Paris Peace Accords 23 Oct. 1991

Wednesday, August 17, 2016

លោក​ ហ៊ុន សែន ​ឃោសនា​​ ឲ្យ​យុវសិស្ស​ បោះឆ្នោត​ ឲ្យ​លោក​ ព្រោះ​ លោក​ ធ្វើ​សាលារៀន​​ | Hun Sen campaigns for students to vote for him cuz he has built schools

រូបឯកសារ៖ លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ចូលរួម​ការ​ប្រារព្ធ​ទិវា​សិទ្ធិកុមារ​នៅទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦។ (REUTERS/Samrang Pring)
រូបឯកសារ៖ លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ចូលរួម​ការ​ប្រារព្ធ​ទិវា​សិទ្ធិកុមារ​នៅទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦។ (REUTERS/Samrang Pring)

លោក​ ហ៊ុន សែន ​ឃោសនា​​ ឲ្យ​យុវសិស្ស​ បោះឆ្នោត​ ឲ្យ​លោក​ ព្រោះ​ លោក​ ធ្វើ​សាលារៀន​​

VOA / វីអូអេ


លោក​ ហ៊ុន សែន ​ថ្លែង​ដូច្នេះ​ ក្នុង​ដំណើរ​ ទៅ​កាន់​ ខេត្ត​តាកែវ​ ដើម្បី​​ បន្ត​យុទ្ធនាការ​ របស់​លោក ​ក្នុង​ការ​ចុះ​ជួប ​ប្រជា​ពលរដ្ឋ​ នៅ​ក្នុង​​ ២៥​ រាជធានី-​ខេត្ត-ក្រុង។

ភ្នំពេញ — 
លោក​ នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​នៅថ្ងៃ​អង្គារ​នេះ ​បាន​ថ្លែង​ទៅ​កាន់​សិស្ស​សាលា​មួយ​ក្រុម​នៅ​ក្នុង​ខេត្ត​តាកែវ​ថា​ កុំ​ឱ្យ​បោះ​ឆ្នោត​ឱ្យ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ដែល​លោក​ថា ​ពុំ​បាន​ធ្វើ​អ្វី​សោះ។ ​លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ផ្ដាំ​ផ្ញើ​សិស្ស​ទាំង​នោះ​ឱ្យ​ទៅ​ប្រាប់​ ឪពុក​ម្ដាយ​របស់​ពួក​គេ​ផង​ដែរ។​
លោក​ ហ៊ុន សែន ​ថ្លែង​ដូច្នេះ​ក្នុង​ដំណើរ​ទៅ​កាន់​ខេត្ត​តាកែវ​ដើម្បីបន្ត​យុទ្ធនាការ​ របស់​លោក​ក្នុង​ការ​ចុះ​ជួប​ប្រជា​ពលរដ្ឋ​នៅ​ក្នុង២៥​រាជធានី​ខេត្ត ក្រុង។ ​ក្នុង​ពេល​ចុះ​សំណេះ​សំណាល​ជាមួយ​ក្រុម​សិស្ស​នៃ​វិទ្យាល័យ​ ប៊ុន រ៉ានី ហ៊ុនសែន ​បាទី ​តាម​ផ្លូវ​ទៅ​កាន់ទី​រួមខេត្ត​តាកែវ ​ លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ផ្ដល់​អគារ​សិក្សា​មួយ​ខ្នង​ដល់​វិទ្យាល័យ ​នេះ។ ​ក្រោយ​ការ​ប្រកាស​ផ្ដល់​អគារ​សិក្សា​នេះ ​លោក​ ហ៊ុន សែន ​ក៏​បាន​អំពាវនាវ​ឱ្យ​ក្រុម​សិស្សពិចារណា​បោះ​ឆ្នោត​ឱ្យ​គណបក្សរបស់​លោក​និង ​កុំ​បោះ​ឆ្នោត​ឱ្យ​គណបក្ស​ក្រៅ​រដ្ឋាភិបាល។​

លោក ​ហ៊ុន សែន ​មាន​ប្រសាសន៍ ​ឆ្លើយឆ្លង ​ជាមួយ​ សិស្ស ថា៖​
លោក ​ហ៊ុន សែន៖​ «រួច ដល់​អាយុ​ បោះ​ឆ្នោត ​ឬ​នៅ​ហ្នឹង
សិស្ស​ ឆ្លើយ៖​ «ដល់​ ហើយ»
លោក ​ហ៊ុន សែន៖​ «រួច​ បោះ​ ឱ្យ​ពី​ណា
សិស្ស ​ឆ្លើយ៖​ «បោះ ​ឱ្យ​សម្ដេច»
លោក​ ហ៊ុន សែន៖​ «អើ, ​បើ​ រៀន​នៅ​ក្រោម សាលា​សម្ដេច​ហើយ​ មិន​បោះ ឱ្យ​សម្ដេច​ទេ​ ឱ្យ​ធ្វើ​ម៉េច? ​ និយាយ ​ត្រង់ៗ។  ​គេ​ អត់​បាន​ ធ្វើ​អី​សោះ,​ ហើយ ​ទៅ​បោះ​ ឱ្យ​គេ?​  រួច​ ដល់​អ្នក ធ្វើ​ចង់ងាប់​ មិន​បោះ​ឱ្យ​។  ដល់​ទៅ​ពេល​ សុំ​សាលា​គេ,​ ​គេ​ អត់ធ្វើ​ឱ្យ ​ធ្វើ​ម៉េច​ ទៅ?​  អើ, ​ទៅ​ប្រាប់ ​ឪ​ម៉ែ​ ផង»



លោក​ យឹម សុវណ្ណ ​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​មាន​ប្រសាសន៍​ថា​ ការ​លើក​ឡើង​របស់​លោក​ហ៊ុន សែន​គឺ​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ។ ​លោក​យឹម សុវណ្ណ​បង្ហាញ​ការ​ជឿជាក់​ថា ​ប្រជា​ពលរដ្ឋ​នឹង​ធ្វើ​ការ​ពិចារណា​ឱ្យ​បាន​ហ្មត់ចត់​ នៅ​ពេល​ពួកគាត់​ទៅ​បោះ​ឆ្នោត។​
លោក​មាន​ប្រសាសន៍​ថា៖​
«ហើយ​ខ្ញុំ​នៅ​តែ​មាន​ជំនឿ​លើ​ប្រជា​ពលរដ្ឋ​ថា​ លោក​នឹង​មា​ន​សុភវិនិច្ឆ័យ​នៅ​ក្នុង​ការ​ជ្រើសរើស​មេដឹកនាំ​ប្រទេស​តាម​រយៈ​ ការ​បោះឆ្នោត»
លោក គល់ ​បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុមហ្រែ្វល​ ដែល​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ មាន​ប្រសាសន៍​ថា ​វា​ជា​រឿង​ធម្មតា​ដែល​អ្នក​នយោបាយ​ឆ្លៀត​ឱកាស​ក្នុង​ការ​ស្វែង​រក​ការ​ គាំទ្រ ​ពេលចុះ​ជួប​ប្រជា​ពលរដ្ឋ។ ​ទោះយ៉ាងណា ​លោក​យល់ថា​ ការ​ដើរ​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី​ផង ​និង​ជា​អ្នក​នយោបាយ​ផង​ក្នុង​ពេល​ចុះ​ជួប​ប្រជា​ពលរដ្ឋ​ ​នាំ​ឱ្យ​មាន​ការ​ប្រើប្រាស់​ធនធាន​រដ្ឋ​ដោយ​មិនមាន​តម្លាភាព ​និង​មិន​ស្មើភាព​ជាមួយ​គណបក្ស​ដទៃ។​
លោក​ គល់ បញ្ញា​ មាន​ប្រសាសន៍​ ថា៖​
  
«បើ​ថា​អញ្ចឹង យើង​អាច​ចែក​ធនធាន​រដ្ឋ​ហ្នឹង​ទៅ​ឱ្យ​គណបក្ស​ផ្សេងៗ​ គេ​អាច​ធ្វើ​សកម្មភាព​អញ្ចឹងដែរ។​ អា​ហ្នឹង​យើង​ត្រូវ​ឱ្យ​អញ្ចឹងដែរ​ទៅ។ ​ឧទាហរណ៍​គេ​អាច​មាន​ឡាន ​មាន​សាំង ​ឬ​ក៏​មាន​អី​អញ្ចឹងទៅ ​ឬ​ក៏​មាន​ទីកន្លែង​របស់​រដ្ឋ​ដើម្បី​ធ្វើ​អញ្ចឹងដែរ​ដូច​គ្នា​ ​បាន​ន័យ​ថា​ យើង​មាន​ច្បាប់​មាន​គោល​ការណ៍​ បាន​ន័យ​ថា​ គណបក្ស​ផ្សេងៗ ​យ៉ាង​ហោចណាស់​គណបក្សមាន​អាសនៈ​ក្នុង​រដ្ឋសភា​អីហ្នឹង គេ​មាន​លទ្ធភាព​ប្រើប្រាស់​ធនធាន​រដ្ឋ​អញ្ចឹងដែរ​ទៅ។ ​អញ្ចឹងបាន​ការ​ប្រើប្រាស់​ហ្នឹង​វា​អត់​តម្លាភាព ​ មាន​តែគណបក្ស​កាន់​អំណាច​ប្រើ​បាន​ធនធាន​រដ្ឋ​ហ្នឹង​ដើម្បី​ធ្វើ​កិច្ច​ការ​ នយោបាយ»
លោក ​គល់ បញ្ញា ​ក៏​បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត​នា​ ពេល​ខាង​មុខ​ផង​ដែរ ​ដោយ​លោក​លើក​ឡើង​ថា ​ថ្នាក់​ដឹកនាំ​ និង​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រឆាំង​«រង​ការ​ដាក់​សម្ពាធ»​តាម​ផ្លូវ​ ច្បាប់​ជា​បន្ត​បន្ទាប់។​
លោក​សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បដិសេធ​ការ​លើក​ឡើង​នេះ ​ដោយលោក​អះអាង​ថា ​លោក​ហ៊ុន សែន​ ក៏​ដូច​ជា​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ការ​បែងចែក​ច្បាស់​លាស់​ក្នុង​ការ​ប្រើប្រាស់​ថវិកា​ជាតិ ​និង​ថវិការបស់​គណបក្ស។​
លោក​ សុខ ឥសាន ​មាន​ប្រសាសន៍​ ថា៖
«សម្ដេច​ គាត់​ មាន​ការ​ ជ្រៅជ្រះ​ណាស់ ​អារឿង​ ប្រើប្រាស់​ ថវិកា ក្នុង​នាម​ រដ្ឋាភិបាល​ ឬ​ប្រើប្រាស់​ មូលនិធិ​ សម្រាប់​ សប្បុរសជន ​ក្នុង​នាម​ គណបក្ស។​  អាហ្នឹង ​វា​ ផ្សេង​គ្នា, ​មិន​ ច្របូក​ច្របល់​ ទេ, ​សុទ្ធ​តែ​ មាន​ការ​ កត់​ត្រា ​ត្រឹមត្រូវ​, មិន​ ឱ្យ​មាន​ ការ​ថ្លោះធ្លោយ​ ទេ»
កាល​ពី​ចុងខែ​កក្កដា​ លោក​ហ៊ុន សែន​បាន​ប្រកាស​ធ្វើ​យុទ្ធនាការ​២៥​រាជធានី​ខេត្ត ​ក្រុង​ ដោយ​លោក​អះអាង​ថា​ ដើម្បី​តាមដាន​សកម្មភាព​មន្ត្រី​ក្រោម​ឱវាទ ​ក៏​ដូច​ជា​ចុះ​ពិនិត្យ​មើល ​និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​ប្រជា​ពលរដ្ឋ​នៅ​មូលដ្ឋាន។ ​ពេល​ចុះ​ជួប​ប្រជា​ពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​នានា​ ​លោក​ហ៊ុន សែន​ក៏​បាន​អំពាវនាវ​ និង​បង្ហាញ​ក្ដី​សង្ឃឹម​ផង​ដែរ​ថា​ ប្រជា​ពលរដ្ឋ​ខ្មែរ​នឹង​បន្ត​បោះឆ្នោត​គាំទ្រ​រូប​លោក​ឱ្យ​ធ្វើ​ជា​នាយក​ រដ្ឋមន្ត្រី​ដឹកនាំ​ប្រទេស​ត​ទៅ​ទៀត។​
ចំណែក​គណបក្ស​សង្គ្រោះជាតិ​ ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ បាន​ស្ងប់​ស្ងាត់​ក្នុង​ការ​ចុះ​មូលដ្ឋាន​ជួប​ប្រជា​ពលរដ្ឋ ​ដោយ​សារ​ប្រធាន​គណបក្ស​គឺ​លោក​សម រង្ស៊ី​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ​គេច​ពី​ការ​ចាប់​ខ្លួន។​ ឯ​អនុ​ប្រធាន​គណបក្ស​នេះ​គឺ​លោក​កឹម សុខា​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​ បន្ទាប់​ពីមាន​ដីកា​ជា​បន្តបន្ទាប់​ពី​តុលាការ​ពាក់ព័ន្ធ​នឹងសំណុំ​រឿង​ ស្នេហា​ជាមួយ​នាង ខុម ចាន់តារាទី ហៅ​ស្រីមុំ ​ដែល​គួរ​ឲ្យ​សង្ស័យ ​និងមាន​សារ​ព្រមាន​ពី​លោក​ហ៊ុន សែន​ទាក់ទង​នឹងការ​ចាប់​ខ្លួន​អនុប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ៕​



No comments:

Post a Comment