លោក កឹម សុខា (រូបភាព៖ ហ្វេសប៊ុក លោក កឹម សុខា) |
តុលាការ បិទការ ស៊ើបសួរ សំណុំរឿង លោក កឹម សុខា តែ បន្ត ជម្រះរឿង លោក សម រង្ស៊ី
VOD / វីអូឌី |
Audio Player
00:16
04:44
សាលាដំបូង រាជធានីភ្នំពេញ ឲ្យដឹងថា, ចៅក្រម ស៊ើបសួរ បានបិទ ការស៊ើបសួរ សំណុំរឿង លោក កឹម សុខា តែ នឹងគ្រោង បញ្ជូន សំណុំរឿង លោក សម រង្ស៊ី ទៅជម្រះ នៅពេល ខាងមុខនេះ ពាក់ព័ន្ធ នឹងសំណុំរឿង ព្រំដែន ដែលបំបែកចេញ ទាក់ទង នឹងលោក ហុង សុខហួរ។
កាលពីថ្ងៃ ទី៩ ខែសីហា ឆ្នាំ២០១៦ ចៅក្រមស៊ើបសួរ នៃសាលាដំបូង រាជធានីភ្នំពេញ លោក ថាន់ ឡេង បានចេញ លិខិត ជូនដំណឹង ទៅលោក កឹម សុខា អំពី ការបិទ ការស៊ើបសួរ លើសំណុំរឿង មេដឹកនាំ បក្សប្រឆំាង រូបនោះ ដោយថា, លោក កឹម សុខា បានបដិសេធ ក្នុងការ ចូលខ្លួន ប្រព្រឹត្ត នៅរាជធានី ភ្នំពេញ កាលពីថ្ងៃ ទី២៦ ខែឧសភា ឆ្នាំ២០១៦។
ដោយឡែកករណីលោក សម រង្ស៊ី តុលាការថានឹងបញ្ជូនទៅជំនុំជម្រះពាក់ព័ន្ធនឹងសំណុំរឿងសមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងញុះញង់បង្កឲ្យមានវឹកវរធ្ងន់ដល់សន្តិសុខសង្គម ប្រព្រឹត្តទៅកាលពីថ្ងៃទី១២និង១៣ ខែសីហា ឆ្នាំ២០១៥។
អ្នកនាំពាក្យអយ្យការសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធតេលេក្រាម (Telegram) នៅថ្ងៃសុក្រនេះថា សំណុំរឿងលោក កឹម សុខា ចៅក្រមបានបិទការស៊ើបសួរហើយនឹងបន្តនីតិវីធីនៃការបិទការស៊ើបសួរ ដោយបញ្ជូនសំណុំរឿងទៅព្រះរាជអាជ្ញា ដើម្បីធ្វើដីកាសន្និដ្ឋានស្ថាពរ រួចបញ្ជូនចៅក្រមឲ្យចេញដីកាដំណោះស្រាយ។
ចំណែកសំណុំរឿងលោក សម រង្ស៉ី លោក លី សុផាណា បានឲ្យដឹងដែរថា តុលាការគ្រោងនឹងបញ្ជូនទៅជំនុំជម្រះនៅពេលខាងមុខនេះ ប៉ុន្តែលោកមិនបានបញ្ជាក់ពីពេលវេលានោះទេ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ យល់ថាសំណុំរឿងរបស់មេដឹកនំាគណបក្សដែលតុលាការបិទការស៊ើបសួរនិងគ្រោងយកទៅជម្រះនោះ ជារឿងនយោបាយ ដោយលោកថាគណបក្សនឹងដោះស្រាយបញ្ហានេះតាមផ្លូវនយោបាយ។ លោកបន្តថា៖ «ខ្ញុំ មិនគិតគូ ទៅដល់ តុលាការ អីទៀតទេ ពីព្រោះ អ្នកណា ក៏ដឹងដែរ ថា, រឿងនេះ វា ពាក់ព័ន្ធ នឹងរឿង នយោបាយទេ។ ជំនួស ឲ្យការ ដោះស្រាយ តាមប្រព័ន្ធ តុលាការ តាមអី ដែលមាន ឥទ្ធិពល នយោបាយ, គឺ យើង ត្រូវ ដោះស្រាយ តាមសន្តិវិធី។ យើង យកមធ្យោបាយ ផ្សេងៗទៀត ដើម្បី ជំរុញ ឲ្យមាន ដំណោះស្រាយ ធ្វើម៉េច ឲ្យការបោះឆ្នោត ខាងមុខ បានប្រព្រឹត្តទៅ ដោយសេរី និងយុត្តិធម៌។»
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា មានប្រសាសន៍ថាការលើកឡើងរបស់គណបក្សប្រឆំាង ធ្វើឡើងដើម្បីកេងចំណេញផ្នែកនយោបាយតែប៉ុណ្ណោះ។ លោកបន្ថែមទៀតថា៖ «នៅកម្ពុជា យើងបានបែងចែកហើយ របបនយោបាយហើយនិងអំពីនីតិរដ្ឋ អ្វីដែលនីតិរដ្ឋដែលគេកំពុងបន្តគឺជានីតិវិធីរបស់តុលាការ មិនមានពាក់ព័ន្ធអ្វីនឹងហេតុផលនយោបាយដែលពួកគេលើកឡើងនោះទេ តាមពិតគេទាញយកអ្វីដែលជាកំហុសបុគ្គលមកចូលរឿងនយោបាយ ហើយទាញភ្ជាប់ជាមួយនឹងនីតិរដ្ឋ កិច្ចការនេះយើងមិនអាចធ្វើអីឲ្យហួសពីព្រំដែននៃច្បាប់ទេ។»
ពីទីក្រុងប៉ារីសប្រទេសបារាំង កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានថា លោក សម រង្ស៊ី អាចនឹងជាប់ពន្ធនាគារ ដោយលោកថាប្រធានគណបក្សប្រឆាំងរូបនេះបានឲ្យទំព័រហ្វេសប៊ុករបស់លោកក្នុងការបង្ហោះឯកសាររបស់អតីតសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ។
គួរបញ្ជាក់ថាលោក សម រង្ស៊ី ក៏ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារ២ឆ្នាំ ពីបទបរិហាកេរ្តិ៍ជាសាធារណៈនិងញុះញង់ឲ្យមានការរើសអើង ដែលប្តឹងដោយលោក ហោ ណាំហុង អតីតរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បន្ទាប់ពីលោក សម រង្ស៊ី ថ្លែងនៅសារមន្ទីរជើងឯកកាលពីឆ្នាំ២០០៨ថា លោក ហោ ណាំហុង ជាអតីតមេគុកបឹងត្របែកសម័យខ្មែរក្រហម។ លោក សម រង្ស៊ី ក៏ជាប់បណ្តឹងពីរទៀតគឺបណ្តឹងមួយប្តឹងដោយរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក សោម សឿន ពីបទក្លែងលិខិតនៅលើហ្វេសប៊ុកនិងបង្ហោះអត្ថបទមានខ្លឹមសារមួលបង្កាច់ខុសពីការពិត និងមួយទៀតបណ្តឹងបរិហារកេរ្តិ៍ប្តឹងដោយលោក ហេង សំរិន ប្រធានរដ្ឋសភា។
ករណីលោក សម រង្ស៊ី ត្រូវបានសភាអឺរ៉ុបអំពាវនាវឲ្យមានការទម្លាក់ការចោទប្រកាន់ទាំងអស់មកលើរូបលោក។
ចំណែកសំណុំរឿងលោក កឹម សុខា ឯណោះវិញ តុលាការបិទការស៊ើបសួរទាក់ទងនឹងសំណុំរឿងសញ្ចារកម្ម ដែលគេថាមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយ ខុម ចាន់ដារ៉ាទី ហៅស្រីមុំ៕
No comments:
Post a Comment