ឈើប្រណិតដែលសមត្ថកិច្ចរឹបអូសពីឈ្មួញជនជាតិវៀតណាម នៅឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦។ Photo Provided |
អាជ្ញាធរ ខេត្តស្ទឹងត្រែង បង្ក្រាបសិប្បកម្ម កែច្នៃ គ្រឿងសង្ហារិម ជនជាតិ វៀតណាម មួយកន្លែង
RFA / វិទ្យុ អាស៊ី សេរី | ២១ សីហា ២០១៦
មន្ត្រីរដ្ឋបាល ព្រៃឈើ និងសមត្ថកិច្ច ខេត្តស្ទឹងត្រែង បានបង្ក្រាប រោងសិប្បកម្ម កែច្នៃគ្រឿង សង្ហារិម ខុសច្បាប់ របស់ឈ្មួញ ជនជាតិ វៀតណាម មួយកន្លែង ឋិតនៅចំណុ ចអូចាំងហា ភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ កាលពីថ្ងៃទី២០ សីហា។ ប្រតិបត្តិការនោះ សមត្ថកិច្ចរឹបអូសម៉ាស៊ីនច្រៀកឈើមួយគ្រឿង និងឈើធ្នង់ជិត ១ពាន់ដុំ។ ចំណែកជនល្មើស សមត្ថកិច្ចមិនបានឃាត់ខ្លួនទេ។
អាជ្ញាធរឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ឲ្យដឹងថា សិប្បកម្មកែច្នៃគ្រឿងសង្ហារិមដែលមន្ត្រីរដ្ឋបាលព្រៃឈើបង្ក្រាបនោះ ជារបស់ឈ្មួញជនជាតិវៀតណាម ឈ្មោះ ហេង សំនៀង ហៅ យាយព្រឿង។ សិប្បកម្មនោះបានទទួលទិញឈើពីពលរដ្ឋដឹកចេញពីព្រៃឡង់ក្នុងស្រុក ឆែប និងស្រុកជ័យសែន ខេត្តព្រះវិហារ។ អ្នកភូមិថា ឈ្មួញជនជាតិវៀតណាម រូបនោះបើកសិប្បកម្មជាងមួយខែមកហើយ ដោយដាក់ឈ្មោះពលរដ្ឋខ្មែរជំនួស និងស្នើសុំអាជ្ញាធរមូលដ្ឋានថា ជាសិប្បកម្មលក្ខណៈគ្រួសារ។
សកម្មជនការពារព្រៃឡង់ខេត្តស្ទឹងត្រែង លោក ឈៀង វុទ្ធី កត់សម្គាល់ថា ឈ្មួញជនជាតិវៀតណាម ឈ្មោះ ហេង សំនៀង ហៅ យាយព្រឿង គឺជាឈ្មួញដុះស្លែក្នុងខេត្តស្ទឹងត្រែង ដែលល្បីខាងប្រមូលទិញឈើតាមដងទន្លេសេសាន និងទូទាំងខេត្តស្ទឹងត្រែង ច្រើនឆ្នាំមកហើយ។
លោកថា ឈ្មួញរូបនោះមានរោងសិប្បកម្មកែច្នៃគ្រឿងសង្ហារិម ៣កន្លែងក្នុងខេត្តស្ទឹងត្រែង ហើយរោងសិប្បកម្មធំជាងគេ គឺឋិតនៅឃុំព្រះបាទ ក្រុងស្ទឹងត្រែង ជាប់មាត់ទន្លេក្បែរស្ពានមេគង្គ។ លោកកត់សម្គាល់ថា នៅពេលពលរដ្ឋឃើញបទល្មើសព្រៃឈើទ្រង់ទ្រាយធំ បានរាយការណ៍ទៅអាជ្ញាធរ និងមន្ត្រីជំនាញដើម្បីបង្ក្រាប តែពុំមានលទ្ធផលទេ តែបែរជាឈ្មួញជនជាតិវៀតណាម រូបនោះគំរាមកំហែងពលរដ្ឋវិញ។ លោកសង្ស័យថា អាជ្ញាធរខេត្តស្ទឹងត្រែង មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តនេះ ហាក់ត្រូវថ្នាំសណ្ដំឈ្មួញរូបនោះ បន្ទាប់ពីដំណើរការដឹកជញ្ជូនឈើទ្រង់ទ្រាយធំ និងសិប្បកម្មកែច្នៃគ្រឿងសង្ហារិមកំពុងកើតមាន ពុំមានការទប់ស្កាត់៖ «មួយខេត្តស្ទឹងត្រែង យាយព្រឿង គឺជាឈ្មួញដ៏ធំនៅខេត្តស្ទឹងត្រែង។ មន្ត្រីរាជការទាំងអស់ ក៏អត់ហ៊ានចាប់យាយព្រឿង ទេ។ ប្រហែលជាត្រូវថ្នាំសណ្ដំយាយព្រឿង ហើយបានអត់មានចំណាត់ការទៅលើបទល្មើសព្រៃឈើ។ គាត់ធ្វើធំហើយខ្លាំងជាងគេ។»
អ្នកភូមិអះអាងទៀតថា កាលពីចុងខែកក្កដា ឆ្នាំ២០១៦ សមត្ថកិច្ចស្រុកសេសាន ប្រទះឃើញឈើប្រណិតជាង ៣០ម៉ែត្រគូបដឹកជញ្ជូនតាមទូក ឋិតនៅឃុំស្ដៅ ស្រុកសេសាន បំណងមកទីរួមខេត្តស្ទឹងត្រែង។ អ្នកភូមិថា ឈើទាំងនោះជារបស់ឈ្មួញជនជាតិវៀតណាម ឈ្មោះ ហេង សំនៀង ហៅ យាយព្រឿង ប៉ុន្តែពុំមានការបង្ក្រាបពីសមត្ថកិច្ចទេ។
អាស៊ីសេរី មិនអាចរកប្រភពទាក់ទងឈ្មួញជនជាតិវៀតណាម ឈ្មោះ ហេង សំនៀង ហៅ យាយព្រឿង ដើម្បីសុំការបំភ្លឺករណីនេះបានទេនៅថ្ងៃទី២១ សីហា។
នាយរងផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ លោក វ៉ា សុខា មិនអធិប្បាយករណីនេះទេនៅថ្ងៃទី២១ សីហា ដោយលោកថាកំពុងជាប់រវល់។
ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ួច ឡេង កត់សម្គាល់ថា រោងចក្រអារឈើកំពុងកើតមានច្រើនកន្លែង ហើយឈ្មួញបានប្រមូលទិញឈើនៅគ្រប់ទីកន្លែង ដូចជាតំបន់ព្រៃឡង់ និងតំបន់ព្រៃការពារច្រើនទៀតនៅខេត្តភាគឦសាន។ លោកសង្កត់ធ្ងន់ថា រោងចក្រអារឈើទាំងនោះជាប្រភពចម្បងនាំឲ្យមានការកាប់បំផ្លាញព្រៃ ឈើជាប្រព័ន្ធ។ លោករកឃើញថា មានឧកញ៉ា និងឈ្មួញមានអំណាចមួយចំនួន ពាក់ព័ន្ធបទល្មើសព្រៃឈើកន្លងមក ក៏នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើដដែល។ ហើយឈ្មួញឈ្មោះ ហេង សំនៀង ហៅ យាយព្រឿង នៅតែបន្តចរាចរឈើទ្រង់ទ្រាយធំ បើទោះបីជាគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ កំពុងបំពេញបេសកកម្មនៅខេត្តភាគឦសាននេះក្តី៖ «ឥឡូវ នេះ គឺមានរោងចក្រពីរទៅបីកន្លែងទៀតកំពុងតែដឹកជញ្ជូនឈើពីតំបន់ ការពារព្រៃឡង់ និងព្រៃព្រះរកា ជាដើម។ ក្នុងនោះ យាយព្រឿង ក៏មានការពាក់ព័ន្ធយ៉ាងជ្រៅ ហើយដឹកឈើដ៏ចំហ ដែលមានអាជ្ញាធរក៏ដូចជាកងកម្លាំងប្រដាប់អាវុធហ្នឹងនៅជួយការពារ មុខសិប្បកម្មជាដើម។ នេះជាការព្រួយបារម្ភរបស់ខ្ញុំយ៉ាងខ្លាំង។»
ពលរដ្ឋអះអាងថា មកទល់ពេលនេះ ដំណើរការកែច្នៃគ្រឿងសង្ហារិមខុសច្បាប់របស់ឈ្មួញជនជាតិវៀតណាម ក្នុងក្រុងស្ទឹងត្រែង មានប្រមាណ ៥កន្លែង ដូចជា រោងសិប្បកម្ម យាយព្រឿង រោងសិប្បកម្មជនជាតិវៀតណាម ឈ្មោះ ខាំ ប៊ុនម៉ឺន ហៅ ម៉ឺន និងរោងសិប្បកម្មជនជាតិវៀតណាម ឈ្មោះ យាយបូង ជាដើម។ រោងសិប្បកម្មទាំងនោះ កំពុងដំណើរការអារច្រៀកឈើក្នុងក្រុងស្ទឹងត្រែង ដោយសេរី និងគ្មានការបង្ក្រាបច្រើនឆ្នាំកន្លងមក។
កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ កងរាជអាវុធហត្ថខេត្តក្រចេះ បានឃាត់រថយន្តធំ ឬហៅថារថយន្តយីឌុបពីរគ្រឿងរបស់ឈ្មួញជនជាតិវៀតណាម ឈ្មោះ ហេង សំនៀង ហៅ យាយព្រឿង ដឹកឈើប្រណិតនៅខេត្តក្រចេះ រឹបអូសឈើបានចំនួនជាង ៥០ម៉ែត្រគូប។ សមត្ថកិច្ចថា រថយន្តទាំងនោះបំណងដឹកជញ្ជូនឈើឆ្លងដែនទៅប្រទេសវៀតណាម។ បន្ទាប់ពីឃាត់រថយន្តនោះ សមត្ថកិច្ចបញ្ជូនឯកសារទៅតុលាការ តែមកទល់ពេលនេះ ពុំឃើញមានចំណាត់ការផ្លូវច្បាប់ណាមួយពីតុលាការខេត្តក្រចេះ នៅឡើយ៕
No comments:
Post a Comment