រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ថ្លែងនៅក្នុងវេទិកាថ្នាក់ជាតិលើកទីមួយស្ដីអំពី«ការការពារ និងអភិរក្សធនធានធម្មជាតិ» នៅវិមានសន្តិភាព នៅថ្ងៃច័ន្ទ ទី២២ ខែសីហា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ អង្គការសង្គមស៊ីវិល សកម្មជនបរិស្ថានរាប់សិបនាក់សម្ដែងការព្រួយបារម្ភអំពីបញ្ហាបរិស្ថាននៅកម្ពុជា។ (ឡេង ឡែន/VOA) |
លោក ហ៊ុន សែន ថា, ការចរចា នយោបាយ ធ្វើបាន តែ នៅក្នុងរដ្ឋសភា ប៉ុណ្ណោះ
VOA / វីអូអេ | ១៩ កញ្ញា ២០១៦
លោក ហ៊ុន សែន បន្ថែម ថា,
លោក មិនអាច ឲ្យនរណាម្នាក់ បំផ្លាញ ស្ថិរភាព នយោបាយ
និងសណ្ដាប់ ធ្នាប់សង្គម បានទេ, ហើយ ,
បក្សប្រឆាំង មិនត្រូវ យកករណី បុគ្គល ធ្វើជារឿង នយោបាយ, ហើយ មកគំរាម ធ្វើបាតុកម្ មឡើយ។
ភ្នំពេញ
—
ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី
ធ្វើឡើងក្រោយពេលគណបក្សប្រឆាំងប្រកាសពីគម្រោងធ្វើមហាបាតុកម្មទាមទារឲ្យមានដំណោះស្រាយនយោបាយ។
សមាជិកសភាបក្សប្រឆាំងធ្វើពហិការមិនចូលរួមប្រជុំសភា ក្រោយរដ្ឋាភិបាល
មានចំណាត់ការផ្លូវច្បាប់លើមេដឹកនាំគណបក្សសង្គ្រោះជាតិគឺលោក សម រង្ស៊ី
និងលោក កឹម សុខា ។
ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យបញ្ញាជាតិ
នៅព្រឹកថ្ងៃចន្ទនេះ លោក ហ៊ុន សែន ព្រមានបក្សប្រឆាំងថា
លោកនឹងចាត់វិធានការ
ប្រសិនជាបក្សប្រឆាំងគំរាមធ្វើបាតុកម្មដើម្បីទាមទារឲ្យមានការចរចា។
លោកបន្ថែមថា លោកមិនអាចឲ្យនរណាម្នាក់បំផ្លាញស្ថិរភាពនយោបាយ
និងសណ្ដាប់ធ្នាប់សង្គមបានទេ ហើយថា
បក្សប្រឆាំងមិនត្រូវយកករណីបុគ្គលធ្វើជារឿងនយោបាយហើយមកគំរាមធ្វើបាតុកម្មឡើយ។
លោកបញ្ជាក់ថា៖ «កុំស្អីឡើងគំរាមគេធ្វើបាតុកម្ម គំរាមគេធ្វើបាតុកម្មដើម្បីចរចា
អត់ផ្លូវទេអាពៅ និយាយគ្នាឲ្យច្បាស់។ ចង់ចរចានិយាយគ្នាឲ្យត្រង់
និយាយឲ្យស្រួល បាតុកម្មចរចា បើអញចរចា ឆ្កែសុទ្ធអ្ហា៎»។
លោក ហ៊ុន សែន បញ្ជាក់ថា
កម្ពុជាគ្មានវិបត្តិនយោបាយនោះទេ
ហើយលោកបានបង្ហើបពីវិធីដែលគណបក្សប្រឆាំងអាចចរចាបានថា៖ «កន្លែងតែមួយគត់ដើម្បីនិយាយគ្នាគឺសភា
នៅសភា អ្នកឯងដើរចោលសភា ហើយមានកន្លែងណាទៅជួបគ្នា
កន្លែងមានមិនទៅធ្វើទេ ដើរចោល ជួនកាលអាកន្លែងសភាហ្នឹង
វាមានប្រយោជន៍របស់វាដែរ គេមិនណាត់ជួបគ្នាមុនទេ ប៉ុន្តែគេចូលសភា
ដើរទៅចាប់ដៃ ចាប់ដៃហើយនិយាយពីរបីម៉ាត់អីរឿងនេះរឿងនោះទៅ
វារាលដាលដល់រឿងអញ្ចេះទៅ អាចបង្កើតការយោគយល់គ្នាខ្លះ»។
មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី និងលោក កឹម សុខា
ត្រូវបានតុលាការកាត់ទោសកំបាំងមុខដាក់ពន្ធនាគារក្នុងរឿងក្ដីផ្សេងៗគ្នា
ហើយតំណាងរាស្ត្រមួយចំនួន ត្រូវបានដកអភ័យឯកសិទ្ធិ
និងកំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ។
តំណាងរាស្ត្រគណបក្សប្រឆាំង លោក សុន ឆ័យ ប្រាប់ថា
គណបក្សសង្គ្រោះជាតិនឹងមិនធ្វើមហាបាតុកម្មនោះទេ
ប្រសិនជាមានការចរចាសមស្របដើម្បីដោះស្រាយបញ្ហានយោបាយដែលកំពុងកើតមាន។
ទោះជាយ៉ាងណា លោកថា ការប្រកាសរបស់លោក ហ៊ុន សែន
ហាក់បង្ហាញពីភាពវិជ្ជមានក្នុងការបើកផ្លូវឲ្យមានការចរចា ប៉ុន្តែលោកថា
ការប្រកាសនេះខុសពីមន្ត្រីថ្នាក់ក្រោមរបស់លោកដែលតែងប្រកាន់ជំហរថាគ្មានការចរចា។
លោកបញ្ជាក់ថា៖ «ឯកឧត្ដម កឹម សុខា ហ្នឹងគឺថាបានធ្វើការទាក់ទងទៅឯកឧត្ដម ស ខេង
ជាច្រើនដង តែឯកឧត្ដម ស ខេង បដិសេធ
មិនព្រមឲ្យមានការជួបជជែកតាមក្រុមសភានេះទេ
ដូច្នេះខ្ញុំថាត្រូវតែលោកបញ្ជាទៅក្រុមសភារបស់គណបក្សលោក
ឲ្យបន្តការជជែកគ្នាជាមួយគណបក្សសង្គ្រោះជាតិវិញ
ហើយយើងនឹងអាចជជែកគ្នាដើម្បីបន្ថយកម្ដៅនយោបាយដែលកំពុងកើតមាននេះ»។
អ្នកវិភាគពីការអភិវឌ្ឍសង្គម លោក មាស នី យល់ថា
ការប្រកាសរបស់លោក ហ៊ុន សែន
ហាក់បង្ហាញពីតម្រុយដែលអាចឲ្យគណបក្សធំៗទាំងពីរចរចាគ្នាបាន
ស្របពេលដែលការចរចាគឺជាជម្រើសដ៏ល្អបំផុតដើម្បីដោះស្រាយវិបត្តិដែលកំពុងកើតមាននៅកម្ពុជា។
លោកបន្ថែមថា មូលហេតុដែលលោក ហ៊ុន សែន
ហាក់បង្ហាញពីការចង់ចរចានេះ
ដោយសារកម្ពុជាកើតមានវិបត្តិជាបន្តបន្ទាប់ទាំងវិបត្តិនយោបាយ
និងវិបត្តិសេដ្ឋកិច្ច។
លោកមានប្រសាសន៍ថា៖ «គណបក្សប្រឆាំងកាលពីឆ្នាំ២០១៣ ដែលឃើញថាកើនឡើង
ហើយកម្លាំងចលករដែលគាំទ្រលោក កែម ឡី កាលពីពេលដែលឃាតកម្មលោក កែម ឡី
ក៏ជាការបង្ហាញមួយទៀត ហើយក្រោយៗគឺមានវិបត្តិកសិករហ្នឹងទៀត
គឺថាបូករួមទាំងអស់
វាជាសញ្ញាមួយដែលបង្ហាញឲ្យរដ្ឋាភិបាលហ្នឹងកាន់តែមានការព្រួយបារម្ភកាន់តែខ្លាំងឡើង
ទៅលើរាល់ស្ថានភាពនៃការក្រោកតវ៉ាទ្រង់ទ្រាយធំណាមួយ
អញ្ចឹងហើយទើបរដ្ឋាភិបាលហាក់ទន្ទេញច្រើនទៅលើពាក្យខ្លាចបដិវត្តន៍ពណ៌
ឬក៏បង្ក្រាបបដិវត្តន៍ពណ៌អីហ្នឹង
គាត់មានមូលហេតុគ្រប់គ្រាន់សម្រាប់ការភ័យខ្លាចហ្នឹង»។
គណបក្សសង្គ្រោះជាតិបានប្រកាសធ្វើមហាបាតុកម្ម ទាមទារឲ្យមានបរិយាកាសនយោបាយប្រក្រតីឡើងវិញ
ដើម្បីធានាឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងស្មើភាព
ក្រោយមានការចោទប្រកាន់មេដឹកនាំ និងឃុំខ្លួនសកម្មជនបក្សប្រឆាំង
ព្រមទាំងអ្នកការពារសិទ្ធិមនុស្សមួយចំនួន។
កាលពីចុងខែសីហា ឆ្នាំ២០១៦
មុនការប្រកាសធ្វើមហាបាតុកម្មរបស់គណបក្សប្រឆាំង
រដ្ឋាភិបាលបានចល័តទ័ពទាំងជើងគោក ជើងទឹក និងអាកាស
ក្បែរទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅសង្កាត់ចាក់អង្រែលើ
ចំថ្ងៃដែលតុលាការកោះហៅប្រធានស្ដីទីគណបក្សប្រឆាំង គឺលោក កឹម សុខា ចូលបំភ្លឺពីបទ
«មិនព្រមចូលខ្លួនតាមដីកាកោះហៅរបស់តុលាការ»
ដោយគ្មានមូលហេតុត្រឹមត្រូវ ពាក់ព័ន្ធនឹងសំណុំរឿងរបស់នាង
ខុម ចាន់តារ៉ាទី ហៅស្រីមុំ ពាក់ព័ន្ធនឹងបទសញ្ចារកម្ម។
ក្រោយមក
ក៏មានការចល័តកងកម្លាំងប្រដាប់អាវុធជាច្រើននៅមុខស្នាក់ការបក្សប្រឆាំងម្តងទៀត
បន្ទាប់ពី លោក ហ៊ុន សែន
ព្រមានបង្ក្រាបការប៉ុនប៉ងធ្វើបាតុកម្មរបស់មេដឹកនាំគណបក្សប្រឆាំង។
លោក ហ៊ុន សែន
បានលើកឡើងពីការចល័តទ័ពក្បែរស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិនៅសង្កាត់ចាក់អង្រែលើថា
រាជរដ្ឋាភិបាលមានសិទ្ធិបញ្ជាធ្វើសមយុទ្ធគ្រប់ពេល
ហើយថាការចល័តកងកម្លាំងនោះជាការសាកល្បងបញ្ជាកម្លាំងរួមត្រៀមប្រឆាំងនឹងភេរវកម្ម
មិនមែនជាការគំរាមគណបក្សប្រឆាំងនោះទេ។
លោកបញ្ជាក់ថា៖ «ថ្ងៃមួយខ្ញុំចង់ដឹងប្រតិកម្មកម្លាំង ខ្ញុំបញ្ជា៣៦នាទីពីសាំងហ្គាពួរ
ខ្ញុំចង់ដឹងប្រព័ន្ធបញ្ជា។ ៣៦នាទីកម្លាំងទាំងទឹកទាំងគោក
និងអាកាសចេញដំណើរបាន ប៉ុន្តែវាទាស់ វាបើកមកកាត់ស្នាក់ការគេខ្លះ
អាហ្នឹងគេថាដីគេ អាហ្នឹងដីខ្មែរ ទីណាក៏គេធ្វើបានដែរ
កុំឲ្យតែគេចូលស្នាក់ការយើង។ វាទៅជាគេគំរាម គេស្អីណា
ហើយចុះបើមានភេរវកម្មកើតឡើង តើកម្លាំងអាខ្លះ មួយទៅលិច មួយទៅកើត ម៉េចកើត
ធ្វើម៉េច។ កុំភ្លេចណាភេរវកម្ម វាវាយអត់រើសមុខទេ»។
គណបក្សសង្គ្រោះជាតិ
ចាត់ទុកការចល័តទ័ពនោះថាជាការគំរាមកំហែងដល់ថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រឆាំង
ព្រមទាំងបង្កឲ្យមានភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ
ជាពិសេសប៉ះពាល់ដល់ដំណើរការនៃការចុះឈ្មោះបោះឆ្នោត
និងការបោះឆ្នោតនាពេលខាងមុខ៕
No comments:
Post a Comment