![]() | |||
| កុំព្យូទ័រ និងកាម៉េរា ប្រើប្រាស់សម្រាប់ការចុះឈ្មោះបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រ ដាក់តាំងបង្ហាញក្នុងពិធីប្រកាសផ្លូវការពីការចុះឈ្មោះបោះឆ្នោតតាម ប្រព័ន្ធកុំព្យូទ័រ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA) |
អ្នកបោះឆ្នោត ត្រូវ ចុះឈ្មោះ ឡើងវិញ ទាំងអស់គ្នា ទើប អាចបោះឆ្នោត បាន
VOA / វីអូអេ
ពលរដ្ឋកម្ពុជា -- រួមមាន ប្រជាជន ចំណាកស្រុក, អ្នកប្រកប របរ ក្នុងក្រុងភ្នំពេញ,
និងនិស្សិត ដែលVOA បានជួបសម្ភាស បានបញ្ជាក់ អំពី ឆន្ទៈ ទៅចុះឈ្មោះ បោះឆ្នោត ក៏ប៉ុន្តែ ការទទួលបាន ព័ត៌មាន នៅមិនទាន់ គ្រប់គ្រាន់,
ហើយ អ្នកខ្លះ នៅមាន លទ្ធភាព តិចតួច នៅឡើយ។
ភ្នំពេញ —
នៅសល់ ពេលតែ ២សប្តាហ៍ ទៀតប៉ុណ្ណោះ ការចុះឈ្មោះ បោះឆ្នោត ថ្មី តាមប្រព័ន្ធ កំព្យូទ័រ នឹងឈាន ចូលមកដល់
នាដើមខែ កញ្ញា ខាងមុខនេះ។
លោករ៉ាយ សារ៉ន វ័យ៥០ឆ្នាំ ជាពលរដ្ឋចំណាកស្រុកមួយរូបក្នុងប្រទេសថៃ។អ្នកស្រុកសេរីសោភ័ណ
ខេត្តបន្ទាយមានជ័យរូបនេះ មិនទាន់ទទួលបានព័ត៌មានទាក់ទងនឹងការចុះឈ្មោះបោះឆ្នោតថ្មី
នីតិវិធីក្នុងការចុះឈ្មោះបោះឆ្នោត ឬថា តើឯកសារណាដែលត្រូវប្រើប្រាស់សម្រាប់ការបោះឆ្នោតនៅឡើយនោះទេ។
«រឿងគម្រោងបោះឆ្នោតនេះមិនចង់ខានទេ។
ប្រហែលជាទៅ។ បើថា រយៈពេលនៅ១ខែជាង សុំច្បាប់គេទៅចុះឈ្មោះបោះឆ្នោត។
រឿងបោះឆ្នោតនេះសំខាន់ណាស់សម្រាប់ខ្មែរយើង។ បោះឆ្នោតប្រជាធិបតេយ្យ
បើយើងមិនបានបោះឆ្នោតទេ ដូចយើងមិនមែនពលរដ្ឋខ្មែរ។ ម្ល៉ោះហើយ
យើងត្រូវបោះឆ្នោត។ ទោះបីអ្នកណាឡើងជានាយករដ្ឋមន្ត្រីក៏ដោយ តែយើងប្រជាពលរដ្ឋក៏ត្រូវតែជួយជាតិមាតុភូមិ
បោះឆ្នោតអាក់ខានមិនបាន»។
លោកតក់ ផាត់យុទ្ធ វ័យ២៣ឆ្នាំ
មានស្រុកកំណើតក្នុងខេត្តតាកែវ ហើយបច្ចុប្បន្នលោកស្នាក់នៅ
និងធ្វើការក្នុងប្រទេសថៃ។ ដូចគ្នាដែរ លោកក៏មិនទាន់បានដឹងពីការចុះឈ្មោះបោះឆ្នោតថ្មីនេះដែរ
ហើយលោកបារម្ភថា លោកមិនមានពេលគ្រប់គ្រាន់ដើម្បីត្រឡប់មកកម្ពុជាដើម្បីចុះឈ្មោះ
បោះឆ្នោតនោះទេ។
«សំខាន់ខ្លាំង ព្រោះ
ប្រទេសយើងតម្រូវឲ្យមានអញ្ចឹង។ វាសំខាន់សម្រាប់យើងពេលបោះឆ្នោត។
ប្រជាជនត្រូវបោះឆ្នោតទាំងអស់គ្នា។ តែវាមិនសូវមានពេល។ ការចំណាយច្រើន
ទៅមក ឆ្ងាយ ខាតពេលធ្វើការងារ។ បើថា គេឲ្យចុះឈ្មោះនៅប្រទេសថៃ ប្រហែលមានច្រើនជាងការចុះនៅប្រទេសខ្មែរផ្ទាល់
ព្រោះវាស្រួល ជិត មិនពិបាកទៅមក»។
លោក ស៊ិក ប៊ុនហ៊ុក ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត
នៅក្នុងពិធីប្រកាសផ្លូវការពីការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធ កុំព្យូទ័រ
ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)
យ៉ាងណាក៏ដោយ ថ្លែងនៅក្នុងពិធីប្រកាសជាផ្លូវការអំពីការចុះឈ្មោះបោះឆ្នោតតាម
ប្រព័ន្ធកំព្យូទ័រ នារសៀលថ្ងៃព្រហស្បតិ៍នេះ លោកស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
(គ.ជ.ប.) លើកឡើងថា គ.ជ.ប.នឹងធ្វើការផ្សព្វផ្សាយព័ត៌មានអំពីការបោះឆ្នោតនេះឲ្យបាន
ទូលំទូលាយ ដើម្បីឲ្យពលរដ្ឋកម្ពុជានៅគ្រប់ប្រទេសអាចបានដឹងឮ។
«ហើយយើងដឹងថា រឿងធំណាស់ ប្រជាពលរដ្ឋគេត្រូវតែដឹងអំពីការចុះឈ្មោះបោះឆ្នោតគ្រប់គ្នា
ដើម្បីគេលៃពេលមកចូលរួម។ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតទើបគេបោះឆ្នោតកើត។
ហើយព័ត៌មានដែលគាត់មិនទាន់បានដឹង ពីព្រោះការងារនេះ យើងកំពុងដំណើរការរៀបចំនូវការផ្សព្វផ្សាយ»។
ទិន្នន័យរបស់ គ.ជ.ប.ក្នុងឆ្នាំ២០១៦
បង្ហាញថា ពលរដ្ឋកម្ពុជាជាង៩លាននាក់មានអាយុអាចបោះឆ្នោតជ្រើសរើសក្រុម
ប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ចំនួន១៦៣៣ឃុំសង្កាត់នៅទូទាំងប្រទេស។ រីឯអ្នកបោះឆ្នោតលើកទី១មានចំនួនជាង១លាននាក់។
កញ្ញាខាន់ សៀកអេង វ័យ១៨ឆ្នាំ ជានិស្សិតឆ្នាំទី១នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។
នេះលើកទី១ហើយ ដែលយុវតីរូបនេះអាចមានសិទ្ធិបោះឆ្នោត។
«ចំពោះ ការបោះឆ្នោតហ្នឹង
អាចយកអត្តសញ្ញាបណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើតយើងហ្នឹង។ ចំពោះការបោះឆ្នោតនេះគឺវាមានសារៈសំខាន់ណាស់។
វាគឺជាកាតព្វកិច្ចរបស់ពលរដ្ឋ ដែលត្រូវជ្រើសរើសមនុស្សម្នាក់ដែលមកគ្រប់គ្រងភូមិឃុំ
ឬក៏ប្រទេសជាតិទាំងមូល ដើម្បីឲ្យប្រទេសមានស្ថិរភាព និងសន្តិសុខ»។
អ្នករត់ម៉ូតូឌុបមួយរូបមកពីឃុំកោះឧកញ៉ាតី
ខេត្តកណ្តាលគឺលោកគឹម ប៊ុនធាន វ័យ៤៧ឆ្នាំ បានឲ្យដឹងថា លោកនឹងយកអត្តសញ្ញាណបណ្ណថ្មីរបស់លោកទៅចុះឈ្មោះបោះឆ្នោតនាខែ
ក្រោយនេះ។
«ខ្ញុំនឹងទៅបោះឆ្នោត ឲ្យប្រជាពលរដ្ឋទាំងអស់ទៅចុះឈ្មោះបោះឆ្នោតកុំឲ្យខាត។
ជាសារៈសំខាន់ចំពោះប្រជាពលរដ្ឋ ដើម្បីដឹកនាំទៅរកផ្លូវល្អ ដើម្បីកសាងផ្លូវថ្នល់
កសាងសាលារៀន កសាងជីវភាពគ្រួសាររបស់ពលរដ្ឋ»។
លោកឡាត់ ឃី វ័យ៤៥ឆ្នាំ ជាអ្នករត់រឺម៉កកង់៣ក្នុងក្រុងភ្នំពេញ
បានអះអាងថា លោកនឹងទៅចុះឈ្មោះបោះឆ្នោតនាពេលខាងមុខនេះ ដើម្បីអាចបានបោះឆ្នោតឃុំ
សង្កាត់នៅដើមឆ្នាំ២០១៧ និងបោះឆ្នោតសកលឆ្នាំ២០១៨។ លោកបន្ថែមថា ការចុះឈ្មោះបោះឆ្នោតគឺជាការអនុវត្តសិទ្ធិពលរដ្ឋឲ្យបានពេញលេញ
ក្នុងការជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត។
លោកឡាត់ ឃី បានឲ្យដឹងថា នៅក្នុងភូមិឃុំរបស់លោកមានភាពរកាំរកូសខ្លះទាក់ទងនឹងឯកសារ
ប្រើប្រាស់សម្រាប់ការចុះឈ្មោះបោះឆ្នោត។
«យើងត្រូវបោះឆ្នោត។
ឃើញអ្នកណាល្អ យើងបោះឲ្យអ្នកហ្នឹង។ ប៉ុន្តែយើងត្រូវមានអត្តសញ្ញាណបណ្ណ
។ ឧបមាថា យើងបាត់ យើងត្រូវទៅភូមិឃុំបញ្ជាក់ថា យើងជាពលរដ្ឋអាចចុះឈ្មោះបោះឆ្នោតបាន។
បើយើងមិនទៅបោះឆ្នោត មានន័យថា យើងមិនមែនពលរដ្ឋទេ។
ពេលខ្លះក៏ពិបាកដែរ។ ឮគេថា ពេលទៅអញ្ចឹងខុសនេះ ខុសនោះ ធ្វើឲ្យអ្នកចង់ចុះឈ្មោះបោះឆ្នោតហ្នឹងអត់មានពេលវេលាទេ។
ទៅអត់ៗអញ្ចឹង ខាតពេលវេលារកស៊ី ធ្វើការ។ អញ្ចឹងសូមឲ្យអាជ្ញាធរជួយធ្វើម៉េចឲ្យពលរដ្ឋងាយស្រួល»។
សមាជិកទាំង៩រូបនៃគណៈកម្មការរៀបចំការបោះឆ្នោត
នៅក្នុងពិធីប្រកាសផ្លូវការពីការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធ កំព្យូទ័រ
ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)
ថ្លែងនៅក្នុងវគ្គបណ្តុះបណ្តាលមួយកាលពីសប្តាហ៍មុន
លោកកែវ ផល្លា ជាប្រធាននាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្មនៃគ.ជ.ប. បានលើកឡើងថា
ក្នុងករណីមានមន្ត្រីមូលដ្ឋានណាមាននិន្នាការនយោបាយ ហើយបដិសេធមិនព្រមបញ្ជាក់ទីលំនៅ
ឬបញ្ជាក់អត្តសញ្ញាណ ដែលជាឯកសារសំខាន់សម្រាប់ចុះឈ្មោះបោះឆ្នោត នោះអាជ្ញាធរមូលដ្ឋាននឹងត្រូវរងការចោទពីបទ«រារាំងមិនឲ្យពលរដ្ឋ ចុះឈ្មោះបោះឆ្នោត» ហើយនឹងប្រឈមការផាកពិន័យជាប្រាក់ចំនួន៥លានរៀល។
ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ
សង្កាត់នាខែមិថុនាឆ្នាំ២០១៧ខាងមុខ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៨។
ហើយដំណើរការចុះឈ្មោះបោះឆ្នោតសម្រាប់អ្នកបោះឆ្នោតនឹងចាប់ផ្ដើមពី ថ្ងៃទី១
ខែកញ្ញាដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ៕

No comments:
Post a Comment