Paris Peace Accords 23 Oct. 1991

Saturday, September 3, 2016

បក្ស​ប្រឆាំង​ គ្រោង​ដាក់​ញត្តិ​ រក​អន្តរាគមន៍​ ដើម្បី​ ឲ្យ​មេដឹកនាំបក្ស​​ បាន​ចូលរួម​ បោះ​ឆ្នោត | Opposition party to submit petition seeking intervention for party leaders to vote

សម រង្ស៊ី កឹម សុខា ៦២០
លោក សម រង្ស៊ី (ស្ដាំ) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​វេទិកា​រាស្ត្រ និង​តំណាង​រាស្ត្រ​នា​ឃុំ​ផ្អាវ ស្រុក​បាធាយ ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៥។
Photo from Kem Sokha Facebook Page

បក្ស​ប្រឆាំង​ គ្រោង​ដាក់​ញត្តិ​ រក​អន្តរាគមន៍​ ដើម្បី​ ឲ្យ​មេដឹកនាំបក្ស​​ បាន​ចូលរួម​ បោះ​ឆ្នោត

RFA / វិទ្យុ អាស៊ី សេរី | ៣ កញ្ញា ២០១៦




គណបក្ស ​សង្គ្រោះ​ជាតិ គ្រោង​ នឹង​ដាក់​ញត្តិ​ ទៅ​បណ្ដា​ប្រទេស ​ជា​ម្ចាស់​ហត្ថលេខី​ នៃ​កិច្ច​ ព្រមព្រៀង​ សន្តិភាព ​ទីក្រុង​ប៉ារីស និង​បណ្ដា​ប្រទេស​ ជា​សមាជិក ​អាស៊ាន នៅ​ថ្ងៃ​ ទី​៥ ខែ​កញ្ញា ខាង​មុខ ដើម្ បី​សុំ​អន្តរាគមន៍ ​ធ្វើ​យ៉ាង​ណា​ ​ឲ្យ​ប្រធាន និង​អនុ​ប្រធាន​ គណបក្ស​ ដែល​កំពុង​ មាន​ទោស និង​ជាប់​បណ្ដឹង ​បាន​ចូលរួម​ ក្នុង​ដំណើរការ​ បោះឆ្នោត។  មន្ត្រី​នាំ​ពាក្យ​ គណបក្ស​ កាន់​អំណាច ​ហៅ​ការ ដាក់​ញត្តិ​នេះ ​ថា ហាក់ ​ជា​រឿង ​អត់​ប្រយោជន៍។
មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ចាត់​ទុក​គម្រោង​ការ​ដាក់​ញត្តិ​ របស់​គណបក្ស​ប្រឆាំង​ថា ជា​សិទ្ធិ​របស់​គណបក្ស​នេះ ប៉ុន្តែ​ក៏​ជា​វិធានការ​ដែល​បង្ហាញ​ថា គណបក្ស​នេះ​កំពុង​ទាល់​ច្រក។

អ្នក​តំណាងរាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ប្រទេស​ទាំង​១៨ ដែល​ម្ចាស់​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ក៏​មិន​ខុស​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន​ដែរ គឺ​ពុំ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ឡើយ៖ «ហត្ថលេខី​ កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស និង​បណ្ដា​ប្រទេស​ក្នុង​សមាគម​អាស៊ាន​ពុំ​មាន​ភារកិច្ច និង​តួនាទី​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​របស់​ប្រទេស​នានា​នៅ​លើ​ពិភពលោក ដែល​សមាជិក​អង្គការ​សហប្រជាជាតិ ឬ​សមាជិក​​អាស៊ាន​ទេ ពីព្រោះ​ក្នុង​ហ្នឹង​​ជា​ទំនាក់ទំនង​រវាង​អង្គការ​សហប្រជាជាតិ កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ឬ​ក៏​សមាគម​អាស៊ាន​ហ្នឹង គឺ​ទាក់ទង​តែ​ជាមួយ​​រដ្ឋាភិបាល​បណ្ដា​ប្រទេស​មិន​ទាក់ទង​នឹង​គណបក្ស​នយោបាយ ​ទេ»

ការ​លើក​ឡើង​របស់​អ្នកនាំ​ពាក្យ​គណបក្ស​កាន់​អំណាច​នៅ​ពេល​នេះ ​បន្ទាប់​ពី​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​កញ្ញា វាយ​តម្លៃ​ថា ស្ថានភាព​តានតឹង​ផ្នែក​នយោបាយ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​បក្ស​ប្រឆាំង​នៅ​ពេល​នេះ ​កំពុង​រុញច្រាន​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា អោយ​ឃ្លាត​ឆ្ងាយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ៖ «កាល​ណា​គេ​និយាយ​ពី​បរិយាកាស​ដែរ​ហ្នឹង គឺ​គេ​និយាយ​អំពី​អត់មាន​ការ​ចាប់​ចង អត់​មាន​ការ​ចោទ​ប្រកាន់ អត់​មាន​ការ​ចាប់​អ្នក​នយោបាយ​ដាក់​គុក អត់​មាន​ការ​រារាំង​មេដឹកនាំ​គណបក្ស​នយោបាយ មិន​អោយ​មក​ចូលរួម​​ក្នុង​យុទ្ធនាការ។ បើ​សិន​ជា​បរិយាកាស​មួយ​មេដឹកនាំ​គណបក្ស​នយោបាយ​ធំៗ ដែល​ជា​គូ​ប្រកួត​ដែល​មាន​កម្លាំង​ប្រហាក់​ប្រហែល​គ្នា​​​​មិន​អាច​មក​ ចូលរួម​ការ​ចុះ​ឈ្មោះ​បាន មិន​អាច​មក​ចូលរួម​​​ធ្វើ​យុទ្ធនាការ​បាន មិន​អាច​ធ្វើ​សកម្មភាព​នយោបាយ​បាន គេ​មិន​អាច​ថា ការ​បោះឆ្នោត​ហ្នឹង សេរី ត្រឹមត្រូវ និង​យុត្តិធម៌​បាន​ទេ»

មក​ដល់​ពេល​នេះ​មាន​មន្រ្តី និង​សកម្មជន​គណបក្ស​ប្រឆាំង​ចំនួន ១៩​នាក់​ កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ដែល​សំណុំ​រឿង​ទាំង​នោះ​ត្រូវ​បក្ស​នេះ និង​អ្នក​សង្កេតការណ៍​សិទ្ធិមនុស្ស​ចាត់​ទុក​ថា ជា​រឿង​នយោបាយ​ច្រើន​ជាង។ ចំណែក​ប្រធាន​គណបក្ស​នេះ គឺ​លោក សម រង្ស៊ី កំពុង​បន្ត​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន​ ក្នុង​សំណុំ​រឿង​មួយ​ចំនួន​​ដែរ រី​ឯ​អនុ​ប្រធាន​គណបក្ស គឺ​លោក កឹម សុខា ក៏​កំពុង​ឃុំ​ខ្លួន​ឯង​ក្នុង​ទីស្នាក់ការ​បក្ស បន្ទាប់​ពី​ជាប់​ពាក់ព័ន្ធ​នឹង​បណ្ដឹង​សំណុំ​រឿង​សញ្ចារកម្ម។

បើ​ទោះ​ជា​យ៉ាង​ណា មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បន្ត​ច្រាន​ចោល​ការ​លើក​ឡើង​ដែល​ថា ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា តាន​តឹង ឬ​គណបក្ស​កាន់​អំណាច​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង​ជា​ដើម។ លោក​អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ហ៊ាន​ទទួល​ខុស​ត្រូវ​ចំពោះ​សកម្មភាព​ល្មើស​ច្បាប់​នៃ​មន្ត្រី​ជាន់​ ខ្ពស់​របស់​ខ្លួន​រួម​នឹង​សកម្មជន​ផ្សេង​ទៀត៖ «គឺ​អាច​ទៅ​តវ៉ា​សុំ​អោយ​ ប្រទេស​ណា​មួយ ជា​ពិសេស​ប្រទេស​ដែល​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង ឬ​សន្ធិសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​មនុស្ស​ហ្នឹង ជា​ពិសេស​ទៅ​ទៀត ពី​ប្រទេស​ដែល​សហប្រធាន​បង្កើត​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស»

ចំពោះ​អ្នក​វិភាគ​ឯករាជ្យ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា សំណើ​របស់​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ ត្រូវ​ពឹង​ផ្អែក​លើ​ការ​សម្រេច​ចិត្ត​របស់​បណ្ដា​ប្រទេស​ដែល​ជា​ម្ចាស់​ ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ លោក​ថា មាន​ចំណុច​មួយ​ចំនួន​ដែល​ប្រទេស​ទាំង​នេះ​អាច​មាន​សិទ្ធិ​មាន​វិធានការ ជា​ពិសេស​ក្នុង​ផ្នែក​សិទ្ធិ​មនុស្ស។

កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ដោយ​មាន​ការ​ចូលរួម​ពី​ភាគី​ជម្លោះ​ខ្មែរ​ចំនួន​៤ និង​ប្រទេស​ជា​ហត្ថលេខី​ចំនួន​១៨ ជា​សាក្សី។ កិច្ច​ព្រមព្រៀង​នេះ​ធានា​រៀបចំ​អោយ​មាន​សន្តិភាព ព្រម​ទាំង​ការ​ដក​កងទ័ព​បរទេស (វៀតណាម) ចេញ​ពី​កម្ពុជា ចាក់​គ្រឹះ​លទ្ធិប្រជាធិបតេយ្យ​តាម​រយៈ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​សភា​ ធម្មនុញ្ញ និង​ការពារ​កម្ពុជា ក្នុង​នាម​ជា​ប្រទេស​ពេញ​សិទ្ធិ​មួយ៕


No comments:

Post a Comment