នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀង តាន់យុង (Nguyen Tan Dung) [ឆ្វេង] និងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន សម្ពោធបង្គោលព្រំដែនលេខ៣០ និងកំណត់ផ្លូវជាតិ ក្បែរច្រកទ្វារព្រំដែនក្នុងខេត្តរតនគិរី និងខេត្តយ៉ាឡាយ ប្រទេសវៀតណាម កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥។ RFA/Ratha Visal |
រដ្ឋាភិបាល កម្ពុជា រឭក វៀតណាម រឿងរំលោភបំពាន ទឹកដីខ្មែរ
រដ្ឋាភិបាល កម្ពុជា រឭក ជាថ្មី ដល់ប្រទេស វៀតណាម កុំឲ្យ រំលោភបំពាន ចូលទឹកដី កម្ពុជា នៅតាមបណ្ដោយ ព្រំដែន ប្រទេសទាំងពីរ ដែលពុំ ទាន់បញ្ចប់ ការបោះបង្គោល ព្រំដែន នោះ។ គណបក្ស ប្រឆាំងវិញ យល់ឃើញ ថា, រដ្ឋាភិបាល ត្រូវ មានកាតព្វកិច្ច ក្នុងការ ការពារ បូរណភាព ទឹកដី ពីការ រំលោភបំពាន របស់ ប្រទេស ជិតខាង។
បើ ទោះបីជា កន្លងមក រដ្ឋាភិបាល កម្ពុជា ដឹកនាំ ដោយគណបក្ស ប្រជាជន កម្ពុជា និងរដ្ឋាភិបាល វៀតណាម តែងអះអាង ថា, មិត្តភាព រវាង កម្ពុជា-វៀតណាម ជាមិត្តភាព ប្រពៃណី យូរអង្វែង និងជាអ្នក ជិតខាង ល្អក្តី។ ប៉ុន្តែ ជាទូទៅ គេ ឃើញវៀតណាម តែងមានប្រៀប មកលើកម្ពុជា ជាពិសេស ក្នុងរឿង បូរណភាព ទឹកដីនេះ តែម្ដង។
ជាក់ស្ដែង ចាប់តាំង ពីខែតុលា ឆ្នាំ២០១១ រហូត មកទល់ពេល បច្ចុប្បន្ន, កម្ពុជា បានផ្ញើលិខិត និងកំណត់ទូត ទៅកាន់ រដ្ឋាភិបាល វៀតណាម មិនតិចជាង ២៣លើក នោះទេ ដើម្បី ទទូចឲ្យរដ្ឋាភិបាល កុម្មុយនិស្ត វៀតណាម ឈប់រំលោភបំពាន ចូលតំបន់ តាមបណ្ដោយ ព្រំដែន ដែលប្រទេស ទាំង២ មិនទាន់ ឯកភាព ខណ្ឌសីមា រួចរាល់។ [Since Oct. 2011, Cambodia has reminded Vietnam 23 times stop violating Cambodian territory along the border.] [An intentionally useless act meant to serve as a political cover for domestic consumption by the puppet regime while its Viet master continues its violation and destruction of Cambodia.]
ការរំលោភបំពានទាំងនោះ មានដូចជាការជីកស្រះ ការសង់អគារ និងផ្លូវបេតុងនៅខេត្តរតនគិរី ការធ្វើផ្លូវ និងប៉ុស្តិ៍រដ្ឋបាលនៅតំបន់ដាក់ដាំ-ដាក់ហ៊ូត នៅខេត្តមណ្ឌលគិរី ការធ្វើផ្លូវនៅខេត្តស្វាយរៀង ការសាងសង់ប៉ុស្តិ៍យោធានៅខេត្តកណ្ដាល និងការធ្វើប៉ុស្តិ៍នៅច្រកទ្វារវិញហួយដុង ជាប់បង្គោលព្រំដែនលេខ ២៦០ ទល់មុខច្រកទ្វារទ្វេភាគីកំពង់ក្រសាំង ក្នុងស្រុកបូរីជលសារ ខេត្តតាកែវ ជាដើម។
រដ្ឋាភិបាលកម្ពុជា ទទូចជាថ្មីឲ្យវៀតណាម បញ្ឈប់ការសាងសង់ផ្លូវសំណង់នានាជាបន្ទាន់ និងធ្វើឲ្យស្ថានភាពបរិស្ថាននៅតំបន់ទាំងអស់នោះមានសភាពដូចដើម វិញ ព្រមទាំងចាត់វិធានការរារាំងកុំឲ្យពលរដ្ឋវៀតណាម ចូលមកដាំដុះ ឬធ្វើសកម្មភាពនៅតំបន់ព្រំដែនទាំងឡាយណាដែលមិនទាន់បញ្ចប់ការ ខណ្ឌសីមា និងបោះបង្គោលព្រំដែនរួច។
ប្រធានគណៈកម្មការចម្រុះកិច្ចការព្រំដែន លោក វ៉ា គឹមហុង មិនទាន់ដឹងនៅឡើយ តើភាគីវៀតណាម ឆ្លើយតបយ៉ាងណាចំពោះការស្នើរបស់កម្ពុជា ពេលនេះ ដោយលោកឲ្យទាក់ទងទៅក្រសួងការបរទេសវិញ។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី បាននៅឡើយទេ នៅថ្ងៃទី១៩ ខែសីហា។
បើទោះជាកន្លងមកកម្ពុជា បានផ្ញើកំណត់ទូតឲ្យវៀតណាម ជាបន្តបន្ទាប់ក្តី ប៉ុន្តែភាគីវៀតណាម ហាក់មិនបានគោរពតាមនោះឡើយ។ ត្រង់ចំណុចនេះ លោក វ៉ា គឹមហុង បញ្ជាក់ថា តាមផ្លូវច្បាប់អន្តរជាតិ កំណត់ទូតទាំងអស់នេះគឺជាតឹកតាងមួយដែលបញ្ជាក់ពីការមិនឯកភាព របស់កម្ពុជា ចំពោះការរំលោភបំពានរបស់ប្រទេសជិតខាង ដែលលោកថា វាមានសារប្រយោជន៍សម្រាប់ប្រើប្រាស់នៅពេលអនាគត៖ «ការដែលបានទឹក ដីដោយការរំលោភ ឬកាន់កាប់បណ្ដោះអាសន្ន ទឹកដីនោះគឺមិនបានន័យថា ជាទឹកដីរបស់លោកទេ ព្រោះថា យើងមានការតវ៉ា។ នេះហើយក្ដីក្ដាំនៅប្រាសាទព្រះវិហារ គាត់ចូលកាន់កាប់ ប៉ុន្តែយើងតវ៉ា តុលាការវិនិច្ឆ័យទៅ លោកកាន់កាប់មែនតើកម្ពុជា សុខចិត្តពីកាលណា វាសំខាន់ណាស់សម្រាប់ផ្លូវច្បាប់អន្តរជាតិ។»
ប្រទេសកម្ពុជា មានព្រំដែនគោកជាប់នឹងប្រទេសវៀតណាម ប្រវែង ១.២៧០គីឡូម៉ែត្រ លាតសន្ធឹងពីខេត្តកំពត នៅប៉ែកខាងត្បូងរហូតដល់ខេត្តរតនគិរី នៅប៉ែកឦសានប្រទេស។ បច្ចុប្បន្ន រដ្ឋាភិបាលប្រទេសទាំង២ បោះបង្គោលព្រំដែនសម្រេចបាន ៨៣ភាគរយហើយ នៃបង្គោលព្រំដែនសរុបចំនួន ៣១៤បង្គោល។ លោក វ៉ា គឹមហុង បញ្ជាក់ថា កម្ពុជានៅបន្តចរចាជាមួយវៀតណាម ដើម្បីឈានដល់ការបោះបង្គោលដែលនៅសេសសល់ឲ្យចប់សព្វគ្រប់។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ យល់ឃើញថា រដ្ឋាភិបាលត្រូវមានកាតព្វកិច្ចក្នុងការការពារបូរណភាពទឹកដីនៅពេល មានការរំលោភបំពានពីប្រទេសជិតខាង។ លោក យឹម សុវណ្ណ ថា នេះជាសញ្ញាណមួយគួរឲ្យព្រួយបារម្ភ ហើយថា បើប្រទេសវៀតណាម នៅតែមិនបញ្ឈប់ការរំលោភបំពានទេ រដ្ឋាភិបាលគួរតែយកបញ្ហានេះប្ដឹងទៅកាន់តុលាការអន្តរជាតិឲ្យជួយ ដោះស្រាយ៖ «យើងត្រូវរកវិធានការថា បើគេនៅបន្តធ្វើតទៅទៀត តើរដ្ឋាភិបាលកម្ពុជា ត្រូវធ្វើយ៉ាងម៉េច អ៊ីចឹងហើយបានជាគណបក្សសង្គ្រោះជាតិ ចង់យកចំណុចឯកភាពជាតិ សាមគ្គីជាតិជាធំ ដើម្បីកុំឲ្យបរទេសមើលស្រាលលើយើង យើងត្រូវបញ្ចប់ភាពខុសគ្នានៅក្នុងប្រទេសយើង កសាងរបបប្រជាធិបតេយ្យសេរីពហុបក្ស យើងមានឯកភាពជាតិ សាមគ្គីជាតិ ពេលនោះយើងខ្លាំង បរទេសមិនងាយយើងទៀត។»
ប្រធានគណៈកម្មការចម្រុះកិច្ចការព្រំដែន លោក វ៉ា គឹមហុង មានប្រសាសន៍ថា ក្នុងពេលនេះ រដ្ឋាភិបាលមិនទាន់គិតទៅដល់ការប្ដឹងទៅកាន់តុលាការអន្តរជាតិនោះ ទេ គឺត្រូវប្រឹងប្រែងចរចាជាមួយភាគីវៀតណាម ជាមុនសិន។ ទោះជាយ៉ាងណា លោកថា ទៅថ្ងៃអនាគតរឿងរ៉ាវព្រំដែនប្រែប្រួលយ៉ាងណាទៀតនោះ លោកក៏មិនហ៊ានសន្និដ្ឋានថាបែបណានោះដែរ គឺអាចទៅតុលាការក៏ថាបាន។
ក្នុងរឿងព្រំដែននេះ ផ្ទៃក្នុងរបស់កម្ពុជា នៅមិនទាន់មានការឯកភាពគ្នានៅឡើយចំពោះផែនទី ដែលរដ្ឋាភិបាលកំពុងយកទៅប្រើប្រាស់ក្នុងការបោះបង្គោលព្រំដែនជាមួយ ប្រទេសវៀតណាម។ បក្សប្រឆាំងតែងទទូចឲ្យរដ្ឋាភិបាលបើកចំហឲ្យមានការចូលរួមរបស់ភាគី ពាក់ព័ន្ធក្នុងការងារពិនិត្យ និងបោះបង្គោលព្រំដែន។ ទោះជាយ៉ាងណា រដ្ឋាភិបាលមិនត្រឹមតែមិនអនុញ្ញាតឲ្យបក្សប្រឆាំងចូលរួមនោះទេ តំណាងរាស្ត្រ និងមន្ត្រីបក្សប្រឆាំងមួយចំនួនថែមទាំងត្រូវបានរដ្ឋាភិបាលចាប់ ខ្លួន ដោយសារការបញ្ចេញយោបល់រិះគន់ទៅលើការងារបោះបង្គោលព្រំដែនរបស់ រដ្ឋាភិបាលទៀតផង។ រដ្ឋាភិបាលចោទប្រកាន់ពួកគេថា បានញុះញង់ធ្វើឲ្យមានភាពវឹកវរក្នុងសង្គម និងបង្កឲ្យមានជម្លោះជាមួយប្រទេសជិតខាងជាដើម៕
No comments:
Post a Comment