សកម្មភាពរបស់សមត្ថកិច្ចខណ្ឌដង្កោ ចាប់ខ្លួនសកម្មជនដីធ្លីដាក់លើរថយន្ត បញ្ជូនទៅអធិការដ្ឋាន ក្នុងពេលសកម្មជនដីធ្លីទាំងនោះ ធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ក្រោយពន្ធនាគារព្រៃស នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦។ RFA/Rann Samnang |
កម្ពុជា ប្រតិកម្ម ចំពោះ ការរិះគន់ ពីការរំលោភ សិទ្ធិមនុស្ស របស់ មន្ត្រី អង្គការ សហប្រជាជាតិ
RFA / វិទ្យុ អាស៊ី សេរី | ៩ កញ្ញា ២០១៦
ស្ថានបេសកកម្ម អចិន្ត្រៃយ៍ របស់ កម្ពុជា ប្រចាំ មន្ទីរ អង្គការ សហប្រជាជាតិ
និងអង្គការ អន្តរជាតិ នៅទីក្រុង ហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) នៅថ្ងៃ ទី៩ ខែកញ្ញា
ប្រតិកម្មទៅ នឹងអ្នកនាំពាក្យ នៃឧត្ដមស្នងការ អង្គការ សហប្រជាជាតិ ទទួលបន្ទុក សិទ្ធិមនុស្ស
អ្នកស្រី រ៉ាវីណា ស្សាំដាសានី (Ravina
Shamdasani) ដែលកាល ពីពេល ថ្មីៗនេះ
បានរិះគន់ ចំពោះ ការរំលោភ សិទ្ធិមនុស្ស នៅកម្ពុជា។
កាលពីថ្ងៃទី៦ ខែកញ្ញា អ្នកស្រី រ៉ាវីណា ស្សាំដាសានី
អ្នកនាំពាក្យនៃឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស
បានលើកឡើងពីបរិយាកាសគំរាមកំហែងទៅលើអ្នកនយោបាយបក្សប្រឆាំងនៅកម្ពុជា
ពីការប្រើប្រាស់ប្រព័ន្ធតុលាការរបស់បក្សកាន់អំណាចធ្វើបាបបក្សប្រឆាំង
និងពីការរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋខ្មែរជាដើម។
ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជា ប្រចាំមន្ទីរអង្គការសហប្រជាជាតិ
នៅទីក្រុងហ្សឺណែវ ប្រតិកម្មថា ការលើកឡើងរបស់មន្ត្រីនាំពាក្យរូបនេះ
គឺមានខ្លឹមសារបញ្ច្រាសគ្នាទៅនឹងការប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃជំនួបចុងក្រោយបង្អស់រវាងអគ្គលេខាធិការអង្គការសហប្រជាជាតិ
លោក បាន គីមូន (Ban Ki-Moon) ជាមួយលោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន កាលពីថ្ងៃទី៦ ខែកញ្ញា នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
បន្ថែមពីលើនេះ ពួកគេថា សារធាតុនៃបញ្ហាដែលអ្នកស្រី រ៉ាវីណា
ស្សាំដាសានី លើកឡើងគឺជាបញ្ហាផ្ទៃក្នុងរបស់កម្ពុជា សុទ្ធសាធ
ហើយក្នុងនាមជារដ្ឋអធិបតេយ្យមួយ
កម្ពុជាមិនអាចទទួលយកការមូលបង្កាច់ណាមួយចំពោះរដ្ឋាភិបាលស្របច្បាប់
ហើយក៏មិនទទួលបញ្ជា ឬទទួលយកការវិនិច្ឆ័យណាមួយពីតួអង្គបរទេសទាក់ទងនឹងស្ថាប័នតុលាការ
និងដំណើរការប្រព្រឹត្តិទៅនៃកិច្ចការរដ្ឋរបស់កម្ពុជា។
ក្រៅពីរិះគន់ពីការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលលើបក្សប្រឆាំង
និងការរឹតត្បិតលើសិទ្ធិសេរីភាពពលរដ្ឋ អ្នកស្រី រ៉ាវីណា ស្សាំដាសានី
ក៏សម្ដែងការព្រួយបារម្ភពីការសំញែងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលនៅក្បែរទីស្នាក់ការគណបក្សសង្គ្រោះជាតិ
និងការប្រកាសរបស់មន្ត្រីជាន់ខ្ពស់យោធាដែលប្ដូរផ្ដាច់ការពាររដ្ឋាភិបាល
ហើយប្រឆាំងទៅនឹងក្រុមដែលប្រឆាំងរដ្ឋាភិបាល។ អ្នកស្រី រ៉ាវីណា ស្សាំដាសានី
ទទូចឲ្យរដ្ឋាភិបាលធានានូវសុវត្ថិភាពដល់ពលរដ្ឋគ្រប់រូប
ហើយក៏ទទូចឲ្យរដ្ឋាភិបាលបង្កបរិយាកាសល្អសម្រាប់ការបោះឆ្នោតក្នុងពេលខាងមុខ។
មួយរយៈពេលចុងក្រោយនេះ
ការរិះគន់ពីសំណាក់សហគមន៍អន្តរជាតិមកលើរដ្ឋាភិបាលកម្ពុជា បានធ្លាក់មកជាបន្តបន្ទាប់
ខណៈដែលគេមើលឃើញថា ភាពតានតឹងនយោបាយកំពុងតែឡើងកម្ដៅកាន់តែខ្លាំងឡើងៗ
និងបន្ទាប់សកម្មជនការពារសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប. ត្រូវបានចាប់ខ្លួន
និងអ្នកវិភាគរិះគន់រដ្ឋាភិបាលត្រូវបានឃាតកបាញ់សម្លាប់។
ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា នេះដែរ
មន្ត្រីនៃឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា
ឲ្យអាស៊ីសេរី ដឹងនៅថ្ងៃទី៩ ខែកញ្ញា ថា
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា
អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នឹងធ្វើបទបង្ហាញជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
នៅថ្ងៃទី២៨ ខែកញ្ញា ខាងមុខ
ដើម្បីរាយការណ៍ពីបញ្ហាសិទ្ធិមនុស្សដែលអ្នកស្រីរកឃើញក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជា
កាលពីខែមីនា កន្លងទៅ និងហេតុការណ៍ទាំងឡាយដែលបានកើតឡើងក្នុងមួយរយៈពេលចុងក្រោយនេះ។
ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា កាលពីខែមីនា អ្នកស្រី រ៉ូណា ស្មីត
បានសម្ដែងការព្រួយបារម្ភដែលអ្នកស្រីថា ប្រទេសកម្ពុជា
គឺកំពុងខិតទៅជិតចំណុចកំពូលនៃគ្រោះថ្នាក់ហើយ៕
No comments:
Post a Comment