លោកស្រី ចាន់ ស៊ីណា ភរិយាបុរសដែលត្រូវជនជាតិវៀតណាម ព្រួតវាយស្លាប់នៅខេត្តព្រៃវែង ផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី នៅថ្ងៃទី១១ សីហា ឆ្នាំ២០១៦។ RFA/Chuop Sereyroth |
គ្រួសារខ្មែរ ដែលជនជាតិ វៀតណាម វាយសម្លាប់ នៅព្រៃវែង ស្នើឲ្យ អាជ្ញាធរ ចាប់អ្នកពាក់ព័ន្ធ
RFA / វិទ្យុ អាស៊ី សេរី | ១១ សីហា ២០១៦
គ្រួសារខ្មែរ ដែលជនជាតិ វៀតណាម ព្រួតវាយសម្លាប់នៅឃុំអ្នកលឿង ស្រុកពាមរ ខេត្តព្រៃវែង កាលពីយប់ថ្ងៃទី៧ ខែសីហា អំពាវនាវ ឲ្យអាជ្ញាធរ បន្តចាប់ខ្លួន ជនសង្ស័យ បន្ថែមទៀត ខណៈ អាជ្ញាធរ ចាប់ខ្លួន ជនសង្ស័យ បានចំនួន ៦នាក់, ហើយ បញ្ជូនទៅតុលាការ ដើម្បីកាត់ទោស។
ភរិយា ជនរងគ្រោះ ស្នើឲ្យ តុលាការ ផ្ដន្ទាទោស តាមច្បាប់ និងទាមទារ សំណង ១០ម៉ឺនដុល្លារ។ រីឯ អាជ្ញាធរ ថា, ពួកគាត់ កំពុង បន្ត ស៊ើបអង្កេត ករណីនេះ។
ភរិយា ជនរងគ្រោះ បានសម្ដែងការកើតទុក្ខមិនសុខចិត្តនោះទេ ដែលអាជ្ញាធរចាប់ជនសង្ស័យបានតែចំនួន ៦នាក់នោះ ដោយគាត់អះអាងថា មានជនជាតិវៀតណាម ជាច្រើននាក់ បានចោមរោមវាយសម្លាប់ប្ដីរបស់គាត់យ៉ាងសាហាវព្រៃផ្សៃ ទោះបីជាពួកគាត់ខំយំអង្វរយ៉ាងណាក្តី។
ភរិយាជនរងគ្រោះដែលមានផ្ទៃពោះ ៩ខែ ជិតដល់ថ្ងៃសម្រាលកូនទៅហើយនោះ គឺលោកស្រី ចាន់ ស៊ីណា។ លោកស្រីកំពុងមានរបួសដៃខាងឆ្វេងដោយសារជួយរងដំបង និងដែកគាស់ជំនួសប្ដីនៅពេលជនជាតិវៀតណាមវាយប្ដី បានរៀបរាប់ថា ក្នុងចំណោមជនដៃដល់ទាំងនោះក៏មានចៅ និងកូនមេភូមិដែរ រួមនឹងជនជាតិវៀតណាម រាប់សិបនាក់ផ្សេងទៀត ប្រដាប់ដោយដំបងឈើជ្រុង ឈើមូល ដែកគាស់ និងកាំបិតជាដើម។
ជនរងគ្រោះដែលជនជាតិវៀតណាម ព្រួតវាយសម្លាប់មានឈ្មោះ រ័ត្ន ធី អាយុ ៣៣ឆ្នាំ រស់នៅភូមិអ្នកលឿងក្រោម ឃុំអ្នកលឿង ជាប់នឹងភូមិ៦ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរ ខេត្តព្រៃវែង។
មានវ័យ ៣១ឆ្នាំ លោកស្រី ចាន់ ស៊ីណា ដែលជាប្រពន្ធបានរម្លឹកហេតុការណ៍នោះថា ដំបូងឡើយប្ដីគាត់បានដើរទៅទិញបារីនៅផ្សារក្បែរផ្ទះនោះ ហើយនៅពេលត្រឡប់មកផ្ទះវិញ ជនជាតិវៀតណាម ម្នាក់បានសម្លុតទារបារីពីប្ដីលោកស្រី តែប្ដីលោកស្រីមិនព្រមឲ្យ ព្រោះថា បារីនោះគាត់ទិញឲ្យអ្នកដទៃ រួចក៏កើតជាទំនាស់ពាក្យសម្ដីរហូតឈានដល់ផ្ទុះហិង្សាតែម្ដង។
លោកស្រី បន្តថា, ទោះបី ជាបានវាយ ប្ដីលោកស្រី ស្លាប់ទៅហើយក្ដី ក៏ជនសង្ស័យ ទាំងនោះ មិនព្រម ដកថយឡើយ ដោយចង់ វាយសម្លាប់គាត់ ទាំងពីរនាក់ ប្ដីប្រពន្ធ តែម្ដង។ ប៉ុន្តែ សំណាងល្អ ដោយបាន ពលរដ្ឋខ្មែរ នៅក្បែរនោះ ស្រែកហៅប៉ូលិស ទើប ពួកគេ ដកថយទៅ វិញ។
លោកស្រីឲ្យដឹងទៀតថា ក្នុងពេលជនជាតិវៀតណាម ចោមរោមវាយប្រហារប្ដីលោកស្រីនោះមិនមានជនជាតិខ្មែរណាម្នាក់ហ៊ាន ចេញមុខមួយជួយឡើយ។ មូលហេតុដែលប្រជាពលរដ្ឋខ្មែរនៅទីនោះមិនហ៊ានចូលជួយដោយសារជនជាតិ វៀតណាម ប្រមូលគ្នាមកច្រើនពេក ហើយគំរាមថា អ្នកណាហ៊ានចេញជួយពួកគេនឹងសម្លាប់ទាំងអស់ សូម្បីតែចេញយកទូរស័ព្ទថតរូបក៏មិនហ៊ានផង។
លោកស្រី ចាន់ ស៊ីណា ថា គាត់កំពុងបារម្ភពីសុវត្ថិភាពយ៉ាងខ្លាំងមកដល់ពេលនេះ ដោយសារតែជនជាតិវៀតណាម បានគំរាមគាត់ថា នឹងសម្លាប់ទាំងពូជទៀតផង។
លោកស្រី ចាន់ ស៊ីណា មានកូនទាំងអស់ ៦នាក់ រួមទាំងកូនក្នុងផ្ទៃ។ បច្ចុប្បន្នពួកគេរស់នៅក្នុងផ្ទះខ្ទមតូចមួយដែលសង់នៅលើដីរបស់ បងស្រី។ លោកស្រីថា កាលពីពេលនៅរស់ ប្តីលោកស្រីប្រកបរបរជាជាងសំណង់ផង និងដើររើសអេតចាយផង ដើម្បីចិញ្ចឹមគ្រួសារ។ លោកស្រីរៀបរាប់ទាំងទឹកភ្នែករហាមជោកថ្ពាល់ថា នៅពេលប្ដីលោកស្រីស្លាប់ វានឹងរឹតតែធ្វើឲ្យគ្រួសារលោកស្រីជួបប្រទះនូវការលំបាកថែមមួយ កម្រិតទៀត ម្យ៉ាងលោកស្រីជិតដល់ថ្ងៃសម្រាលកូនផង មិនអាចប្រកបរបរអ្វីបានទាំងអស់។ លោកស្រីថា កុំថាឡើយដល់ទៅមានលុយចិញ្ចឹមកូន សូម្បីតែលុយសម្រាប់សម្រាលកូន និងធ្វើបុណ្យ៧ថ្ងៃឲ្យប្ដីក៏លោកស្រីមិនមានផង។
ក្នុងតំបន់ដែលលោកស្រី ចាន់ ស៊ីណា និងប្ដីរស់នៅមានផ្ទះពលរដ្ឋដែលជាជនជាតិខ្មែរជិត ២០គ្រួសាររស់នៅ។ ក្រៅពីនោះ ភាគច្រើនជាផ្ទះរបស់ជនជាតិវៀតណាម។ នៅពេលឃើញអ្នកសារព័ត៌មានទៅដល់ភ្លាម ពលរដ្ឋខ្មែរទាំងនោះបានមកជាបន្តបន្ទាប់ដើម្បីរៀបរាប់ពី ព្រឹត្តិការណ៍ហិង្សាដែលកើតឡើង បើទោះជាក្នុងចិត្តពួកគេមានការព្រួយបារម្ភពីសុវត្ថិភាពក្រោយពេល ផ្ដល់ព័ត៌មានដល់អ្នកសារព័ត៌មានក្ដី។ ពួកគេសុទ្ធតែបានសម្ដែងនូវការរន្ធត់ និងតក់ស្លុតចំពោះហិង្សាដែលបានកើតឡើង។
ពលរដ្ឋលើកឡើងថា នេះមិនមែនជាលើកទី១ទេ ដែលករណីបែបនេះបានកើតឡើងចំពោះជនជាតិខ្មែរ។ ពួកគេថា កន្លងមកក៏មានករណីជនជាតិវៀតណាម កាប់ ឬវាយសម្លាប់ជនជាតិខ្មែរដែរ ប៉ុន្តែអាជ្ញាធរហាក់មិនបានដោះស្រាយរកយុត្តិធម៌ឲ្យជនរងគ្រោះឡើយ។
ចំណែកនៅពេលនេះ ពលរដ្ឋក៏ហាក់នៅតែព្រួយបារម្ភថា តើគេអាចរកយុត្តិធម៌ឲ្យជនរងគ្រោះបាន ឬមិនបានយ៉ាងណានោះទេ ព្រោះថា ជនសង្ស័យដែលបានបង្កហិង្សាក៏មានកូនក្មួយរបស់មេភូមិដែរ៖ «»។
ជុំវិញបញ្ហានេះ អាស៊ីសេរី បានព្យាយាមសាកសួរជនជាតិវៀតណាម ដែលរស់នៅភូមិ៦នោះ ប៉ុន្តែពួកគាត់បានបដិសេធមិនឆ្លើយអ្វីទាំងអស់ដោយអះអាងថា មិនបានដឹងរឿងអ្វីទាំងអស់ដោយសាររឿងរ៉ាវបានកើតឡើងនៅពេលយប់ ដូច្នេះមនុស្សម្នាភាគច្រើនចូលផ្ទះគេងមិនសូវដឹងឡើយ។ ចំណែកមេភូមិ៦ លោក ផង់ សាវី ដែលមានចៅម្នាក់ និងកូនប្រុសម្នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួននោះ ក៏មិននិយាយអ្វីដែរកាលពីថ្ងៃទី១០ ខែសីហា ដោយប្រាប់ថា កំពុងជាប់រវល់។
ចំណែកអនុភូមិម្នាក់ដែលពលរដ្ឋខ្មែរនិយាយថា គាត់ជាជនជាតិវៀតណាម ក្នុងពេលដែលអ្នកយកព័ត៌មានអាស៊ីសេរី កំពុងសម្ភាសពលរដ្ឋ គាត់បានជិះម៉ូតូកាត់កន្លែងសម្ភាសន៍ដែរ ប៉ុន្តែនៅពេលអ្នកយកព័ត៌មានអាស៊ីសេរី រត់ទៅស្កាត់សាកសួរគាត់ពីរឿងនេះ គាត់បដិសេធមិនឆ្លើយនោះឡើយ ដោយនិយាយថា គាត់ជាប់រវល់ ហើយឲ្យទៅសួរអ្នកផ្សេងទៀត។ រីឯជនជាតិវៀតណាម មួយចំនួនទៀតដែលនាំគ្នាមកឈរមើលពលរដ្ឋខ្មែរផ្ដល់បទសម្ភាសន៍ដល់ អាស៊ីសេរី នៅពេលសួរពួកគេថា ពួកគេមិនដឹងអ្វីឡើយ ខណៈអ្នកខ្លះទៀតឆ្លើយថា ពួកគេទើបឡើងមកពីប្រទេសវៀតណាម ប្រមាណ ២ ឬ ៣ថ្ងៃប៉ុណ្ណោះ។
រីឯអធិការស្រុកពាមរ លោក សេង ពន្លក បានប្រាប់ថា លោកបានបញ្ជូនសំណុំរឿងនេះទៅសាលាដំបូងខេត្តព្រៃវែង ដោយមានជនសង្ស័យចំនួន ៦នាក់។ ទន្ទឹមគ្នានេះ លោកបញ្ជាក់ថា អាជ្ញាធរកំពុងស្វែងរកចាប់ខ្លួនបុរសម្នាក់ជនជាតិវៀតណាម ដែលពលរដ្ឋចោទថា ជាអ្នកស្រែកបញ្ជាអោយសម្លាប់ទាំងប្ដីទាំងប្រពន្ធនោះដែរ ប៉ុន្តែជននោះបានរត់គេចខ្លួន។ លោកថា អាជ្ញាធរនៅតែបន្តស៊ើបអង្កេតករណីនេះ។
ទាក់ទងនឹងការបារម្ភរបស់ពលរដ្ឋខ្មែរនៅទីនោះពីរឿងសុវត្ថិភាព ផ្ទាល់ខ្លួនវិញ លោក សេង ពន្លក ថ្លែងថា លោកបានផ្ដល់លេខទូរស័ព្ទអាជ្ញាធរឲ្យពលរដ្ឋអស់ហើយដើម្បីផ្ដល់ ព័ត៌មានឲ្យអាជ្ញាធរនៅពេលពួកគេមានការគំរាមពីជនណាមួយ។
ជុំវិញឃាតកម្មលើជនជាតិខ្មែរនេះ មន្ត្រីស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ការប្រើអំពើហិង្សាជាក្រុមរហូតឈានដល់ការសម្លាប់នេះ គឺជាអំពើសាហាវឃោរឃៅបំផុត។ លោកជំរុញឲ្យអាជ្ញាធរបន្តចាប់ខ្លួនជនពាក់ព័ន្ធដទៃទៀតដើម្បី ទប់ស្កាត់កុំអោយមានគំនុំសងសឹក និងការរើសអើងជាតិសាសន៍៖ «»។
លោក អំ សំអាត លើកឡើងថា ករណីជនជាតិវៀតណាម វាយសម្លាប់ពលរដ្ឋខ្មែរនេះ គឺត្រូវអនុវត្តតាមច្បាប់ព្រហ្មទណ្ឌកម្ពុជា និងពិនិត្យលើច្បាប់អន្តោប្រវេសន៍ និងច្បាប់សញ្ជាតិថា ជនជាតិវៀតណាម ទាំងនោះ រស់នៅកម្ពុជា ស្របច្បាប់ដែរ ឬទេ?
មាត្រា ២០៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា ចែងថា ឃាតកម្មដែលកើតក្នុងពេល ឬក្រោយពេលប្រព្រឹត្តអំពើទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ បើទោះជាក្រមព្រហ្មទណ្ឌចែងពីស្ថានទម្ងន់ទោសធ្ងន់ធ្ងរយ៉ាងណាក៏ដោយ សង្គមស៊ីវិលថា គេកម្រឃើញសមត្ថកិច្ច ឬតុលាការអាចស្វែងរកយុត្តិធម៌ជូនក្រុមគ្រួសារជនរងគ្រោះណាស់៕
ទស្សនាវីដេអូដែលពាក់ព័ន្ធ
No comments:
Post a Comment