រូបឯកសារ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ទទួលកម្រងផ្កា នៅពេលលោកបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥។ |
មន្ត្រី រដ្ឋាភិបាល៖ ការហាម មិនឲ្យ មេបក្សប្រឆាំង ចូលប្រទេស ដោយសារ ខ្លាចខូច ព្រលានយន្តហោះ និងប៉ះពាល់ ដល់សន្តិសុខជាតិ
VOA / វីអូអេ | ២៤ តុលា ២០១៦
មន្ត្រី ជាន់ខ្ពស់ នៃទីស្តីការ គណៈរដ្ឋមន្ត្រី
បានថ្លែង នៅថ្ងៃច័ន្ទនេះ ថា,
អាជ្ញាធរ មានសមត្ថកិច្ច របស់រដ្ឋ មានការ ព្រួយបារម្ភ នៃការ ផ្ទុះឡើង សកម្មភាព ធ្វើបាតុកម្មនានា
ទើប អាជ្ញាធរ សម្រេច ហាមឃាត់ មិនឲ្យ លោក សម រង្ស៊ី
មេដឹកនាំ គណបក្សប្រឆាំង វិលត្រឡប់ ចូលក្នុងប្រទេស កម្ពុជា។
ភ្នំពេញ —
លោក សម រង្ស៊ី ប្រឈម នឹងការ បាត់ឱកាស វិលមក ធ្វើនយោបាយ ក្នុងប្រទេស កម្ពុជា ដោយសារ អាជ្ញាធរ រដ្ឋាភិបាល កម្ពុជា យល់ ថា ជាការ បំផ្លិចបំផ្លាញ ដល់សន្តិសុខ ជាតិ ប្រសិនបើ មានការ អនុញ្ញាត ឲ្យមេដឹកនាំ គណបក្សប្រឆាំង រូបនេះ ជាន់ទឹកដី កម្ពុជា។ ក្រុម អ្នកសង្កេតការណ៍ នយោបាយ កម្ពុជា លើកឡើង ថា, រដ្ឋាភិបាល កាន់តែ បារម្ភ ពីកម្លាំង គាំទ្រ គណបក្សប្រឆាំង ដែលជាហេតុ ធ្វើ ឲ្យមាន ការរាំង ខ្ទប់លោក សម រង្ស៊ី មិនឲ្យ វិលចូល ប្រទេស កំណើតលោក។
មន្ត្រីជាន់ខ្ពស់នៃទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងនៅថ្ងៃច័ន្ទនេះថា អាជ្ញាធរមានសមត្ថកិច្ចរបស់រដ្ឋមានការព្រួយបារម្ភនៃការផ្ទុះឡើងសកម្មភាពធ្វើបាតុកម្មនានា ទើបអាជ្ញាធរសម្រេចហាមឃាត់មិនឲ្យលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងវិលត្រឡប់ចូលក្នុងប្រទេសកម្ពុជា ខណៈដែលមេដឹកនាំរូបនេះកំពុងធ្វើនិរទេសខ្លួននៅប្រទេសបារាំង។
ក្រុមអ្នកសង្កេតការណ៍នយោបាយកម្ពុជាយល់ផ្ទុយពីការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាល ដោយពួកគេមើលឃើញថា រដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងបង្ហាញឲ្យកាន់តែច្បាស់ពីភាពភ័យខ្លាចរបស់ខ្លួនចំពោះកម្លាំងគាំទ្រលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ ហើយថា មេដឹកនាំគណបក្សប្រជាជនកម្ពុជាកំពុងព្យាយាមបញ្ចប់ជីវិតនយោបាយរបស់មេដឹកនាំគណបក្សប្រឆាំងរូបនេះ។
លោក តឹករ៉េត សំរេច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ប្រាប់ VOA នៅរសៀលថ្ងៃច័ន្ទនេះថា ឆ្លងតាមបទពិសោធន៍នៃការប្រមូលផ្តុំរបស់ក្រុមអ្នកគាំទ្រលោក សម រង្ស៊ី យ៉ាងច្រើនសន្ធឹកសន្ធាប់នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីពេលកន្លងមក អាជ្ញាធរបានសន្និដ្ឋានថា សកម្មភាពបំផ្លិចបំផ្លាញទ្រព្យសម្បតិ្តក្នុងព្រលានយន្តហោះអាចនឹងកើតមានឡើង ប្រសិនបើការមកដល់របស់លោក សម រង្ស៊ី បានកើតឡើងក្នុងស្ថានភាពចម្រូងចម្រាស។
មន្ត្រី រដ្ឋាភិបាល រូបនេះ ពន្យល់ ថា៖
«ដូចជា គាត់ មកលើកមុន, គឺ មានបាតុកម្ម, មានកេណ្ឌ មនុស្សទៅ ជាច្រើន. ហើយ លើកនេះ ក្នុងនាម ជាអាជ្ញាធរ រដ្ឋហ្នឹង មិនពាក់ព័ន្ធ គណបក្ស អីទេ ព្រោះ កាលណា គាត់, យើង គិត ថា, គាត់ អាចមាន មនុស្សច្រើន ហួសហេតុ ទៅកន្លែងហ្នឹង, ហើយ មានបញ្ហា។ អញ្ចឹង បើសិន មានបញ្ហា ណាមួយ កើតឡើង, គឺ អាចប៉ះពាល់ ច្រើនណាស់ ចំពោះ infrastructure (ហេដ្ឋារចនាសម្ព័ន្ធ), ចំពោះ វាលយន្តហោះ, ចំពោះ រចនាសម្ព័ន្ធ ដែលមាន តម្លៃ រាប់សិបលាន ដុល្លារ, រាប់រយលាន ដុល្លារ។ អញ្ចឹង ដើម្បី ទប់ស្កាត់, ដើម្បី កុំឲ្យ វា មានបញ្ហា នៅក្នុងនាម អាជ្ញាធររដ្ឋ គឺ យើង ត្រូវ ពិនិត្យ ដោះស្រាយ ជាមុន។»
យោងទៅតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីចុះហត្ថលេខាដោយលោក តឹករ៉េត សំរេច នៅថ្ងៃទី១២ ខែតុលា បានលើកឡើងវិធានការបួនសំខាន់ៗនៃការរារាំងមិនឲ្យលោក សម រង្ស៊ី ដែលចាត់ទុកថា ជាបុគ្គលម្នាក់មិនឲ្យវិលចូលក្នុងទឹកដីកម្ពុជា។ វិធានការទីមួយ គឺគ្រប់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ដែលធ្វើប្រតិបត្តិការហោះហើរមកកម្ពុជា មិនត្រូវអនុញ្ញាតឲ្យបុគ្គល [លោក សម រង្ស៊ី] នេះឡើងយន្តហោះមកកម្ពុជាទេ ហើយត្រូវផ្តល់របាយការណ៍ទៀងទាត់ក្នុងករណីបុគ្គលនេះទិញសំបុត្រយន្តហោះធ្វើដំណើរមកកម្ពុជា។
វិធានការទីពីរ ក្នុងករណីដែលបុគ្គល សម រង្ស៊ី ធ្វើដំណើរមកកាន់កម្ពុជាតាមរយៈយន្តហោះណាមួយ យន្តហោះនោះនឹងត្រូវបង្ខំឲ្យវិលត្រឡប់ទៅកាន់អាកាសយានដ្ឋានដើមវិញ ដោយមិនអនុញ្ញាតឲ្យធ្វើការចុះចតនៅកម្ពុជាឡើយ។
វិធានការទីបី ក្នុងករណីយន្តហោះដឹកបុគ្គល សម រង្ស៊ី ចុះចតដល់អាកាសយានដ្ឋានណាមួយនៅកម្ពុជា នឹងមិនត្រូវបានអនុញ្ញាតឲ្យភ្ញៀវចាកចេញពីយន្តហោះឡើយ និងត្រូវបញ្ជាឲ្យត្រឡប់ទៅអាកាសយានដ្ឋានដើមវិញ។ វិធានការចុងក្រោយគឺ ក្នុងករណីដែលបុគ្គលនេះ បានចាកចេញផុតពីយន្តហោះ នគរបាលអន្តោប្រវេសន៍ត្រូវចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីកុំឲ្យបុគ្គលនេះចូលក្នុងកម្ពុជាបាន និងចាត់វិធានការផ្សេងទៀតតាមការចាំបាច់។
នៅពេល VOA សួរលោកថា តើការរារាំងមិនឲ្យលោក សម រង្ស៊ី ជាន់ទឹកដីកម្ពុជា ជាចេតនាធ្វើឲ្យកម្លាំងបក្សប្រឆាំងចុះខ្សោយ និងជាទង្វើប្រឆាំងនឹងរដ្ឋធម្មនុញ្ញដែរឬទេ លោក តឹករ៉េត សំរេច បានបញ្ជាក់ថា ការវិលត្រឡប់របស់លោក សម រង្ស៊ី ចូលក្នុងទឹកដីកម្ពុជាអាចបង្កផលប៉ះពាល់ដល់សន្តិសុខជាតិ។ លោកថ្លែងថា៖
«មិនដឹង ជាអ្នក នយោបាយ លើកឡើង ក្នុងបំណង បែបអីទេ, បាទ។ បើ យើង ដឹងថា, គាត់ មក, បញ្ហាធំ។ ឧទាហរណ៍ ថា, បើ ឆេះព្រលាន យន្តហោះ ឬក៏ខូច កប៉ាល់ហោះគេ, មួយ ១០០, ២០០ លានដុល្លារ មួយគ្រឿង -- តើ អ្នកណា ទទួលខុសត្រូវ? បើសិន យើង គិត ថា, អនុញ្ញាត ឲ្យបុគ្គលម្នាក់ មកបង្ក ចលាចល, ហើយ រដ្ឋធម្មនុញ្ញ ត្រូវតែ ធ្វើអញ្ចឹង, បើក ឲ្យមនុស្សហ្នឹង បំផ្លាញទៀត អាហ្នឹង ឲ្យគេ បកស្រាយ អញ្ចឹងចុះ។ ប៉ុន្តែ អ្វី ដែលយើង ធ្វើនេះ គឺ ក្នុងនាម ជារដ្ឋ, គឺ ក្នុងនាម ជាអាជ្ញាធររដ្ឋ ដែលត្រូវតែ ការពារ នូវការអ្វី ដែលស្ថិត ក្រោមការ ទទួលខុសត្រូវ របស់ខ្លួន។»
កាលពីឆ្នាំ២០១៣ លោក សម រង្ស៊ី បានមកដល់ប្រទេសកម្ពុជា តែមួយសប្តាហ៍ប៉ុណ្ណោះមុនការបោះឆ្នោតជាតិដ៏ចម្រូងចម្រាស។ ប្រជារាស្ត្រខ្មែរជាច្រើនសែននាក់ បានទៅទទួលស្វាគមន៍ និងហែរហមរូបលោកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលបង្កឲ្យមានការកកស្ទះចរាចរណ៍ តែពុំមានអំពើហិង្សាណាមួយបានកើតឡើងនោះទេ។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍន៍សង្គម ប្រាប់ VOA ថា រដ្ឋាភិបាលមិនមានចេតនាអនុញ្ញាតឲ្យលោក សម រង្ស៊ី មានវត្តមានក្នុងប្រទេសកម្ពុជានោះទេ ព្រោះថា គណបក្សប្រជាជនកម្ពុជាដែលដឹកនាំរដ្ឋាភិបាលកំពុងភ័យខ្លាចពីការកើនឡើងខ្លាំងនៃប្រជាប្រិយភាពរបស់លោក សម រង្ស៊ី។ លោកថា រដ្ឋាភិបាលក៏មិនអាចចាប់លោក សម រង្ស៊ី បញ្ជូនទៅឃុំនៅពន្ធនាគារផងដែរ ព្រោះបារម្ភក្រែងមានចលនាតស៊ូណាមួយកើតឡើងប្រឆាំងនឹងរដ្ឋាភិបាល។
លោកបញ្ជាក់បន្ថែមថា រដ្ឋាភិបាលកំពុងតែប្រើគ្រប់មធ្យោបាយ ក្នុងការគាបសង្កត់ និងធ្វើឲ្យក្រុមបក្សប្រឆាំងកាន់តែចុះខ្សោយទៅ ដូចគ្រាចុងឆ្នាំ១៩៤០ ដែលក្រុមអ្នកប្រជាធិបតេយ្យត្រូវបានរំលាយចោល នៅពេលពួកគេព្យាយាមនាំលទ្ធិប្រជាធិបតេយ្យមកកាន់កម្ពុជា។
អ្នកវិភាគ រូបនេះ បញ្ជាក់ថា៖
«អញ្ចឹងសព្វថ្ងៃនេះ ខ្ញុំមើលទៅក៏ វាហាក់ដូចមានជីវិតដូចប្រហែលគ្នា ដែលថា គំនាបទាំងឡាយបានធ្វើមកលើអ្នកប្រជាធិបតេយ្យ ឬក៏គណបក្សប្រឆាំងហ្នឹងគឺស្រដៀងគ្នា ហើយវាអាចនឹងឈានចូលទៅ ការរំលាយគណបក្សធំៗ ដែលជាគណបក្សប្រឆាំងហ្នឹង ក៏អាចថាបានដែរ បើសិនជាស្ថានភាពនៅតានតឹងបែបនេះ។»
លោក សម រង្ស៊ី បានគេចទៅរស់នៅប្រទេសបារាំង បន្ទាប់ពីសភាដែលមានតែក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បោះឆ្នោតកាលពីឆ្នាំ២០១៥ លុបចោលសមាជិកភាពរបស់លោក ជាអ្នកតំណាងរាស្ត្រ ដើម្បីឲ្យលោកប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ក្នុងសំណុំរឿងបរិហារកេរ្តិ៍ទាក់ទងនឹងការថ្លែងរបស់លោកដែលថា លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានឃុបឃិតជាមួយនឹងក្រុមខ្មែរក្រហម ពេលដែលលោក ហោ ណាំហុង នៅជាប់ក្នុងពន្ធនាគារបឹងត្របែក។
លោក សូ ចន្ថា សាស្រា្តចារ្យវិទ្យាសាស្ត្រនយោបាយ ប្រាប់ VOA ថា គណបក្សគ្រប់គ្រងប្រទេស បានកំពុងបង្ហាញចេតនារបស់ខ្លួនក្នុងការផ្តាច់ជីវិតនយោបាយរបស់លោក សម រង្ស៊ី ដែលលោកយល់ថា នៅមិនទាន់មានសេចក្តីក្លាហានវិលចូលប្រទេសដើម្បីប្រឈមនឹងគំនាបនានាពីរដ្ឋាភិបាល។
លោក សាស្ត្រាចារ្យ ថ្លែងបញ្ជាក់ ថា៖
«ការណ៍ដែលរារាំងបែបនេះ គោលដៅធំបំផុតគឺចង់បញ្ចប់ជីវិតនយោបាយរបស់លោក សម រង្ស៊ី ពីព្រោះនៅពេលដែលលោក សម រង្ស៊ី នៅក្រៅប្រទេស ហើយមិនអាចវិលត្រឡប់មកស្រុកវិញបាន អញ្ចឹងមានន័យថា គាត់ពិបាកក្នុងធ្វើនយោបាយ ហើយក៏ជាចំណែកមួយដែលធ្វើឲ្យអ្នកគាំទ្រគណបក្សសង្គ្រោះជាតិហ្នឹងមើលឃើញអំពីភាពជាអ្នកដឹកនាំរបស់លោក សម រង្ស៊ី ដែលលោកប្រកាសថា ត្រឡប់មកស្រុកវិញជារឿយៗ ក៏ប៉ុន្តែលោកហាក់ដូចជាមិនអាចត្រឡប់មកបាន ហើយគួបផ្សំនឹងការរារាំងរបស់រដ្ឋាភិបាលទៀតនោះបាទ។»
លោកសាស្ត្រាចារ្យថ្លែងបន្តថា លោក សម រង្ស៊ី អាចបង្ហាញសេចក្តីកា្លហានរបស់លោក ក្នុងការវិលត្រឡប់មកប្រទេស នៅគ្រាមានការរារាំងនេះ ប្រយោជន៍ដើម្បីទាញយកសំឡេងឆ្នោត ដើម្បីឈ្នះការបោះឆ្នោតខាងមុខ។ លោកបន្ថែមថា សហគមន៍អន្តរជាតិ ក៏នឹងមិននៅស្ងៀមចំពោះបម្រាមដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាល ដែលមានបំណងបិទទាំងស្រុងច្រកចេញចូលប្រទេសកម្ពុជាដល់លោក សម រង្ស៊ី ដែលជាអ្នកទោសនយោបាយនិងមិនមែនជាឧក្រិដ្ឋជននោះ។
លោក សម រង្ស៊ី មិនបានឆ្លើយតបសំណួរតាមសារអេឡិចត្រូនិក ឬ Email ពាក់ព័ន្ធនឹងជំហររបស់លោកក្នុងការវិលត្រឡប់មកកាន់ប្រទេសកម្ពុជា។ ប៉ុន្តែលោកបានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា លោកប្តេជ្ញាចិត្តនឹងវិលមកប្រទេសកម្ពុជា តែមិនបានបញ្ជាក់ថា តើលោកនឹងវិលមកវិញតាមវិធីណានោះទេ។
មេដឹកនាំបក្សប្រឆាំងរូបនេះក៏បានបញ្ជាក់កាលពីពេលកន្លងមកថា ការរស់នៅក្រៅប្រទេសអាចបើកផ្លូវឲ្យលោកធ្វើការតស៊ូនយោបាយជាមួយរដ្ឋាភិបាលក្រុងភ្នំពេញផងដែរ។ លោកបានលើកពីលោកប្រធានាធិបតីបារំាង Charles de Gaulle ដែលគេចខ្លួនទៅប្រទេសអង់គ្លេស ដើម្បីធ្វើការតស៊ូរំដោះប្រទេសបារាំងពីការគ្រប់គ្រងរបស់ប្រទេសអាល្លឺម៉ង់ក្នុងសម័យសង្គ្រាមលោកលើកទី២៕
http://truth2power-media.blogspot.com/2013/12/by-sam-vichea_25.html#links
ReplyDeleteKem Sokha should spank Kem Monovithya at her rear end to keep her in line.