Paris Peace Accords 23 Oct. 1991

Thursday, October 13, 2016

អាជ្ញាធរ ​អប្សរា​ ចុះ​ហត្ថលេខា​ បង្កើន​ សម្ព័ន្ធ​មេត្រីភាព​ ជាមួយ ​គណៈកម្មការ​ គ្រប់គ្រង​ ទេសភាព​ចិន | Apsara Authority signs friendship MOU with China Tourism Commssionn

ពិធី​ចុះ​ហត្ថលេខា​រវាង​មន្ត្រី​អាជ្ញាធរ​អប្សរា និង​មន្ត្រី​គណៈកម្មការ​គ្រប់គ្រង​ទេសភាព​ភ្នំ​ហ៊ងសាន (Huang Shan) ចិន នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៦។
ពិធី​ចុះ​ហត្ថលេខា​រវាង​មន្ត្រី​អាជ្ញាធរ​អប្សរា និង​មន្ត្រី​គណៈកម្មការ​គ្រប់គ្រង​ទេសភាព​ភ្នំ​ហ៊ងសាន (Huang Shan) ចិន នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៦។
RFA/Hang Savyouth

អាជ្ញាធរ ​អប្សរា​ ចុះ​ហត្ថលេខា​ បង្កើន​ សម្ព័ន្ធ​មេត្រីភាព​ ជាមួយ ​គណៈកម្មការ​ គ្រប់គ្រង​ ទេសភាព​ចិន

RFA / វិទ្យុ អាស៊ី សេរី | ១២ តុលា ២០១៦



អគ្គនាយក ​រង​ អាជ្ញាធរ​ អប្សរា លោក សុខ សង្វារ បាន​ចុះ​ ហត្ថលេខា ​លើ​អនុស្សរណៈ​ យោគយល់​គ្នា (MOU) ជាមួយ​ លោក យេ ជានជន អនុ​ប្រធាន ​គណៈកម្មការ​ គ្រប់គ្រង​ ទេសភាពភ្នំ​ ហ៊ង សាន (Huang Shan) របស់ ​ប្រទេស​ចិន នៅ​ឯ​ខេត្ត​ សៀមរាប កាល​ពី​ព្រឹក ថ្ងៃ​ពុធ ទី​១២ ខែ​តុលា។  អនុស្សរណ​ នៃ​ការ​យោគយល់​នេះ ធ្វើ​ឡើង​ ក្នុង​បំណង​ បង្កើន​ កិច្ច​សហប្រតិបត្តិការ​ រវាង ​អាជ្ញាធរ​ អប្សរា​ ជាមួយ នឹង​គណៈកម្មការ ​គ្រប់គ្រង​ ទេសភាព​ ហ៊ង សាន នៃ​ប្រទេស​ចិន លើ​កិច្ចការ ​អភិរក្ស​ សម្បត្តិ​ បេតិកភណ្ឌ​ របស់​ ពិភពលោក មាន​អង្គរវត្ត និង​ភ្នំ​ ហ៊ងសាន។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បង្ហាញ​ជំនឿ​យ៉ាង​មុតមាំ​ថា សម្ព័ន្ធ​មេត្រីភាព​រវាង​អាជ្ញាធរ​អប្សរា​ទទួល​បន្ទុក​ការពារ និង​ថែរក្សា​ប្រាសាទ​បុរាណ​នៅ​ខេត្ត​សៀមរាប ជាមួយនឹង​គណៈកម្មការ​គ្រប់គ្រង​ទេសភាព​ភ្នំ​ហ៊ងសាន នៃ​ខេត្ត​អាន ហួយ (An Huay) ប្រទេស​ចិន នឹង​មាន​ភាព​កាន់​តែ​ប្រសើរ​ចាប់​ពី​ពេល​នេះ​ត​ទៅ។
ការ​បង្ហាញ​ជំនឿ​មុតមាំ​លើ​កិច្ច​សហប្រតិបត្តិការ​អភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នេះ កើត​មាន​ឡើង​បន្ទាប់​ពី​មន្ត្រី​អាជ្ញាធរ​អប្សរា​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​គណៈកម្មការ​គ្រប់គ្រង​ទេសភាព​ភ្នំ​ហ៊ងសាន របស់​ចិន ក្នុង​គោលបំណង​បង្កើត​កិច្ច​សហប្រតិបត្តិការ​អភិរក្ស​រមណីយដ្ឋាន ដែល​ជា​សម្បត្តិ​បេតិភណ្ឌ​ពិភពលោក​ទាំង​ពីរ​កន្លែង។
អភិបាលក្រុង​ហ៊ង សាន នៃ​ខេត្ត​អានហួយ គឺ​លោក គួង ស៊ាវហុង (Kong Xiaohong)។ លោក​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១២ ខែ​តុលា ថា ប្រទេស​កម្ពុជា និង​ចិន មាន​ទំនាក់ទំនង​មិត្ត​ភាព​ជា​យូរ​អង្វែង​មក​ហើយ។ ប្រធានាធិបតី​នៃ​ប្រទេស​ចិន ជា​ច្រើន​រូប​ក៏​ធ្លាប់​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​ព្រះមហាក្សត្រ​ខ្មែរ​ក៏​ជា​មិត្ត​យ៉ាង​ល្អ​ជាមួយ​ប្រទេស​ចិន។
លោក គួង ស៊ាវហុង បញ្ជាក់​ថា អង្គរវត្ត​របស់​កម្ពុជា គឺ​ជា​សម្បត្តិ​វប្បធម៌​ដ៏​មាន​តម្លៃ​សម្រាប់​មនុស្ស​ជាតិ​ទូទាំង​ពិភពលោក ចំណែក​ឯ​រមណីយដ្ឋាន​ភ្នំ​ហ៊ងសាន របស់​ចិន ក៏​ជា​សម្បត្តិ​វប្បធម៌​មួយ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​ដែរ។ លោក​សង្ឃឹម​ថា តាម​រយៈ​អនុស្សរណៈ​នៃ​ការ​យោគយល់​ដែល​បាន​ចុះ​ហត្ថលេខា​ជាមួយ​គ្នា​រួច​ហើយ គឺ​នឹង​អាច​ជជែក​អំពី​កិច្ច​សហប្រតិបត្តិការ​គ្នា ដើម្បី​អភិរក្ស និង​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​នៃ​ពិភពលោក​ទាំង​ពីរ៖ «ចំពោះ​តំបន់​ភ្នំ​ហ៊ងសាន ហើយ​និង​តំបន់​អង្គរ គឺ​យើង​នឹង​សហការ​គ្នា​ដើម្បី​ការ​អភិរក្ស​ឱ្យ​បាន​ល្អ​​នៅ​លើ​ឆាក​អន្តរជាតិ។ ថ្មីៗ​នេះ​តំបន់​ទេសភាព​ភ្នំ​ហ៊ងសាន និង​អង្គរវត្ត កាន់តែ​រីកចំរើន ធ្វើ​ឱ្យ​មិត្តភាព​រវាង​កម្ពុជា-​ចិន កាន់​តែ​ស្អិត​រមួត​ថែម​ទៀត»
រយៈពេល​ជិត ២០​ឆ្នាំ​ហើយ ប្រទេស​ចិន ក៏​បាន​ខិតខំ​ប្រឹងប្រែង​ជួយ​ជួសជុល​ប្រាសាទ​បុរាណ​មួយ​ចំនួន​នៅ​ខេត្ត​សៀមរាប ដែល​បែកបាក់​ឱ្យ​ប្រសើរ​ឡើង​វិញ ដូចជា​ប្រាសាទ​ចៅ​សាយ​ទេវតា និង​ប្រាសាទ​តាកែវ ជាដើម។
អគ្គនាយក​អាជ្ញាធរ​អប្សរា លោក ស៊ុំ ម៉ាប់ មាន​ប្រសាសន៍​ថា ការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​រវាង​អាជ្ញាធរ​អប្សរា ជាមួយ​គណកម្មការ​គ្រប់គ្រង​ទេសភាព​ហ៊ងសាន ពេល​នេះ ក្នុង​គោលបំណង​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​រមណីយដ្ឋាន​អង្គរ​របស់​កម្ពុជា ជាមួយនឹង​ទេសភាព​ភ្នំ​ហ៊ងសាន របស់​ចិន ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដូច​គ្នា ក្នុង​ក្របខ័ណ្ឌ​អភិរក្ស ស្រាវជ្រាវ បណ្ដុះបណ្ដាល និង​ការ​អភិវឌ្ឍន៍​ទេសចរណ៍​ប្រកប​ដោយ​ចិរភាព៖ «ជំរុញ​ការ​ផ្សព្វផ្សាយ​ស្ដីពី​រូបភាព​រមណីយដ្ឋាន ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​តាម​រយៈ​ការ​ផ្លាស់ប្ដូរ​បទពិសោធន៍»
​បន្ទាប់ពី​ការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​រួច​មក អាជ្ញាធរ​អប្សរា និង​គណៈកម្មការ​គ្រប់គ្រង​ទេសភាព​ភ្នំ​ហ៊ងសាន របស់​ចិន មាន​គម្រោង​តាំង​ពិព័រណ៍​រូប​ថត​រមណីយដ្ឋាន​រួម​គ្នា​នៅ​ឯ​ប្រាសាទ​បន្ទាយស្រី ដើម្បី​បង្ហាញ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ឱ្យ​បាន​ទស្សនា​នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា៕






No comments:

Post a Comment