![]() |
| មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងទៅកាន់អ្នកគាំទ្រ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។ Photo: RFA |
សាលាក្រុង ព្រមាន បក្សប្រឆាំង ពីការប្រកាស ចូលរួម ក្នុងយុទ្ធនាការ ថ្ងៃច័ន្ទ ពណ៌ខ្មៅ
RFA / វិទ្យុ អាស៊ី សេរី | ១២ សីហា ២០១៦
គណបក្ស សង្រ្គោះជាតិ កាលពីថ្ងៃ ទី៨ ខែសីហា បានប្រកាស ចូលរួម យុទ្ធនាការ ពណ៌ខ្មៅ ដើម្បី តស៊ូមតិ ឲ្យដោះលែង សកម្មជន នយោបាយ, មន្ត្រីសិទ្ធិមនុស្ស ដែលកំពុង ជាប់ឃុំ។
លិខិត សាលារាជធានី ភ្នំពេញ ចុះនៅថ្ងៃ ទី១២ សីហា ស្នើដល់គណបក្សសង្គ្រោះជាតិ ឲ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពពាក់ព័ន្ធនឹងយុទ្ធនាការថ្ងៃច័ន្ទ ពណ៌ខ្មៅ ដោយសាលាក្រុងចាត់ទុកការប្រកាសចូលរួមរបស់បក្សប្រឆាំងនេះ គឺជាការបំផុស ញុះញង់ កៀរគរកម្លាំងអង្គការក្រៅរដ្ឋាភិបាល និងពលរដ្ឋ ដែលជាទង្វើខុសច្បាប់ បង្កចលាចលក្នុងសង្គម និងផ្ទុយពីការណែនាំរបស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល។
បន្ថែមពីនេះសាលាក្រុងបញ្ជាក់ថា បើបក្សប្រឆាំងនៅតែបន្តសកម្មភាពនេះ គណបក្សត្រូវទទួលខុសត្រូវមុខច្បាប់ជាធរមាន។
ឆ្លើយតបនឹងការហាមប្រាមនេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បញ្ជាក់ថា គណបក្សមិនធ្វើសកម្មភាពដែលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈទេ។ លោកចោទសួរតបទៅវិញថា គ្រាន់តែនៅក្នុងទីស្នាក់ការ ហើយពាក់អាវពណ៌ខ្មៅ ឬអ្នកណាចង់ពាក់អាវពណ៌ស ពណ៌ក្រហមជាដើម ជាទង្វើ ខុសច្បាប់ ដែរ ឬយ៉ាងណា?៖ «ខ្ញុំ គ្រាន់តែជូនថា ឥឡូវហ្នឹងសកម្មភាពទាំងឡាយណា ដែលយើងធ្វើ ដូចថាអ្នកណាចង់មានសមានចិត្ត សម្ដែងការមិនពេញចិត្តអី ឬយើងចង់ធ្វើសកម្មភាពអីយ៉ាងម៉េច គឺការធ្វើហ្នឹង នៅក្នុងទីស្នាក់ការបក្សសង្គ្រោះជាតិនៅចាក់អង្រែទេ។ វាមិនប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈនៅខាងក្រៅ ដែលធ្វើឲ្យមានការព្រួយបារម្ភដល់អាជ្ញាធរមានសមត្ថកិច្ចនៅ ភ្នំពេញ ដូច្នេះសមត្ថកិច្ចកុំព្រួយបារម្ភ។»
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ធ្លាប់ឲ្យអាស៊ីសេរី ដឹងថា បក្សប្រឆាំងនឹងចូលរួមយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ដោយប្រមូលផ្តុំនៅទីស្នាក់ការកណ្ដាលគណបក្ស និងមានការថ្លែងសារជាដើម៕

No comments:
Post a Comment