Paris Peace Accords 23 Oct. 1991

Friday, September 30, 2016

គ.ជ.ប. ​ដោះស្រាយ ​បណ្ដឹង​ បាន​ជាង ​១០​ ករណី​ ទាក់ទង​ ដំណើរ​ការ ​ចុះ​ឈ្មោះ​ បោះ​ឆ្នោត | NEC resolved more than 10 cases of voter registration complaints

ចុះ​ឈ្មោះ​បោះ​ឆ្នោត ព្រែកប្រា ៨៥៥ ២០១៦
ពលរដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ កាល​ពី​ថ្ងៃ​ទី​១ កញ្ញា ឆ្នាំ​២០១៦។ RFA/Phann Yasy

គ.ជ.ប. ​ដោះស្រាយ ​បណ្ដឹង​ បាន​ជាង ​១០​ ករណី​ ទាក់ទង​ ដំណើរ​ការ ​ចុះ​ឈ្មោះ​ បោះ​ឆ្នោត


RFA / វិទ្យុ អាស៊ី សេរី | ២៩ កញ្ញា ២០១៦

អ្នក​ឃ្លាំមើល​ ការ​បោះ​ឆ្នោត​ លើក​ឡើង​ ថា. ការ​ចុះ​ឈ្មោះ ​បោះឆ្នោត ​ដំណើរ​ការ​ ទៅ​ល្អ, តែ ​យ៉ាង​នេះ​ក្ដី​ ក៏​មាន​បណ្ដឹង​ មួយ​ចំនួន​ ពី​គណបក្ស​ នយោបាយ​ ពី​ដំណើរ​ មិន​ប្រក្រតី​ មួយ​ចំនួន​ ទាក់ទង​នឹ ង​កិច្ចការ​បោះឆ្នោត​នេះ។
មន្ត្រី​ ជាន់​ខ្ពស់​ គណៈកម្មាធិការ​ ជាតិ​ រៀបចំ​ ការ​បោះឆ្នោត ឲ្យ​ដឹង​ ថា, គ.ជ.ប. កំពុងតែ​ ដំណើរការ​ ដោះស្រាយ ​បណ្ដឹង​ ទាំង​នោះ​ ហើយ។
មន្ត្រី​នាំ​ពាក្យ​ គណៈកម្មាធិការ ​ជាតិ ​រៀបចំ​ ការ​បោះ​ឆ្នោត​ លោក​បណ្ឌិត ហង្ស ពុទ្ធា ឲ្យ​ដឹង​ នៅ​ថ្ងៃ​ ទី​២៩ កញ្ញា ថា គ.ជ.ប. បាន​ដោះស្រាយ​បណ្ដឹង​ បាន​ប្រមាណ ១៤​បណ្ដឹង ក្នុង​ចំណោម ២០​បណ្ដឹង។

ការ​ដោះស្រាយ​បណ្ដឹង​នេះ នៅ​ខណៈ​ដែល​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស​ក្នុង​មួយ​ថ្ងៃ​គិត​ជា​មធ្យម គ.ជ.ប ចុះ​ឈ្មោះ​បាន​ជាង ១២​ម៉ឺន​នាក់។
លោក​បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា បណ្ដឹង​ពី​ប្រជាពលរដ្ឋ និង​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​បណ្ដឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​បញ្ជាក់​ថា បណ្ដឹង​របស់​គណបក្ស​ទាំង​ពីរ​នេះ គឺ​ប្ដឹង​ពី​ការ​រំខាន​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ប្ដឹង​ក្រុម​មេ​ឃុំ ចៅសង្កាត់ ពី​ការ​ចេញ​លិខិត​បញ្ជាក់​ទីលំនៅ​ដល់​ទាហាន ឬ​គ្មាន​ទីលំនៅ​ក្នុង​មូលដ្ឋាន​ឲ្យ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ប្ដឹង​ពី​ករណី​អនុញ្ញាត​ឲ្យ​ចុះ​ឈ្មោះ​បោះឆ្នោត​ចំពោះ​អ្នក​គ្មាន​សញ្ជាតិ​ខ្មែរ​ជាដើម៖ «គ.ជ.ប តែងតែ​ប្រជុំ​ជា​រៀងរាល់​ព្រឹក​ដើម្បី​ដោះស្រាយ​បណ្ដឹង​ជា​បន្តបន្ទាប់ ហើយ​បណ្ដឹង​ខ្លះ​ស្រាវជ្រាវ​ទៅ​មាន​ភាព​ប្រហាក់ប្រហែល​គ្នា។ នៅ​តំបន់​ផ្សេងៗ​គ្នា។ គ.ជ.ប សម្រេច​ចេញ​សេចក្ដី​ណែនាំ​ប្រកាស​ជា​រួម​ឲ្យ​គ្រប់​ភាគី​ទាំង​អស់​ឲ្យ​យក​ចិត្ត​ទុក​ដាក់ និង​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​នីតិវិធី និង​បញ្ជា​ផ្ទៃក្នុង»
ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត និង​នីតិកម្ម គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ម៉េង សុភារី មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ពាក្យ​បណ្ដឹង​ជាង ១០​បណ្ដឹង​ទៅ គ.ជ.ប។ តែ​ការ​ដោះស្រាយ​បណ្ដឹង​របស់​គណបក្ស​ប្រឆាំង​នេះ ខាង​នាយកដ្ឋាន​របស់​អ្នកស្រី​មិន​ទាន់​ដឹង​នៅ​ឡើយ។ អ្នកស្រី​ពន្យល់​ថា ក្នុង​ចំណោម​បណ្ដឹង​របស់​គណបក្ស​ប្រឆាំង​ជាង ១០​នោះ បណ្ដឹង​សំខាន់​គឺ​ប្ដឹង​មេឃុំ​មួយ​ចំនួន​មាន​នៅ​ខែត្រ​កណ្ដាល សៀមរាប ព្រះវិហារ ព្រះសីហនុ និង​រាជធានី​ភ្នំពេញ គឺ​ប្ដឹង​មេ​ឃុំ ឬ​ចៅសង្កាត់ ដែល​ធ្វើ​លិខិត​បញ្ជាក់​ទីលំនៅ​ដល់​អ្នក​ដែល​គ្មាន​ទីលំនៅ ឬ​ទី​សំណាក់ នៅ​ក្នុង​មូលដ្ឋាន​ខ្លួន បែរ​ជា​ចៅ-​សង្កាត់ មេ​ឃុំ​ទាំង​នោះ ចេញ​លិខិត​បញ្ជូន​ទីលំនៅ​ជូន ​ដែល​ខុស​ពី​ច្បាប់​បោះឆ្នោត៖ «គាត់​មិន​មែន​ជា​ពលរដ្ឋ​ក្នុង​សង្កាត់​ហ្នឹង​ផង គាត់​មក​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុង​ឃុំ​សង្កាត់​ហ្នឹង បោះ​ឆ្នោត​ក្នុង​ឃុំ​សង្កាត់​នោះ អ៊ីចឹង​គាត់​ការ​បោះឆ្នោត​នេះ​មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​សង្កាត់​នេះ​ទេ ដោយ​គាត់​ទៅ​បោះឆ្នោត​ហើយ គាត់​ទៅ​វិញ (អ្នក​មិន​មែន​នៅ​មូលដ្ឋាន​គាត់​បោះ​ឆ្នោត)»
ខ្លឹមសារ​ក្នុង​មាត្រា​១២ បញ្ជាក់​ថា ដើម្បី​បោះឆ្នោត​បាន ប្រជាពលរដ្ឋ​ត្រូវ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត និង​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ហើយ​ដើម្បី​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ប្រជាពលរដ្ឋ​ត្រូវ​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួន ដូចជា មាន​សញ្ជាតិ​ខ្មែរ មាន​អាយុ ១៨​ឆ្នាំ​ឡើង​ទៅ គិត​ដល់​ថ្ងៃ​បោះឆ្នោត មាន​ទី​លំនៅឋាន ឬ​ទី​សំណាក់​ក្នុង​ឃុំ សង្កាត់​ដែល​សាមី​ខ្លួន​ត្រូវ​បោះឆ្នោត មិន​ត្រូវ​ស្ថិត​ក្នុង​ស្ថានភាព​ជាប់​ពន្ធនាគារ ឬ​មិន​ត្រូវ​ដក​សិទ្ធិ​បោះឆ្នោត និង​ពុំ​មែន​ជា​ជន​វិកល​ចរិត ឬ​ស្ថិត​នៅ​ក្រោម​អាណាព្យាបាល​ទូទៅ​ដោយមាន​លិខិត​បញ្ជាក់​ពី​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច​ជាដើម។
នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និចហ្វិក (NICFEC) លោក សំ គន្ធាមី មាន​ប្រសាសន៍​ថា ការ​ចុះ​ឈ្មោះ​បោះឆ្នោត​កន្លង​មក​នេះ​ដំណើរ​ការ​ទៅ​ល្អ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​ដែល​ខាង​អង្គការ​លោក​មើល​ឃើញ គឺ​មេ​ឃុំ ចៅ​សង្កាត់ បាន​ចេញ​លិខិត​បញ្ជាក់​ឲ្យ​អ្នក​ដែល​គ្មាន​ទីលំនៅ​ក្នុង​មូលដ្ឋាន​ចុះ​ឈ្មោះ​បោះឆ្នោត​នោះ។ លោក​បញ្ជាក់​ថា គ.ជ.ប ត្រូវ​តែ​​ណែនាំ​ដល់​ចៅ​សង្កាត់ និង​មេ​ឃុំ​ទាំង​នោះ​ឲ្យ​យល់​ពី​ច្បាប់​បោះ​ឆ្នោត​ឲ្យ​បាន​ច្បាស់លាស់៖ «កន្លែង​ខ្លះ គ.ជ.ប មិន​បាន​ណែនាំ​ដល់​មេ​ឃុំ​ដល់​ចៅ​សង្កាត់​ទេ ព្រោះ​ថា កន្លែង​ខ្លះ​ចៅ​សង្កាត់​បាន​ចេញ​លិខិត​បញ្ជាក់​ទី​លំនៅ​ដល់​អ្នក​មក​ពី​កន្លែង​ផ្សេង ដូច​ជា​ទាហាន​អី បើ​គាត់​ប្រចាំ​ការ​នៅ​មូលដ្ឋាន​ណា គាត់​ត្រូវ​តែ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​កន្លែង​នោះ មិន​ត្រូវ​ទៅ​ចុះ​ឈ្មោះ​នៅ​កន្លែង​ផ្សេង​ទេ»
អ្នក​នាំ​ពាក្យ គ.ជ.ប លោក​បណ្ឌិត ហង្ស ពុទ្ធា អះអាង​ថា បើ​សិន​បើ គ.ជ.ប ដោះស្រាយ​បណ្ដឹង​ហើយ​រក​ឃើញ​ថា មេ​ឃុំ ចៅ​សង្កាត់ ឬ​មន្ត្រី​ពាក់ព័ន្ធ​ប្រព្រឹត្ត​ខុស​មែន​នោះ ត្រូវ​ទទួល​ទោស​ទៅ​តាម​ច្បាប់​ដែល​មាន​ជា​ធរមាន។
លោក​បន្ថែម​ថា ការ​ចុះ​ឈ្មោះ​បោះឆ្នោត គិត​មក​ទល់​ល្ងាច​ថ្ងៃ​ទី​២៨ ខែ​កញ្ញា មាន​ជិត​លាន ៣,៨​លាន​នាក់ (៣.៧៨៥.៦១៦) គិត​ជា​ភាគរយ​បាន ៣៩%។ លោក​បញ្ជាក់​ថា គ.ជ.ប នឹង​អាច​ចុះ​ឈ្មោះ​បាន​គ្រប់​ចំនួន​តាម​ផែនការ​កំណត់ ដែល​កាលបរិច្ឆេទ​ចុះ​ឈ្មោះ​គិត​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត និង​នីតិកម្ម គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ម៉េង សុភារី បញ្ជាក់​ថា ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ ក៏​រក​ឃើញ​ថា មាន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​​បាន​ទៅ​ចុះ​បោះ​ឆ្នោត​ដែរ។ អ្នកស្រី​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ ក៏​នឹង​ដាក់​ពាក្យ​បណ្ដឹង​ពី​ករណី​នេះ​ដែរ នៅ​ក្រោយ​ពេល គ.ជ.ប បិទ​បញ្ជី​ឈ្មោះ​បោះឆ្នោត ក្រោយ​ការ​ដំណើរ​ការ​ចុះ​បោះ​ឆ្នោត​បាន​បញ្ចប់ ព្រោះ​ថា ច្បាប់​តម្រូវ​ឲ្យ​ប្ដឹង​ពី​ករណី​ជនអន្តោប្រវេសន៍​នេះ​នៅ​ក្រោយ​ពេល​បិទ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត៕




No comments:

Post a Comment