អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦។ |
មន្ត្រី បក្សកាន់អំណាច នៅកម្ពុជា បដិសេធ សេចក្ដីសម្រេច លេខ ៧២៨ របស់ អាមេរិក
RFA / វិទ្យុ អាស៊ី សេរី | ១៣ កញ្ញា ២០១៦
មន្ត្រីជាន់ខ្ពស់ គណបក្ស កាន់អំណាច បដិសេធ មិនទទួលយក សេចក្ដីសម្រេច លេខ៧២៨ អនុម័ត ដោយតំណាងរាស្ត្រ មកពីគណបក្ស ប្រជាធិបតេយ្យ និងសាធារណរដ្ឋ ស្តីពី លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ នៅកម្ពុជា។ ចំណែក មន្ត្រី បក្សប្រឆាំងវិញ បានសាទរ ចំពោះ សេចក្ដីសម្រេចនេះ, ហើយ,ថា សហរដ្ឋអាមេរិក នៅតែ,មានឥទ្ធិពល,លើកម្ពុជា ទាំងកត្តា,នយោបាយ និងសេដ្ឋកិច្ច។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា សេចក្ដីសម្រេចរបស់តំណាងរាស្ត្រអាមេរិកនេះ គ្មានឥទ្ធិពលអ្វីលើកម្ពុជា ដែលជាប្រទេសមានអធិបតេយ្យ និងឯករាជ្យនោះទេ៖ «កម្ពុជាជាប្រទេសមានអធិបតេយ្យភាព និងឯករាជ្យភាព មានសិទ្ធិស្មើគ្នាទៅនឹងបណ្ដាប្រទេសដទៃទៀតលើពិភពលោក ប៉ុន្តែបើអោយយកវប្បធម៌សន្ទនាទៅដោះស្រាយជនល្មើសច្បាប់ដែលចេញពី អ្នកនយោបាយរបស់គណបក្សប្រឆាំងហ្នឹង គឺមិនអាចធ្វើទៅរួចទេ ពីព្រោះនេះគឺជាការក្បត់នីតិរដ្ឋ ហើយយកវប្បធម៌និទ្ទណ្ឌភាពមកអនុវត្តជំនួសនីតិរដ្ឋវិញ អាហ្នឹងគឺមិនបានទេ។»
សេចក្ដីសម្រេចលេខ ៧២៨ ស្តីពីប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា ធ្វើឡើងដើម្បីថ្កោលទោសគ្រប់ទម្រង់នៃការប្រើអំពើហិង្សាខាងផ្នែក នយោបាយ និងការដាក់ទណ្ឌកម្មចំពោះអំពើរំលោភសិទ្ធិមនុស្សដែលកំពុងកើតមាននៅ កម្ពុជា។
សេចក្ដីសម្រេចនេះទាមទារឲ្យរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយ គោរពសេរីភាពខាងសារព័ត៌មាន សិទ្ធិក្នុងការជួបប្រជុំ ការធ្វើបាតុកម្ម ការហ៊ាននិយាយរិះគន់រដ្ឋាភិបាល និងគាំទ្រការកែទម្រង់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ ដោយមានការចូលរួមសង្កេតការណ៍ពីសហគមន៍អន្តរជាតិ។
ទាក់ទងនឹងសេចក្ដីសម្រេចនេះដែរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អ្នកស្រី មូ សុខហួរ បញ្ជាក់ថា សហរដ្ឋអាមេរិកជាប្រទេសម្ចាស់ហត្ថលេខីលើកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ហើយសហរដ្ឋអាមេរិក នៅតែមានឥទ្ធិពលលើកម្ពុជា ក្នុងការឃ្លាំមើលដំណើរការប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការបោះឆ្នោតដោយយុត្តិធម៌ និងតម្លាភាព។
អ្នកស្រីបន្តថា ប្រសិនបើរដ្ឋាភិបាលកម្ពុជា ទាត់ចោលសេចក្ដីសម្រេចលេខ៧២៨ នេះមែន នោះរដ្ឋាភិបាលនឹងកាន់តែខាតបង់អាសនៈរបស់ខ្លួនថែមទៀតសម្រាប់ការ បោះឆ្នោតនៅអាណត្តិក្រោយ ដោយសារខ្លួនមិនដោះស្រាយវិបត្តិសង្គមដ៏ធ្ងន់ធ្ងរដែលកំពុងកើតឡើង នេះ៖ «នៅពេលណាដែលរដ្ឋាភិបាលនិយាយតែពីអធិបតេយ្យភាព ហើយមិនព្រមទទួលស្គាល់នូវអ្វីដែលជាការប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់ លទ្ធិប្រជាធិបតេយ្យទេ នៅពេលនោះប្រទេសដែលជាម្ចាស់ហត្ថលេខីលើកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស នៅតែមានកាតព្វកិច្ច។ គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សជាគោលការណ៍សកល។»
ប្រធានអង្គការសភាអន្តរជាតិមានមូលដ្ឋានក្នុងរដ្ឋមីនីសូតា (Minnesota) លោក សេក កុសល គាំទ្រចំពោះសេចក្តីដែលទើបបានអនុម័តនេះ ហើយថា ការសម្រេចនេះគឺជាឱកាសល្អសម្រាប់ពន្យល់ ឬផ្ដល់មេរៀនដល់តំណាងរាស្ត្ររបស់អាមេរិក ទាំងអស់ឲ្យយកចិត្តទុកដាក់អំពីហានិភ័យសង្គមដ៏ធ្ងន់ធ្ងរដែលកំពុង កើតមានឡើងនៅកម្ពុជា៖ «នេះគឺជាឱកាសដ៏ល្អមែនទែន! នេះគឺជាការសម្រេចមិនមែនការអនុវត្តទេ ដូច្នេះយ៉ាងហោចណាស់ក៏យើងអាចពន្យល់ និងផ្ដល់មេរៀនតំណាងរាស្ត្រយើងនៅសហរដ្ឋអាមេរិកនេះដែលមានចំនួន ៤៣៥នាក់។»
តំណាងរាស្ត្រសហរដ្ឋអាមេរិក លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) ដែលជាអ្នកផ្តួចផ្តើមបង្កើតសេចក្ដីសម្រេចនេះបានឡើងថ្លែងនៅក្នុង ពេលប្រជុំសភាពេញអង្គថា សេចក្ដីសម្រេចនេះគឺជាកម្លាំងចលករដ៏សំខាន់មួយក្នុងការជំរុញឲ្យ មានការអនុគោលការណ៍លទ្ធិប្រជាធិបតេយ្យឲ្យបានពេញលេញប្រកបដោយ តម្លាភាព។
តំណាងរាស្ត្ររូបនេះបានបញ្ជាក់ថា ការអនុម័តសេចក្ដីសម្រេចនេះ គឺជាការផ្ញើសារដ៏ខ្លាំងមួយដល់រដ្ឋាភិបាលទីក្រុងភ្នំពេញ ថាសហរដ្ឋអាមេរិក គាំទ្រពេញទំហឹងចំពោះការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។
ចំណែកលោក អេដ រ៉យ (Ed Royce) ដែលជាប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់សភាសហរដ្ឋអាមេរិក ជាអ្នកចូលរួមបង្កើតសេចក្ដីព្រាងសេចក្ដីសម្រេចនេះ បានបញ្ជាក់ក្នុងកិច្ចពិភាក្សាកាលពីថ្ងៃទី១២ ខែកញ្ញា ថា សេចក្ដីសម្រេចនេះគឺជាការរួមចំណែកក្នុងការស្វែងរកយុត្តិធម៌ដល់ ជនរងគ្រោះ ពីការប្រើអំពើហិង្សាផ្នែកនយោបាយ ដូចជាករណីការវាយប្រហារទៅលើលោក ញ៉យ ចំរើន និងលោក គង់ សភា ការបាញ់សម្លាប់អ្នកវិភាគនយោបាយ លោកបណ្ឌិត កែម ឡី ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយដល់មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី និងលោក កឹម សុខា ព្រមទាំងការឃុំខ្លួនសកម្មជនសិទ្ធិមនុស្ស និងសកម្មជននយោបាយជាច្រើនរូបទៀត។ លោកបន្តថា សេចក្ដីសម្រេចនេះ នឹងបើកផ្លូវបន្ថែមទៀតឲ្យក្រុមអ្នកតាក់តែងច្បាប់របស់អាមេរិក ក្នុងការធ្វើច្បាប់មួយដើម្បីរឹតត្បិតជំនួយបរទេស និងទំនាក់ទំនងរបស់ខ្លួនជាមួយកម្ពុជា៕
No comments:
Post a Comment