មន្ត្រីសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ត្រូវបានសន្តិសុខខណ្ឌដូនពេញវាយ ខណៈលោកឃ្លាំមើលការប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោក នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦។ RFA/Cheu Sideth |
មន្ត្រី សិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត ត្រូវ កម្លាំងសន្តិសុខ ខណ្ឌដូនពេញ ប្រើហិង្សា វាយ ឲ្យរបួស
RFA / វិទ្យុ អាស៊ី សេរី | ១០ តុលា ២០១៦
សន្តិសុខ ខណ្ឌដូនពេញ បានទប់ស្កាត់
និងប្រើ អំពើហិង្សា លើអ្នករងគ្រោះ ជម្លោះដីធ្លី
និងអ្នកការពារ សិទ្ធិមនុស្ស ជាច្រើននាក់ ខណៈ ពួកគេ បានប្រារព្ធ ទិវា សិទ្ធិលំនៅឋាន ពិភពលោក លើកទី៣១
ដែលគេ រៀបចំ ធ្វើនៅតំបន់ ដីក្រហម រាជធានី ភ្នំពេញ។ ទិវានេះ មានអ្នក ចូលរួម ប្រមាណ ៥០០នាក់ នៅព្រឹកថ្ងៃទី១០ តុលា។
ក្រុមសហគមន៍ រងគ្រោះ ដីធ្លី
មិនបាន យកញត្តិ ទៅដាក់ នៅស្ថាប័ន ពាក់ព័ន្ធ សំខាន់ៗ ដូចការគ្រោងទុកទេ ដោយសារ សន្តិសុខ ខណ្ឌដូនពេញ
បានទប់ស្កាត់ និងវាយបំបែក នៅតំបន់ ដីក្រហម
ដែលធ្វើ ឲ្យមនុស្ស មួយចំនួន រងរបួស រួមទាំង លោក អំ សំអាត
ដែលជាសកម្មជន ការពារ សិទ្ធិមនុស្ស យ៉ាងសកម្ម របស់ អង្គការ លីកាដូ (LICADHO) ផង។
លោក អំ សំអាត បញ្ជាក់ថា
លោកបានដាក់ពាក្យបណ្ដឹងទៅប៉ុស្តិ៍នគរបាលសង្កាត់ជ័យជំនះ រួចរាល់ហើយ
ដើម្បីឲ្យសមត្ថកិច្ចរកយុត្តិធម៌ជូនលោក ចំពោះការប្រើអំពើហិង្សានេះ។
ក្រៅពីលោក អំ សំអាត ក៏មានសកម្មជនដីធ្លីជាច្រើនទៀត
ក៏រងរបួសដោយការប្រើអំពើហិង្សាដោយក្រុមសន្តិសុខខណ្ឌដូនពេញ នេះដែរ
នៅក្នុងទិវាសិទ្ធិលំនៅឋានពិភពលោកលើកទី៣១។
សហគមន៍ជាង ១០០ មកពីបណ្ដាខេត្ត-ក្រុង
ក្រោមការជួយរៀបចំពីអង្គការធាងត្នោត
និងលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន
បានជ្រើសរើសតំបន់ដីក្រហមដែលជានិមិត្តរូបនៃភាពចម្រូងចម្រាសដីធ្លី
មកធ្វើជាទីជួបជុំគ្នាដើម្បីប្រារព្ធទិវាលំនៅឋានពិភពលោក។
ការប្រារព្ធទិវាសកលមួយនេះ
ត្រូវបានធ្វើឡើងក្រោមការអង្កេតពីមន្ត្រីសិទ្ធិមនុស្ស
និងភ្នាក់ងារសារព័ត៌មានក្នុង និងក្រៅស្រុក។ ក្រោមតំណក់ភ្លៀងយ៉ាងសស្រាំ
សហគមន៍ដែលសុទ្ធតែមានប្រវត្តិជាប់ពាក់ព័ន្ធនឹងបញ្ហាដីធ្លី
បានប្រមូលផ្តុំគ្នានៅម៉ោងប្រហែល ៧ និង ៤០នាទីព្រឹកថ្ងៃទី១០ តុលា
ដើម្បីរៀបចំដំណើរការកម្មវិធីតាមការគ្រោងទុក។
មិនបានប៉ុន្មាននាទីផងក្រោយខាងសហគមន៍មកដល់ សន្តិសុខខណ្ឌដូនពេញ
បានមកតាម ហើយចាត់វិធានការទប់ស្កាត់ការរៀបចំនោះភ្លាមៗ ដោយលើកមូលហេតុថា
ខាងសាលារាជធានីមិនអនុញ្ញាតឲ្យពួកគេធ្វើពិធីនៅទីនោះទេ
ហើយត្រូវរើទៅទីលានប្រជាធិបតេយ្យជំនួសវិញ។
ក្រោយការឈ្លោះប្រកែកតវ៉ាគ្នាប្រហែលជាមួយស្របក់ធំ
ខាងកម្លាំងសន្តិសុខបានមកដល់កាន់តែច្រើន
ជំរុញឲ្យខាងសហគមន៍រៀបចំគ្នាជាក្បួនដើរជំនួសវិញ
ឆ្ពោះទៅកាន់ទីលានប្រជាធិបតេយ្យ។
អ្នកខ្លះដើរកាន់បដាមានសរសេរឃ្លាឃ្លោងទាមទារឲ្យមានដំណោះស្រាយដីធ្លី។
អ្នកខ្លះមានជាផ្ទះធ្វើពីស្នោ ដើរទូលលើក្បាល។
ពេលនោះក៏មានផ្កាឈូកត្រូវបានចែកឲ្យអ្នកចូលរួមកាន់គ្រប់ដៃ ជាមួយនឹងទង់ជាតិ
និងទង់ពុទ្ធសាសនា រួមទាំងឆៃយ៉ាំលេងហែហមបំពងសំឡេងផង។
មន្ត្រីសិទ្ធិមនុស្ស ក៏ដូចជាអ្នកសារព័ត៌មាន
ព្យាយាមផ្ដិតយកទិដ្ឋភាពយ៉ាងរស់រវើករបស់ក្បួន ដោយម្នាក់ៗមិនបានរំពឹងថា
នឹងមានបញ្ហាកើតឡើងនោះឡើយ។
នៅម៉ោងប្រហែល ១០ព្រឹក ពេលក្បួនបានមកដល់ក្បែរសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
ក៏ប៉ះទង្គិចគ្នា និងបានផ្ទុះហិង្សាឡើង។ សន្តិសុខខណ្ឌដូនពេញ មួយឡាន
បានចុះមកដណ្ដើមបដា និងរបស់របរហែហមផ្សេងទៀតរបស់អ្នកដើរក្បួន។
ពួកគេចាប់យកផ្ទះស្នោមកជាន់កម្ទេចចោល ព្រមទាំងចាប់យកស្គរឆៃយ៉ាំពីអ្នកភ្លេង។
ការប្រតាយប្រតប់គ្នាក៏កើតឡើង ដែលបង្កឲ្យមានរបួសដល់សកម្មជនដីធ្លី
អ្នកសារព័ត៌មាន និងមន្ត្រីសិទ្ធិមនុស្ស។
ប្រធានស្តីទីអង្គការធាងត្នោត លោក សៅ កុសល ដែលជាអ្នករៀបចំកម្មវិធី
ឲ្យអាស៊ីសេរី ដឹងថា រូបលោកផ្ទាល់ក៏ជាមុខសញ្ញារបស់សន្តិសុខខណ្ឌដូនពេញដែរ
តាមព័ត៌មានដែលលោកទទួលបាន។ លោកបន្តថា
ព័ត៌មាននេះធ្វើឲ្យលោកពិបាកក្នុងការបំពេញការងារ
ប៉ុន្តែលោកនឹងនៅតែបន្តធ្វើវា ដរាបណាប្រជាពលរដ្ឋនៅមានឆន្ទៈ៖ «ចង់ជួបដែរថារកខ្ញុំធ្វើអ្វី? យកទៅសម្លាប់
ឬយកទៅដាក់គុក ឬចង់និយាយគ្នារឿងអ្វី?»
ក្បួនដង្ហែបានមកដល់ទីលានប្រជាធិបតេយ្យនៅពេលថ្ងៃត្រង់
ហើយចាប់ផ្ដើមចាត់ចែងបន្តកម្មវិធីដែលមានការចែករំលែកបញ្ហាពីសំណាក់តំណាងសហគមន៍
និងការជួបប្រគល់ញត្តិដល់មន្ត្រីក្រសួងដែនដី និងនគរូបនីយកម្ម។
តំណាងសហគមន៍ឡពាង លោកស្រី អ៊ុំ សូភី ធ្វើដំណើរពីខេត្តកំពង់ឆ្នាំង
មកចូលរួមទិវាលំនៅឋានពិភពលោក។ លោកស្រីមានបីកូនតូចផង
ដើរក្នុងក្បួនកាត់ភ្លៀងជាមួយសហគមន៍ដទៃទៀត
ព្រោះតែបញ្ហាដីធ្លីក្នុងសហគមន៍លោកស្រី បានជាប់គាំងអស់រយៈពេល
១០ឆ្នាំហើយ មិនទាន់មានដំណោះស្រាយនៅឡើយ៖ «ទំនាស់ដីធ្លីនៅប្រទេសកម្ពុជា
នៅតែមានការអូសបន្លាយរហូត មិនមានការដោះស្រាយ
សុំឲ្យរដ្ឋាភិបាលតាំងចិត្តឲ្យពិតប្រាកដដោះស្រាយឲ្យពួកខ្ញុំ។»
នាយករដ្ឋបាលនៃសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា
ឆ្លើយតបនឹងរឿងនេះថា ឧប្បត្តិហេតុដែលកើតឡើង
គឺដោយសារក្រុមអ្នកហែក្បួនគឃ្លើនមិនព្រមស្តាប់តាមការណែនាំរបស់សាលារាជធានី
ដែលហាមមិនឲ្យដង្ហែក្បួនទៅកាន់ផ្លូវនរោត្តម។
បើក្បួនដើរតាមតែផ្លូវដែលសាលារាជធានីបង្គាប់ បញ្ហាក៏មិនកើតឡើងដែរ។
ឆ្លៀតឱកាសក្នុងទិវាលំនៅឋានពិភពលោកនេះផងដែរ
តំណាងសហគមន៍ក៏បានលើកឡើងពីយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ
និងទាមទារឲ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្សទាំងប្រាំ អគ្គលេខាធិការរង
គ.ជ.ប. និងអ្នកស្រី ទេព វន្នី ដែលជាអ្នកធ្វើការតវ៉ាយ៉ាងសកម្មលើបញ្ហាដីធ្លី។
ទិវាលំនៅឋានពិភពលោក គឺជាទិវាសកលរបស់អង្គការសហប្រជាជាតិ
ដែលត្រូវបានប្រារព្ធធ្វើឡើងគ្រប់ទីកន្លែងតាំងតែពីឆ្នាំ១៩៨៦ មកម្ល៉េះ។
ទិវានេះធ្វើឡើងដើម្បីទាក់ទាញចំណាប់អារម្មណ៍សាធារណជន
ឲ្យមកមើលស្ថានភាពនៃសិទ្ធិសេរីភាពមានជម្រកជ្រកកោនរបស់ប្រជាពលរដ្ឋ។
ដោយឡែកនៅប្រទេសកម្ពុជា ដែលមានបញ្ហាដីធ្លីរ៉ាំរ៉ៃ
ការប្រារព្ធទិវានេះមិនបានទទួលស្វាគមន៍ពីសំណាក់អាជ្ញាធរឡើយ៕
No comments:
Post a Comment