អតីតរដ្ឋមន្ត្រីការបរទេស លោក ហោ ណាំហុង
ក្នុងពេលជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស
និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី នារាជធានីភ្នំពេញ កាលពីថ្ងៃទី១៤
ខែមករា ឆ្នាំ២០១៦។ RFA/Brach Chev |
ដើមបណ្ដឹង នៅសាលាក្ដី ខ្មែរក្រហម ថា, លោក ហោ ណាំហុង ធ្លាប់ ជាប្រធាន គុក បឹងត្របែក
RFA / វិទ្យុ អាស៊ី សេរី | ១៥ សីហា ២០១៦
អង្គជំនុំជម្រះ សាលាដំបូង នៃសាលាក្ដី ខ្មែរក្រហម នៅក្នុងសប្ដាហ៍នេះ បន្ត សវនាការ ទាក់ទង នឹងអង្គហេតុ ស្ដីពី ប្រព័ន្ធ ពន្ធនាគារ និងការបោសសម្អាត ផ្ទៃក្នុង របស់ បក្សកុម្មុយនិស្ត កម្ពុជា នៅក្នុងរបប កម្ពុជា ប្រជាធិបតេយ្យ ឬហៅ ថា របប ខ្មែរក្រហម។ ដើមបណ្ដឹង រដ្ឋប្បវេណី មួយរូប អះអាង ថា, លោក ហោ ណាំហុង នៅក្នុងគុក បឹងត្របែក។
ដើមបណ្ដឹងរដ្ឋប្បវេណីរស់នៅប្រទេសបារាំង មួយរូប ឈ្មោះ រស់ ជួស៊ីអ៊ី ថ្លែងប្រាប់អង្គជំនុំជម្រះ សាលាដំបូង កាលពីថ្ងៃ ទី១១ ខែសីហា ថា, លោក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ពិតជាធ្លាប់ នៅក្នុងគុក បឹងត្របែក ក្នុងរបប ខ្មែរក្រហម។
លោកស្រី រស់ ជួស៊ីអ៊ី បញ្ជាក់បន្ថែម ថា, វត្តមាន របស់លោក ហោ ណាំហុង នៅក្នុងមន្ទីរ បឹងត្របែក នោះ មិនមែន ជាអ្នកទោសទេ៖ «កាល ដែលខ្ញុំ មកបឹងត្របែកហ្នឹង គឺ លោក ហោ ណាំហុង ហ្នឹង ក៏គាត់ ធ្វើខាងប្រធាន មន្ទីរ នៅបឹងត្របែក ហ្នឹងដែរ។»
សួរ៖ «តើ លោកស្រី ដឹងថា គាត់ មានមុខងារ អ្វីដែរ ក្នុងឋានៈ គាត់ ប្រធានបឹងត្របែក ហ្នឹង?»
ឆ្លើយ៖ «តួនាទី ជាប្រធាន គឺ ត្រូវ ចែក ជាក្រុមៗ។ អ្នក ដែលនៅក្នុងក្រុមហ្នឹង ចាត់ចែង ការងារ, ហើយ ធ្វើការ ខាងពលកម្ម អីហ្នឹង។ ខ្ញុំ ដឹងតែ ប៉ុណ្ណឹងទេ ព្រោះ ប្រធាន ក្រុម,ប្រធាន មន្ទីរអ៊ីចឹង, គេ ចាត់ចែង ទៅធ្វើការ ធ្វើអីអ៊ីចឹង។»
ដើមបណ្ដឹងរដ្ឋប្បវេណីរូបនេះអះអាងថា លោកស្រីជាភរិយារបស់លោក រស់ សារិន អតីតអ្នករដ្ឋការរបបសាធារណរដ្ឋខ្មែរ ព្រមទាំងកូន ៣នាក់ ដែលបានត្រឡប់ពីទីក្រុងប៉ារីស ប្រទេសបារាំង មកកម្ពុជាវិញនៅខែសីហា ឆ្នាំ១៩៧៦។ គ្រួសាររបស់លោកស្រី រស់ ជួស៊ីអ៊ី ត្រូវបានពួកខ្មែរក្រហម ដាក់ឱ្យរស់នៅក្នុងគុកបឹងត្របែក ដែលពួកខ្មែរក្រហមដាក់ឈ្មោះថា មន្ទីរបឹងត្របែក។ លោកស្រីរកឃើញថា ប្ដីរបស់លោកស្រីត្រូវបានពួកខ្មែរក្រហមបញ្ជូនពីគុកបឹងត្របែក ទៅសម្លាប់នៅគុកទួលស្លែង ក្នុងឆ្នាំ១៩៧៧៖ «ខ្ញុំខំសម្លឹងមើល គ្រប់រូបថត ឃើញមានរូបអ្នកដែលខ្ញុំស្គាល់ខ្លះៗ។ ទីបំផុតទៅ ឃើញរូបថតប្ដីខ្ញុំតែម្ដង។ ពេលនោះខ្ញុំស្រែកទ្រហោយំស្ទើរបាត់ស្មារតី។»
ទោះជាលោកស្រីអះអាងពីខាងដើមថា លោក ហោ ណាំហុង ជាប្រធានមន្ទីរបឹងត្របែកក្ដី ប៉ុន្តែនៅពេលដែលមេធាវីការពារក្ដីជនជាប់ចោទ នួន ជា គឺលោក វិកទ័រ កូប៉េ (Victor Koppe) សួរដេញដោលលោកស្រីថា តើលោក ហោ ណាំហុង មានលំដាប់តួនាទីជាអ្វី ហើយពាក់ព័ន្ធនឹងការបញ្ជូនមនុស្សទៅគុកស្លែង ឬទេ?
លោកស្រី រស់ ជួស៊ីអ៊ី បដិសេធថា លោកស្រីមិនបានដឹងទេ៖ «ខ្ញុំមិន ដឹងច្បាស់ទេ រឿងតួនាទីគាត់ធ្វើអ្វីៗ ខ្លះនោះ។ ខ្ញុំគ្រាន់តែឮឈ្មោះគាត់នៅក្នុងមន្ទីរបឹងត្របែកហ្នឹងប៉ុណ្ណឹង។ សួរ៖ លោកស្រីថាគាត់ជាប្រធានបឹងត្របែក តើគាត់ជាប្រធានធំបំផុត ឬក៏យ៉ាងណា ពាក់ព័ន្ធនឹងមន្ទីរបឹងត្របែកនេះ? ជាប្រធានតែផ្នែកណាមួយ ឬក៏ប្រធានមន្ទីរនេះតែម្ដង? ឆ្លើយ៖ ខ្ញុំមិនដឹងច្បាស់ទេថា គាត់មានតួនាទីធ្វើអ្វីខ្លះនោះ។ ខ្ញុំគ្រាន់តែឮឈ្មោះគាត់នៅក្នុងមន្ទីរបឹងត្របែក ហ្នឹងដែរតែប៉ុណ្ណឹង។»
រឿងរ៉ាវដែលថា លោក ហោ ណាំហុង ជាប្រធានគុកបឹងត្របែក ក្នុងរបបខ្មែរក្រហមបានក្លាយជារឿងក្ដីក្ដាំគ្នារវាងលោក ហោ ណាំហុង និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។ លោក ហោ ណាំហុង បានប្ដឹងរឿងនេះដល់តុលាការបារាំង នៅទីក្រុងប៉ារីស នៅពេលដែលលោក សម រង្ស៊ី កាលពីឆ្នាំ២០០៨ ថា លោក ហោ ណាំហុង មេជំរំបឹងត្របែក។ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា មានឯកសារផ្ទៃក្នុងពីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា បញ្ចេញជាសាធារណៈមានខ្លឹមសារ លោក ហោ ណាំហុង ជាមេជំរំបឹងត្របែក ហើយគាត់ និងភរិយា បានសហការជាមួយពួកខ្មែរក្រហម ក្នុងការសម្លាប់មនុស្សជាច្រើនដែលជាប់ឃុំឃាំងនៅទីនោះ។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ចាត់ទុកការចោទប្រកាន់នោះថា ជាការបរិហារកេរ្តិ៍។ កាលពីថ្ងៃទី៦ ខែមេសា លោក ហោ ណាំហុង បញ្ជាក់តាមប្រអប់សារក្នុងហ្វេសប៊ុក របស់លោកថា លោកបានប្ដឹងលោក សម រង្ស៊ី ទៅតុលាការប៉ារីសជាថ្មី។ លោកថា លោក សម រង្ស៊ី ចោទមួលបង្កាច់លោកដែលមិនអាចទទួលបានឡើយ ក្នុងពេលដែលគ្រួសាររបស់លោកត្រូវខ្មែរក្រហមសម្លាប់អស់ជិត ៣០នាក់។ លោកតែងតែងឆ្លើយតមការចោទប្រកាន់ថា លោកក៏ជាអ្នកទោសនៅគុកបឹងត្របែកនោះដែរ។
សក្ខីកម្មរបស់ដើមបណ្ដឹងរដ្ឋប្បវេណី រស់ ជួស៊ីអ៊ី ដែលអតីតជាអ្នកទោសនៅគុកបឹងត្របែកនោះ គឺជាសក្ខីកម្មផ្ទុយនឹងការឆ្លើយតបរបស់លោក ហោ ណាំហុង។ ក៏ប៉ុន្តែអាស៊ីសេរី មិនអាចទាក់ទងលោកបានទេ នៅថ្ងៃទី១៤ ខែសីហា។
ប្រធានអង្គជំនុំជម្រះសាលាដំបូង ចៅក្រម យ៉ា សុខន ប្រកាសថា នៅថ្ងៃច័ន្ទ ទី១៥ សីហា អង្គជំនុំជម្រះគ្រោងធ្វើសវនាការស្ដាប់ការរៀបរាប់ទុក្ខសោកវេទនា របស់ដើមបណ្ដឹងរដ្ឋប្បវេណីមួយចំនួនបន្តទៀត ដែលទទួលរងការខូចខាតពាក់ព័ន្ធនឹងការបោសសម្អាតផ្ទៃក្នុង និងអង្គហេតុប្រព័ន្ធសន្តិសុខ ជាពិសេស គុកទួលស្លែង។ ដោយឡែកនៅថ្ងៃអង្គារ ទី១៦ សីហា អង្គជំនុំជម្រះនឹងធ្វើសវនាការបង្ហាញឯកសារគន្លឹះរបស់ភាគីក្នុង សំណុំរឿង ០០២ វគ្គ ២ ដែលបង្ហាញសាលាដំបូង កាលពីថ្ងៃសុក្រ ទី១២ សីហា៕
No comments:
Post a Comment