១៧-សីហា-២០១៦៖ ប៉ុស្តិ៍ចាស់របស់វៀតណាម ឋិតនៅជិតបង្គោលព្រំដែនលេខ៣០ នៅចំណុចមុខច្រកទ្វារព្រំដែនអន្តរជាតិស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ RFA |
អាជ្ញាធរ ខេត្តរតនគិរី មិនឲ្យ វៀតណាម សង់ខ្លោងទ្វារ នៅមុខប៉ុស្តិ៍ ច្រកទ្វារ ព្រំដែន អន្តរជាតិ
RFA / វិទ្យុ អាស៊ី សេរី | ១៧ សីហា ២០១៦
អាជ្ញាធរ ខេត្តរតនគិរី អះអាង ថា, វៀតណាម បានស្នើសុំ សង់ខ្លោងទ្វារ ច្រកទ្វារ ព្រំដែន អន្តរជាតិ ស្រុកដាក់កឺ ខេត្តយ៉ាឡាយ ប្រទេស វៀតណាម ជាប់ នឹងច្រកទ្វារ ព្រំដែន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី, ក៏ប៉ុន្តែ អាជ្ញាធរ ខេត្ត មិនទាន់ ឯកភាព ឲ្យសាងសង់ នៅឡើយ។ មន្ត្រី នាំពាក្យ សាលាខេត្ត បញ្ជាក់ថា, ខ្សែបន្ទាត់ ខណ្ឌព្រំដែន នៅចំណុចនោះ មិនទាន់មាន ការឯកភាពគ្នា នៅឡើយ។
អាជ្ញាធរ ខេត្តរតនគិរី នឹងបញ្ជូន របាយការណ៍ វៀតណាម ស្នើសុំ សង់ខ្លោងទ្វារ ប៉ុស្តិ៍ អន្តរជាតិ របស់ ភាគី វៀតណាម ទៅអាជ្ញាធរ ថ្នាក់ជាតិ ជួយដោះស្រាយ បន្ទាប់ ពីភាគី វៀតណាម បានធ្វើលិខិត ផ្លូវការ ស្នើសុំ មកអាជ្ញាធរ ខេត្ត។
អ្នកនាំពាក្យ និងជាអភិបាលរង ខេត្តរតនគិរី លោក ញ៉ែម សំអឿន បញ្ជាក់នៅថ្ងៃ ទី១៧ ខែសីហា ថា, អាជ្ញាធរ ខេត្តយ៉ាឡាយ ប្រទេស វៀតណាម បានដាក់លិខិត ស្នើសុំ សង់ប៉ុស្តិ៍នេះ មកអាជ្ញាធរខេត្ត ក្នុងកិច្ចប្រជុំ ទ្វេភាគី រវាង អាជ្ញាធរខេត្ត ទាំងពីរ នៅក្រុង បានលុង ខេត្ត រតនគិរី កាលពីថ្ងៃ ទី១៦ ខែសីហា។ លោក ថា, វៀតណាម សំអាង ថា, កន្លែងសង់ខ្លោងទ្វារ ប៉ុស្តិ៍ព្រំដែន ឋិតក្នុងដីវៀតណាម, ក៏ប៉ុន្តែ តាមកិច្ចព្រម ព្រៀងបោះបង្គោល ព្រំដែន នៃប្រទេស ទាំងពីរ កំណត់ ថា, តំបន់ព្រំដែន ដែលភាគី ទាំងពីរ មិនទាន់ ឯកភាពនោះ បង្គោលខណ្ឌ សីមា ត្រូវ រក្សាស្ថានភាព ដដែល មិនអនុញ្ញាត ឲ្យសាងសង់ ឬធ្វើអ្វី បានឡើយ៖ «រឿងព្រំដែនយើងបោះ តែបង្គោលសីមាយើងអត់ទាន់គិតគូរគ្នា។ ក្នុងកិច្ចការបច្ចេកទេសរឿងបោះព្រំដែនវាអ៊ីចឹងហើយ បានជាមានការជំទាស់ពីខាងយើង។ ធម្មតាការបោះបង្គោលព្រំដែន ហើយវានៅបង្គោលសីមាមួយទៀតចន្លោះមួយៗ ខាងណាខាងគេ ខាងណាខាងយើង។ ដោយសារមិនទាន់ច្បាស់លាស់ បានយើងទាមទារគេមិនឲ្យសាងសង់។»
បង្គោលព្រំដែនលេខ៣០ នៅចំណុចមុខច្រកទ្វារព្រំដែនអន្តរជាតិស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នោះ ភាគីប្រទេសទាំងពីរឯកភាពបោះផ្លូវការកាលពីខែធ្នូ ឆ្នាំ២០១៥។ ដោយឡែកចាប់ពីបង្គោលព្រំដែនលេខ៣០ ទៅទល់នឹងបង្គោលព្រំដែនលេខ៣៩ ចាប់ពីច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ទៅទល់នឹងខេត្តមណ្ឌលគិរី ភាគីទាំងពីរមិនទាន់ឯកភាពគ្នាបោះបង្គោលកំណត់ខ្សែបន្ទាត់ខណ្ឌ សីមានៅឡើយ។
តម្រួតព្រំដែនខេត្តរតនគិរី សុំមិនបញ្ចេញឈ្មោះឲ្យដឹងថា កាលពីពីរសប្ដាហ៍មុន ភាគីវៀតណាម បានដឹកគ្រឿងសម្ភារៈ និងឈូសឆាយទីតាំងដើម្បីសង់ខ្លោងទ្វារនោះ ក៏ប៉ុន្តែសមត្ថកិច្ចនៅតំបន់នោះហាមឃាត់មិនឲ្យសង់។
ទាក់ទិនសំណើសុំសង់ខ្លោងទ្វាររបស់ភាគីវៀតណាម នេះ ប្រធានគណៈកម្មការចម្រុះកិច្ចការព្រំដែន លោក វ៉ា គឹមហុង បញ្ជាក់ថា លោកមិនទាន់ទទួលរបាយការណ៍ពីអាជ្ញាធរខេត្តរតនគិរី នៅឡើយ។ លើសពីនេះ លោកថា វៀតណាម មិនអាចសង់ខ្លោងទ្វារនោះបានទេ ប្រសិនតំបន់នោះមិនទាន់ឯកភាពគ្នាវាស់វែងបោះបង្គោលព្រំដែនផ្លូវ ការរវាងប្រទេសទាំងពីរ៖ «ខ្ញុំមិនទាន់បាន ទទួលទេ ព្រោះយើងបានកំណត់ដោយការឯកភាពគ្នា។ ទាល់តែបានទទួលសិន បានខ្ញុំធ្វើអត្ថាធិប្បាយកើត។ តំបន់ហាមឃាត់មិនឲ្យធ្វើទេ គាត់ក៏ដឹងដែរ តែគាត់ចូលចិត្តតែរំលោភ។»
កាលពីចុងខែកក្កដា ទាហានវៀតណាម បានរំលោភសង់ប៉ុស្តិ៍មួយកន្លែងនៅក្នុងតំបន់សហាមឃាត់ ចំណុចអូរកុមារ ជិតប៉ុស្តិ៍ការពារព្រំដែនខ្មែរភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ។ ចំណែករាជរដ្ឋាភិបាល ក៏បានផ្ញើកំណត់ទូតទៅភាគីវៀតណាម ភ្លាមៗបន្ទាប់ពីអាជ្ញាធរខេត្តរតនគិរី ផ្តល់របាយការណ៍វៀតណាម រំលោភសង់ប៉ុស្តិ៍នេះ។ រហូតមកទល់នឹងបច្ចុប្បន្ន ភាគីវៀតណាម មិនទាន់ឆ្លើយតបកំណត់ទូតរបស់ភាគីកម្ពុជា យ៉ាងណាឡើយ។ ផ្ទុយទៅវិញ តម្រួតព្រំដែនខ្មែរនៅតំបន់នោះអះអាងថា វៀតណាម នៅតែបន្តសង់ប៉ុស្តិ៍ បើទោះបីតម្រួតព្រំដែនស្នើសុំឲ្យវៀតណាម គោរពកិច្ចព្រមព្រៀងបោះបង្គោលព្រំដែនដែលប្រទេសទាំងពីរបានចុះ ហត្ថលេខាក៏ដោយ៕
No comments:
Post a Comment