ពលរដ្ឋ មកពីខេត្ត ផ្សេង នាំគ្នា កាប់រាន ដីព្រៃ នៅខេត្ត រតនគិរី ដើម្បី តាំងទីលំនៅ
RFA / វិទ្យុ អាស៊ី សេរី | ៣ កក្កដា ២០១៦
ប្រជាពលរដ្ឋ មកពីបណ្ដា ខេត្តនានា--រួមមាន ខេត្ត ព្រៃវែង, ស្វាយរៀង, តាកែវ, កំពង់ចាម, និងស្ទឹងត្រែង ជាង៦០ គ្រួសារ បាននាំគ្នា មកកាប់ឆ្ការព្រៃ ត្រៀមបម្រុង នៅខេត្ត រតនគិរី, ហើយ វាស់វែង ចែកគ្នា សង់រោង ស្នាក់នៅ ក្រោមហេតុផល ថា, ពួកគេ គ្មានដី ប្រកបរបរ ចិញ្ចឹមគ្រួសារ។ មន្ត្រី អាជ្ញាធរ ចាត់ទុក បញ្ហានេះ ថា, ជាការចូល កាន់កាប់ ដីរដ្ឋ បែបអនាធិបតេយ្យ, ហើយ អំពាវនាវ ឲ្យអ្នកភូមិ ចាកចេញ ដោយរៀបចំ ឯកសារ ស្នើសុំ ដីសម្បទាន សង្គមកិច្ច ប្រសិន ពួកគេ គ្មាន ដីប្រាកដ មែន។
ដីព្រៃត្រៀមបម្រុងរបស់រដ្ឋចំនួន ៣០ហិកតារ ត្រូវបានប្រជាពលរដ្ឋចំណាកស្រុកចូលមកកាប់រាន ហើយចាប់យកដីសង់ខ្ទមស្នាក់នៅ ឋិតនៅអតីតផ្លូវជាតិលេខ៧៨អា ក្នុងភូមិបី ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។
ការកាប់រានព្រៃរបស់ពលរដ្ឋនេះ ធ្វើតាំងពីដើមឆ្នាំរហូតមក ក៏ប៉ុន្តែការចូលមកវាស់វែងចែកដីសង់រោងស្នាក់នៅ ធ្វើឡើងចាប់ពីខែមិថុនា រហូតបច្ចុប្បន្ន។
មេឃុំ ត្រពាំងក្រហម លោក ឯម អឿន បញ្ជាក់ថា ប្រជាពលរដ្ឋដែលមកតាំងលំនៅនេះគឺជាក្រុមអនាធិបតេយ្យចូលមកកាប់ ឆ្ការព្រៃបម្រុងរបស់រដ្ឋយកដីខុសច្បាប់ ហេតុនេះអាជ្ញាធរបានណែនាំឲ្យពួកគេចាកចេញ។ លោកបន្តថា អាជ្ញាធរភូមិឃុំមិនបានឯកភាព ឬផ្តល់ការអនុញ្ញាតណាមួយដល់ពលរដ្ឋចំណាកស្រុកទាក់ទិនការតាំងលំនៅ ក្នុងដីព្រៃបម្រុងរបស់រដ្ឋនោះឡើយ៖ «ដីហ្នឹងចាប់អនាធិបតេយ្យទេ អត់មានអ្នកណាអនុញ្ញាតឲ្យនៅទេ។ បោះបង្គោលចោលដូចរោងចាំចាបអ៊ីចឹង។ មនុស្សមិនដឹងនៅឯណាផង ឥឡូវឃើញមកហើយ មិនដឹងយ៉ាងម៉េចទេ ប៉ុន្តែត្រូវតែចេញ។»
កាលពីសប្ដាហ៍មុនអាជ្ញាធរប៉ូលិសស្រុកកូនមុំ បានអញ្ជើញប្រជាពលរដ្ឋដែលតាំងលំនៅថ្មីមកសាកសួរនៅអធិការដ្ឋាន ប៉ូលិស ក៏ប៉ុន្តែក្រុមអ្នកតាំងលំនៅថ្មីលើកគ្នារាប់សិបនាក់មក អធិការដ្ឋានប៉ូលិសហើយបញ្ជាក់ថា ពួកគេគឺជាអ្នកគ្មានដីទើបនាំគ្នាមកកាប់ឆ្ការយកដីដោយសារដី តំបន់នោះនៅទំនេរ។
ប្រជាពលរដ្ឋចំណាកស្រុកមកពីខេត្តកំពង់ចាម អ្នកស្រី ធន សុផល បញ្ជាក់ថា ពួកគាត់សុទ្ធសឹងតែជាអ្នកក្រីក្រមកពីខេត្តផ្សេងៗគ្នា បច្ចុប្បន្នខ្លះកំពុងធ្វើកម្មករនៅតាមការដ្ឋានចំការកៅស៊ូក្រុមហ៊ុន ខ្លះទៀតស៊ីឈ្នួលនៅតាមចំការគ្រួសាររបស់អ្នកភូមិ។ ពួកគាត់បានចាកចេញពីស្រុកកំណើតមកខេត្តរតនគិរី ដោយសារនៅស្រុកកំណើតគ្មានដីប្រកបរបរចិញ្ចឹមជីវិត ទើបនាំគ្នាមកធ្វើកម្មករនៅខេត្តរតនគិរី ច្រើនឆ្នាំកន្លងទៅនេះ។
អ្នកស្រីសុំការអនុគ្រោះពីអាជ្ញាធរពាក់ព័ន្ធ និងស្នើសុំអាជ្ញាធរខេត្តផ្ដល់ដីមួយចំណែកតូចសម្រាប់តាំងលំនៅ ធ្វើជម្រកចិញ្ចឹមកូននៅក្នុងបន្ទុកចំនួន ៩នាក់៖ «ឲ្យប្រជាពលរដ្ឋ មានកន្លែងរស់នៅថា កន្លែងណាដែលរដ្ឋអធ្យាស្រ័យបានឲ្យលោកអនុគ្រោះឲ្យកូនចៅផង ព្រោះកូនចៅសុទ្ធតែអ្នកក្រីក្រ។ប្អូនសុំនៅត្រង់ហ្នឹងដែរ តែលោកមេភូមិគាត់ថា ដីហ្នឹងដីបម្រុងទេ គេមិនឲ្យប្រជាជននៅទេ។»
ប្រជាពលរដ្ឋចំណាកស្រុកទាំងនោះទើបធ្វើរោងប្រក់កៅស៊ូបានបីទៅ បួនរោងតែប៉ុណ្ណោះ ក្រៅពីនោះអ្នកខ្លះបានកាប់ឆ្ការព្រៃយកចំណែកដីគ្រោងសង់រោង ស្នាក់ និងខ្លះទៀតកំពុងភ្ជួររាស់ធ្វើស្រែ។
ប្រជាពលរដ្ឋចំណាកស្រុកទាំងនោះបញ្ជាក់ថា បានធ្វើលិខិតស្នើសុំដីសម្បទានសង្គមកិច្ចដាក់ជូនអាជ្ញាធរស្រុក កូនមុំជួយផ្ដល់ដីឲ្យពួកគាត់បានសង់ខ្ទមរស់នៅ ក៏ប៉ុន្តែលិខិតស្នើសុំនោះគ្មានការបញ្ជាក់ពីអាជ្ញាធរភូមិកំណើត គាត់នោះឡើយ។
អធិការប៉ូលិសស្រុកកូនមុំ លោក ភោគ បូរិទ្ធ មានប្រសាសន៍ថា គោលការណ៍អាជ្ញាធរមូលដ្ឋានមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋតាំងលំនៅទីនោះ បានទេ ពីព្រោះតំបន់នោះជាដីព្រៃបម្រុងទុករបស់អាជ្ញាធរខេត្ត។ លោកថា អាជ្ញាធរស្រុកកំពុងអញ្ជើញប្រជាពលរដ្ឋចំណាកស្រុកទាំងនោះមកសាកសួរ បន្ត ដើម្បីរកមូលហេតុនាំឲ្យពួកគាត់មកកាប់ឆ្ការព្រៃរដ្ឋចាប់យកដីនេះ៖ «គាត់កាប់ព្រៃតាមបណ្ដោយផ្លូវចាស់ដីហ្នឹងវាស្មើជាង ៣០ហិកតារ គាត់មកធ្វើជារោងយកកូនឈើ ធ្វើរោងប្រក់តង់នៅ។ ក្រៅពីហៅគាត់មកសួរនាំ និងបង្អាក់គាត់ឲ្យឈប់បន្តសកម្មភាពអត់ទាន់មានវិធានការអ្វីទាំង អស់។»
ចំណែកមេបញ្ជាការកងរាជអាវុធហត្ថស្រុកកូនមុំ បញ្ជាក់ដែរថា ប្រជាពលរដ្ឋចំណាកស្រុកទាំងនោះកំពុងភ័យខ្លាច ខណៈអាជ្ញាធរអញ្ជើញពួកគាត់មកសាកសួរពីករណីតាំងលំនៅនេះ។ លោកបន្តថា ក្រុមសមត្ថកិច្ចសង្ស័យមានមេខ្លោងដឹកនាំប្រជាពលរដ្ឋទាំងនោះមកចាប់ ដីនេះ៖ «ហៅមកបំភ្លឺសួររកមេខ្លោងអ្នកបង្កបញ្ហា ប៉ុន្តែសួររកអត់ទាន់ឃើញ ជាចេតនារបស់ប្រជាពលរដ្ឋ រួមគំនិតគ្នា។ ពួកកំពង់ចាម ព្រៃវែង។ យើងធ្វើលិខិតអញ្ជើញមុនដំបូងគាត់ចង់ចូលខ្លួន ឥឡូវបិតទូរស័ព្ទអស់។»
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី កត់សំគាល់ថា បច្ចុប្បន្ននេះសកម្មភាពប្រជាពលរដ្ឋចូលកាន់កាប់ដីរដ្ឋកើតមានជា បន្តបន្ទាប់ ដោយសារប្រជាពលរដ្ឋខ្លះជឿតាមមេខ្លោងស្វែងរកផលប្រយោជន៍ពីការចូល កាន់កាប់ដីរបស់ប្រជាពលរដ្ឋ។ លោកអំពាវនាវឲ្យប្រជាពលរដ្ឋចំណាកស្រុកដែលគ្មានដីពិតប្រាកដឲ្យ បំពេញបែបបទស្នើសុំដីសម្បទានសង្គមដោយធ្វើលិខិតបញ្ជាក់ពីអាជ្ញាធរ នៅភូមិកំណើតរបស់ខ្លួនអំពីភាពក្រីក្រ និងគ្មានដីពិតប្រាកដ រួមទាំងធ្វើលិខិតផ្លាស់ទីលំនៅដាក់ជូនអាជ្ញាធរខេត្តរតនគិរី ដើម្បីសុំគោលការណ៍ផ្ដល់ដីសម្បទានសង្គមកិច្ច៖ «អាជ្ញាធរខេត្តអាច មានវិធានការដោះស្រាយហើយ ព្រោះជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ត្រូវតែដោះស្រាយ តែដោះស្រាយចំពោះគ្រួសារណាដែលអត់ដីពិតប្រាកដ។»
ទោះជាយ៉ាងណាក៏ដោយ អភិបាលស្រុកកូនមុំ លោក ឈឿន ចាន់ធាង បញ្ជាក់ថា អាជ្ញាធរស្រុកកំពុងចាត់មន្ត្រីណែនាំប្រជាពលរដ្ឋចំណាកស្រុកទាំងនោះ ឲ្យយល់ដឹងពីភាពផ្ទុយច្បាប់ក្នុងការចូលមកតាំងលំនៅលើដីរដ្ឋ ដោយគ្មានការអនុញ្ញាត។ លោកថា នឹងចាត់វិធានការផ្លូវច្បាប់ប្រសិនប្រជាពលរដ្ឋមិនព្រមចាកចេញ៖ «អត់ មានអនុញ្ញាតទេ យើងមិនឲ្យ យើងចាត់វិធានការតាមផ្លូវច្បាប់បើសិនរឹងទទឹង។ តែឥឡូវឲ្យធ្វើស្រែសិនទៅ យើងមិនទាន់ធ្វើក្ដៅទេ យកមេខ្លោងឲ្យអស់សិន។»
ដីត្រៀមបម្រុងដែលប្រជាពលរដ្ឋចំណាកស្រុកចូលទៅតាំងលំនៅមាន ទំហំជាង ៣០០ហិកតារ ជាប្រភេទដីព្រៃរបោះ។ មន្ត្រីការិយាល័យភូមិបាលស្រុកកូនមុំ ឲ្យដឹងថា ដីនេះអាជ្ញាធរខេត្តរក្សាទុកសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម មិនមែនជាដីសម្បទានសង្គមកិច្ចនោះឡើយ៕
No comments:
Post a Comment