Paris Peace Accords 23 Oct. 1991

Wednesday, August 3, 2016

លោក ហ៊ុន សែន ព្រមាន សមា​ជិក គណបក្ស​ប្រឆាំង កុំ ឲ្យចេញក្រៅ ​ប្រទេស | Hun Sen warns opposition senator not to leave country

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

លោក ហ៊ុន សែន ព្រមាន សមា​ជិក គណបក្ស​ប្រឆាំង កុំ ឲ្យចេញក្រៅ ​ប្រទេស

VOD / វីអូឌី | ២ សីហា ២០១៦


Audio Player
02:27
04:47

លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារ នេះ បានព្រមាន សមាជិក ព្រឹទ្ធសភា គណបក្ស សម រង្ស៊ី លោកស្រី ថាក់ ឡានី កុំ ឲ្យចេញ ពីប្រទេស កម្ពុជា បន្ទាប់ ពីលោក បានដាក់ ពាក្យបណ្តឹង ទៅតុលាការ កាលពីម្សិលមិញ។
  
ក្នុងពិធី បើកសម្ពោធ កំណាត់ផ្លូវ មួយចំនួន ក្នុងខេត្ត កំពង់ស្ពឺ, លោក នាយករដ្ឋមន្ត្រី បានថ្លែង ព្រមាន ដោយមិន ចំឈ្មោះ តែ ហាក់ដូច ជាសម្តៅ ទៅលើ សមាជិក ព្រឹទ្ធសភា គណបក្ស សម រង្ស៊ី លោកស្រី ថាក់ ឡានី ដែលត្រូវ បានមេធាវី រដ្ឋាភិបាល, គឺ លោក គី តិច, ប្តឹង ពីម្សិលមិញ ដោយចោទ ថា, មន្រ្តី បក្សប្រឆាំង រូបនេះ បានចោទ រដ្ឋាភិបាល ថា នៅពីក្រោយ ឃាតកម្ម លើលោក កែម ឡី។
  
លោក ហ៊ុន សែន បានថ្លែង ព្រមាន កុំ ឲ្យលោកស្រី ចាកចេញ ពីកម្ពុជា និងត្រូវ តទល់ ជាមួយ នឹងលោក តាមផ្លូវច្បាប់។  លោក ថា៖
«មនុស្ស មួយចំនួន អុកខ្ញុំ, ករុណាខ្។   ម្សិលមិញ ខ្ញុំ ករុណាខ្ញុំ អុកវិញ ចូលតុលាការ បាត់ទៅហើយ។  ឥឡូវនេះ តាមដឹង ប្រុងឆ្លងច្រក ប៉ោយប៉ែត។  សូម កុំឆ្លង ក្រែងលោ គេ ចាប់។  តាមដឹង រៀបឆ្លង ច្រកប៉ោយប៉ែត ពីថ្ងៃ ៣១។  ចង់ឆ្លង យកថា ទៅព្យាបាលជម្ងឺ។  កុំ ឲ្យសោះ ណា ប្រយ័ត្ន!  ត្រូវ តទល់គ្នា។  ហ៊ានស៊ី, ហ៊ានសង; ហ៊ានផ្លោះ របង, ហ៊ាន ជាប់គុក។   ព្រោះ អ្នកឯង បានផ្លោះ របងហើយ។  ចោទគេ ចោទឯង របៀបនេះ»


ទាក់ទងទៅ នឹងការថ្លែង របស់ លោកនាយករដ្ឋមន្រ្តី ត្រូវ បានប្រធាន ស្តីទី គណបក្ស សម រង្ស៊ី និងជាសមាជិក ព្រឺទ្ធសភា លោក ទាវ វណ្ណុល ឆ្លើយតប ថា, ប្រសិនបើ មានការចាប់ខ្លួន សមាជិក ព្រឹទ្ធសភា មែននោះ ជាការរំលោភ ទៅលើ រដ្ឋធម្មនុញ្ ញដែលបាន ការពារ អភ័យឯកសិទ្ធិ។  ចំពោះ ការដាក់ ពាក្យបណ្តឹង របស់លោក ហ៊ុន សែន ប្តឹងលោកស្រី ថាក់ ឡានី វិញ ត្រូវ បានលោក ទាវ វណ្ណុល យល់, ថារដ្ឋាភិបាល គួរ តែ បញ្ចេញ នូវការពិត នៃឃាតកម្ម លើលោក កែម ឡី ជាជាងប្តឹង អ្នករិះគន់។
  

លោក ថា៖ «ប៉ុន្តែអ្វីដែលសម្តេចដាក់ពាក្យប្តឹងស្អីបន្តិចខុស ដាក់ពាក្យប្តឹងខ្ញុំយល់ថា ហ្នឹងវាមិនមែនជាការសម្របសម្រួលធ្វើការជាមួយគ្នា ដើម្បីឲ្យប្រទេសយើងរីកចំរើនទេ ពីព្រោះយើងដឹងហើយ មនុស្សយើងម្នាក់ៗវាមិនអាចមាននរណាត្រូវ១០០%ទេ។ វាតែងតែមានលើសខ្វះអីបន្តិចបន្តួច ប៉ុន្តែបើសិនជាសម្តីរបស់សមាជិកព្រឹទ្ធសភាឬមួយក៏សមាជិករដ្ឋសភាណាម្នាក់និយាយខុសពីការពិតទុកឲ្យប្រជាពលរដ្ឋវិនិច្ឆ័យ ប៉ុន្តែខ្ញុំគិតថាសម្តេចគួរតែបញ្ចេញការពិត បញ្ចេញភស្ភុតាងដែលរាជរដ្ឋាភិបាលកំពុងធ្វើការស៊ើបអង្កេត ការស្លាប់របស់បណ្ឌិត កែម ឡី។ ហ្នឹងបញ្ជាក់ប្រាប់ប្រជាពលរដ្ឋទៅប្រជាពលរដ្ឋយល់ ប្រជាពលរដ្ឋជឿ អាហ្នឹងខ្ញុំគិតថាសម្តីរបស់ឯកឧត្តម សម រង្ស៊ី សម្តីរបស់លោកជំទាវ ថាក់ ឡានី វានឹងសាបឯងពីព្រោះនិយាយទៅខុសការពិត»
លោក ទាវ វណ្ណុល បានបន្ថែមទៀតថា គណបក្សនឹងពិភាក្សាជាមួយលោកស្រី ថាក់ ឡានី ដើម្បីជួយរកមេធាវីការពារជូនលោកស្រី។
ទាក់ទងទៅនឹងករណីនេះប្រធានវេទិកាអនាគត លោក អ៊ូ វីរៈ យល់ថាការតទល់ផ្លូវច្បាប់រវាងលោក ហ៊ុន សែន និងលោកស្រី ថាក់ ឡានី ជារឿងត្រឹមត្រូវ ដើម្បីបង្ហាញនូវការពិតនៃរឿងដែលលោកនាយករដ្ឋមន្រ្តីបានប្តឹងចោទប្រកាន់ តែអ្វីដែលលោកមានការបារម្ភនោះគឺប្រព័ន្ធតុលាការរបស់កម្ពុជាមិនឯករាជ្យ។
លោកបន្តថា៖ «ខ្ញុំសង្ឃឹមថានឹងមានការបន្តផ្លូវច្បាប់នូវបទបរិហារកេរ្ត៍ហ្នឹង ហើយទារសំណងតិចហ្នឹង ដើម្បីជានិមិត្តរូបហ្នឹង ដើម្បីរកយុត្តិធម៌ មុននឹងរកយុត្តិធម៌ជាទូទៅគឺជាការស្វែងរកការពិតនិងនិមិត្តរូបហ្នឹង។ ខ្ញុំសង្ឃឹមថាផ្លូវច្បាប់ហ្នឹងគឺត្រឹមត្រូវជាង ក៏ប៉ុន្តែយើងឃើញថានៅប្រទេសកម្ពុជាយើងពិបាកទុកចិត្តតុលាការតែប៉ុណ្ណឹងទេ។ ទាក់ទងទៅហ្នឹងការចាប់ខ្លួនគឺខ្ញុំយល់ថាខុស ខុសត្រង់ថាមនុស្សជូនកាលគាត់និយាយពិតមែន បើគាត់បដិសេធថាគាត់មិនបាននិយាយ ប៉ុន្តែប្រសិនបើគាត់និយាយពិតមែន គាត់គួរតែសុំទោសឬមួយក៏គាត់គួរតែបកស្រាយ ឬមួយក៏ដកនូវពាក្យសម្តីវិញ»
លោក អ៊ូ វីរៈ យល់ថាប្រសិនមានការសុំទោសទៅដល់លោកនាយករដ្ឋមន្ត្រី នោះលោកជឿថានឹងធ្វើឲ្យស្ថានភាពនយោបាយបានធូរស្រាលជាងនេះ។
លោកបន្ថែមថា៖ «ព្រោះអីស្ថានភាពនយោបាយពេលបច្ចុប្បន្ននេះប្រសិនជាចាប់សមាជិកព្រឹទ្ធសភាមួយទៀតដាក់ពន្ធនាគារ ប្រហែលជាធ្វើឲ្យស្ថានភាពនយោបាយកាន់តែតានតឹង។ ខ្ញុំថាបើសុំទោសអាចជាដំណោះស្រាយមួយដែលល្អ។ ខ្ញុំមើលទៅថាលោក សម រង្ស៊ី គួរតែកែពាក្យខ្លះដែរ ដើម្បីបន្ថូរបន្ថយស្ថានភាពនយោបាយ គាត់អាងថាគាត់នៅក្រៅប្រទេស គាត់និយាយ ខ្ញុំមើលទៅជ្រុល។ អញ្ចឹងទោះបីជាគាត់នៅក្រៅប្រទេសក៏ដោយ ក៏ត្រូវគិតពីស្ថានភាពនយោបាយក្នុងប្រទេសដែរ អញ្ចឹងគឺគាត់អាចជួយបន្ថូរបន្ថយបរិយាកាសនយោបាយបាន»
គួរបញ្ជាក់ថាកាលពីម្សិលមិញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈមេធាវីតំណាងរបស់ខ្លួនបានប្តឹងមេដឹកនាំបក្សប្រឆំាងលោក សម រង្ស៊ី និងមន្ត្រីបក្សនោះមួយរូបទាមទារសំណងជំងឺចិត្តម្នាក់ៗ១០០រៀល(លុយខ្មែរ) ដោយចោទថាមន្រ្តីបក្សប្រឆាំងបានចោទរដ្ឋាភិបាលថានៅពីក្រោយឃាតកម្មលើលោក កែម ឡី។
ប៉ុន្តែលោកស្រី ថាក់ ឡានី បានបដិសេធថាគាត់មិនបានចោទប្រកាន់លោក ហ៊ុន សែន ទេ៕




No comments:

Post a Comment