Paris Peace Accords 23 Oct. 1991

Monday, August 1, 2016

នាយក​រដ្ឋ​មន្រ្តី​ ខ្មែរ ប្តឹង​ទាមទារ​ មួយ​រយ​រៀល​ ពី​លោក សម រង្ស៊ី និង​ស្រ្តី​ សមាជិក ​ព្រឹទ្ធសភា​ បក្ស​សម​ រង្ស៊ី ដែល​ចោទ​លោក​ ពាក់​ព័ន្ធ​ ឃាតកម្ម​ លើ​លោក កែម ឡី​ | Khmer PM sues Sam Rainsy, opposition senator each for 100 riels for accusing him of involving with Kem Ley's murder

នាយក​រដ្ឋ​មន្រ្តី​ ខ្មែរ ប្តឹង​ទាមទារ​ មួយ​រយ​រៀល​ ពី​លោក សម រង្ស៊ី និង​ស្រ្តី​ សមាជិក ​ព្រឹទ្ធសភា​ បក្ស​សម​ រង្ស៊ី ដែល​ចោទ​លោក​ ពាក់​ព័ន្ធ​ ឃាតកម្ម​ លើ​លោក កែម ឡី​

media  
រូបភាពចាស់៖ លោក សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ RFI/ Siv Channa

ទីបំផុត​ទៅ ការ​ឆ្លើយ​ចោទ ​ដាក់​រដ្ឋាភិបាល ​កម្ពុជា​ ​ចំពោះ​ ករណី​ ឃាតកម្ម​ លោក កែម ឡី បាន​រុញបណ្តឹង ​ពីរ​ ផ្សេង​គ្នា​ ដល់​ដៃ​តុលាការ​ហើយ ​នៅ​ព្រឹក​ថ្ងៃ ​ទី​១ សីហា​នេះ។  តាម​រយៈ​ លោក គី តិច មេធាវី​ ជំនួស​មុខ​ ឱ្យ​ដើម​បណ្តឹង ​លោក​ នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន បាន​ប្តឹង​ ទាមទារ សំណង​ជំងឺ​ចិត្ត ម្នាក់​ មួយ​រយ​រៀល [100 riels?] ប្រឆាំង​ នឹង​ប្រធាន​បក្ស​សង្រ្គោះ​ជាតិ និង​សមាជិក​ព្រឹទ្ធសភា​ស្រី្ត​បក្ស​សម រង្ស៊ី​ មណ្ឌល​ខេត្ត​រតនគីរី​ ដែល​ចោទ​ប្រកាន់​លោក​នាយក​រដ្ឋ​មន្រ្តី​ថា ជា​អ្នក​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​លោក​បណ្ឌិត កែម ឡី។ យ៉ាង​ណា​ក៏​ដោយ មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ ថ្លែង​ថា ការ​ប្តឹង​ផ្តល់​ទៅ​តុលាការ ចំពោះ​ការ​ស្លាប់​របស់​លោក កែម ឡី​ មិន​មែន​ជា​ដំណោះ​ស្រាយ​ ដែល​អាច​ធ្វើ​អោយ​ក្រុម​គ្រួសារ​ជន​រងគ្រោះ និង​សាធារណជន​ស្ងប់​ចិត្ត​ឡើយ។


លោក គី តិច មេធាវី តំណាង​ដោយ​អាណត្តិ​របស់ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ទី១ សីហា នេះ​ប្តឹង​លោក សម រង្ស៊ី និង​សមាជិក​ព្រឹទ្ធ​សភា​ស្រ្តី គណបក្ស​សម​ រង្ស៊ី មណ្ឌល​ខេត្ត​រតនគីរី ទាមទារ​ម្នាក់ មួយ​រយ​រៀល ទៅ​តុលាការ​ក្រុង​ភ្នំពេញ​។ តាមរយៈ ពាក្យ​បណ្តឹង​ពីរ​ផ្សេង​គ្នា​ លោក គី តិច បាន​សំអាង​ហេតុ​ថា ករណី​លោក សម រង្ស៊ី ​កាល​ពី​ថ្ងៃ​ទី​១០ កក្កដា បាន​សរសេរ​លើ​ហ្វេសប៊ុក​ផេក របស់​ខ្លួន ចោទ​រដ្ឋាភិបាល​ថា «ការ​បាញ់​សម្លាញ់​លោក កែម ឡី ថ្ងៃ​នេះ ជា​អំពើ​ភេវកម្ម​មួយ​ទៀត រៀប​ចំ​ដោយ​រដ្ឋ​អំណាច​។» លោក​មេធាវី បាន​ចាត់​ទុក​ថា ការ​ចោទ​ប្រកាន់​របស់​មេបក្ស​ប្រឆាំង​នេះ មាន​ចរិត​ញុះញង់​បំផុស​បំផុល​ ក្នុង​ចលនា​បញ្ឆេះ​កំហឹង​ មហាជន​ ដែល​អាច​បង្ក​អោយ​មាន​ចលាចល​នៅ​ក្នុង​សង្គម​ និង​ប៉ះពាល់​ដល់​ដំណើរ​ការ​នីតិវិធី​ របស់តុលាការ​ផង​ដែរ។
ដូចគ្នា​នេះ បណ្តឹង​មួយ​ទៀត យោង​លើ លោក​ស្រី ថាក់ ឡានី សមាជិក​ព្រឹទ្ធសភា គណបក្ស​សម​ រង្ស៊ី មណ្ឌល​ខេត្ត​រតនគីរី បាន​ថ្លែង​ទៅ​កាន់​ពលរដ្ឋ​ក្នុង​វេទិកា​នៅ​ខេត្ត​រតនគីរី កាល​ពី​ថ្ងៃ​ទី​២៩ កក្កដា មាន​ភស្តុតាង​ជា​វីដេអូឃ្លីប ក្នុង​ន័យ​ថា «អាឡូវ​ហ្នឹង​ ហ៊ុន សែន មិន​ដឹង​គិត​ម៉េច​ទៀត​ទេ នៅ​មិន​នៅ ចុះ​ឡើង​ ចុះ​ឡើង ទៅ​បាញ់​លោក កែម ឡី អ្នក​វិភាគ​នយោបាយ ឃើញ​ទេ»។ លោក​មេធាវី គី តិច បាន​សុំ​អោយ​តុលាការ​ផ្តន្ទាទោស​លោក​ស្រី ថាក់ ឡានី តាម​ផ្លូវ​ច្បាប់ ដែល​បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​ កិត្តិយស​ និង​កិត្យានុភាព​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា។

តាម​ការ​បក​ស្រាយ​នៅ​ក្នុង​ពាក្យ​បណ្តឹង ភ្លាមៗ​ក្រោយ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម ឡី ឃាតករ​ត្រូវ​បាន​ចាប់​ខ្លួន​ជាក់​ស្តែង និង​ត្រូវ​បាន​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់ រហូត​ត្រូវ​បាន​ចោទ​ប្រកាន់​ និង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​តាម​នីតិវិធី​ច្បាប់។ បច្ចុប្បន្ន​ ជនល្មើស​កំពុង​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន ហើយ​សំណុំ​រឿង​កំពុង​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​សាលា​ដំបូង​រាជធានី​ ភ្នំពេញ។

ការ​ប្តឹង​ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ដែល​កំពុង​រស់​និរទេស​ខ្លួន ក្រៅ​ប្រទេស និង​លោក​ស្រី ថាក់ ឡានី សមាជិក​ព្រឹទ្ធសភា គណបក្ស​សម រង្ស៊ី នេះ​ត្រូវ​បាន​ មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ លោក អេង ឆៃអ៊ាង យល់​ថា មិន​អាច​ធ្វើ​អោយ​គ្រួសារ​លោក កែម ឡី​ ​និង​សាធារណជន​ស្ងប់​ចិត្ត​ ស្ងប់​អារម្មណ៍​ឡើយ។ មន្រ្តី​បក្ស​ប្រឆាំង​រូប​នេះ​ណែនាំ​ថា ដំណោះ​ស្រាយ​ដ៏​ប្រសើរ​ នៅ​ចំពោះ​មុខ ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី គឺ​ការ​វែក​មុខ​ឃាតករ​ពិត និង​ស្វែងរក​អ្នក​នៅ​ពីក្រោយ ប្រកប​ដោយ​តម្លាភាព មាន​ការ​ទទួល​ខុស​ត្រូវ ទើប​ជា​យុត្តិធម៌​ពិត​ប្រាកដ​ផ្តល់​ជូន​ប្រជាជន​កម្ពុជា។​

លោក​មេធាវី សុក សំអឿន ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ថ្លែង​ថា គណបក្ស​កាន់​អំណាច ពិត​ជា​ឈ្នះ​ ក្តី​នៅ ​តុលាការ​លើក​នេះ តែ​ក្នុង​សភាពការណ៍ ជិត​បោះឆ្នោត នាំ​អោយ​ពិភព​លោក​មើល​មក​កម្ពុជា​ថា កំពុង​មាន​វិបត្តិ​នយោបាយ​ធ្ងន់​ធ្ងរ ​ពលរដ្ឋ​កម្ពុជា​ភ័យ​ខ្លាច ប៉ះពាល់​ដល់​លទ្ធផល​ឆ្នោត។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​បាន​ណែនាំ​ថា បក្ស​ប្រឆាំង និង​បុគ្គល​គ្រប់រូប​គួរតែ​មាន​ការ​ទទួល​ខុស​ត្រូវ​ និង​គិត​អោយ​បាន​ច្បាស់​ពី​អ្វី ដែល​ប្រុង​និយាយ​ជា​សាធារណៈ ដែល​អាច​ប៉ះពាល់​ដល់​កិត្តិយស​របស់​បុគ្គល​ណា​ម្នាក់៕






1 comment:

  1. Sam, nous devrions gagner cette fois-ci!!! We will win big this time around!!! យើងត្រូវតែ ឈ្នះ ពេលនេះ!!!

    ReplyDelete