Paris Peace Accords 23 Oct. 1991

Wednesday, September 28, 2016

[Vietnamization: Ratanakiri] សហគមន៍ ​ខេត្ត​រតនគិរី ​អំពាវនាវ ​ឲ្យ​អាជ្ញាធរ​ ទប់ស្កាត់​ ការ​កាប់ព្រៃ​ និង​លក់​ដី​ ត្រៀម​បម្រុង | Communities in Ratanakiri request authority stop illegal logging and selling protected land

ផែនទី​ខេត្ត​រតនគិរី ៨៥៥
ផែនទី​ខេត្ត​រតនគិរី។

សហគមន៍ ​ខេត្ត​រតនគិរី ​អំពាវនាវ ​ឲ្យ​អាជ្ញាធរ​ ទប់ស្កាត់​ ការ​កាប់ព្រៃ​ និង​លក់​ដី​ ត្រៀម​បម្រុង

RFA / វិទ្យុ អាស៊ី សេរី | ២៨ កញ្ញា ២០១៦



សហគមន៍​ ជនជាតិ​ដើម​ ភាគតិច​ នៅ​ខេត្ត​ រតនគិរី ចោទ​សមាជិក​ សហគមន៍​ ពីរ​នាក់ ថា,​ កាប់​រាន​ដី និង​កាប់​យក​ឈើ​ ក្នុង​ព្រៃ​ ត្រៀម​បម្រុង លក់​ជា​លក្ខណៈ ​បុគ្គល ​ខុស​ទៅ​នឹង​ បទបញ្ជា​ផ្ទៃ​ក្នុង​ សហគមន៍។  លើស​ពី​នេះ​ទៀត ប្រធាន​ភូមិ​ ជា​អ្នក​ នៅ​ពី​ក្រោយ ​សកម្មភាព ​ខុស​ច្បាប់​នេះ។
 
ប្រជាពលរដ្ឋ​ ជនជាតិ​ដើម ​ភាគតិច ​ភូមិ​កាណាតធំ ឃុំ​តាឡាវ ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី អំពាវនាវ​ សូម ឲ្យ​អាជ្ញាធរ​ ខេត្ត​ បញ្ឈប់​ ការ​លក់​ដូរ ​ដី​សហគមន៍ និង​ការ​កាប់​ឈើ​ មាន​តម្លៃ​ យក​ជា​ប្រយោជន៍​ បុគ្គល។

ការ​អំពាវនាវ​នេះ កើត​មាន​ឡើង​បន្ទាប់​ពី​ដី​ត្រៀម​បម្រុង​សហគមន៍​ភូមិ​កាណាតធំ ចំនួន ២​ហិកតារ​ថ្មី​ទៀត ត្រូវ​បាន​សមាជិក​សហគមន៍ ២​នាក់ គឺ ​លោក រម៉ាម ញ៉ូយ និង​លោក សល់ តៃ កាប់​រាន​ព្រៃ ហើយ​លក់​ទៅ​ឲ្យ​ពលរដ្ឋ​ខ្មែរ ចំណែក​ឈើ​មាន​តម្លៃ​ក្នុង​ព្រៃ ក៏​ត្រូវ​បាន​សមាជិក​សហគមន៍​ទាំង​ពីរ​កាប់​ធ្វើ​អាជីវកម្ម​ជា​លក្ខណៈ​បុគ្គល ផ្ទុយ​ទៅ​នឹង​បទបញ្ជា​ផ្ទៃ​ក្នុង និង​លក្ខន្តិកៈ​សហគមន៍​កំណត់។
ប្រធាន​សហគមន៍​ភូមិ​កាណាតធំ លោក សល់ ណឺយ រៀបរាប់​ថា គណៈកម្មការ​សហគមន៍​មិន​មាន​លទ្ធភាព​ទប់ស្កាត់​ករណី​នេះ​បាន​ទេ ដោយសារ​តែ​អាជ្ញាធរ​ភូមិ គឺ​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​លក់​ដូរ​ដី និង​ការ​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍​នេះ។ លោក​ថា ព្រៃ​ឈើ​នៅ​សេសសល់​នេះ គឺ​ជា​ព្រៃ​ត្រៀម​បម្រុង​របស់​សហគមន៍​ទុក​ប្រើប្រាស់​ជា​លក្ខណៈ​សមូហភាព និង​ត្រៀម​ចុះ​បញ្ជី​ដី​ជា​កម្មសិទ្ធិ​សមូហភាព​សហគមន៍​នា​ពេល​ខាង​មុខ​នេះ៖ «ដី​នៅ​ព្រៃ​សុទ្ធ​នៅ​តាម​ដង​អូរ គាត់​ដូរ​ជាមួយ​ម៉ូតូ អត់​ប្រាប់​មេ​ភូមិ អត់​ប្រាប់​ចាស់​ទុំ​ទេ ឈើ​ហ្នឹង​កាប់​ក្នុង​ព្រៃ​កាប់​ឈើ​ក្រំ ខាង​សហគមន៍​មិន​ឲ្យ​កាប់​ទេ ព្រោះ​ឈើ​នៅ​តិចតួច។ អ៊ីចឹង​សហគមន៍​ទៅ​ចាប់ មេ​ភូមិ​គាត់​ទូរស័ព្ទ​ទៅ​ពួក​អារ​ឈើ​ឲ្យ​សម្លាប់​ចោល​អ្នក​ទៅ​ចាប់»
កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា សហគមន៍​ភូមិ​កាណាតធំ ចាប់​រឹប​អូស​ម៉ាស៊ីន​កាត់​ឈើ​មួយ​គ្រឿង​ពី​ពលរដ្ឋ​ខ្មែរ​ដែល​ចូល​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍ ក៏ប៉ុន្តែ​ប្រធាន​ភូមិ​បាន​ពោល​ពាក្យ​គំរាម​សម្លាប់​សហគមន៍​ដែល​ហ៊ាន​ចាប់​យក​ម៉ាស៊ីន​កាត់​ឈើ​នោះ។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​សមាជិក​សហគមន៍​ដែល​រង​ការ​ចោទ​ប្រកាន់​បាន​ទេ នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា។ រីឯ​ប្រធាន​ភូមិ​កាណាតធំ គឺ​លោក រម៉ាម ព្លាន់ មិន​ទទួល​ទូរស័ព្ទ​ហៅ​ចូល​ជាច្រើន​លើក។
ទាក់ទិន​ករណី​នេះ​ដែរ មេ​ឃុំ​តាឡាវ លោក ថា ប៊ុនឡត បញ្ជាក់​ថា មិន​បាន​ដឹង​រឿង​ទាក់ទិន​ការ​កាប់​ឈើ​នោះ​ទេ ក៏ប៉ុន្តែ​លោក​បដិសេធ​ថា មិន​មាន​ការ​លក់​ដី​ត្រៀម​បម្រុង​ដូច​ការ​ចោទ​ឡើយ។ លោក​ថា ដី​នោះ​ពលរដ្ឋ​ខ្មែរ​បាន​ជួល​ពី​សមាជិក​សហគមន៍​ដាំ​ដំឡូង​កាល​ពី​ឆ្នាំ​២០១៥ ក៏ប៉ុន្តែ​អ្នក​ជួល​បាន​ប្រគល់​ដី​នោះ​វិញ​ហើយ៖ «ដី​ហ្នឹង គឺ​ដី​ជាប់​នឹង​ក្រុមហ៊ុន​ក្រុង​បុក ក្រោយ​ចុះ​វាស់​០០១ ហើយ​បង​ប្អូន​ខ្មែរ​កម្មករ​ក្រុមហ៊ុន​គាត់​សុំ​ដាំ​ដំឡូង​មួយ​ឆ្នាំ គាត់​បាន​ប្រមូល​ផល​មួយ​ឆ្នាំ ហើយ​ឆ្នាំ​នេះ​គាត់​អត់​ដាំ​ទេ ទុក​ឲ្យ​ដុះ​ព្រៃ ម្ចាស់​អ្នក​ដាំ គាត់​ទៅ​ស្រុក​ហើយ អត់​មាន​លក់​ដូរ​ទេ»
កាល​ពី​ដើម​សប្ដាហ៍ ប្រធាន​សហគមន៍​ភូមិ​កាណាតធំ ស្នើសុំ​មក​ការិយាល័យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​រតនគិរី ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ខេត្ត​បញ្ឈប់​ការ​លក់​ដូរ​ដី និង​ការ​កាប់​យក​ឈើ​ក្នុង​ព្រៃ​សហគមន៍​នេះ។
មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី ចាត់​ទុក​ការ​លក់​ដូរ​ដីធ្លី​សមូហភាព​សហគមន៍ ថា​ជា​ទ្រព្យ​សម្បត្តិ​រដ្ឋ ថា​ជា​អំពើ​រំលោភ​ច្បាប់ និង​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​រស់នៅ​របស់​សហគមន៍។ លោក​កត់​សម្គាល់​ថា កន្លង​ទៅ ការ​ដោះស្រាយ​វិវាទ​ផ្ទៃ​ក្នុង​សហគមន៍​តាម​រយៈ​អាជ្ញាធរ​ប្រពៃណី​មិន​មាន​ប្រសិទ្ធភាព​ទេ ពីព្រោះ​សមាជិក​សហគមន៍​ខ្លះ​នៅ​តែ​ប្រព្រឹត្ត​ផ្ទុយ​ពី​បទបញ្ជា​ផ្ទៃ​ក្នុង​ដែល​មាន​លក្ខណៈ​ជា​បទល្មើស​ព្រហ្មទណ្ឌ៖ «បង​ប្អូន​ជនជាតិ​ដើម​ភាគតិច​យើង​នៅ​ទីនេះ គឺ​គាត់​ទម្លាប់​ដោះស្រាយ​ទំនាស់​តាម​រយៈ​ប្រពៃណី។ ការ​ដោះស្រាយ​តាម​រយៈ​ប្រពៃណី​ទៅ​លើ​ការ​កាប់​រាន​ព្រៃ​យក​ដី ឬ​យក​ឈើ​ទៅ​លក់​ឲ្យ​អ្នក​ដទៃ មិន​មាន​ប្រសិទ្ធភាព​ទេ។ ប្ដឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​ព្រៃ​ឈើ ឬ​តុលាការ​ទើប​អាច​មាន​ការ​ទប់ស្កាត់​បាន»
ច្បាប់​ភូមិបាល​ចាប់​ពី​មាត្រា​២៣ រហូត​មាត្រា​២៨ ចែង​ថា កម្មសិទ្ធិ​នៃ​អចលនទ្រព្យ​សហគមន៍​ជនជាតិ​ដើម​ភាគតិច ត្រូវ​បាន​ផ្តល់​ដោយ​រដ្ឋ​ជា​កម្មសិទ្ធិ​សមូហភាព។ កម្មសិទ្ធិ​សមូហភាព សហគមន៍​មាន​សិទ្ធិ​ថែ​រក្សា និង​អាស្រ័យ​ផល ប៉ុន្តែ​គ្មាន​សិទ្ធិ​ចាត់ចែង​ចំណែក​ណា​មួយ​នៃ​កម្មសិទ្ធិ​សមូហភាព​ដែល​ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ទៅ​ឲ្យ​បុគ្គល​ក្រៅ​សហគមន៍​បាន​ឡើយ។ លើស​ពី​នេះ​ទៀត ក៏​គ្មាន​អាជ្ញាធរ​ណា​មួយ​ក្រៅ​ពី​សហគមន៍​អាច​ទទួល​បាន​សិទ្ធិ​លើ​អចលនទ្រព្យ​សហគមន៍​បាន​ឡើយ។
នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី លោក កែប កត់ បញ្ជាក់​ដែរ​ថា ព្រៃ​ត្រៀម​បម្រុង​ដែល​សហគមន៍​គ្រោង​សុំ​ដើម្បី​ចុះ​បញ្ជី​ដី​ជា​កម្មសិទ្ធិ​សមូហភាព គឺ​ជា​ដី​សាធារណៈ​របស់​រដ្ឋ។ សហគមន៍​ជនជាតិ​ដើម​ភាគតិច​មាន​សិទ្ធិ​អាស្រ័យ​ផល​នៅ​តំបន់​ព្រៃ​ឈើ​នោះ ប៉ុន្តែ​មិន​មាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​ឈើ ឬ​កាប់​រាន​ព្រៃ​យក​ដី​លក់​បាន​ឡើយ។ លោក​ថា សហគមន៍​ត្រូវ​ផ្តល់​ព័ត៌មាន​ទាន់​ពេលវេលា​មក​មន្ត្រី​ព្រៃ​ឈើ​នៅ​មូលដ្ឋាន ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ៖ «គាត់​ត្រូវ​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ឃុំ​ផង ស្រុក​ផង ទៅ​អាជ្ញាធរ​ជំនាញ​ផង ដើម្បី​ចុះ​ជួយ​គាត់»
ភូមិ​កាណាតធំ ចុះ​បញ្ជី​កំណត់​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច និង​ចុះ​បញ្ជី​សហគមន៍​នីតិបុគ្គល ទទួល​ស្គាល់​ដោយ​ក្រសួង​មហាផ្ទៃ តាំង​ពី​ឆ្នាំ​២០១២។ បច្ចុប្បន្ន សហគមន៍​នេះ​កំពុង​រៀបចំ​ឯកសារ​ចុះ​បញ្ជី​ដី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព​នា​ពេល​ខាង​មុខ​នេះ ដើម្បី​ធានា​សុវត្ថិភាព​ដីធ្លី និង​ព្រៃ​ឈើ​អ្នក​ភូមិ​អភិរក្ស៕

No comments:

Post a Comment