១១-សីហា-២០១៦៖ ប៉ុស្តិ៍ថ្មីដែលទាហានវៀតណាម រំលោភសង់នៅតំបន់ស ជិតបង្គោលព្រំដែនលេខ៣០ ចំណុចអូរកុមារ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ Photo ADHOC |
គណៈកម្មការ ព្រំដែន ថា នឹងដោះស្រាយ បញ្ហាវៀតណាម សង់ប៉ុស្តិ៍ ថ្មី នៅតំបន់ ស ដោយសន្តិវិធី
RFA / វិទ្យុ អាស៊ី សេរី | ១១ សីហា ២០១៦
ប្រធានគណៈកម្មការចម្រុះកិច្ចការព្រំដែនប្រទេសកម្ពុជា អះអាងនៅថ្ងៃទី១១ ខែសីហា ថា នឹងដោះស្រាយបញ្ហាទាហានវៀតណាម សង់ប៉ុស្តិ៍ខុសច្បាប់នៅតំបន់សព្រំដែនខេត្តរតនគិរី ជាប់ខេត្តយ៉ាឡាយ ប្រទេសវៀតណាម ដោយឈរលើគោលការណ៍ច្បាប់ និងការចរចាដោយសន្តិវិធី ដោយផ្អែកលើកិច្ចព្រមព្រៀងសន្តិភាពមិត្តភាពសហប្រតិបត្តិការនៃប្រទេស ទាំងពីរ។
ក្រសួងការបរទេសនៃប្រទេសកម្ពុជា ផ្ញើកំណត់ទូតជូនរដ្ឋាភិបាលវៀតណាម តាំងពីថ្ងៃទី២៩ ខែកក្កដា បន្ទាប់ពីអាជ្ញាធរខេត្តរតនគិរី រកឃើញថា ទាហានវៀតណាម បានរៀបចំសង់ប៉ុស្តិ៍ថ្មីមួយនៅចំណុចអូរកុមារ ជិតបង្គោលព្រំដែនលេខ៣០ ក្នុងឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ។
ប្រធានគណៈកម្មការចម្រុះកិច្ចការព្រំដែន លោក វ៉ា គឹមហុង មានប្រសាសន៍ថា ភាគីវៀតណាម អាចនឹងចំណាយពេលវេលាសិក្សាពីករណីនេះ ទើបយឺតយូរឆ្លើយតបកំណត់ទូតកម្ពុជា។ លោកថា គណៈកម្មការចម្រុះកិច្ចការព្រំដែនកម្ពុជា គ្រោងនឹងលើកបញ្ហានេះជម្រាបជូនសមភាគីវៀតណាម បន្ថែមទៀតក្នុងជំនួបប្រជុំនៅរាជធានីភ្នំពេញ ដែលគ្រោងធ្វើនៅថ្ងៃទី២៨ ខែសីហា៖ «យើង ទុកពេលវេលា ឲ្យគេ ទៅទាក់ទង អាជ្ញាធរ ដែនដីគេ ដើម្បី គេ ពិនិត្យ ដែលយើង ចោទប្រកាន់គេ ផង។ ឲ្យគេ មើលវែងឆ្ងាយ របាយការណ៍ មូលដ្ឋាន គេ អាហ្នឹង តាមខ្ញុំស្មាន, វា ត្រូវការ ពេលវេលា។»
ចំណែកអ្នកនាំពាក្យ និងជាអភិបាលរងខេត្តរតនគិរី លោក ញ៉ែម សំអឿន បញ្ជាក់ដែរថា អាជ្ញាធរខេត្តបានស៊ើបអង្កេតបន្ថែមរួចហើយមិនឃើញមានប៉ុស្តិ៍ថ្មី ផ្សេងទៀតដែលវៀតណាម សង់ក្នុងតំបន់ស ដូចការអះអាងរបស់ប្រជាពលរដ្ឋខ្មែររស់នៅភូមិឡំ នោះឡើយ។ លោកថា អ្នកភូមិអាចភ័ន្តច្រឡំ ពីព្រោះតំបន់នោះមានប៉ុស្តិ៍ចាស់មួយដែលវៀតណាម បានសង់ច្រើនឆ្នាំមកហើយ៖ «យកផ្លូវការ តែមួយទេ។ អាមួយថ្មី យើង រាយការណ៍ ទៅថ្នាក់ជាតិ អស់ហើយ។ មួយទៀត ប្រជាពលរដ្ឋ គាត់ ច្រឡំប៉ុស្តិ៍ចាស់ យូរហើយ។»
ប្រជាពលរដ្ឋភូមិឡំ លោក រចំ ខាំ កាលពីថ្ងៃអង្គារ ទី៩ សីហា កន្លងទៅ បញ្ជាក់ប្រាប់អ្នកយកព័ត៌មានអាស៊ីសេរី ថា អ្នកភូមិដែលឆ្លងចេញចេញភូមិវៀតណាម នៅជាប់នឹងភូមិឡំ ប្រទះឃើញប៉ុស្តិ៍ថ្មីមួយនោះមានទំហំប្រមាណ ១០០ម៉ែត្រក្រឡា។ បច្ចុប្បន្ន ភាគីវៀតណាម បានចាក់គ្រឹះ និងចាក់សសរកម្ពស់ ៤ម៉ែត្រកន្លះនៅជិតតំបន់វៀតណាម រំលោភជីកស្រះចំនួន៨ កាលពីឆ្នាំ២០១៥។
ស្នងការប៉ូលិសខេត្តរតនគិរី លោក ងួន គឿង បញ្ជាក់ថា តម្រួតព្រំដែនបានចុះអង្កេតទីតាំងនោះហើយ មិនឃើញមានប៉ុស្តិ៍ថ្មីសាងសង់ឡើយ។ លោកថា តម្រួតព្រំដែនបានបន្តឃ្លាំមើលដើម្បីទប់ស្កាត់ការលួចសង់ប៉ុស្តិ៍ ណាមួយនៅតំបន់សនោះ៖ «រឿងហ្នឹងតាំងពីពាក់ កណ្ដាលខែ៧ មក ខ្ញុំបានរាយការណ៍ទៅក្រសួង ទៅលើរួចហើយ តែមួយទេ។ ក្រែងបងប្អូនទៅមិនដល់ ខ្ញុំឲ្យចុះទៅមើលទៀតរាយការណ៍ថាអត់មានទេ។»
ប៉ុស្តិ៍ថ្មីដែលទាហានវៀតណាម រំលោភសង់នោះមានទំហំជាង ៣០០ម៉ែត្រក្រឡា បានចាក់គ្រឹះ និងត្រៀមចាក់សសរកាលពីចុងខែកក្កដា កន្លងទៅ។ តម្រួតព្រំដែនបញ្ជាក់ថា បច្ចុប្បន្ន ទាហានវៀតណាម នៅតែឆ្លៀតឱកាសលួចសង់ប៉ុស្តិ៍នោះបន្តទៀត។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សខេត្តរតនគិរី លោក ឆាយ ធី កត់សម្គាល់ថា ដោយសារបន្ទាត់ព្រំដែនចាប់ពីបង្គោលលេខ៣០ រហូតទៅដល់បង្គោលលេខ៣៨ មិនទាន់វាស់វែង ទើបភាគីវៀតណាម បំពានចូលតំបន់សហាមឃាត់ជាញឹកញាប់។ លោកថា តម្រួតព្រំដែន និងប្រជាពលរដ្ឋរស់នៅជិតតំបន់ព្រំដែន ត្រូវសហការឃ្លាំមើល និងរាយការណ៍ទាន់ពេលវេលាជូនអាជ្ញាធរ ក្នុងករណីមានការរំលោភថ្មីៗទៀតពីភាគីវៀតណាម៖ «មានតែ រួមគ្នា សាមគ្គីគ្នា ធ្វើយ៉ាងណា ជំរុញ ឲ្យភាគី វៀតណាម គោរពច្បាប់ ស្ដីពី បូរណភាព ដែនដី ជាដាច់ខាត។»
ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋជនជាតិដើមភាគតិចរស់នៅភូមិឡំ អះអាងថា រហូតបច្ចុប្បន្ន ភាគីវៀតណាម នៅតែបន្តឲ្យប្រជាពលរដ្ឋចូលមកដាំដំណាំ ដូចជាសណ្ដែក ដំឡូង នៅតំបន់ស អតីតកន្លែងវៀតណាម ជីកស្រះចំនួន៨ នៅជិតប៉ុស្តិ៍ការពារព្រំដែនភូមិឡំ ជាប់នឹងភូមិសេសៅ ឃុំយ៉ាណាង ប្រទេសវៀតណាម៕
To live in peace with Vietnam,
ReplyDeleteCambodia MUST be as strong
or stronger.
Yes, it can be done !!!