មករក្នុងរោងចក្រលោកស្រីប្រមាណជាង ២០០នាក់ទៀត នឹងទៅចូលរួមដង្ហែសពលោក កែម ឡី គឺចង់បង្ហាញការដឹងគុណដល់រូបលោកដែលបានបញ្ចេញមតិដើម្បីចង់ឲ្យ សង្គមរីកចម្រើន៖ «គាត់ជាបុរសម្នាក់ដ៏ស្លូតបូត មានចំណេះដឹងខ្ពង់ ជួយជំរុញក្រុមនិស្សិត និងកម្មករ ឲ្យយល់ដឹងពីបញ្ហាសង្គម អ៊ីចឹងការទៅរបស់ខ្ញុំគឺចង់បង្ហាញពីទឹកចិត្តអាណិតស្រឡាញ់គាត់ ជារៀងរហូត។»
ក៏មិនខុសគ្នាពីកម្មករ និងកសិករប៉ុន្មានដែរ ប្រធានសហភាពសហជីពកម្ពុជា លោក អាត់ ធន់ ក៏បានប្រកាសថា ខ្លួននឹងទៅចូលរួមកម្មវិធីដង្ហែសពលោក កែម ឡី នេះដែរ ព្រោះលោក កែម ឡី មិនត្រឹមតែជាធនធានមនុស្សដ៏សំខាន់សម្រាប់សង្គមប៉ុណ្ណោះទេ លោក កែម ឡី ក៏បានរួមចំណែកជួយជំរុញឲ្យប្រាក់ខែកម្មករកម្ពុជា ប្រសើរឡើងផងដែរ៖ «តាមពិតទៅ ការស្លាប់របស់លោក កែម ឡី គឺជារឿងមួយសម្រាប់មនុស្សទូទៅ ក៏ដូចជារូបខ្ញុំផ្ទាល់ ព្រោះមនុស្សដូចលោកបណ្ឌិត កែម ឡី មិនងាយរកបានទេ ព្រោះអ្នកខ្លះគាត់ហ៊ាននិយាយតែគាត់គ្មានការស្រាវជ្រាវត្រឹមត្រូវ និងអំណះអំណាងដូចលោកនោះទេ។»
ចំណែកឯលេខាធិការដ្ឋានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ក៏អះអាងថា លោកនឹងដឹកនាំក្រុមយុវជន កម្មករ កសិករ អ្នករត់រ៉ឺម៉កទេសចរណ៍ និងអាជីវករមកពី ៦វិស័យ ទាំងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តទៅចូលរួមដង្ហែសពលោកបណ្ឌិត កែម ឡី ពីវត្តចាស់ រហូតដល់ខេត្តតាកែវ។
ការជ្រោមជ្រែង និងការខ្នះខ្នែងរបស់លោកបណ្ឌិត កែម ឡី ចំពោះការលះបង់ និងជួយសង្គមរបស់លោកកន្លងមក។ ទីប្រឹក្សាសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី ក៏រំពឹងថា នឹងមានវត្តមានកម្មកររាប់ម៉ឺននាក់នៅក្នុងកម្មវិធីដង្ហែសពលោក កែម ឡី ជាលើកចុងក្រោយផងដែរ។
ទន្ទឹមនឹងការប្រកាសថា ខ្លួននឹងទៅចូលរួមកម្មវិធីដង្ហែសពលោក កែម ឡី នេះដែរ ក្រុមសហជីពកម្មករ និងប្រជាកសិករ ក៏បានថ្កោលទោសដល់ការបាញ់សម្លាប់បណ្ឌិត កែម ឡី ព្រមទាំងស្នើឲ្យមានការស៊ើបអង្កេតឯករាជ្យលើឃាតកម្មដើម្បីផ្ដល់ ភាពយុត្តិធម៌ជូនរូបលោក។
ជាងនេះទៀត ក្រុមសហជីព កម្មករ និងកសិករ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរចូលរួមដង្ហែសពលោក កែម ឡី ជាលើកចុងក្រោយ ព្រមទាំងអំពាវនាវឲ្យកងកម្លាំងសមត្ថកិច្ចចូលរួមថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងកម្មវិធីដង្ហែសពនេះដែរ។
កម្មវិធីដង្ហែសព លោក កែម ឡី ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៤ ខែកក្កដា តាមប្រភពសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា មានកងកម្លាំងអាជ្ញាធរ មានសមត្ថកិច្ច ជិត ២.០០០នាក់ ត្រៀមការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយក្នុងពិធីដង្ហែសពលោកបណ្ឌិត កែម ឡី ចាប់ពីវត្តពោធិយារាម ហៅវត្តចាស់ ឆ្ពោះទៅកាន់ខេត្តតាកែវ៕
No comments:
Post a Comment