Paris Peace Accords 23 Oct. 1991

Saturday, August 6, 2016

គយ​ ខេត្ត​ព្រះសីហនុ​ ចាប់​បាន ​ភ្លុក​ដំរី​ ជាង​កន្លះ​តោន ​ដែល​នាំ​ចូល ​កម្ពុជា​ តាំង​ពី​ឆ្នាំ​ ២០១៤ | Customs confiscated over half tons of elephant tusks entering Cambodia since 2014

ភ្លុក​ដំរី ព្រះសីហនុ ៨៥៥
ភ្លុក​ដំរី​ដែល​មន្ត្រី​គយ​ចាប់​បាន​ក្នុង​​កុងតឺន័រ​​ផ្ទុក​​អីវ៉ាន់ ​​មួយ នា​​កំពង់​ផែ​​ស្វយ័ត​​ក្រុង​ព្រះសីហនុ នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Den Ayuthyea

គយ​ ខេត្ត​ព្រះសីហនុ​ ចាប់​បាន ​ភ្លុក​ដំរី​ ជាង​កន្លះ​តោន ​ដែល​នាំ​ចូល ​កម្ពុជា​ តាំង​ពី​ឆ្នាំ​ ២០១៤

 RFA | ៥ សីហា ២០១៦
មន្ត្រី​ សាខា​ គយ និង​រដ្ឋាករ​ កំពង់ផែ អន្តរជាតិ ខេត្ត​ព្រះសីហនុ ចាប់​បាន ​ភ្លុក​ដំរី​ ជាង​កន្លះ​តោន (៦១៣​ គីឡូក្រាម) ដែល​ឈ្មួញ​ លួច​ដាក់​បង្កប់​ ក្នុង​កុងតឺន័រ​ ដឹក​ពោត។  កុងតឺន័រ​នោះ ​ត្រូវ​ បាន​គេ​ នាំ​ចូល​ តាម​ច្រក ​កំពង់ផែ​នេះ កាល​ពី​ឆ្នាំ​២០១៤, ហើយ​ ត្រូវ​ ម្ចាស់​ ទុក​ចោល ​មិន​ចូល​ខ្លួន​ មក​បំពេញ​ បែបបទ​ នាំ​ចេញ​ អស់​រយៈពេល ២​ឆ្នាំ​ កន្លង​មក។

ប្រធាន សាខា ​គយ និង​រដ្ឋាករ ​ប្រចាំ ​កំពង់ផែ អន្តរជាតិ ក្រុង​ព្រះ សីហនុ លោក គិន លី បាន​ឲ្យ​ដឹង ​ក្នុង​សន្និសីទ​ កាសែត​ ល្ងាច​ថ្ងៃ​សុក្រ ទី​៥ ខែ​សីហា នា​សាល​ប្រជុំ​ កំពង់ផែ​ ថា, ស្ថាប័ន​លោក ​បាន​ត្រួត​ពិនិត្យ​ កុងតឺន័រ​ ចំនួន ២ ដែល​ម៉ាស៊ីន​ ស្វ័យ​ប្រវត្តិ​ ទំនើប ឬ​ម៉ាស៊ីន​ស្កែន បង្ហាញ​សង្ស័យ​ មាន​ភ្លុក​ដំរី​ បង្កប់ ​ក្នុង​បាវ​ពោត ​ដាក់​ក្នុង​កុងតឺន័រ។  លោក​ បន្ត​ថា, ការ​ត្រួត​ពិនិត្យ​ ជាក់ស្ដែង ដោយ​មាន ​វត្តមាន​ មន្ត្រី​ជំនាញ​ ស្ថាប័ន​ពាក់ព័ន្ធ, មាន​តុលាការ​ ជាដើម, បាន​រក​ឃើញ​ ថា កុងតឺន័រ​មួយ ​ក្នុង​ចំណោម​ កុងតឺន័រ​ទាំង​ ពីរ មាន​បង្កប់ ​ភ្លុក​ដំរី​ ជាង៦០០​ គីឡូក្រាម, ហើយ​ ត្រូវ ​ម្ចាស់​ទុក​ចោល។
លោក ​បញ្ជាក់​ថា, ភ្លុក​ដំរី​ ដែល​ត្រូវ​ គេ​ ឆែក​ឃើញ​ កុងតឺន័រ​​នេះ គឺ ​ត្រូវ គេ​ បង្កប់​ក្នុង​បាវ​ ពោត, ហើយ​ ត្រូវ​ ស្ថាប័ន​ សាខា ​គយ និង​រដ្ឋាករ ​កំពង់ផែ​ អន្តរជាតិ​ ក្រុង​ព្រះសីហនុ ថត​ឃើញ ឬ​ស្កែន​ឃើញ​ តាំង​ពី​ឆ្នាំ​ ២០១៤ មក​ម្ល៉េះ។
លោក គិន លី បន្ថែម​ថា ការ​ទន្ទឹង​រង់ចាំ​ជួប​ម្ចាស់​កុងតឺន័រ​ដឹក​ពោត ហើយ​មាន​បង្កប់​ភ្លុក​ដំរី​នេះ គឺ​មាន​រយៈពេល ២​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​ឃើញ​ម្ចាស់​ទំនិញ ឬ​ម្ចាស់​កុងតឺន័រ មាន​បង្កប់​ភ្លុក​ដំរី​នេះ​មក​បំពេញ​បែបបទ​យក​អីវ៉ាន់​ចេញ​ទេ ទើប​ពេល​នេះ​ស្ថាប័ន​លោក​បាន​អនុវត្ត​ទៅ​តាម​នីតិវិធី​បើក​កុងតឺន័រ​នៅ​ថ្ងៃ ​ទី​៥ ខែ​សីហា ហើយ​រក​ឃើញ​ភ្លុក​ដំរី​ជាង ៦០០​គីឡូក្រាម។
​លោក​អះអាង​ថា ភ្លុក​ដំរី​ទាំង​នេះ ត្រូវ​ឈ្មួយ​បន្លំ​បង្កប់​ក្នុង​បាវ​ពោត​នាំ​ចូល​ពី​ទ្វីប​អាហ្វ្រិក (Africa) ដោយ​ឆ្លង​កាត់​កម្ពុជា កាល​ពី​ឆ្នាំ​២០១៤ ដើម្បី​នាំ​ចេញ​បន្ត​ទៅ​កាន់​ប្រទេស​ផ្សេង​ទៀត៖ «យើង​បាន​រង់ចាំ​ម្ចាស់​ ទំនិញ​មក​បំពេញ​បែបបទ​នាំ​យក​ទំនិញ​ចេញ​ពី​កំពង់ផែ​អន្តរជាតិ ក្រុង​ព្រះសីហនុ អស់​រយៈពេល ២​ឆ្នាំ នៅ​តែ​មិន​ឃើញ​គេ​មក​យក ទើប​ស្ថាប័ន​នេះ​អនុវត្ត​ការងារ​ឲ្យ​ស្រប​តាម​ច្បាប់​ស្ដីពី​គយ ដែល​និយាយ​ពី​ទំនិញ​នាំ​ចូល​គ្មាន​ការ​ទាមទារ ហើយ​គយ​ក៏​បាន​ជូន​ដំណឹង​ទៅ​ម្ចាស់ ឬ​ក្រុមហ៊ុន​ឲ្យ​មក​នាំ​យក​ទំនិញ​ចេញ ប៉ុន្តែ​មិន​មាន​តំណាង​ក្រុមហ៊ុន ឬ​ម្ចាស់​មក​បំពេញ​បែបបទ​នាំ​ទំនិញ​ចេញ​នោះ​ទេ»
ភ្លុក​ដំរី​ គយ​ចាប់​បាន ២០១៦ ៨៥៥
ភ្លុក​ដំរី​ជាង​កន្លះ​ តោន (៦១៣​គីឡូ​ក្រាម) ដែល​មន្ត្រី​គយ​ចាប់​បាន​ក្នុង​​កុងតឺន័រ​ទុក​អីវ៉ាន់​មួយ​នា​​កំពង់​ផែ​ ស្វយ័ត​ក្រុង​ព្រះសីហនុ នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Den Ayuthyea

លោក គិន លី ប្រធាន​សាខា​គយ និង​រដ្ឋាករ​ប្រចាំ​កំពង់ផែ​អន្តរជាតិ ក្រុង​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ទំនិញ​ប្រភេទ​ភ្លុក​ដំរី​នេះ លែង​ឃើញ​នាំ​ចូល​តាម​ច្រក​កំពង់ផែ​អន្តរជាតិ ក្រុង​ព្រះសីហនុ ទៀត​ទេ រហូត​មក​ដល់​ពេល​នេះ បន្ទាប់​ពី​មន្ត្រី​ជំនាញ​ស្ថាប័ន​លោក​ចាប់​បាន​កាល​ពី​ឆ្នាំ​២០១៤។
ព្រះរាជអាជ្ញា​រង​តុលាការ​ខេត្ត​ព្រះសីហនុ លោក លឹម ប៊ុនហេង ដែល​ចូលរួម​សហការ​ឆែក​កុងតឺន័រ ហើយ​រក​ឃើញ​ភ្លុក​ដំរី​បង្កប់​ខាង​ក្នុង​បាវ​ពោត​ជាមួយ​ថ្នាក់ដឹកនាំ​ ស្ថាប័ន​គយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ ក្រុង​ព្រះសីហនុ នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី​៥ ខែ​សីហា។ លោក​ឲ្យ​ដឹង​ថា ស្ថាប័ន​នេះ​នឹង​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី ព្រោះ​ម្ចាស់​កុងតឺន័រ​មាន​បង្កប់​ភ្លុក​ដំរី​នេះ មាន​អាសយដ្ឋាន​ត្រឹមត្រូវ​ដែល​អាច​ឈាន​ដល់​តុលាការ​មាន​ពន្លឺ​ចាត់ការ​បន្ត​ តាម​នីតិវិធី។
​ទាក់ទិន​បញ្ហា​នេះ លោក គិន លី  ប្រធាន​សាខា​គយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ ក្រុង​ព្រះសីហនុ បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​កាសែត​ថា ការ​នាំចូល​ភ្លុក​ដំរី​ដូច​គ្នា​នេះ ស្ថាប័ន​លោក​ធ្លាប់​ចាប់​បាន​ម្ដង​រួច​មក​ហើយ កាល​ពី​ឆ្នាំ​២០១៤ ដោយ​ចាប់​បាន​ភ្លុក​ដំរី​ជាង ៣​តោន ស្មើ ១០៨​កញ្ចប់ បង្កប់​ក្នុង​កុងតឺន័រ​សណ្ដែក ដែល​ឈ្មួញ​លួច​នាំ​ចូល​មក​ពី​ប្រទេស​ម៉ាឡេស៊ី ចូល​មក​ប្រទេស​កម្ពុជា តាម​ច្រក​កំពង់ផែ​អន្តរជាតិ ខេត្ត​ព្រះសីហនុ៕






No comments:

Post a Comment