Paris Peace Accords 23 Oct. 1991

Tuesday, September 20, 2016

បក្ស​ប្រឆាំង​ ប្រកាស ​វិល​ចូល​សភា​ ដើម្បី​ ដោះស្រាយ​ វិបត្តិ​នយោបាយ | Opposition party announces a return to NatAss to resolve political crisis

សុន ឆ័យ ៨៥៥ ២០១៦
ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្រ្គោះជាតិ លោក សុន ឆ័យ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ក្បែរ​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​២០ កញ្ញា​ ឆ្នាំ​២០១៦។  RFA/Brach Chev

បក្ស​ប្រឆាំង​ ប្រកាស ​វិល​ចូល​សភា​ ដើម្បី​ ដោះស្រាយ​ វិបត្តិ​នយោបាយ


RFA / វិទ្យុ អាស៊ី សេរី | ២០ កញ្ញា ២០១៦


ក្រុម​ តំណាងរាស្ត្រ​ គណបក្ស​ សង្គ្រោះ​ជាតិ បង្ហាញ​ជំហរ​ ថា នឹង​វិល​ចូល ​ធ្វើ​ការ​ នៅ​សភា​ ជា​ថ្មី បន្ទាប់​ ពី​បាន ​ធ្វើ​ពហិការ​ មិន​ចូល​ប្រជុំ​ សភា​ ពេញ​អង្គ​ អស់​រយៈពេល​ ជិត ៤​ខែ ​រួច​មក។  ចំណែក​ អ្នក​វិភាគ​ នយោបាយ​ ស្វាគមន៍​ ចំពោះ ​ការ​ដោះស្រាយ​ បញ្ហា​នយោបាយ ​ដែល​មិន ​ធ្វើ​ឲ្យ​ ពលរដ្ឋ​ប៉ះទង្គិច​គ្នា​ នឹង​ក្រុម ​កងកម្លាំង ​រដ្ឋាភិបាល។ ​
ការ​អះអាង​វិល​ចូល​សភា​ម្ដង​នេះ ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង លោក សុន ឆ័យ ព្រមាន​ថា នឹង​ស្នើ​ដក​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ព្រមទាំង​កោះ​ហៅ​រដ្ឋមន្ត្រី​មួយ​ចំនួន​ទៀត​មក​ឆ្លើយ​បំភ្លឺ​ផ្ទាល់​មាត់​នៅ​រដ្ឋ​សភា។ ​ចំពោះ​ការ​ដោះស្រាយ​បញ្ហា​នយោបាយ​វិញ ត្រូវ​បាន​លោក សុន ឆ័យ រំពឹង​ថា សកម្មជន និង​មន្ត្រី​របស់​ខ្លួន​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ នឹង​អាច​ចេញ​ក្រៅ​ឃុំ​ក្នុង​រយៈពេល​ជាង ២​ខែ​ទៀត។
ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​ពេល​ចូល​សួរសុខទុក្ខ​តំណាងរាស្ត្រ លោក អ៊ុំ សំអាន សមាជិក​ព្រឹទ្ធ​សភា លោក ហុង សុខហួរ និង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ដទៃ​ទៀត ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា លោក សុន ឆ័យ ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និយាយ​ថា ការ​វិល​ចូល​សភា​ម្ដង​នេះ ជា​ការ​ដោះស្រាយ​បញ្ហា​នយោបាយ​តាម​ផ្លូវ​ត្រជាក់ ហើយ​នេះ​ជា​ការ​ចង់​បាន​របស់​មជ្ឈដ្ឋាន​អន្តរជាតិ៖ «សម្ដេច​នាយករដ្ឋមន្ត្រី លោក​មាន​ប្រសាសន៍​អំពី​ការ​ជជែក​គ្នា​កុំ​ឲ្យ​មាន​គំរាម​ធ្វើ​បាតុកម្ម នេះ​ជា​សញ្ញា​មួយ​ហាក់​ដល់​ពេល​យើង​អាច​បញ្ចប់​រឿង​ដោយ​មិន​ឲ្យ​ប៉ះពាល់​កិត្តិយស​ខាង​ណា​ទេ»
​លោក សុន ឆ័យ ថា លោក​កំពុង​រៀបចំ​ឯកសារ​កោះ​ហៅ​រដ្ឋមន្ត្រី​មួយ​ចំនួន​មក​បំភ្លឺ​ផ្ទាល់​មាត់​នៅ​រដ្ឋសភា។ ក្នុង​នោះ​រួម​មាន រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង និង​កោះហៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា មក​ភ្លឺ​សា​ជា​ថ្មី​ទៀត។ ក្នុង​ចំណោម​រដ្ឋមន្ត្រី​ទាំង​នោះ លោក សុន ឆ័យ លើក​ឡើង​ថា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង គួរ​តែ​សុំ​លាលែង​ចេញ​ពី​តំណែង ព្រោះ​ពលរដ្ឋ​ខ្មែរ​រង​គ្រោះ​យ៉ាង​ខ្លាំង​ពី​វិស័យ​សុខាភិបាល​នេះ។
លោក​ថា បើ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ទៅ​ឆ្លើយ​បំភ្លឺ​នៅ​សភា ឆ្លើយ​មិន​ត្រឹមត្រូវ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៣០​រូប នឹង​ស្នើ​ទៅ​សភា​ដើម្បី​ប្រជុំ​ពេញអង្គ​ដក​តំណែង​លោក ម៉ម ប៊ុនហេង ពី​រដ្ឋមន្ត្រី៖ «ខ្ញុំ​នឹង​សួរ​គាត់​ឲ្យ​គាត់​ឆ្លើយ​ឲ្យ​ត្រឹមត្រូវ បើ​មិន​ឆ្លើយ​ទេ យើង​នឹង​ឈាន​ទៅ​ដល់​ការ​បោះ​ឆ្នោត​ទម្លាក់​គាត់។ ខ្ញុំ​សូម​ជម្រាប​ថា សមាជិក​សភា​គណបក្ស​សង្រ្គោះ​ជាតិ​មាន ៥៥​រូប ហើយ​ច្បាប់​តម្រូវ​តែ ៣០ ទេ ទោះ​បោះ​ឆ្នោត​ធ្លាក់​មិន​ក៏​ល្អ​មើល​ដែរ ព្រោះ​បញ្ហា​សុខាភិបាល​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​បញ្ហា​ច្រើន​ឆ្នាំ​ហើយ»
​តែ​ទោះ​យ៉ាង​ណា​ក្តី គណបក្ស​សង្គ្រោះ​ជាតិ គ្មាន​សំឡេង​គ្រប់គ្រាន់​ដើម្បី​ដក​តំណែង​រដ្ឋមន្ត្រី​ណា​មួយ​បាន​ទេ ប្រសិនបើ​គ្មាន​ការ​ចូលរួម​ពី​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច ខណៈ​ច្បាប់​តម្រូវ​ឲ្យ​មាន​សំឡេង​គាំទ្រ ៥០​ភាគរយ បូក​មួយ ឬ​ស្នើ​ចំនួន​តំណាងរាស្ត្រ​ចំនួន ៦២​រូប​ឡើង​ទៅ ដើម្បី​ចូលរួម​បោះឆ្នោត​ទម្លាក់។ អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ឲ្យ​ដឹង​ថា នៅ​ខែ​តុលា​ខាង​មុខ សភា​នឹង​ចូល​កង​វិញ​ដែល​អាច​ដល់​កិច្ច​ប្រជុំ​ពេញ​អង្គ​ទាក់ទង​ការ​ប្រជុំ​សម្រេច​អ្វី​មួយ។ លោក​ឲ្យ​ដឹង​ដែរ​ថា ថ្ងៃ​ទី​២៨ ខែ​កញ្ញា ខាង​មុខ​នេះ គណៈកម្មការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា នឹង​ប្រជុំ​លើ​សំណើ​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្នើ​រដ្ឋ​សភា​កែប្រែ​ច្បាប់​បី​ទាក់ទង​តុលាការ មុន​នឹង​រុញ​សំណើ​នោះ​ទៅ​ណា​ទៀត។ ​
អ្នក​វិភាគ​នយោបាយ លោក សូ ចន្ថា ស្វាគមន៍​ការ​រក​ដំណោះស្រាយ​ដំណោះស្រាយ​នយោបាយ​ដែល​មិន​ប្រឈម​កម្លាំង​ដាក់គ្នា​រវាង​ពលរដ្ឋ និង​កងកម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល៖ «នេះ​ជា​ជម្រើស​មួយ​ដែល​អាច​បញ្ចៀស​បាន​អំពើ​ហិង្សា ខ្ញុំ​គិត​ថា ជា​ជម្រើស​ល្អ​ដែល​អាច​ផ្តល់​សុខ​សន្តិភាព​ដល់​ពលរដ្ឋ»
ការ​ប្រកាស​ជំហរ​របស់​បក្ស​ប្រឆាំង​ចូល​ប្រជុំ​សភា​វិញ​នេះ បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា បើ​លោក​ចរចា​ជាមួយ​បក្ស​ប្រឆាំង​ដោយ​ការ​គំរាម​បាតុកម្ម គឺ​លោក «ឆ្កែ​សុទ្ធ»។ ប៉ុន្តែ​លោក​ប្រកាស​ថា បើ​ចង់​និយាយ​គ្នា​មាន​តែ​បក្ស​សង្គ្រោះ​ជាតិ វិល​ចូល​សភា​ធ្វើការ​វិញ។
បើ​ទោះ​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​វិល​ចូល​វិញ​ក្ដី ប៉ុន្តែ​លោក សុន ឆ័យ ថា ប្រសិនបើ​គណបក្ស​នេះ​នៅ​តែ​រង​ការ​រំលោភ​បំពាន​ពី​សំណាក់​គណបក្ស​កាន់​ដដែល​គណបក្ស​នេះ​នៅ​តែ​រក្សា​សិទ្ធិ​ក្នុង​ការ​រក​ដំណោះស្រាយ​ដោយ​មហា​បាតុកម្ម​របស់​ខ្លួន​ដដែល៕



2 comments:

  1. Anonymous10:03 PM

    This comment has been removed by a blog administrator.

    ReplyDelete
  2. Anonymous10:04 PM

    This comment has been removed by a blog administrator.

    ReplyDelete