[Background / related]
..
ឈើប្រណិត នៅតែ ត្រូវ គេ បន្តដឹកចេញ ពីព្រៃសហគមន៍ ការពារ ក្នុងខេត្ត រតនគិរី
RFA / វិទ្យុ អាស៊ី សេរី | ២៨ កក្កដា ២០១៦
«ឈើ លាក់ទុកនេះ មានការកាប់ ពីប្រជាពលរដ្ឋ សហគមន៍ នៅតំបន់នោះ, កាប់ ឲ្យឈ្មួញ អ្នកមាន រថយន្ត ទំនើប។ ឈ្មួញ ដែលមាន រថយន្តទំនើប ចូលមក ដឹកជញ្ជូន បន្តទៅ ប្រទេស វៀតណាម។»
["The villagers felled the trees to give to the traders with the luxury vehicles. The traders with the luxury vehicles would then come and transport these logs to Vietnam."]
ឈើប្រណិត ប្រភេទធ្នង់ នៅតែ ត្រូវ គេ ដឹកជញ្ជូនចេញ ពីព្រៃសហគមន៍ ឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនគិរី តាមរយៈឈ្មួញ ប្រមូលទិញ ឈើនោះ ពីប្រជាពលរដ្ឋ ដែលចូលព្រៃ កាប់ឈើ។ មន្ត្រីឃ្លាំមើល បញ្ហាព្រៃឈើ នៃសមាគម អាដហុក (ADHOC) ចាត់ទុក ករណីនេះ ជាបទល្មើស ព្រៃឈើ ដែលនៅតែ បន្ត កើតមាន ក្រោយយុទ្ធនាការ បង្ក្រាប របស់ គណៈកម្មការ បង្ក្រាប និងទប់ស្កាត់ បទល្មើសព្រៃ ថ្នាក់ជាតិ។
មន្ត្រីឃ្លាំមើល បញ្ហាព្រៃឈើ នៃសមាគម អាដហុក ខេត្តរតនគិរី អំពាវនាវ ឲ្យមន្ត្រី ព្រៃឈើ ចាត់វិធានការ បង្ក្រាប ឲ្យមាន ប្រសិទ្ធភាព ចំពោះ បទល្មើស កាប់ឈើប្រណិត ដែលនៅតែ បន្ត កើតមាន ក្នុងតំបន់ព្រៃ ការពារ សហគមន៍។
ការអំពាវនាវនេះ ធ្វើឡើង បន្ទាប់ ពីមន្ត្រី អង្គការ សង្គមស៊ីវិល ដែលចុះ ធ្វើការងារ នៅភូមិផាក់ណាម ឃុំកោះពាក្យ ស្រុកវើនសៃ កាលពីថ្ងៃ ទី២៧ ខែកក្កដា បានប្រទះឃើញ ឈើធ្នង់ រាប់រយ កំណាត់ ត្រូវ បានឈ្មួញ ដឹកជញ្ជូនចេញ ពីភូមិផាក់ណាម ទម្លាក់ចោល នៅភូមិឃួន ក្នុងឃុំកោះពាក្យ ដោយសារ ស្ពានចាស់ ទ្រុឌទ្រោម។
មន្ត្រី អង្គការ ក្រៅរដ្ឋាភិបាល ដែលបានឃើញ ហេតុការណ៍នេះ បានថតរូប បង្ហោះ តាមបណ្ដាញ ព័ត៌មាន សង្គម ហ្វេសប៊ុក (Facebook) ដើម្បី បង្ហាញ ឲ្យអាជ្ញាធរឃើញ និងចាត់វិធាន ការបង្ក្រាប។
គំនរឈើនៅភូមិឃួន ឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនគិរី កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦។ Photo ADHOC
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី បញ្ជាក់ថា ភូមិផាក់ណាម គឺជាចំណុចក្តៅនៃបទល្មើសស្តុកឈើប្រណិត ដែលអ្នកភូមិភាគច្រើននាំគ្នាចូលព្រៃសហគមន៍កាប់ឈើធ្វើមុខរបរ លក់ឲ្យឈ្មួញ ដែលមានអ្នកមានអំណាចកាងការពារ។ លោក កត់សម្គាល់ ថា, ថ្វីត្បិត តែ គណៈកម្មាធិការ ជាតិ បង្ក្រាប និងទប់ស្កាត់ បទល្មើស ព្រៃឈើ បានបើក យុទ្ធនាការ ក្តៅ បង្ក្រាប យ៉ាងណាក្តី ក៏ប្រជាពលរដ្ឋ ក្នុងភូមិនេះ នៅតែ បន្តកាប់ឈើលក់ ឲ្យឈ្មួញ ប្រមូលទិញ ដើម្បី ដឹកជញ្ជូនឆ្លងព្រំដែន ទៅលក់ ឲ្យឈ្មួញ វៀតណាម៖ «ឈើ លាក់ទុកនេះ មានការកាប់ ពីប្រជាពលរដ្ឋ សហគមន៍ នៅតំបន់នោះ, កាប់ ឲ្យឈ្មួញ អ្នកមាន រថយន្ត ទំនើប។ ឈ្មួញ ដែលមាន រថយន្តទំនើប ចូលមក ដឹកជញ្ជូន បន្តទៅ ប្រទេស វៀតណាម។»
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយរូបសុំមិន ឲ្យបញ្ចេញឈ្មោះ ដែលបានឃើញគំនរឈើនៅភូមិផាក់ណាម កាលពីថ្ងៃទី២៧ ខែកក្កដា បញ្ជាក់ថា រថយន្តទេសចរណ៍តូចៗចំនួនបីបួនគ្រឿង ត្រូវបានឈ្មួញប្រើប្រាស់ដឹកជញ្ជូនឈើរាប់រយកំណាត់នោះ បន្តពីភូមិឃួន ចូលមកក្រុងបានលុង ខេត្តរតនគិរី ទាំងយប់ បន្ទាប់ពីព័ត៌មាននេះបែកធ្លាយដល់មន្ត្រីព្រៃឈើ៖ «ឃើញ តាមផ្លូវគេជាប់ផុង ខ្ញុំថតយក។ ពេលខ្ញុំត្រឡប់មកវិញ គេចាក់ចោលលើផ្លូវ ដោយសារស្ពានអត់មានស្អីឆ្លងស្ពានបាក់។ នៅចំណុចស្ពានហ្នឹងជាកន្លែងស្តុកឈើច្រើន គេថានៅកន្លែងហ្នឹងឡានឡង់គ្រីស័រ (Landcruiser) មកទទួលឈើហ្នឹងច្រើនជាងគេ។»
សមាជិកសហគមន៍ភូមិឃួន លោក កា ចឹង ទទួលស្គាល់ថា ប្រជាពលរដ្ឋក្នុងភូមិពិតជាអ្នកចូលព្រៃកាប់ឈើធ្វើជាមុខរបរលក់ ទៅឲ្យឈ្មួញ ក៏ប៉ុន្តែលោកថា ឈើដែលអ្នកភូមិអារនោះ គឺជាចំនៀរឈើសេសសល់ដែលអ្នកភូមិប្រមូលបានក្នុងព្រៃតែប៉ុណ្ណោះ៖ «ឈើ នេះគេទិញពីភូមិយើងហ្នឹងហើយ ឈើចំនៀរតូចៗណា សហគមន៍គេរកពីក្នុងព្រៃ។ ដឹកពីក្នុងព្រៃមក គេប្រមូលទិញដឹកដាក់ក្នុងឡាន។»
អ្នកយកព័ត៌មានអាស៊ីសេរី មិនអាចទាក់ទងនាយផ្នែកព្រៃឈើនៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ទទួលបន្ទុកស្រុកវើនសៃ លោក ជា កុលណារ៉ា សុំបញ្ជាក់ពីបញ្ហានេះបានទេនៅថ្ងៃទី២៨ ខែកក្កដា ក៏ប៉ុន្តែរូបភាពដែលថតបង្ហោះបង្ហាញថា ឈើដែលអ្នកភូមិកាប់នោះមិនមែនជាចំនៀរឈើនោះទេ។
របាយការណ៍អង្កេតរបស់សមាគមអាដហុក ខេត្តរតនគិរី បច្ចុប្បន្ន បទល្មើសដឹកជញ្ជូនឈើឆ្លងដែនទៅប្រទេសវៀតណាម តាមរយៈក្រុមហ៊ុនបានបញ្ចប់ហើយ ក៏ប៉ុន្តែការដឹកជញ្ជូនឈើតាមរថយន្តទេសចរណ៍តូចៗ និងម៉ូតូពីបណ្ដាស្រុកនានានៅខេត្តរតនគិរី ទៅប្រទេសវៀតណាម នៅតែបន្តកើតមាននៅតាមច្រករបៀងស្រុកអូរយ៉ាដាវ និងស្រុកអណ្ដូងមាស៕


No comments:
Post a Comment