Paris Peace Accords 23 Oct. 1991

Thursday, August 25, 2016

មន្ត្រី​ រដ្ឋាភិបាល ​ថា, ​តុលាការ ​អាមេរិក ​គ្មាន​ យុត្តាធិការ​ ចាត់ការ​ លើ​រដ្ឋាភិបាល​ កម្ពុជា | Govt official says US court has no jurisdictio over Cambodia

ផៃ ស៊ីផាន ២០១៦ ៨៥៥
រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA

មន្ត្រី​ រដ្ឋាភិបាល ​ថា, ​តុលាការ ​អាមេរិក ​គ្មាន​ យុត្តាធិការ​ ចាត់ការ​ លើ​រដ្ឋាភិបាល​ កម្ពុជា

RFA / វិទ្យុ អាស៊ី សេរី | ២៤ សីហា ២០១៦


មន្ត្រី ​រដ្ឋាភិបាល​ កម្ពុជា អះអាង ​ថា, តុលាការ​ សហរដ្ឋ​ អាមេរិក មិន​មែន​ ជា​តុលាការ ​អន្តរជាតិ​ នោះ​ទេ, ហើយ​ ថា, កម្ពុជា ក៏​មិន​មែន​ ជា​សមាជិក ​របស់​ តុលាការ​ នេះ​ដែរ។  ដូច្នេះ តុលាការ​ នេះ ​គ្មាន ​អំណាច​អ្វី​ ដើម្បី​ ដាក់​សម្ពាធ​ លើ​រដ្ឋាភិបាល​ កម្ពុជា ឡើយ។  មន្ត្រី​ រដ្ឋាភិបាល ​ប្រតិកម្ម​ បែប​នេះ ក្រោយ​ពេល ​តុលាការ​ អាមេរិក គ្រោងបើក​ សវនាការ​ បឋម​ពិនិត្យ​ មើល​បណ្ដឹង ​របស់​លោក មាជ សុវណ្ណារ៉ា ជា​ខ្មែរ-អាមេរិកាំង ដែល​ប្ដឹង​ រដ្ឋាភិបាល​ កម្ពុជា និង​លោក ហ៊ុន ម៉ាណែត ពី​បទ​ធ្វើ​ ទារុណកម្ម និង​អំពើ​ ភេរវកម្ម។
អ្នក​នាំ​ពាក្យ​ ទីស្ដីការ ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ នៅ​ថ្ងៃ​ ទី​២៤ ខែ​សីហា ថា រដ្ឋាភិបាល កម្ពុជា មិន​បារម្ភ​ ចំពោះ​ ចំណាត់​ការ​ របស់ ​តុលាការ​ អាមេរិក លើ​ពាក្យ​បណ្ដឹង ​របស់​លោក មាជ សុវណ្ណារ៉ា ប្ដឹង​ប្រឆាំង ​រដ្ឋាភិបាល​ កម្ពុជា និង​កូន​ប្រុស​ច្បង​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​ លោក ហ៊ុន ម៉ាណែត ពី​បទ​ធ្វើ​ ទារុណកម្ម និង​អំពើ​ ភេរវកម្ម​ នោះ​ឡើយ។  លោក​ ថា, កម្ពុជា ជា​រដ្ឋ​អធិបតេយ្យ​ ដែល​មិន​ស្ថិត​ នៅ​ក្រោម​អំណាច ​តុលាការ ​របស់​ អាមេរិក​នោះ​ ទេ។
លោក ផៃ ស៊ីផាន ថ្លែង​បន្ត​ថា «សាច់រឿង​ ហ្នឹង​ចង់​ធ្វើ​អី​ធ្វើ​ទៅ ចង់​ប្ដឹង​អី​ប្ដឹង​ទៅ ពីព្រោះ​តុលាការ​នោះ​មិន​មែន​ជា​តុលាការ​អន្តរជាតិ ដែល​មាន​ដែន​យុត្តាធិការ ឬ​ក៏​អត់​មាន​អំណាច​ចាត់​វិធានការ ឬ​ក៏​វិនិច្ឆ័យ​ទៅ​លើ​ប្រទេស​ណា​មួយ​ទេ។ ខ្មែរ​មិន​មែន​ជា​ប្រទេស​សមាជិក​របស់​តុលាការ​នៅ​សហរដ្ឋ​អាមេរិក នោះ​ទេ។ វា​ជា​ដែន​យុត្តាធិការ​នៃ​ការងារ​យុត្តិធម៌»
ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​រូប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​ទីក្រុង​ឡូសអែនជឺឡេស (Los Angeles) ស្ថិត​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋ​អាមេរិក គ្រោង​បើក​សវនាការ​លើក​ដំបូង​នៅ​ថ្ងៃ​ទី​១ កញ្ញា ខាង​មុខ ដើម្បី​ពិនិត្យ​មើល​បណ្ដឹង​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ដែល​កំពុង​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​រយៈពេល ២០​ឆ្នាំ​នៅ​កម្ពុជា។
ហ៊ុន ម៉ាណែត ២០១៥ ៨៥៥
លោក ហ៊ុន ម៉ាណែត (កណ្ដាល) មេ​បញ្ជាការ​រង​កងទ័ព​ជើង​គោក និង​ជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ក្នុង​ពិធី​រៀបចំ​ការ​ចូល​ប្រឡង​ជ្រើសរើស​នាយ​ទាហាន កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Brach Chev
 
តុលាការ​ក៏​នឹង​ពិនិត្យ​ករណី​បណ្ដឹង​រដ្ឋប្បវេណី និង​ឧក្រិដ្ឋ​ពាក់ព័ន្ធ​រឿង​អង្គរក្ស​លោក ហ៊ុន ម៉ាណែត ដែល​ជាប់​ចោទ​ថា បាន​វាយ​ប្រហារ​លើ​ស្មៀន​ជនជាតិ​អាមេរិក​ម្នាក់​ឲ្យ​រង​របួស​ធ្ងន់ កាល​ពី​ខែ​មេសា ឆ្នាំ​២០១៦ ពេល​លោក ហ៊ុន ម៉ាណែត បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា។
អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ហ៊ុន ម៉ាណែត ដែល​ជា​មេ​បញ្ជាការ​រង​កងទ័ព​ជើង​គោក និង​ជា​នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ​បាន​ឡើយ​នៅ​ថ្ងៃ​ ទី​២៤ ខែ​សីហា ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​អំពី​រឿង​នេះ។
អាស៊ីសេរី ក៏​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាតិ បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។
ទោះ​បី​ជា​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា រដ្ឋាភិបាល​មិន​បារម្ភ​ចំពោះ​ចំណាត់​ការ​របស់​តុលាការ​អាមេរិក​ក្តី មេធាវី​លោក មាជ សុវណ្ណារ៉ា លោក មូរតុន ក្លារ (Morton Sklar) បាន​បញ្ជាក់​ថា លោក ហ៊ុន ម៉ាណែត បាន​ជួល​មេធាវី​ដ៏​ល្បីល្បាញ​ម្នាក់​នៅ​ទីក្រុង​ឡូសអែនជឺឡេស (Los Angeles) គឺ​លោក ចន ភឺស៊ែល (John Purcell) ដើម្បី​ការពារ​ក្តី​លោក​នៅ​ក្នុង​សវនាការ៖ «នេះ ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ក្តី​បារម្ភ​របស់​លោក ហ៊ុន ម៉ាណែត និង​រដ្ឋាភិបាល​កម្ពុជា ចំពោះ​បណ្ដឹង​រដ្ឋប្បវេណី​ដែល​យើង​បាន​ដាក់​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា។ ពួក​គេ​បាន​ជួល​ក្រុមហ៊ុន​មេធាវី​ដែល​យក​ឈ្នួល​ដ៏​ថ្លៃ​មួយ ដើម្បី​ការពារ​ក្តី​របស់​ពួក​គេ។ នេះ​បញ្ជាក់​ថា ពួក​គេ​កំពុង​ព្រួយ​បារម្ភ​បណ្ដឹង​របស់​យើង​នៅ​តុលាការ។ នេះ​មាន​ន័យ​ថា ប្រសិន​បើ​គេ​មិន​បារម្ភ គេ​មិន​ជួល​មេធាវី​ដែល​យក​ឈ្នួល​ថ្លៃ​ឡើយ»
ប្រធាន​វេទិកា​អនាគត លោក អ៊ូ វីរៈ យល់​ឃើញ​ថា តុលាការ​អាមេរិក​មាន​សិទ្ធិ​ក្នុង​ការ​ចាត់ការ​រឿង​នេះ ដោយសារ​លោក មាជ សុវណ្ណារ៉ា ដែល​ជា​ដើម​បណ្ដឹង គឺ​ជា​ពលរដ្ឋ​អាមេរិក ហើយ​ការ​ធ្វើ​បែប​នេះ គឺ​ជា​ការ​អនុវត្ត​តាម​ច្បាប់​អាមេរិក មិន​មែន​តាម​ច្បាប់​កម្ពុជា នោះ​ឡើយ។ លោក​មាន​ជំនឿ​ថា តុលាការ​អាមេរិក នឹង​អាច​រក​យុត្តិធម៌​ជុំវិញ​រឿង​នេះ ហើយ​ថា​វា​ជា​ករណី​មិន​ធ្លាប់​មាន ដែល​គ្រប់​គ្នា​គួរ​តាមដាន៖ «បើ ​គាត់​គ្មាន​ឆន្ទៈ​ជាន់​ជើង​នៅ​សហរដ្ឋ​អាមេរិក ឬ​ប្រទេស​ដែល​ជា​ដៃគូ​សំខាន់​របស់​អាមេរិក មាន​កិច្ច​ព្រមព្រៀង​ជាមួយ​អាមេរិក អា​ហ្នឹង​មិន​បញ្ហា​ទេ។ មិន​បាច់​ការពារ​ខ្លួន​ក៏​បាន​ដែរ។ បើ​តុលាការ​សម្រេច​ហើយ សាល​ដីកា​នោះ​នឹង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​នៅ​ក្នុង​ទឹក​ដី​នៃ​ សហរដ្ឋ​អាមេរិក»
បណ្ដឹង​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា និង​លោក ហ៊ុន ម៉ាណែត ជា​ករណី​ពិសេស។ ជា​ធម្មតា តុលាការ​អាមេរិក​មិន​អនុញ្ញាត​ឲ្យ​មាន​បណ្ដឹង​ប្រឆាំង​រដ្ឋាភិបាល​បរទេស​នៅ​ លើ​ទឹក​ដី​អាមេរិក​ទេ ប៉ុន្តែ​ច្បាប់​ប្រឆាំង​អំពើ​ភេរវកម្ម​អាមេរិក បើក​ឲ្យ​មាន​ករណី​លើកលែង ប្រសិន​បើ​ពលរដ្ឋ​អាមេរិក​ត្រូវ​បាន​គេ​ធ្វើ​ទារុណកម្ម និង​រងគ្រោះ​ដោយសារ​អំពើ​ហិង្សា។
មេធាវី​អាមេរិក​របស់​លោក មាជ សុវណ្ណារ៉ា លោក មូរតុន ក្លារ (Morton Sklar) បាន​ចោទ​រដ្ឋាភិបាល និង​លោក ហ៊ុន ម៉ាណែត ថា​ជាប់​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ជា​ប្រព័ន្ធ​ធ្វើ​ទុក្ខបុកម្នេញ​ខ្មែរ-អាមេរិកាំង ដែល​វិល​ត្រឡប់​ទៅ​ស្នាក់នៅ​ប្រទេស​កំណើត​តាម​រយៈ​ការ​ធ្វើ​ទារុណកម្ម ការ​កាប់​សម្លាប់ ចាប់​ដាក់​ពន្ធនាគារ ដើម្បី​គំរាម​កំហែង និង​បង្ការ​កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ទាំងនោះ អាច​ប្រកួត​ប្រជែង​អំណាច​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​បោះឆ្នោត​សកល​នៅ​ឆ្នាំ​២០១៨ បាន។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ២០​ឆ្នាំ ក្រោម​បទ​ចោទ​ដឹកនាំ​កុបកម្ម​នាំ​ឲ្យ​មាន​អំពើ​ហិង្សា​នៅ​ស្ពាន​នាគ​ក្បែរ​ ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៤ កន្លង​ទៅ៕


2 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. Phay Siphan may think that it is out of the U.S's jusrisdiction [យុត្តាធិការ​, one may have to look it up to know what it means in Khmer's dictionary], but one day soon, he'll learn that he can run but he cannot hide...

    ReplyDelete