![]() |
ឈើមូលដែលជនល្មើសកាប់ដឹកចេញពីជួរភ្នំក្រវ៉ាញ ក្នុងទឹកដីខេត្តកោះកុង និងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៦-២៧ ខែសីហា ឆ្នាំ២០១៦។ រូបថតផ្ដល់ឲ្យដោយអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ (Photo provided) |
មន្ត្រី អង្គការ ក្រៅរដ្ឋាភិបាល ស្នើរដ្ឋាភិបាល បិទច្រកព្រំដែន ដែលឈ្មួញ ដឹកឈើ ចេញទៅ វៀតណាម
RFA / វិទ្យុ អាស៊ី សេរី | ២៨ សីហា ២០១៦
មន្ត្រី អង្គការ ក្រៅរដ្ឋាភិបាល ធ្វើការ លើវិស័យ ធនធាន ធម្មជាតិ គ្រោងដាក់លិខិត ជូនប្រមុខរដ្ឋាភិបាល ដើម្បី បិទការនាំចេញ ឈើគ្រប់ប្រភេទ ទៅប្រទេស វៀតណាម តាមច្រកទ្វារ ភ្នំឌិន ខេត្តតាកែវ និងច្រក ទាន់ហន់ ខេត្ត កំពត។ ការស្នើសុំនេះ បន្ទាប់ ពីអង្គការ អភិរក្ស ធនធានធម្មជាតិ មួយ រកឃើញ ឈើខុសច្បាប់ ១០០ ម៉ែត្រគូប, ហើយ បទល្មើសបន្តកើតមាននៅជួរ ភ្នំក្រវ៉ាញ។
ប្រធាន និងបុគ្គលិកអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ នឹងបញ្ចប់បេសកកម្មល្បាតព្រៃឧទ្យានជាតិជួរភ្នំក្រវ៉ាញក្នុងទឹកដី ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង រយៈពេល ៦ថ្ងៃរបស់ខ្លួននៅល្ងាចថ្ងៃទី២៨ ខែសីហា ដើម្បីរៀបចំលិខិតស្នើសុំភ្ជាប់រូបភាពភស្តុតាងបទល្មើសព្រៃឈើថ្មីៗ ដាក់ចូលខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីនៅថ្ងៃទី២៩ ខែសីហា។

ឈើមូលដែលជនល្មើស
កាប់ដឹកចេញពីជួរភ្នំក្រវ៉ាញ ក្នុងទឹកដីខេត្តកោះកុង
និងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៦-២៧ ខែសីហា ឆ្នាំ២០១៦។
រូបថតផ្ដល់ឲ្យដោយអង្គការប្រឆាំងអំពើពុករលួយ
ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ
ឆ្លើយតបបញ្ហានេះ នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព បញ្ជាក់ថា បើទោះបីជាមានការស្នើសុំ ឬមិនស្នើសុំពីអង្គការក្រៅរដ្ឋាភិបាលនេះ ក៏រដ្ឋាភិបាលបានបិទការនាំឈើចេញទៅក្រៅប្រទេសតាមច្រកនានារួចទៅ ហើយ ប៉ុន្តែត្រង់មានប្រសិទ្ធភាពកម្រិតណា លោកក៏មិនបានដឹងដែរ។ លោកថា សមត្ថកិច្ចជំនាញ ឬមន្ត្រីឧទ្យានុរក្សនៅតែបន្តសហការជាមួយសង្គមស៊ីវិលក្នុងការ ទប់ស្កាត់បទល្មើស ខណៈរដ្ឋាភិបាលបន្ថែមមន្ត្រីឧទ្យានុរក្ស ដើម្បីបង្កើនប្រសិទ្ធភាពការងារ៖ «សព្វថ្ងៃ ឧទ្យានុរក្សរបស់យើងមានមិនដល់ ១ពាន់នាក់ ដែលធ្វើត្រូវធ្វើការគ្របដណ្ដប់លើផ្ទៃដីជិត ៦លានហិកតារ។ អ៊ីចឹងហើយបានលោក (នាយករដ្ឋមន្ត្រី ហ៊ុន សែន) សម្រេច បន្ថែម ៣០០នាក់ទៀត បន្ថែមលើកម្លាំងឧទ្យានុរក្សដែលមានស្រាប់សម្រាប់ឆ្នាំ២០១៧។ អ៊ីចឹងបានន័យថា ក្នុងឆ្នាំ២០១៧ គឺជាដំណោះស្រាយ ឬក៏ជាការវិវឌ្ឍន៍វិជ្ជមានមួយពាក់ព័ន្ធនឹងការកសាងកម្លាំងសម្រាប់ ការធ្វើការងារការពារ និងអភិរក្ស ក៏ដូចជាការពារទប់ស្កាត់បទល្មើសហ្នឹងបាទ។»
លោក សៅ សុភាព ទទួលស្គាល់ថា បទល្មើសព្រៃឈើនៅតាមតំបន់អភិរក្ស ឬឧទ្យានជាតិនៅតែបន្តកើតមាន ប៉ុន្តែបទល្មើសទាំងនោះពុំមានជាទ្រង់ទ្រាយធំទៀតទេ។ បច្ចុប្បន្ន បទល្មើសកាប់ឈើ និងទន្ទ្រានព្រៃយកដីធ្វើកម្មសិទ្ធិពីសំណាក់ពលរដ្ឋតាមតំបន់ អភិរក្ស ត្រូវបានមន្ទីរជំនាញនៅថ្នាក់ក្រោមជាតិ ដឹកនាំដោយអភិបាលខេត្តផ្ទាល់ បានចុះបង្ក្រាប និងដោះស្រាយបញ្ហាបទល្មើសជាប្រចាំ។
រាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថាន បានចេញអនុក្រឹត្យចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ សម្រេចបង្កើតឧទ្យានជាតិជួរភ្នំក្រវ៉ាញកណ្ដាល ដែលមានផ្ទៃដីទំហំជាង ៤សែនហិកតារ (៤០១.៣១៣ហិកតារ)។ តំបន់អភិរក្សជួរភ្នំក្រវ៉ាញ នេះ ឋិតនៅក្នុងភូមិសាស្ត្រខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ៕
No comments:
Post a Comment