លោក សុខ ផល អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គនាយកនៃអគ្គនាយកអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ថ្លែងក្នុងកិច្ចប្រជុំផែនការស្ដីពីការគ្រប់គ្រងជនអន្តោប្រវេសន៍ នាក្រសួងមហាផ្ទៃ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥។ RFA/Rann Samnang |
«ចំណោម ជនអន្តោប្រវេសន៍ វៀតណាម ប្រមាណ ១៦ម៉ឺន នាក់, ស្របច្បាប់ តែ ជាង ៣ម៉ឺន នាក់»
RFA / វិទ្យុ អាស៊ី សេរី | ១៩ សីហា ២០១៦
មន្ត្រី ជាន់ខ្ពស់ នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ឲ្យអាស៊ីសេរី ដឹងតាមបណ្ដាញ ទំនាក់ទំនង សង្គមវ័តអាប់ (WhatsApp) នៅរសៀល ថ្ងៃទី១៩ សីហា ថា, ក្នុងចំណោម ជនអន្តោប្រវេសន៍ វៀតណាម រស់នៅ ស្រុកខ្មែរ សរុប ប្រមាណ ១៦ម៉ឺននាក់, មានអ្នករស់នៅ ស្របច្បាប់ តែ ជាង ៣ម៉ឺននាក់។
ការបញ្ជាក់ ឲ្យដឹង របស់ នាយឧត្ដមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៅពេលនេះ ធ្វើឡើង បន្ទាប់ ពីលោក បានបង្ហាញ របាយការណ៍ ជំរឿន ជនអន្តោប្រវេសន៍ នៅឆ្នាំ២០១៦ ក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយ របាយការណ៍ បូកសរុប ជំហានដំបូង ស្ដីពី ការអនុវត្ត បន្តការងារ គ្រប់គ្រង ជនអន្តោប្រវេសន៍ ក្នុងប្រទេស កម្ពុជា នាក្រសួង មហាផ្ទៃ នៅថ្ងៃ ទី១៩ សីហា។
របាយការណ៍ ដែលចុះជំរឿន ជាង១ឆ្នាំកន្លះ ចាប់ពីខែ មីនា ២០១៥ ដល់ខែ សីហា ២០១៦ បង្ហាញថា, មានជនអន្តោប្រវេសន៍ រស់នៅ ក្នុងប្រទេស កម្ពុជា សរុប ជាង ១៦ម៉ឺននាក់ (១៦០.៨៧២); ក្នុងនោះ មានជនជាតិ វៀតណាម ជាង ៩៥ ភាគរយ ឬស្មើ នឹងប្រមាណ ១៦ម៉ឺននាក់។
បើតាម សារព័ត៌មាន ក្នុងស្រុក បញ្ជាក់ថា, តួលេខ សរុបនេះ គឺ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ចុះជំរឿន បានតែ ប្រហែល ជា៨៥ភាគរយ នៃជនអន្តោប្រវេសន៍ សរុប ពីព្រោះ តែ មានជនអន្តោប្រវេសន៍ ខ្លះ គេចវេស មិនមកស្រង់ស្ថិតិ ឡើងវិញ។ ហើយ មួយចំនួនទៀត ធ្វើដំណើរ ទៅមក ដើម្បី រកស៊ី នៅក្រៅប្រទេស ជាពិសេស ប្រទេស វៀតណាម។
បន្ថែមពីនេះលោក សុខ ផល បញ្ជាក់ដល់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំនោះថា ក្នុងចំណោមជនអន្តោប្រវេសន៍សរុប គឺមានការបែងចែកជនអន្តោប្រវេសន៍ជាពីរប្រភេទ ប្រភេទទី១ជាជនអន្តោប្រវេសន៍ដែលសេសសល់ឯកសារ ពីជំនាន់សង្គមរាស្ត្រនិយមប្រមាណ៧ម៉ឺននាក់ ប្រភេទទី២ ជាជនអន្តោប្រវេសន៍ដែលកាន់កាប់ឯកសាររដ្ឋបាលកម្ពុជា ជិត១០ម៉ឺននាក់ទៀត។
ចំពោះជនអន្តោប្រវេសន៍ទាំងពីរប្រភេទនេះ លោក សុខ ផល បន្តថា អាជ្ញាធរនឹងបដិសេធចោលនូវលិខិតរដ្ឋបាលរបស់ពួកគេទាំងស្រុង ទោះបីជាពួកគេកាន់អត្តសញ្ញាណប័ណ្ឌខ្មែរក្ដី តែទុកលទ្ធភាពឲ្យពួកគេ បំពេញបែបបទសុំធ្វើជាជនអន្តោប្រវេសន៍ជាថ្មី ឬដាក់ពាក្យសុំសញ្ជាតិខ្មែរតាមច្បាប់កំណត់ដោយស្ម័គ្រចិត្ត។ ប៉ុន្តែបើជនអន្តោប្រវេសន៍ថ្មីចូលមកដោយខុសច្បាប់ នោះនឹងចាប់បញ្ជូនទៅប្រទេសដើមវិញ៕
No comments:
Post a Comment