តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន (រូបកណ្ដាល) ពេលនាំខ្លួនមកសវនាការ នៅតុលាការកំពូល នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦។ RFA/Rann Samnang |
តុលាការ កំពូល បដិសេធ បណ្ដឹង សូម នៅក្រៅឃុំ របស់ តំណាងរាស្ត្រ បក្សប្រឆាំង លោក អ៊ុំ សំអាន
RFA / វិទ្យុ អាស៊ី សេរី | ១៧ សីហា ២០១៦
តុលាការ កំពូល សម្រេច ច្រានចោល សំណើសុំ នៅក្រៅឃុំ បណ្ដោះអាសន្ន របស់ តំណាងរាស្ត្រ បក្សប្រឆាំង លោក អ៊ុំ សំអាន នៅព្រឹកថ្ងៃ ទី១៧ ខែសីហា។ ការប្រកាស សាលដីកា បដិសេធនេះ តុលាការ កំពូល លើកហេតុផល ថា, សេចក្តីសម្រេច របស់ សាលាឧទ្ធរណ៍ និងតុលាការ ដំបូង កន្លងមក គឺ ត្រឹមត្រូវ តាមច្បាប់។ មេធាវី របស់លោក អ៊ុំ សំអាន និងអ្នកវិភាគ ថា, សេចក្តីសម្រេច របស់ សាលាដំបូងនេះ មិន សមស្រប តាមច្បាប់ និងមិន មានជំហរ ឯករាជ្យ។
ក្រុមមេធាវីការពារក្តីឲ្យតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានបរាជ័យជាថ្មីទៀតចំពោះការស្នើសុំឲ្យកូនក្តីរបស់ខ្លួនបាននៅ ក្រៅឃុំបណ្ដោះអាសន្ន។
ចៅក្រមតុលាការកំពូល លោក សេង នាង បានអានសាលដីកានៅចំពោះមេធាវីដោយគ្មានវត្តមានលោក អ៊ុំ សំអាន ថា តុលាការកំពូលសម្រេចបន្តឃុំខ្លួនលោក អ៊ុំ សំអាន នៅក្នុងពន្ធនាគារព្រៃសតទៅទៀត តាមអំណាចសាលក្រមរបស់សាលាឧទ្ធរណ៍ គឺស្ថិតក្រោមហេតុផលថា ការឲ្យតំណាងរាស្ត្ររូបនេះនៅក្រៅឃុំ នោះអាចនឹងបង្កឲ្យមានភាពវឹកវរក្នុងសង្គម។
ចំពោះបញ្ហាអភ័យឯកសិទ្ធិសភាវិញនោះ លោក សេង នាង បញ្ជាក់ថា តុលាការកំពូល គ្មានសមត្ថកិច្ចពិចារណាតាមការស្នើសុំនោះទេ។
មេធាវីការពារក្តីលោក អ៊ុំ សំអាន គឺលោក ហែម សុជាតិ បានថ្លែងនៅក្នុងបរិវេណនៃតុលាការកំពូល ថា មេធាវី និងកូនក្តីមានការខកចិត្តយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចរបស់ តុលាការកំពូល។ លោកបញ្ជាក់ថា កូនក្តីរបស់លោក គឺជាតំណាងរាស្ត្រនៅមានអភ័យឯកសិទ្ធិ ដូច្នេះមិនគួរបន្តឃុំខ្លួនបណ្ដោះអាសន្ននោះទេ ព្រោះការឃុំខ្លួន និងការចោទប្រកាន់ លុះត្រាតែរដ្ឋសភាមានសមាជិកសភាយ៉ាងតិច ៨២រូប ឬសំឡេង ២ភាគ៣ ទើបអាចប្រជុំដកអភ័យឯកសិទ្ធិតាមរដ្ឋធម្មនុញ្ញបាន៖ «អ្វី ដែលសភាស៊ើបសួរ ក៏ដូចជាតុលាការកំពូលបញ្ជាក់ថា ខ្លួនអត់មានសមត្ថកិច្ចពិចារណាសិទ្ធិតំណាងរាស្ត្រនោះ គឺខ្ញុំគិតថា គឺជារឿងមិនត្រឹមត្រូវទេ ព្រោះទាំងតុលាការកំពូល ទាំងសភាស៊ើបសួរសាលាឧទ្ធរណ៍ គឺខ្លួនមានសិទ្ធិពិនិត្យរាល់នីតិវិធីទាំងអស់ ព្រោះតុលាការថ្នាក់លើ គឺសម្រាប់ត្រួតពិនិត្យអំពីការអនុវត្តភាពមិនត្រឹមត្រូវរបស់ តុលាការថ្នាក់ក្រោម។»
លោកមេធាវី ហែម សុជាតិ ថ្លែងបន្តថា ក្រុមមេធាវីនឹងពិនិត្យលើលទ្ធភាពនៃការប្ដឹងទៅក្រុមប្រឹក្សា ធម្មនុញ្ញកម្ពុជា ដើម្បីបកស្រាយអំពីធម្មនុញ្ញភាពនៃអភ័យឯកសិទ្ធិរបស់អ្នកតំណាង រាស្ត្រ។
កាលពីថ្ងៃទី១០ ខែសីហា មុនពេលតុលាការបើកសវនាការលើបណ្ដឹងសុំនៅក្រៅឃុំ លោក អ៊ុំ សំអាន និយាយថា លោក ហ៊ុន សែន និងសមាជិកបក្សកាន់អំណាច បានធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ។
វាមិនមែនជារឿងចម្លែកនោះទេចំពោះប្រព័ន្ធតុលាការនៅក្នុង ប្រទេសកម្ពុជា ដែលគេដឹងថា ភាគច្រើនឲ្យតែសាលាដំបូងសម្រេចយ៉ាងណាហើយ ពេលទៅប្ដឹងបន្តនៅសាលាឧទ្ធរណ៍ ឬតុលាការកំពូលនោះ លទ្ធផលភាគច្រើនអាចនៅដដែល ឬជួនកាលអាចធ្វើឲ្យផុងខ្លួនជាងមុនទៀតផង។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា មើលឃើញថា ការវិនិច្ឆ័យលើរឿងក្តីដែលពាក់ព័ន្ធនឹងបញ្ហានយោបាយ ដូចជាករណីលោក អ៊ុំ សំអាន នេះ គឺតុលាការមិនមានជំហរឯករាជ្យនោះឡើយ៖ «ឲ្យ តែរឿងពាក់ព័ន្ធនឹងរឿងនយោបាយយើងឃើញថា តុលាការមិនដែលបានផ្តល់សុភវិនិច្ឆ័យ ឬក៏កាត់ក្តីឲ្យអ្នកដែលជាប់ពាក់ព័ន្ធនោះឈ្នះក្តីនោះឡើយ។ ពាក់ព័ន្ធនឹងរឿងលោក អ៊ុំ សំអាន នេះដែរ យើងឃើញថា ពាក់ព័ន្ធនឹងការប្រើប្រាស់ផែនទី ពាក់ព័ន្ធនឹងបូរណភាពទឹកដីជាមួយនឹងប្រទេសវៀតណាម ក៏ប៉ុន្តែយើងឃើញហើយ បច្ចុប្បន្ន រដ្ឋាភិបាលក៏បានមើលឃើញដែរថា វៀតណាម នៅតែបន្តទន្ទ្រាន នៅតែបន្តចូលកាន់កាប់ទាំងខុសច្បាប់នៅក្នុងទឹកដីរបស់កម្ពុជា។ ទាំងអស់នេះយើងឃើញថា ជាចំណុចមួយវាឆ្លុះបញ្ចាំងថា អ្វីដែលលោក អ៊ុំ សំអាន គាត់ធ្វើ ក្នុងន័យចូលរួមចំណែកក្នុងការការពារនូវបូរណភាពទឹកដីរបស់កម្ពុជា ទៅវិញនោះទេ។»
លោក សូ ចន្ថា បន្ថែមថា លោក អ៊ុំ សំអាន និងមន្ត្រីគណបក្សប្រឆាំងផ្សេងទៀត អាចនឹងមានជោគវាសនារួចផុតពីការឃុំខ្លួន ប្រសិនបើគណបក្សទាំងពីរដែលមានអាសនៈនៅក្នុងរដ្ឋសភា ចរចាត្រូវរ៉ូវគ្នា និងមានឯកភាពជាតិ។
លោក អ៊ុំ សំអាន ដែលមានសញ្ជាតិអាមេរិកាំង និងជាអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទញុះញង់នាំឲ្យមានការ រើសអើង និងប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីលោកត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី១១ ខែមេសា។ ការចោទប្រកាន់នេះ បន្ទាប់ពីលោកបានធ្វើការអធិប្បាយនានានៅលើទំព័រហ្វេសប៊ុក (facebook) អំពី ការប្រើប្រាស់ផែនទី និងបោះបង្គោលព្រំដែនកម្ពុជា និងវៀតណាម។ ក្នុងពេលនាំខ្លួនចូលសវនាការនៅថ្ងៃទី១០ ខែសីហា លោក អ៊ុំ សំអាន បានស្រែកប្រាប់អ្នកសារព័ត៌មានថា អ្នកការពារព្រំដែនបែរជាជាប់ឃុំ ឯអ្នកកាត់ដីឲ្យប្រទេសវៀតណាម បែរជារួចខ្លួន។
យ៉ាងណាក៏ដោយចុះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ការចាប់ខ្លួនអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ុំ សំអាន គឺត្រឹមត្រូវតាមច្បាប់ ព្រោះលោក ហ៊ុន សែន ថាលោក អ៊ុំ សំអាន បានញុះញង់ឲ្យមានជម្លោះជាមួយប្រទេសជិតខាង ដោយសារការផ្សព្វផ្សាយផែនទី និងប្រើពាក្យសម្ដីក្នុងទិសដៅបំផុសបំផុល និងមានទិសដៅទម្លាក់នាយករដ្ឋមន្ត្រី។
បច្ចុប្បន្ន មានសមាជិក និងសកម្មជនគណបក្សសង្គ្រោះជាតិ យ៉ាងហោចណាស់ចំនួន ១៩រូបហើយកំពុងជាប់ឃុំឃាំង ក្នុងនោះក៏មានលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី ដែលជាប់ចោទក្នុងសំណុំរឿងផែនទី និងរឿងព្រំដែនកម្ពុជា-វៀតណាម ដូចលោក អ៊ុំ សំអាន ដែរ។ ចំណែកឯមេបក្សប្រឆាំងពីររូបវិញ ក៏កំពុងហ៊ុមព័ទ្ធដោយបណ្ដឹងដ៏មានអំណាចពីសំណាក់ក្រុមមេដឹកនាំ គណបក្សប្រជាជនកម្ពុជា ហើយតុលាការក៏កំពុងចាត់ការទៅមុខជាបន្តបន្ទាប់៕
This is the jungle law of the beast CPP government (created by Yuon/Vietnamese masters in Hanoi and secret Yuon/Vietnamese agents hiding in the beast CPP government) and Ah Yong Yuon Hun Sen (Ah Kork Hun Sen) really enjoys being protected and supported by his Yuon/Vietnamese masters and secret agents. Mr. Om Sam An will be our Khmer hero who represents all Khmer/Cambodian people and protects Khmer people from the beast CPP government and did the right things that Vietnamese/Yuon masters and his military (along with some stupid and dumb Yuon/Vietnamese folks) violated the Cambodian territory and constitution and Khmer King.
ReplyDelete