![]() |
| សកម្មជននិងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ខេត្តកំពង់ធំ ជួបជុំគ្នាកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ នាទីស្នាក់ការកណ្ដាលខេត្តកំពង់ធំ។ RFA/Saut Sokprathna |
បក្សប្រឆាំង បារម្ភ ពីការបញ្ជូន មនុស្ស ទៅចុះឈ្មោះ បោះឆ្នោត នៅកន្លែង បក្សកាន់អំណាច ធ្លាប់ចាញ់
RFA / វិទ្យុ អាស៊ី សេរី | ១៥ កញ្ញា ២០១៦
មន្ត្រី គណបក្ស សង្គ្រោះជាតិ ខេត្ត កំពង់ធំ ដែលបាន ឃ្លាំមើល ដំណើរការ ចុះឈ្មោះ បោះឆ្នោត កន្លងមក បារម្ភ ថា, សកម្មភាព បញ្ជូន កងកម្លាំង ប្រដាប់អាវុធ, មន្ត្រី ប៉ូលិស, និងមន្ត្រី រាជការស៊ីវិល ទៅចុះឈ្មោះ បោះឆ្នោត នៅតំបន់ ដែលបក្ស កាន់អំណាច ធ្លាប់ចាញ់ នឹងកើតមាន បន្តទៀត។ ការលើកឡើងនេះ ក្រោយពេល មានលិខិត បញ្ជា របស់ មេប៉េអឹមខេត្ត និងស្នងការខេត្ត បញ្ជូនកម្លាំង របស់ខ្លួន ទៅចុះឈ្មោះ នៅតាមឃុំ ដែលគណបក្ស ប្រជាជន ធ្លាប់ចាញ់ឆ្នោត កាលពីអាណត្តិមុន។
មន្ត្រីគណបក្សប្រឆាំងមើលឃើញថា ការបញ្ជូនកងកម្លាំងទៅចុះឈ្មោះបោះឆ្នោតតាមឃុំមួយចំនួនដែលគណបក្ស ប្រជាជនកម្ពុជា ធ្លាប់ចាញ់កន្លងមកនោះ នឹងបណ្ដាលឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ពលរដ្ឋម្ចាស់ស្រុក និងជារូបភាពទុច្ចរិតដើម្បីយកឈ្នះគណបក្សប្រឆាំង។ បន្ថែមពីនេះ ពួកគេថា រូបភាពរបៀបនេះនឹងកើតមានបន្តទៀត។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ធំ លោក ស៊ុន ចន្ធី មានប្រសាសន៍ថា ការបារម្ភរបស់លោកកើតឡើងក្រោយពេលមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ចេញលិខិតបេសកកម្មបញ្ជាកម្លាំងរបស់ខ្លួន ១០៣នាក់ទៅការពារ និងចុះឈ្មោះបោះឆ្នោតនៅឃុំម្សាក្រង ស្រុកស្ទោង កាលពីថ្ងៃទី៨ ខែកញ្ញា។ ជាងនេះទៀត ស្នងការនគរបាលខេត្តក៏បញ្ជាមន្ត្រីរបស់ខ្លួនមួយចំនួនទៅចុះឈ្មោះ បោះឆ្នោតនៅឃុំស្ត្រើង ស្រុកប្រាសាទសំបូរ ជាដើម។
លោកថា រូបភាពទាំងនេះគឺកើតឡើងជាប្រព័ន្ធ ហើយវានឹងបណ្ដាលឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោត និងការអភិវឌ្ឍឃុំសង្កាត់ទាំងនោះ៖ «ក៏ប៉ុន្តែផ្ទុយពីនេះ កម្លាំងកងរាជអាវុធហត្ថដែលបាននាំគ្នាទៅចុះឈ្មោះបោះឆ្នោតនៅឃុំ ម្សាក្រងហ្នឹង គឺគាត់មិនបានរស់នៅ និងប្រកបមុខរបរនៅកន្លែងហ្នឹងទេ គឺគាត់មកពីកន្លែងផ្សេង។»
ការិយាល័យចុះឈ្មោះបោះឆ្នោតនៅខេត្តកំពង់ធំ មានចំនួន ៨១ការិយាល័យ ឬស្មើនឹង ៨១ឃុំ សង្កាត់ ហើយការបោះឆ្នោតតំណាងរាស្ត្រកាលពីឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិ ឈ្នះការបោះឆ្នោតបានចំនួន ៣៣ឃុំ-សង្កាត់។
ទាក់ទងបញ្ហានេះ អ្នកនាំពាក្យសាលាខេត្តកំពង់ធំ លោក គង់ វិមានមានប្រសាសន៍នៅថ្ងៃទី១៥ ខែកញ្ញា ថា អាជ្ញាធរខេត្តមិនបានរៀបចំឱ្យមានកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ឬមនុស្សផ្សេងទៅចុះឈ្មោះបោះឆ្នោតនៅតំបន់ផ្សេងឡើយ។ លើកលែងតែមន្ត្រីរាជការទាំងនោះ ត្រូវបំពេញការងារ ឬត្រូវការពារសន្តិសុខសណ្ដាប់ធ្នាប់នៅតាមឃុំសង្កាត់នោះប៉ុណ្ណោះ។
លោកបញ្ជាក់ថា អាជ្ញាធរខេត្ត ព្រមទាំងគណបក្សប្រជាជនកម្ពុជា មិនបានព្រួយបារម្ភរឿងចាញ់ឆ្នោតដូចការលើកឡើងទេ៖ «មិន មានករណីការបញ្ជូនមនុស្សអីទៅ ចូលរួមដើម្បីខ្លាចចាញ់ខ្លាចអីឃុំធ្លាប់ចាញ់ខ្លាចចាញ់បន្តទៀត ដូចការលើកឡើងអ៊ីចឹងទេ។»
រដ្ឋធម្មនុញ្ញមាត្រា ៣៤ថ្មី និងមាត្រា ៤៦នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រចែងថា ពលរដ្ឋគ្រប់រូបមានសិទ្ធិចុះឈ្មោះបោះឆ្នោតបាន គឺត្រូវមានសញ្ជាតិខ្មែរ និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ មានអាយុពី ១៨ឆ្នាំឡើងទៅគិតដល់ថ្ងៃបោះឆ្នោត និងត្រូវបង្ហាញខ្លួននៅមុខក្រុមចុះឈ្មោះបោះឆ្នោត។ មានទីលំនៅ ឬទីសំណាក់ក្នុងឃុំសង្កាត់ដែលខ្លួនត្រូវបោះឆ្នោត។ បន្ថែមពីនេះ ប្រជាពលរដ្ឋ ឬកម្មករ សិស្ស និស្សិត មន្ត្រីរាជការ នាយ ឬពលនៃកងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ ព្រមទាំងបព្វជិតសាសនា ដែលកំពុងស្នាក់នៅក្នុងឃុំ សង្កាត់ណាមួយសុទ្ធតែអាចចុះឈ្មោះបោះឆ្នោតនៅក្នុងឃុំសង្កាត់នោះ បាន។
ជាមួយគ្នានេះ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ធំ លោក ប្រែង សាវុធ បញ្ជាក់ថា កម្លាំងប្រដាប់អាវុធសម្រាប់ការពារនៅក្នុងពេលបោះឆ្នោតគឺមិនមាន គ្រប់ចំនួនឡើយ ដែលទាមទារកម្លាំងចម្រុះជួយបន្ថែមទៀត។ លោកថា ជាគោលការណ៍ក្នុងការិយាល័យបោះឆ្នោតមួយ នឹងត្រូវមានកម្លាំងការពារចំនួន ៣នាក់ ហើយការិយាល័យបោះឆ្នោតនៅខេត្តកំពង់ធំ មានចំនួន ១.០៥៣។
លោកបន្ថែមថា កងកម្លាំងទាំងឡាយអាចបញ្ជូនពីខេត្ត ឬស្រុកដើម្បីទៅការពារសន្តិសុខក្នុងអំឡុងពេលបោះឆ្នោតនៅតាមឃុំ ដាច់ស្រយាល ប៉ុន្តែដើម្បីកុំឱ្យពួកគាត់បាត់បង់សិទ្ធិបោះឆ្នោត ពួកគេអាចចុះឈ្មោះបោះឆ្នោតនៅតំបន់ទាំងនោះបានតែម្ដង លើកលែងតែការបញ្ជូនទៅនោះធ្វើឡើងដោយបង្ខំ និងខុសពីទីតាំងដែលខ្លួនត្រូវការពារ ហើយមានចំនួនច្រើនរហូតដល់រាប់រយនាក់ជាដើម៖ «បាទ! អាហ្នឹង គឺមិនខុសទេ ព្រោះកម្លាំងយើងចាត់បញ្ជូនទៅ គឺអត់ខុសទេ ពីព្រោះយើងត្រូវគិតអ៊ីចេះ គិតថា ប្រសិនបើយើងមិនឱ្យពួកគាត់ចុះឈ្មោះនៅទីនោះទេ មានន័យថា យើងដកសិទ្ធិបោះឆ្នោតរបស់ពួកគាត់ហើយ។»
ទោះបីជាយ៉ាងនេះក្តី មន្ត្រីអង្កេត និងតស៊ូមតិអង្គការខុមហ្វ្រែល (COMFREL) លោក ស៊ិន ទិត្យសីហា យល់ថា ប្រសិនបើមានករណីបញ្ជូនកម្លាំងជាច្រើនទៅចុះឈ្មោះនៅការិយាល័យតែមួយ បែបនេះមែន គឺអាចប៉ះពាល់ដល់សិទ្ធិរបស់ពួកគាត់។ បន្ថែមពីនេះ ក្នុងករណីបញ្ជូនមនុស្សពីតំបន់ផ្សេងទៅចុះឈ្មោះបោះឆ្នោតនៅក្នុង ឃុំណាមួយ ដោយពួកគេមិនមែនជាពលរដ្ឋមានទីលំនៅ ឬទីសំណាក់ក្នុងឃុំនោះទេ គឺវាផ្ទុយទៅនឹងច្បាប់បោះឆ្នោត។ បញ្ហានេះ ទាមទារឱ្យមន្ត្រីរៀបចំការបោះឆ្នោតទាំងអស់ពង្រឹងការអនុវត្តច្បាប់ ឱ្យបានត្រឹមត្រូវ។ លោកបន្ថែមថា ករណីស្រដៀងគ្នានេះ ធ្លាប់កើតមានឡើងនៅខេត្តកំពង់ចាម បាត់ដំបង និងខេត្តព្រះវិហារ៕

No comments:
Post a Comment