សហគមន៍ខ្មែរនៅក្រៅប្រទេសបាតុកម្មប្រឆំាងវត្តមានលោក ហ៊ុន ម៉ាណែត |
សហគមន៍ ខ្មែរ នៅក្រៅប្រទេស បាតុកម្ម ប្រឆំាង វត្តមាន លោក ហ៊ុន ម៉ាណែត
សហគមន៍ខ្មែរនៅទីក្រុងម៉ែលប៊ន គ្រោងធ្វើពិធីបុណ្យខួប១០០ថ្ងៃ លោកបណ្ឌិត កែម ឡី នៅថ្ងៃទី៩ ខែតុលាខាងមុខនេះ ខណៈលោក ហ៊ុន ម៉ាណែត ទៅបំពេញទស្សនៈកិច្ចនៅទីក្រុងនោះ ហើយក្រុមគណបក្សប្រជាជនកម្ពុជា ត្រៀមរៀបចំពិធីជប់លៀងទទួលស្វាគមន៍សមាជិកថ្មីនៃគណបក្សនេះ នៅថ្ងៃទី៧ ខែតុលា ពោលមុនពីរថ្ងៃនៃគម្រោងធ្វើបុណ្យខួប១០០ថ្ងៃឲ្យលោកបណ្ឌិត កែម ឡី។
ក្រុមអ្នកតវ៉ាបាននាំគា្នលើកបដានិងស្រែកទាមទារឲ្យលោក ហ៊ុន ម៉ាណែត ត្រឡប់មកប្រទេសកម្ពុជាវិញ ហើយពួកគេក៏បានស្រែកដោយចោទគណបក្សប្រជាជនកម្ពុជាថា ជាអ្នកនៅពីក្រោយនៃការសម្លាប់លោកបណ្ទិត កែម ឡី ផងដែរ។
តំណាងរាស្ត្រមានដើមកំណើតខ្មែរប្រចាំរដ្ឋវ៉ិកតូរីយ៉ា (Victoria) ប្រទេសអូស្ត្រាលី លោក ហុង លីម ដែលចូលរួមដឹកនាំបាតុកម្មនោះបានថ្លែងថាការដែលលោក ហ៊ុន ម៉ាណែត រៀបចំពិធីជប់លៀងស្វាគមន៍សមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជានេះបានធ្វើឲ្យខាតបង់លុយរដ្ឋអស់រាប់ម៉ឺនដុល្លារ។
លោកបន្ថែមថា៖ «ហ៊ុន ម៉ាណែត ត្រឡប់ ទៅវិញទៅ! CPP ឃាតករ! យើង ថា, មានលុយ ប្រហែល ១៤ម៉ឺន [ញុំាបាយ] មួយពេលនេះ ដែលគេ យកមកបំផ្លាញ។ យើង គិតថា, បើ លុយទាំងអស់នេះ យកទៅ ជួយជាតិ, ជួយអ្នកក្រ, អ្នករហេមរហាម ដែលយើង ឃើញមិនចេះ ចប់ មិនចេះ, ហើយ នឹងមាន ប្រយោជន៍ជាង។»
យ៉ាងណាក៏ដោយលោក ហ៊ុន ម៉ាណែត បានថ្លែងប្រាប់អ្នកសារព័ត៌មានមុនលោកចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសអូស្ត្រាលីថា លោកមិនចាប់អារម្មណ៍នឹងការធ្វើបាតុកម្មប្រឆំាងវត្តមានលោកនោះទេ ដោយស្នើឲ្យក្រុមបាតុករធ្វើបាតុកម្មគោរពតាមច្បាប់ប្រទេសនោះ៖ «ការបញ្ចេញមតិរបស់បងប្អូនទៅទីនេះមិនមានអ្វីដែលគួរឲ្យព្រួយបារម្ភទេ កុំឲ្យតែធ្វើអ្វីលើសព្រំដែននៃច្បាប់ (ច្បាប់ប្រទេសអូស្ត្រាលី) ហើយប៉ះពាល់ទៅដល់លើសពីព្រំដែននៃអំពើអហិង្សា ហើយក្នុងការចូលរួមក្នុងកម្មវិធីក៏ជាសិទ្ធិរបស់ខ្ញុំ គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋនៅទីនោះដែរ យើងគោរពគ្នាទៅវិញទៅមក។»
ពលរដ្ឋខ្មែរមួយចំនួននៅក្រៅប្រទេសតែងតែធ្វើបាតុកម្មប្រឆាំងនឹងមេដឹកនាំកម្ពុជានៅពេលពួកគេទៅក្រៅប្រទេសដូចជា កាលពីឆ្នាំ២០១៥ ពលរដ្ឋខ្មែរនៅអាមេរិកនិងបារាំងនាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដោយថាការដឹកនាំប្រទេសកម្ពុជាមានការរំលោភសិទ្ធិមនុស្ស៕
No comments:
Post a Comment