តារាចម្រៀង ពេជ្រ សោភា អង្គុយមុខមឈូសឪពុក។ រូបថត វុទ្ធី សេត គឹមសឿន |
ពេជ្រ សោភា ទួញសោក ធ្វើបុណ្យសព ឪពុក ទៅតាមបែប គ្រិស្តសាសនា
| 17 July 2014
ភ្នំពេញ៖ «ខ្ញុំ ស្រឡាញ់ ពុកណាស់។ ពុក ជាបុរសម្នាក់ ដ៏អស្ចារ្យណាស់ សម្រាប់កូន។ ជាតិក្រោយ កូន ចង់កើត ជាកូន ពុកទៀត។ សូម ឲ្យវិញ្ញាណក្ខន្ធ ពុក ទៅកាន់ ទីមួយអស្ចារ្យ អស់កាលជានិច្ច។ ពុក នៅក្នុងចិត្តកូន ជារៀងរហូត។ កូន ចង់និយាយ ជាមួយពុក។ ចង់ ប្រាប់ថា, កូន ស្រឡាញ់ណាស់។»
នេះ ជាពាក្យពេចន៍ ទួញសោក រៀបរាប់ រំឭក ពីក្តីស្រឡាញ់, ការនឹករឭក, ការគោរព,ឲ្យតម្លៃ, និងការផ្សង,កើតជាតិក្រោយ,ឲ្យបានកើត,ជាមួយគ្នាទៀត,របស់,តារាចម្រៀង ពេជ្រ
សោភា នៅពេល ឪពុក បានបិទភ្នែក រលត់វិញ្ញាណ ពីលោកនេះ ចាកចោល កូនៗ
និងក្រុមគ្រួសារនោះ។
នៅក្នុងហ្វេសប៊ុក តារាចម្រៀង ពេជ្រ សោភា
បានសរសេរ បញ្ជាក់ថា៖ «លោក ឪពុក ស៊ូ សារ៉ាន ទទួលមរណភាព
នៅវេលាម៉ោង ៧ យប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ដោយរោគាព្យាធិ ក្នុងជន្មាយុ
៧៦ ឆ្នាំ នៅផ្ទះ និងនាំមក តម្កល់ ធ្វើបុណ្យ បែបគ្រិស្តសាសនា នៅព្រះវិហារ ជីវិតថ្មី
ក្បែរពេទ្យរបេង ខាងត្បូង សាលារៀន ព្រះយុគន្ធរ។»
ជាមួយឯកសណ្ឋានស្លៀកសំពត់ខោអាវ
ពណ៌ខ្មៅ
ដែលជាពណ៌កាន់ទុក្ខអង្គុយបត់ជើងប្រណម្យនៅមុខមឈូសតម្កល់សពឪពុកនោះ
ពេជ្រ សោភា បានប្រាប់ថា៖ «ដោយក្រុមគ្រួសារខ្ញុំគោរពប្រណិប័តន៍គ្រិស្ដសាសនានោះ
ពិធីបុណ្យសពឪពុកក៏ធ្វើតាមបែបគ្រិស្តដែរ ហើយសព ដោយគាត់ជាសមាជិកគ្រិស្ដ
អង្គការឆេម ក៏ផ្តល់កន្លែងសម្រាប់បញ្ចុះ
ហើយនោះក៏ជាក្តីប្រាថ្នារបស់គាត់ដែរ។»
តារាចម្រៀងរបស់ផលិតកម្មហង្សមាសវ័យជាង៣០ឆ្នាំមានកំណើតពីខេត្តព្រៃវែង
នាង ពេជ្រ សោភា បញ្ជាក់ថា៖ «ក្តីប្រាថ្នា
ក៏ដូចជាបណ្តាំរបស់គាត់ គឺសុំឲ្យកូនៗយកគាត់ទៅបញ្ចុះនៅកន្លែងដែលគាត់ស្រឡាញ់
ដែលគាត់គិតថា កន្លែងដែលនាំជីវិត ប្រែក្លាយពីការលីសែង កិនទឹកអំពៅលក់
ដែលជីវិតមួយគ្រួសារជួបប្រទះកាលពីអតីតកាលនោះ។»
ប៉ុន្តែ តារាចម្រៀង រូបនេះ បានអះអាងទៀត ថា៖ «បើទោះជាឪពុកមិនចូលគ្រិស្តក៏ដោយ
ក៏សពគាត់ខ្ញុំមិនបូជាដែរគឺត្រូវតែបញ្ចុះ។»
តារាចម្រៀង ពេជ្រ សោភា
បញ្ជាក់ថា៖ «ម្តាយខ្ញុំគាត់កាន់សាសនានេះ
រយៈពេល១៥ឆ្នាំហើយ ចំណែកឪពុកគាត់កាន់ទើបតែ១០ឆ្នាំទេ
ក្រោយម្តាយ៥ឆ្នាំ។ បើនិយាយទៅជីវភាពគ្រួសារខ្ញុំ ហាក់មានភាពប្រែប្រួលក្រោយពីបានចូលជាសមាជិកអង្គការឆេម
និងគោរពសាសនាគ្រិស្តនេះ។»
ពេជ្រ សោភា ប្រាប់ទៀតថា៖ «តាមសាសនាគ្រិស្ត មិនមានធ្វើបុណ្យ៧ថ្ងៃទេ
ធ្វើពេលស្លាប់គឺហើយៗមានតែ ធ្វើពិធីបុណ្យតាមរដូវកាលទេ ដូចជាសែន
ឆេងម៉េងអីហ្នឹងមាន។»
បើទោះជាកំពុងស្ថិតក្នុងអារម្មណ៍កាន់ទុក្ខក៏ដោយ
ប៉ុន្តែតារាចម្រៀងដែលរមែងឲ្យតម្លៃគ្រួសារ និងអ្នកមានគុណ នាង ពេជ្រ សោភា
មិនបានប្រកាសកាន់ទុក្ខ បិទទ្វារសិល្បៈនោះទេ ដោយនាងប្រាប់ថា៖ «ចប់ពីថ្ងៃបុណ្យស្អែកនេះទៅខ្ញុំនឹងបន្តការងារសិល្បៈធម្មតា។
ការស្លាប់របស់ឪពុកនេះ ខ្ញុំមិនបានប្រកាសលុបការសម្តែងឡើយ
លើកលែងតែថ្ងៃនេះ និងថ្ងៃស្អែកទេ ក្រៅពីថ្ងៃនេះ បន្តធម្មតា។»
នាង បានបន្ត ថា៖ «សូម្បីម្សិលមិញនេះក៏ខ្ញុំនៅជាប់ការសម្តែងដែរ
តែយ៉ាងណាខ្ញុំក៏នៅតែមកទាន់ដង្ហើមរបស់គាត់ចុងក្រោយដែរ។»
ពេជ្រ សោភា បានបញ្ជាក់ ថា៖ «ល្ងាចថ្ងៃម្សិលនេះ
ខ្ញុំកំពុងតែជាប់ថតកម្មវិធី ពេលដែលអ្នកផ្ទះខលទៅ
ខ្ញុំក៏មកប្រញាប់ប្រញាល់ ហើយក៏ទាន់ដង្ហើមគាត់។ វេលាដូចកំណត់
ដង្ហើមគាត់ដូចចាំខ្ញុំ ពេលខ្ញុំមកដល់បាននិយាយសួរគាត់ពីរបីម៉ាត់
គាត់ក៏ផុតដង្ហើមតាមដំណើរតែម្តង។»
តារាចម្រៀង ពេជ្រ សោភា
បានរៀបរាប់ បន្ថែម ថា៖ «ដំណើរផុតដង្ហើមរបស់គាត់
មើលទៅដោយភាពស្ងប់រលូនល្អណាស់។ ខ្ញុំសង្ឃឹមថា ពីពេលនេះទៅ
គាត់ក៏ផុតទុក្ខរបស់គាត់នៅក្នុងលោកហើយដែរ៕»
No comments:
Post a Comment