Paris Peace Accords 23 Oct. 1991

Tuesday, October 11, 2016

ពលករ​ខ្មែរ ​មក​ពី​ថៃ​ រាប់​រយ​នាក់​ មិន​អាច​ ចុះ​ឈ្មោះ ​បោះឆ្នោត ​នៅ​តាម​ព្រំដែន ​ខេត្ត​ ចំនួន​ពីរ | Cambodian migrant workers from Thailand in the hundreds not permitted register to vote in 2 border provinces

ពលករ​ខ្មែរ​ថត​រូប​ជុំ​គ្នា​នៅ​វត្ត​ផ្សារកណ្ដាល សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ មុន​ពេល​ពួក​គេ​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​នៅ​ប្រទេស​ថៃ ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​២០១៦។ Photo Provided
ពលករ​ខ្មែរ​ថត​រូប​ជុំ​គ្នា​នៅ​វត្ត​ផ្សារកណ្ដាល សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ មុន​ពេល​ពួក​គេ​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​នៅ​ប្រទេស​ថៃ ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​២០១៦។ Photo Provided

ពលករ​ខ្មែរ ​មក​ពី​ថៃ​ រាប់​រយ​នាក់​ មិន​អាច​ ចុះ​ឈ្មោះ ​បោះឆ្នោត ​នៅ​តាម​ព្រំដែន ​ខេត្ត​ ចំនួន​ពីរ

RFA / វិទ្យុ អាស៊ី សេរី | ១០ តុលា ២០១៦


ពលករ​ខ្មែរ​ ដែល​ទៅ ធ្វើ​ការ​ នៅ​ប្រទេស​ថៃ រាប់​រយ​នាក់ កាល​ពី​រសៀល​ ថ្ងៃ​ទី​៩ តុលា នាំ​គ្នា​ វិល​ត្រឡប់​ ទៅ​ធ្វើ​ការងារ​វិញ ​ភ្លាមៗ ក្រោយ​ ពី​ពួក​គេ​ ទៅ​ចុះ​ឈ្មោះ​ បោះឆ្នោត, ហើយ​ ត្រូវ​ បាន​មន្ត្រី​ នៅ​តាម ​ការិយាល័យ ​ចុះ​ឈ្មោះ ​បោះឆ្នោត​ តាម​ព្រំដែន ​ខេត្ត​ បាត់ដំបង និង​បន្ទាយមានជ័យ មិន​ចុះ​ឈ្មោះ ​ជូន​ពួក​គាត់។  មន្ត្រី​ ផ្នែក​ស៊ើប​អង្កេត​ នៃ​អង្គការ​ ខុមហ្វ្រែល (COMFREL) បញ្ជាក់​ ថា, ការ​មិន​ចុះ​ឈ្មោះ​ ជូន​ពលករ គឺ​ ជា​ការ​បំបាត់​សិទ្ធិ​ ធ្ងន់ធ្ងរ​ ដល់​ពលរដ្ឋ​ ចំណាក​ស្រុក។

ពលករ​ ចំណាក​ស្រុក ​ទៅ​ធ្វើ​ការ​ នៅ​ប្រទេស​ ថៃ សោកស្ដាយ និង​ខឹងសម្បា ជា​ខ្លាំង​ នឹង​មន្ត្រី​ ប្រចាំ​ ការិយាល័យ ​ចុះ​ឈ្មោះ ​បោះឆ្នោត ជាពិសេស​ នៅ​សង្កាត់​ ប៉ោយប៉ែត ក្រុង​ ប៉ោយប៉ែត ខេត្ត​ បន្ទាយមានជ័យ ដែល​មិន​ព្រម ​ចុះ​ឈ្មោះ ​ឲ្យ​ពួក​គាត់។

ពលករ ​ធ្វើ​ការ​រោងចក្រ​ សាច់​មាន់​ នៅ​ខេត្ត​ ឈុនបុរី ប្រទេស​ថៃ លោកស្រី ម៉ី ដាវ ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ ពី​ប្រទេស​ថៃ កាល​ពី​ព្រឹក ​ថ្ងៃ​ទី​១០ តុលា ថា, ពួក​គាត់​ មាន​គ្នា ​ប្រមាណ​ ជាង ៣០​នាក់ ឆ្លៀត​ពេល​សម្រាក ​ថ្ងៃ​អាទិត្យ, ហើយ​ ចំណាយ​ ថវិកា​ ផ្ទាល់​ខ្លួន​ នាំ​គ្នា​ ទៅ​ចុះ​ឈ្មោះ ​បោះឆ្នោត​ នៅ​សង្កាត់​ ប៉ោយប៉ែត កាល​ពី​ថ្ងៃ​ ទី​៩ តុលា។  លោកស្រី​ អះអាង​ ថា, មន្ត្រី​ ប្រចាំ​ការ​ នៅ​ការិយាល័យ​ ចុះ​ឈ្មោះ ​បោះឆ្នោត​ សង្កាត់​នេះ មិន​ចុះ​ឈ្មោះ ​ឲ្យ​ពួក​គាត់​ ឡើយ ដោយ​លើក​ ហេតុផល ​ថា, ពួក​គាត់​ ជា​មនុស្ស ​មក​ពី​តំបន់​ ផ្សេង៖ «មិន​ដឹង​ និយាយ​ យ៉ាង​ម៉េច​ទេ បើ ​ខ្ញុំ​ មាន​អត្តសញ្ញាណប័ណ្ណ​ ខ្មែរ, គេ​ អត់​ឲ្យ​ខ្ញុំ​ចុះ​ឈ្មោះ ​បោះឆ្នោត  ហើយ​ ដល់​ពេល​ខ្ញុំ​ បង្ហាញ​ អត្តសញ្ញាណប័ណ្ណ​ ទៅ, គេ​ និយាយ​ គំរោះគំរើយ​ ដាក់​ពួក​ខ្ញុំ​ ថា-- គេ​ មិន​បាន​ ថា​ ពួក​ខ្ញុំ​ហ្នឹង​ យួន​ទេ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​លេខាធិការ​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ខេត្ត​បន្ទាយមានជ័យ លោក ហ៊ី គឹមសេង មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​មន្ត្រី​តាម​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ មិន​ចុះ​ឈ្មោះ​ជូន​ពលករ​ខ្មែរ ដោយសារ​ពួក​គាត់​ពុំ​មាន​ឯកសារ​បញ្ជាក់​គ្រប់គ្រាន់​សម្រាប់​ចុះ​ឈ្មោះ៖ «បាទ! គាត់​អត់​មាន​លិខិត​បញ្ជាក់​ទីលំនៅ ហើយ​ខ្ញុំ​បាន​សំណូមពរ​ទៅ​ថ្នាក់​លើ​ដែរ ហើយ​គាត់​ប្រាប់​ថា រឿង​នេះ​នៅ​លើ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ព្រោះ​នីតិវិធី​បាន​ចែង​មក​អ៊ីចឹង បើ​យើង​ធ្វើ​ខុស​ទៅ ក្រែងលោ​វា​កាន់​តែ​ខុស​ទៅ​ទៀត»

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​ផ្នែក​ស៊ើប​អង្កេត និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាន្ស មាន​ប្រសាសន៍​ថា អាជ្ញាធរ​មូលដ្ឋាន​មិន​ធ្វើ​លិខិត​ជូន​ពលករ​ចំណាក​ស្រុក គឺ​ជា​ការ​អនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ ដែល​ខុស​ពី​មន្ត្រី​ប៉ូលិស និង​ទាហាន​នៅ​តាម​ព្រំដែន​មួយ​ចំនួន អាច​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​នៅ​មណ្ឌល​ផ្សេង ដែល​មិន​មែន​ជា​ទីតាំង​ខ្លួន​រស់នៅ៖ «គាត់​ខំ​ប្រឹង​មក​ដល់​ព្រំដែន​ហើយ មិន​ចុះ​ឈ្មោះ​ជូន​ពួក​គាត់​អ៊ីចឹង វា​ខុស​នឹង​ការ​សម្រួល​របស់ គ.ជ.ប. ព្រោះ គ.ជ.ប លោក​បាន​មាន​ប្រសាសន៍​ហើយ​ថា លោក​បាន​រៀបចំ​ការិយាល័យ​បន្ថែម​នៅ​តាម​ព្រំដែន ដើម្បី​សម្រួល​ឲ្យ​បងប្អូន​ឆ្លៀត​ពេល​មក​ចុះ​ឈ្មោះ។ ហើយ​បើ​ពួក​គាត់​ឆ្លៀត​មក​ហើយ​មិន​ចុះ​ឈ្មោះ​ឲ្យ​ពួក​គាត់ នេះ​ជា​រឿង​មួយ​ដែល​វា​ខុស​ឆ្គង ដែល​អាជ្ញាធរ​គួរ​គិត​ឡើង​វិញ ធ្វើ​យ៉ាង​ណា​សម្រួល​ដល់​ពួក​គាត់​ផង»

កាល​ពី​ដើម​ខែ​កញ្ញា កន្លង​ទៅ មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​ជាច្រើន​នាក់ បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ការិយាល័យ​ឃុំ​តាគ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង ចំណែក​នៅ​ខេត្ត​សៀមរាប មាន​ទាហាន​ជាច្រើន​នាក់​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ក្នុង​ឃុំ​ល្វាក្រាំង ឃុំ​ស្រែណូយ ស្រុក​វ៉ារិន និង​នៅ​ឃុំ​រុនតាឯក នៃ​ស្រុក​បន្ទាយស្រី ជាដើម ដែល​មន្ត្រី​ទាំងនោះ​រស់នៅ​តំបន់​ផ្សេង តែ​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​បាន។

ច្បាប់​បោះឆ្នោត​មាត្រា​៤៦ សម្រាប់​ការ​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី​ចែង​ថា ដើម្បី​បោះឆ្នោត​បាន ពលរដ្ឋ​ត្រូវ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត និង​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ។ ដើម្បី​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ប្រជាពលរដ្ឋ​ត្រូវ​បំពេញ​លក្ខខណ្ឌ​ដូចជា មាន​សញ្ជាតិ​ខ្មែរ មាន​អាយុ ១៨​ឆ្នាំ​ឡើង​ទៅ គិត​ដល់​ថ្ងៃ​បោះឆ្នោត មាន​ទីលំនៅ ឬ​ទី​សំណាក់​ក្នុង​ឃុំ-សង្កាត់​ដែល​សាមី​ខ្លួន​ត្រូវ​បោះឆ្នោត មិន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ជាប់​ពន្ធនាគារ ឬ​មិន​ត្រូវ​ដក​សិទ្ធិ​បោះឆ្នោត​ពុំ​មែន​ជា​ជន​វិកល​ចរិត ឬ​ស្ថិត​ក្រោម​អាណាព្យាបាល​ទូទៅ ដោយ​មាន​លិខិត​បញ្ជាក់​ពី​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច។

ក្រុមប្រឹក្សា​ខេត្ត​បន្ទាយមានជ័យ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក កែរ សម្ផស្ស ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ប្រមាណ​ជាង ៣០០​នាក់ ដែល​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ការិយាល័យ​តាម​ព្រំដែន​មិន​បាន មាន​ជាអាទិ៍​នៅ​ការិយាល័យ​ចុះ​ឈ្មោះ​នៅ​ក្រុង​ប៉ោយប៉ែត ស្រុក​អូរជ្រៅ ស្រុក​ម៉ាឡៃ និង​នៅ​ស្រុក​កំរៀង ក្នុង​ខេត្ត​បាត់ដំបង ជាដើម៕




No comments:

Post a Comment