Paris Peace Accords 23 Oct. 1991

Thursday, September 8, 2016

រដ្ឋមន្ត្រី​ ក្រសួង​ ព័ត៌មាន​ ថ្លែង​ការពារ​ បម្រាម​ មិនឲ្យ​ អ្នក​សារ​ព័ត៌មាន ​រាយ​ការណ៍​ រឿង​បោះឆ្នោត | Information Minister defends his ban of electon reporting by journalists

រូបភាព​ឯកសារ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​នៅ​ក្នុង​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​នៅ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៣ ខែឧសភា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)
រូបភាព​ឯកសារ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​នៅ​ក្នុង​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​នៅ​ ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៣ ខែឧសភា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

រដ្ឋមន្ត្រី​ ក្រសួង​ ព័ត៌មាន​ ថ្លែង​ការពារ​ បម្រាម​ មិនឲ្យ​ អ្នក​សារ​ព័ត៌មាន ​រាយ​ការណ៍​ រឿង​បោះឆ្នោត

VOA / វីអូអេ | ៧ កញ្ញា ២០១៦

មន្ត្រី​ គណៈ​កម្មាធិការ ជាតិ​ រៀបចំ​ ការ​បោះឆ្នោត ​(គ.ជ.ប.​) ​ថា, ​គ.ជ.ប.​ មិន​មាន​ច្បាប់​ ហាម​ មិន​ឲ្យ​ អ្នក​សារ​ព័ត៌មាន​​ រាយ​ការណ៍​ ព័ត៌មាន​ នោះ​ទេ។​

ភ្នំពេញ
កាល​ពី​សប្ដាហ៍​មុន ​រដ្ឋមន្ត្រី ក្រសួង​ ព័ត៌មាន​ បាន​ប្រកាស បម្រាម មិន​ឱ្យ​ អ្នក​សារ​ព័ត៌មាន​ ផ្សព្វផ្សាយ​ ព័ត៌មាន ​អំពី​ ដំណើរការ​ នៃ​ការ​បោះឆ្នោត ​នោះ​ទេ​ ​មុន​ពេល​បញ្ចប់​ ការ​បោះឆ្នោត។  នៅ​ថ្ងៃ​ពុធ​នេះ ​លោក​ រដ្ឋមន្ត្រី​ បានថ្លែង​ ថា, ​ការ​ដាក់​បម្រាមនេះ ​គឺ​ ធ្វើ​ឡើង​ តាម​ច្បាប់​ បោះឆ្នោត។  ​តែ ​មន្ត្រី គ.ជ.ប.​ ច្រាន​ចោល​ ការ​លើក​ឡើង​នេះ។​
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន អះអាង​ថា ​ការ​ហាម​មិន​ឱ្យ​សារ​ព័ត៌មាន​ផ្សាយ​អំពី​ដំណើរការ​នៃ​ការ​បោះឆ្នោត ​មុន​ពេល​ការ​បោះឆ្នោត​ត្រូវ​បាន​បញ្ចប់​នោះ ​គឺ​ស្រប​តាម​ច្បាប់​បោះឆ្នោត ​តែ​មន្ត្រី​គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.​) ​ថា ​គ.ជ.ប.​មិន​មាន​ច្បាប់​ហាម​មិន​ឲ្យ​អ្នក​សារ​ព័ត៌មានរាយ​ការណ៍​ព័ត៌មាន​នោះ ​ទេ។​

កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន នៅ​ក្នុង​សិក្ខា​សាលា​មួយស្ដីពី​នីតិវិធី ​និង​ច្បាប់​បោះឆ្នោត​ លោកខៀវ កាញារីទ្ធ​បាន​ថ្លែងថា ​ក្រសួង​ដាក់​បម្រាមមិន​ឱ្យ​អ្នក​សារ​ព័ត៌មាន​ធ្វើការ​រាយ​ការណ៍ ​ឬ​អត្ថាធិប្បាយ​លើ​ដំណើរការ​នៃ​ការ​បោះឆ្នោត​នោះ​ទេ ​នៅ​ពេល​ការ​បោះឆ្នោត​នៅ​មិន​ទាន់​ចប់។​

លោកខៀវ កាញារីទ្ធ​បាន​មាន​ប្រសាសន៍​ថា៖​

«ធម្មតា​ នៅ​ក្នុង​ពេល​ថ្ងៃ​បោះឆ្នោត ​ជាធម្មតា​ គេសុំ​ឱ្យ​អ្នក​កាសែត​នៅ​ស្ងាត់ស្ងៀម​ បាន​ន័យ​ថា ​ដោយសារ​យើង​យល់​ហើយ​ថា ​បួន​ប្រាំរឿង​មក​ហើយ​នេះ​ ​យើង​ដឹង​ថា ​របៀបការ​ផ្សព្វផ្សាយ​មាន​ពីរ​បែប។​ ទី១​ការ​ផ្សព្វផ្សាយ​ គ្រាន់តែ​យក​មនុស្ស​ពីរ​បី​នាក់ ​ហាក់​ដូចជា​បំពង​សំឡេង​ធំ ​ដូច្នេះ​ហើយ​ដែល​ធ្វើឱ្យមាន​ការ​ប៉ះពាល់​លើ​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​ បោះឆ្នោត។ ​និយាយ​រួម ​សូម​ឱ្យ​ស្ងាត់​ស្ងៀម​តែម្តង។​ នៅពេល​ដែល​ក្រោយ​ការ​បោះឆ្នោត​ បិទ​បញ្ជី ​បិទ​ហិប​បោះឆ្នោត​ហើយ​ ​ទើប​អ្នក​កាសែត​អាច​ធ្វើ​អត្ថាធិប្បាយ​អ្វី​ផ្សេងទៀត​បានហើយ​ដើម្បី​ឲ្យ​ ប្រជាជន​គាត់​មាន​ការ​ស្ងប់​អារម្មណ៍​របស់​គាត់​ក្នុង​ការងារ​នេះ»

ការ​ប្រកាស​ដាក់​បម្រាម​នេះ​ បានធ្វើ​ឱ្យ​មាន​ការ​រិះគន់​ពី​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​ព័ត៌មាន។​

ឆ្លើយ​នឹង​សំណួរ​របស់ក្រុម​អ្នក​សារ​ព័ត៌មាន​នា​ព្រឹក​ថ្ងៃពុធ​នេះ ​បន្ទាប់​ពី​ពិធី​បើក​វគ្គ​បណ្ដុះ​បណ្ដាលស្ដីពី​«សិទ្ធិ​ទទួល​បាន​ព័ត៌មាន»​ ​ លោកខៀវ កាញារីទ្ធ​បាន​ថ្លែង​ការពារ​ការណែនាំ​របស់​លោក​ថា ​បម្រាមនេះ​ធ្វើ​ឡើង​ដោយ​យោង​តាម​ច្បាប់​បោះ​ឆ្នោតដែល​គណបក្ស​នយោបាយ​ធំៗ​ ទាំង​ពីរ​បាន​ធ្វើ​ឡើង។​

លោកខៀវ កាញារីទ្ធ​មាន​ប្រសាសន៍​ថា៖​

«អ្នក​ដែល​រិះ​គន់​ហ្នឹង​គាត់​អត់​មើល​ច្បាប់​បោះឆ្នោត​ផង​ហ្នឹង! ​ច្បាប់​បោះឆ្នោត​ទេ​តើ​អា​ហ្នឹង!​ ហើយ​ច្បាប់​បោះ​ឆ្នោត​ជា​ការ​សម្រេច​រវាង​គណបក្ស​ធំៗ​ទាំង​ពីរ ​ដែល​បាន​ធ្វើ​ទេ​តើ!​ ​ ដូច្នេះ​អ្នក​ដែល​រិះគន់​ហ្នឹង​គាត់​អត់​មើល​ច្បាប់​ផង។ ​ខ្ញុំ​មាន​និយាយ​ខ្លួន​ខ្ញុំ​ឯណា? ​នេះ​ជា​ការ​អនុវត្ត​ច្បាប់​បោះ​ឆ្នោត​ទេតើ!»​

លោក​អះអាង​ទៀត​ថា ​បម្រាមនេះ​មិន​ប៉ះពាល់​ដល់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ​និង​សិទ្ធិ​ដឹង​ព័ត៌មាននោះ​ទេ​ ដោយ​លោក​បន្តថា ​ពលរដ្ឋ​អាច​ទទួល​បាន​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត​នេះ​តាម​ អ៊ិនធើណែត ​និង​តាម​បណ្ដាញ​សង្គម។​

យ៉ាងណាក៏ដោយ​ លោកហង្ស ពុទ្ធា ​សមាជិក ​និង​ជា​អ្នក​នាំពាក្យ​គ.ជ.ប.​ បាន​ប្រាប់​ VOA ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​បច្ចុប្បន្ន​មិន​មាន​ច្បាប់​ហាម​មិន​ឲ្យ​អ្នក​សារព័ត៌មាន​ធ្វើ​សេចក្តី​រាយ ​ការណ៍​នោះទេ ​លើក​លែង​តែ​ការ​ឃោនា​បោះឆ្នោត។​

លោក​មាន​ប្រសាសន៍​ថា៖​

«ច្បាប់​ហាម​តែ​ការ​ឃោសនា​ទេ​បាទ​ ឃោសនា​នៅ​ថ្ងៃ​រាប់​សន្លឹក​ឆ្នោត​ ហើយ​និង​ថ្ងៃ​បោះឆ្នោត​ហ្នឹង។ ​ចំណែក​ព័ត៌មាន​គឺ​ច្បាប់​មិនមាន​ចែង​ មិនមាន​ហាម​ទេ​ បាទ។  ប៉ុន្តែ​គ្រាន់​ថា ​ឥឡូវ​ហ្នឹង​ គ.ជ.ប.​អត់ទាន់​បាន​ពិភាក្សា​ទៅ​ដល់​ចំណុច​ហ្នឹង​ផង​ ដែល​ខ្ញុំ​ពិបាក​ឆ្លើយ​ណាស់​បាទ»
 
លោក ហង្ស ពុទ្ធា​ បាន​ឱ្យ​ដឹង​ដែរ​ថា ​គ.ជ.ប.​កំពុង​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ក្រម​សីលធម៌​មួយ​ចំនួន​ដែល​ក្នុង​ នោះ​ក៏​មាន​សេចក្ដី​ព្រាង​ច្បាប់​ពី​ក្រម​សីលធម៌​សម្រាប់​អ្នក​សារ​ព័ត៌មាន​ ក្នុង​ពេល​បោះឆ្នោត​ រួច​ហើយ​នឹង​បញ្ជូន​ឱ្យ​ភាគី​ពាក់ព័ន្ធ។​ ទោះយ៉ាងណា ​លោក​ឲ្យ​ដឹង​ថា ​ទាំង​នោះ​គ្រាន់​តែ​ជា​ក្រម​សីលធម៌​សម្រាប់​ដាស់​តឿន​ដល់​អ្នក​សារ​ព័ត៌មាន ​តែប៉ុណ្ណោះ​ មិនមែន​ជា​ច្បាប់​នោះ​ទេ។​

លោក​មឿន ឈានណារិទ្ធិ​ ​នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​សារ​ព័ត៌មាន​ មាន​ប្រសាសន៍​ថា ​នៅ​ក្នុង​សង្គម​ប្រជា​ធិបតេយ្យ​ អ្នក​សារ​ព័ត៌មាន​គួរ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​រាយ​ការណ៍ ​ជាពិសេស​នៅ​អំឡុង​ពេល​នៃ​ការ​បោះ​ឆ្នោត។ ​លោក​បន្ត​ថា ​អ្នក​សារ​ព័ត៌មាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ឃ្លាំមើល​តម្លា​ភាព​នៃ​ការ​ បោះ​ឆ្នោត​ ហើយ​រាយ​ការណ៍​ជូន​ពល​រដ្ឋ​ម្ចាស់​ឆ្នោត។​

លោក​មាន​ប្រសាសន៍​ថា៖​

«អញ្ចឹង ប្រសិន​បើ​[មាន​ការ]​ហាមប្រាម​មិន​ឱ្យអ្នក​សារ​ព័ត៌មាន​រាយ​ការណ៍​អំពី​ ដំណើរ​ការ​នៃ​ការ​បោះឆ្នោត​ ក្នុង​ពេលបោះឆ្នោត​ ក្នុង​ដំណាក់​កាល​ណា​មួយ​ក៏​ដោយ​ ទោះបី​មុន​ពេល​បោះឆ្នោត ​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត​ អំឡុង​ពេល​បោះ​ឆ្នោត ​និង​ក្រោយ​ពេល​បោះឆ្នោត​ក៏​ដោយ​ គឺ​វា​អាច​ធ្វើ​ឱ្យ​ដំណើរការ​នេះ​មិន​មាន​តម្លាភាព

លោក​មឿន ឈានណារិទ្ធិ​បន្ថែម​ថា ​ប្រសិន​បើ​មាន​ច្បាប់​ណាមួយ​ប៉ះពាល់អ្នក​សារព័ត៌​ក្នុង​ការ​បំពេញ​ភារកិច្ច ​របស់​ខ្លួន ​ច្បាប់​នោះ​គួរ​ត្រូវ​បាន​ពិនិត្យ​ឡើង​វិញ​ ដើម្បី​ឱ្យ​ស្រប​តាម​គោល​ការណ៍​លទ្ធិ​ប្រជា​ធិបតេយ្យ ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​សេរីភាព​សារ​ព័ត៌មាន។​

លោកពុយ គា ​អគ្គ​លេខាធិការ​ក្លឹប​អ្នក​កាសែត​កម្ពុជា​ មាន​ប្រសាសន៍​ថា​ អ្នក​សារ​ព័ត៌មាន​គួរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ​របស់​ខ្លួន មិន​ថា ​ពេល​ណា​នោះ​ទេ ​តែ​អ្នក​សារ​ព័ត៌មាន​ខ្លួន​ឯង​ក៏​ត្រូវ​ប្រកាន់​យក​នូវ​ក្រម​សីលធម៌​ និង​វិជ្ជាជីវៈ​សារ​ព័ត៌មាន​ឱ្យ​បាន​ត្រឹម​ត្រូវ​ដែរ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ធ្វើ​ម៉េច​ចង់​ឱ្យ​បំពេញ​តាម​វិជ្ជាជីវៈ​សារ​ព័ត៌មាន​យើង​ហ្នឹង​ ដើម្បី​ឱ្យ​មហា​ជន​ទូទៅ​ហ្នឹង​ទទួល​បាន​ព័ត៌មាន​ពិត​ប្រាកដ ​ជាជាង​យើង​លាប​ពណ៌ ​ជាជាង​យើង​ផ្សាយ​ល្អ​ម្ខាងៗ ​ហើយ​បង្អាប់​ម្ខាងៗ។​ នេះ​មិនមែន​ជា​វិជ្ជាជីវៈ​ទេ»

កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ ​ថ្ងៃ​ទី​៤​ ខែ​មិថុនា ​ឆ្នាំ​២០១៧ ​ចំណែក​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រនឹង​ប្រព្រឹត្ត​ទៅ​នៅខែ​កក្កដា​ ឆ្នាំ​២០១៨៕



No comments:

Post a Comment