លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ RFI/Siv Channa |
លោក សម រង្ស៊ី ចេញគោលដៅ ៥ យកអ្វី គ្រប់យ៉ាង ឲ្យរាស្រ្តខ្មែរវិញ ក្រោយ ចោទប្រកាន់ រដ្ឋអំណាច លួចប្លន់
RFI / វិទ្យុ បារាំង អន្តរជាតិ | ១៦ សីហា ២០១៦
នៅយប់មិញនេះ លោក
សម រង្ស៊ី ប្រធាន គណបក្ស សង្រ្គោះជាតិ តាមរយៈ ទំព័រ ហ្វេសប៊ុក របស់លោក ពីក្រៅប្រទេស បានបង្ហាញ នូវគោលដៅ ចំនួន ៥ចំណុច របស់ គណបក្ស ក្នុងការប្រគល់ សងអ្វី គ្រប់យ៉ាងម កឲ្យ ប្រជារាស្រ្តខ្មែរ វិញ។ ការចេញ គោលដៅ ទាំង៥ ចំណុចនេះ គឺ ដោយសារ លោក សម រង្ស៊ី ចោទប្រកាន់ រដ្ឋអំណាច ខ្មែរ សព្វថ្ងៃ ថា មានបរទេស នៅពីក្រោយខ្នង, ហើយ បានលួចប្លន់ អ្វីៗ ទាំងអស់ពី ប្រជារាស្ត្រខ្មែរ។គោលដៅ ទាំង៥ ចំណុច របស់លោកសម រង្ស៊ី នេះ រួមមានដូចជាការប្រគល់សងប្រទេសកម្ពុជា ជូនមកប្រជារាស្ត្រខ្មែរវិញ ដែលជាម្ចាស់ទឹក ម្ចាស់ដី តែមួយគត់។ ប្រគល់សងទ្រព្យសម្បត្តិជាតិ ជូនមកប្រទេសជាតិវិញ ដូចជាព្រៃឈើ រ៉ែ ភ្នំ បឹងបួរ ស្ទឹង ទន្លេ រហូតដល់ឆ្នេរសមុទ្រ និងកោះកណ្តាលសមុទ្រ ដើម្បីទុកគ្រប់គ្រងឲ្យបម្រើផលប្រយោជន៍ជាសាធារណៈ និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជារាស្ត្រ។ ប្រគល់សងទ្រព្យសម្បត្តិរបស់ប្រជារាស្ត្រ ជូនមកប្រជារាស្ត្រវិញ ដែលជាម្ចាស់ដើម និងម្ចាស់ពិត លើផ្ទះសម្បែង ដីធ្លី ស្រែ ចំការ។ មួយទៀត គឺប្រគល់សងវាសនាប្រទេសកម្ពុជា ជូនមកប្រជារាស្ត្រខ្មែរវិញ ដែលជាអ្នកសម្រេចក្នុងឯករាជ្យភាពដ៏ពេញលេញ និងគោលដៅចុងក្រោយ គឺបញ្ឈប់ការអភិវឌ្ឍន៍ក្លែងក្លាយដូចសព្វថ្ងៃ ដែលបម្រើតែផលប្រយោជន៍ក្រុមគ្រួសារមេដឹកនាំពុករលួយ និងបក្សពួកមួយក្តាប់តូច ហើយរៀបចំឲ្យមានការអភិវឌ្ឍន៍ពិតប្រាកដ ដែលបម្រើផលប្រយោជន៍ប្រជារាស្ត្រខ្មែរទាំងមូល។
គោលដៅទាំង៥ចំណុចរបស់គណបក្សសង្រ្គោះជាតិ ដែលដាក់ចេញដោយលោកសម រង្ស៊ី នៅពេលនេះ គឺដោយសារលោកប្រមុខគណបក្សប្រឆាំង ដែលស្ថិតនៅក្រៅប្រទេសរូបនេះ បានលើកឡើងថា រដ្ឋអំណាចខ្មែរសព្វថ្ងៃមានបរទេសនៅពីក្រោយខ្នង ហើយបានលួចប្លន់អ្វីៗ ទាំងអស់ពីប្រជារាស្ត្រខ្មែរ។ លោក សម រង្ស៊ី ក៏បានស្នើឲ្យប្រជាពលរដ្ឋខ្មែរអ្នកស្រលាញ់ជាតិ និងស្រលាញ់យុត្តិធម៌គ្រប់រូប គាំទ្រ និងចូលរួមសកម្មភាពជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីឲ្យប្រជារាស្ត្រខ្មែរបានសម្រេចគោលដៅទាំង ៥ ចំណុចនេះផងដែរ។
លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជា បានប្រតិកម្មថា គោលដៅទាំង៥ចំណុចរបស់លោក សម រង្ស៊ី នេះ គឺគ្រាន់តែចង់ទាមទារការចាប់អារម្មណ៍ពីសំណាក់សាធារណជនតែ ប៉ុណ្ណោះ។ ជាមួយគ្នានេះ លោកក៏បានចាត់ទុកការលើកឡើងរបស់លោកសម រង្ស៊ី ថាជាភាសាបោកប្រាស់ចិត្តគំនិតរបស់ប្រជាពលរដ្ឋខ្មែរ។ បើទោះបីប្រធានបក្សប្រឆាំងចោទរដ្ឋាភិបាលថាមានបរទេសនៅពីក្រោយ ខ្នងក៏ដោយ ក៏លោកផៃ ស៊ីផាន អះអាងថា រដ្ឋាភិបាលមិនមានវិធានការណាមួយចំពោះលោកសម រង្ស៊ី នោះទេ។
សូមបញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះ លោកសម រង្ស៊ី កំពុងស្នាក់នៅក្នុងប្រទេសបារាំង បន្ទាប់ពីតុលាការខ្មែរបានចេញដីកោះហៅលោកជាច្រើនដងលើសំណុំរឿង ផ្សេងៗគ្នាស្ទើររាប់មិនអស់។ ហើយថ្មីៗនេះទៀតសោត លោកសម រង្ស៊ី ក៏កំពុងប្រឈមមុខនឹងតុលាការជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ ជុំវិញការអត្ថាធិប្បាយរបស់លោកតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដែលបានចោទរដ្ឋអំណាចរបស់លោកហ៊ុន សែន ថាជាអ្នករៀបចំអំពើភេរវកម្មបាញ់សម្លាប់លោក បណ្ឌិត កែម ឡី។ ចំពោះសំណុំរឿងនេះ លោកសម រង្ស៊ី ត្រូវបានតុលាការក្រុងភ្នំពេញបានចេញដីកាកោះហៅឱ្យចូលខ្លួនឆ្លើយ បំភ្លឺនៅថ្ងៃទី ១៩ សីហា ក្នុងសប្តាហ៍នេះ៕
No comments:
Post a Comment