[Background / related]
...
![]() |
| ជនជាតិវៀតណាម ទាំងពីរនាក់នេះបានចូលមកកាប់ឈើនៅដីខ្មែរ
ចំណុចប៉ុស្តិ៍នគរបាលការពារព្រំដែនច្រកអូរថ្មដា ក្នុងស្រុកអូរយ៉ាដាវ
ខេត្តរតនគិរី កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣។
Photo Provided
|
សហគមន៍ ខេត្តរតនគិរី អំពាវនាវ ឲ្យទប់ស្កាត់ ការកាប់ឈើ នៅតាមតំបន់ ព្រំដែន លក់ទៅវៀតណាម
RFA / វិទ្យុ អាស៊ី សេរី | ២១ កក្កដា ២០១៦
ជនជាតិដើម ភាគតិច រស់នៅ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី ជាប់នឹងព្រំដែន ប្រទេស វៀតណាម អះអាង ថា, ប្រជាពលរដ្ឋ ចូលព្រៃ កាប់ឈើ មានតម្លៃ លក់ទៅ ឲ្យឈ្មួញ វៀតណាម កាន់តែ ច្រើន ដោយមិនឃើញ មានសមត្ថកិច្ច ទប់ស្កាត់។ សហគមន៍ អ្នកអភិរក្ស ព្រៃឈើ បារម្ភថា ប្រសិន អាជ្ញាធរ នៅតំបន់នោះ មិនយកចិត្ត ទុកដាក់ ទប់ស្កាត់ទេ ឈើមានតម្លៃ នៅសេសសល់ នៅតំបន់នោះ នឹងរងការ កាប់អស់ នាពេល ខាងមុខនេះ។ម៉ូតូប្រមាណ ២០ ទៅ ៣០គ្រឿងក្នុងមួយថ្ងៃៗ ត្រូវបានប្រជាពលរដ្ឋប្រើប្រាស់សម្រាប់ដឹកជញ្ជូនឈើទៅលក់ឲ្យឈ្មួញ វៀតណាម តាមច្រករបៀងប៉ុស្តិ៍នគរបាលការពារព្រំដែនផាតាម និងប៉ុស្តិ៍ផាសាវ ក្នុងឃុំញ៉ាង ស្រុកអណ្ដូងមាស។
តំណាងចាស់ទុំ និងសហគមន៍ការពារព្រៃឈើភូមិតាំងសេ និងភូមិតាំងម្លូ បញ្ជាក់ថា រៀងរាល់ថ្ងៃ ប្រជាពលរដ្ឋខ្លះក្នុងភូមិ និងភូមិផ្សេងទៀតក្នុងស្រុកអណ្ដូងមាស ត្រូវរ៉ូវជាមួយឈ្មួញវៀតណាម នាំពលរដ្ឋវៀតណាម ឆ្លងដែនចូលមកក្នុងព្រៃដីខ្មែរជាប់នឹងតំបន់ព្រំដែន ហើយកាប់អារច្រៀកឈើមានតម្លៃដឹកជញ្ជូនតាមម៉ូតូ មកស្តុកទុកនៅច្រាំងទន្លេជាខ្សែបន្ទាត់ព្រំដែន រង់ចាំឈ្មួញវៀតណាម មកទិញឈើនោះនៅវេលាយប់ ហើយដឹកជញ្ជូនឆ្លងទន្លេទៅប្រទេសវៀតណាម៖ «អស់ រលីងដើមកកោះមុខ ២០ គេយកអស់រលីង។ បើទៅម្តងគេចាប់ៗ គេអត់ហ៊ានទេ។ នេះគេបើកទូលាយ គេអត់ខ្លាច ហើយមានទាហានមកចាំនេះ បង់ប៉ុន្មានៗខ្ញុំអត់ដឹងទេ។»
ចំណែកសមាជិកសហគមន៍ភូមិតាំងលោម ម្នាក់ទៀតកត់សម្គាល់ដែរថា ការកាប់ និងធ្វើអាជីវកម្មឈើខុសច្បាប់របស់ប្រជាពលរដ្ឋនេះ មិនមានការរារាំងណាមួយពីអាជ្ញាធរភូមិ-ឃុំ និងប៉ូលិសមូលដ្ឋាន រួមទាំងតម្រួតព្រំដែននោះឡើយ។ ផ្ទុយទៅវិញ មន្ត្រីទាំងនោះ គឺជាអ្នករារាំងមិនឲ្យអ្នកភូមិផ្តល់ព័ត៌មានចេញទៅក្រៅសហគមន៍ និងជាអ្នកនៅពីក្រោយក្រុមលួចកាប់ឈើ និងដឹកជញ្ជូនឈើទៅលក់ឲ្យឈ្មួញវៀតណាម ទៀតផង៖ «ខាង នេះខ្សែក្រវាត់ព្រំដែនខាងប៉ុស្តិ៍ផាតាម។ ឥឡូវនាំយួន មកកាប់ក្នុងព្រៃឈើរបស់យើង។ ក្នុងមួយម៉ូតូជួនកាលមានពីរដុំ ជួនកាលបានបីដុំ។»
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមេបញ្ជាការវរៈការពារព្រំដែនលេខ៦២៣ លោក ងួន សុវណ្ណា សុំបញ្ជាក់ករណីនេះបានទេនៅថ្ងៃទី២១ ខែកក្កដា។
ចំណែកអ្នកនាំពាក្យ និងជាអភិបាលរងខេត្តរតនគិរី លោក ញ៉ែម សំអឿន បញ្ជាក់ថា អាជ្ញាធរខេត្តមិនទាន់ទទួលបានព័ត៌មានទាក់ទិនបទល្មើសព្រៃឈើថ្មី នេះនៅឡើយ។ លោកថា នឹងផ្តល់ព័ត៌មានទៅមន្ត្រីស្រុកដើម្បីស្រាវជ្រាវករណីនេះ។
កាលពីចន្លោះឆ្នាំ២០១២ ដល់ឆ្នាំ២០១៤ អតីតអភិបាលស្រុកអណ្ដូងមាស លោក នង ដារិទ្ធ ទទួលស្គាល់ថា តំបន់ខ្សែក្រវាត់ព្រំដែនប៉ុស្តិ៍ផាតាម និងផាសាវ បទល្មើសលួចកាប់ឈើ និងការដឹកជញ្ជូនឈើដោយម៉ូតូឆ្លងដែនទៅប្រទេសវៀតណាម កើតមានច្រើនករណី។ ចំណែកអាជ្ញាធរបានឃាត់ខ្លួនជនជាតិវៀតណាម និងវត្ថុតាងពាក់ព័ន្ធបទល្មើសព្រៃឈើនេះ ក៏ប៉ុន្តែអាជ្ញាធរអនុវត្តគោលការណ៍អប់រំ និងឲ្យពលរដ្ឋវៀតណាម ធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តបទល្មើសនេះតទៅទៀត។
នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោក កែប កត់ បញ្ជាក់ដែរថា មន្ត្រីជំនាញក៏ទទួលបានព័ត៌មាននេះដូចគ្នា ក៏ប៉ុន្តែតំបន់នោះឋិតនៅដាច់ស្រយាល។ បច្ចុប្បន្ន ប្រជាពលរដ្ឋនៅតំបន់នោះមួយចំនួន ចូលព្រៃកាប់ឈើទ្រង់ទ្រាយតូចៗធ្វើជាមុខរបរ៖ «ព័ត៌មានដែលគាត់ប្ដឹងមកដូចមិនដល់ហ្នឹងទេ។ ចាំខ្ញុំឲ្យមន្ត្រីខ្ញុំចុះទៅពិនិត្យមើលរឿងហ្នឹង។»
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើសមាគមអាដហុក (ADHOC) ខេត្ត រតនគិរី លោក ឆាយ ធី ទទួលស្គាល់ថា បច្ចុប្បន្នបទល្មើសព្រៃឈើទ្រង់ទ្រាយធំបានបញ្ចប់ហើយនៅខេត្ត រតនគិរី បន្ទាប់ពីយុទ្ធនាការបង្ក្រាបរបស់គណៈកម្មការជាតិបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើថ្នាក់ជាតិ កាលពីចុងឆ្នាំ២០១៥។ លោកថា អាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យឡើងវិញជុំវិញបទល្មើសព្រៃឈើ ទ្រង់ទ្រាយតូច ប្រព្រឹត្តឡើងដោយប្រជាពលរដ្ឋច្រើននាក់ក្នុងភូមិ ដែលជាហេតុផលនាំឲ្យព្រៃឈើនៅសេសសល់នឹងត្រូវបំផ្លាញដូចគ្នា៖ «មួយ ថ្ងៃៗរាប់សិបគ្រឿង វាអស់ឈើហ្នឹងច្រើន កាលណាអស់ឈើច្រើន បើយើងប្រៀបធៀបការបំផ្លាញធនធានព្រៃឈើវាអាចអស់ច្រើននៅស្រុក អណ្ដូងមាស។»
កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ សហគមន៍ភូមិតាំងម្លូ បានថតរូបប្រមាណ ២០សន្លឹកបង្ហាញពីឈើមូល និងឈើជ្រុងត្រូវបានជនជាតិវៀតណាម កាប់ និងដឹកជញ្ជូនដោយប្រើពោងពោះវៀនកង់ឡានធំៗចងផ្អោប បណ្ដែតឆ្លងទន្លេពីទឹកដីខ្មែរចូលទៅទឹកដីវៀតណាម នៅចន្លោះប៉ុស្តិ៍ការពារព្រំដែនផាតាម និងផាសាវ ក្នុងឃុំញ៉ាង ស្រុកអណ្ដូងមាស៕


I would ask for forgiveness for Grandpa Hun Sen please? Once it's slated for our friends Vietnam for 99 years or so, who could have remembered that kind of thing? it's very very dementia-like to remember it!
ReplyDelete