លោក ហ៊ុន ម៉ាណែត ថា, បាតុកម្ម ប្រឆាំងលោក នៅអូស្ត្រាលី អាចជាប់ ពាក់ព័ន្ធ បក្សប្រឆាំង
RFA / វិទ្យុ អាស៊ី សេរី | ១៩ តុលា ២០១៦
លោក ហ៊ុន ម៉ាណែត កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០១៦។ RFA/Phann Yasy |
លោក ហ៊ុន ម៉ាណែត កូនប្រុស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុក ការធ្វើ បាតុកម្ម ប្រឆាំងលោក នៅប្រទេស អូស្ត្រាលី ថា អាចជាប់ ពាក់ព័ន្ធ នឹងគណបក្ស សង្គ្រោះជាតិ នៅទីក្រុង ភ្នំពេញ។ ការថ្លែង របស់លោក ដូច្នេះ នៅក្នុងសន្និសីទ សារព័ត៌មាន នៅអាកាសយានដ្ឋាន អន្តរជាតិ ភ្នំពេញ ខណៈ លោក វិលមក ពីប្រទេស អូស្ត្រាលី វិញ កាលពីព្រឹក ថ្ងៃពុធ ទី១៩ តុលា។
ប៉ុន្តែ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បដិសេធការចោទប្រកាន់នេះ ហើយថាគណបក្សសង្គ្រោះជាតិ មិនគាំទ្រការធ្វើបាតុកម្មប្រឆាំងគ្នានោះទេ គឺគណបក្សសង្គ្រោះជាតិ ចង់ឲ្យមានការរួបរួម។
លោក ហ៊ុន ម៉ាណែត ថ្លែងថា ការធ្វើបាតុកម្មប្រឆាំងនឹងក្រុមលោកនៅប្រទេសអូស្ត្រាលី គឺអាចជាប់ពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិ នៅទីក្រុងភ្នំពេញ។
លោក ហ៊ុន ម៉ាណែត ជាមេបញ្ជាការកម្លាំងពិសេសប្រឆាំងភេរវកម្ម ជាមេបញ្ជាការរងកងទ័ពជើងគោក និងជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទផង។ លោកមានប្រសាសន៍ថា មេដឹកនាំគណបក្សសង្គ្រោះជាតិ នៅប្រទេសអូស្ត្រាលី ជាអ្នកញុះញង់កៀរគរអ្នកមកចូលរួមបាតុកម្មប្រឆាំងលោក តែចំនួនអ្នកធ្វើបាតុកម្មនេះមានចំនួនតិចតួចប៉ុណ្ណោះ រីឯអ្នកមកចូលរួមនឹងលោក មានចំនួនច្រើនជាង។
លោក ហ៊ុន ម៉ាណែត ព្រមានថា ការធ្វើបាតុកម្មនេះ គឺគណបក្សប្រជាជនកម្ពុជា ក៏មានកម្លាំងសម្រាប់ធ្វើបាតុកម្មប្រឆាំងវិញដែរ ក៏ប៉ុន្តែលោកមិនចង់ឃើញខ្មែរបែកបាក់នោះទេ។ លោក ហ៊ុន ម៉ាណែត បន្ថែមថា បាតុករប្រឆាំងលោក គ្មានទាមទារអ្វីពិតប្រាកដទេ គឺមានតែការជេរប្រមាថប៉ុណ្ណោះ៖ «បាតុកម្មបីកន្លែង ខ្ញុំលើកតែមួយកន្លែងគត់ ពីរកន្លែងទៀតអាចមានអ្នកគាំទ្របក្សសង្គ្រោះជាតិ ចូលរួម។ ខ្ញុំអត់និយាយទេ។ ខ្ញុំនិយាយនៅ Adelaide ព្រោះយើងមានភស្តុតាង និងមានរូបភាពច្បាស់លាស់នៅនោះ ដែលមានថ្នាក់ដឹកនាំ និងរចនាសម្ព័ន្ធរបស់គណបក្សសង្គ្រោះជាតិ នៅនោះ លោក លឹម សំអេង គឺជាប្រធានគណបក្សសង្គ្រោះជាតិ នៅនោះ ដែលជាក្បាលម៉ាស៊ីន។ គាត់ដឹកនាំតែម្ដង។ ឥឡូវមេបក្សនៅភ្នំពេញបញ្ជាអត់ឲ្យធ្វើ មេបក្សនៅនោះ?»
ឆ្លើយតបនឹងការចោទប្រកាន់នេះ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បញ្ជាក់ជាថ្មីថា ការធ្វើបាតុកម្មនៅប្រទេសអូស្ត្រាលី មិនជាប់ពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិ ឡើយ។ លោកអះអាងថា នៅទូទាំងសកលលោក គណបក្សសង្គ្រោះជាតិ គ្មានរចនាសម្ព័ន្ធគណបក្សទេ គឺមានតែក្រុមអ្នកគាំទ្រតែប៉ុណ្ណោះ។ ក្រៅពីនេះទៀត លោក យឹម សុវណ្ណ អះអាងថា គណបក្សសង្គ្រោះជាតិ ចង់ឲ្យមានការចរចាគ្នាជាធំ មិនមែនការធ្វើបាតុកម្មប្រឆាំងគ្នានោះឡើយ៖ «ធ្វើនៅក្រៅប្រទេសហ្នឹងអត់ស្ថិតនៅក្រោមការរៀបចំគណបក្សសង្គ្រោះជាតិ ទេ។ បើសិនជាប្រជាពលរដ្ឋ បើគាត់ចូលរួមជាសិទ្ធិរបស់គាត់ម្នាក់ៗទេ បើសិនជាយើងធ្វើមានការណែនាំ តែនេះការណែនាំតាមប្រព័ន្ធផ្សព្វផ្សាយអីហ្នឹង គឺអត់មានទាល់តែសោះ។»
សេចក្ដីរាយការណ៍ផ្ទាល់របស់លោក ជុន ច័ន្ទបុត្រ ថាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី ប្រមាណជាង ៥០០នាក់ នាំគ្នាតវ៉ានៅរាត្រីថ្ងៃទី៧ ខែតុលា ដើម្បីប្រឆាំងនឹងវត្តមានកូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ទាមទារយុត្តិធម៌ជូនបណ្ឌិត កែម ឡី ដែលត្រូវឃាតកបាញ់សម្លាប់កាលពីខែកក្កដា កន្លងទៅ និងទាមទារឲ្យដោះលែងសកម្មជន និងសមាជិកសភាបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារ។
លោក ហ៊ុន ម៉ាណែត បានដឹកនាំក្រុមចលនាយុវជនទៅប្រទេសអូស្ត្រាលី កាលពីថ្ងៃទី៦ តុលា។ លោកបញ្ជាក់ថា បេសកកម្មរបស់ក្រុមលោកនៅប្រទេសអូស្ត្រាលី គឺដើម្បីផ្សព្វផ្សាយអំពីការអភិវឌ្ឍរបស់រដ្ឋាភិបាល និងស្វែងរកអ្នកវិនិយោគមកបណ្ដាក់ទុននៅកម្ពុជា ជាដើម។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា អ្នកនយោបាយខ្មែរត្រូវតែបញ្ឈប់ការលាបពណ៌ដាក់គ្នា ពីព្រោះថា ប្រវត្តិសាស្ត្របានបន្សល់ទុកឲ្យក្មេងជំនាន់ក្រោយបានដឹងឮរួចហើយអំពីជម្លោះរវាងមេដឹកនាំខ្មែរឥតឈប់ឈរនេះ។ លោក មាស នី សង្កត់ធ្ងន់ថា លោក ហ៊ុន ម៉ាណែត ត្រូវតែធ្វើជាមេដឹកនាំយុវជនគំរូសម្រាប់សង្គមជាតិ៖ «ឯកឧត្តម ហ៊ុន ម៉ាណែត ដែលពលរដ្ឋសរសើរថាជាអ្នកដឹកនាំវ័យក្មេង បើខ្ញុំជាគាត់វិញ ខ្ញុំគួរតែរកមធ្យោបាយនាំប្រទេសខ្មែរឲ្យចេញពីស្ថានភាពបែបហ្នឹង។ បាតុកម្មនេះពីដើមមាននៅក្នុងស្រុកទេ។ ឥឡូវនេះរាលដាលរឿងក្នុងស្រុកទៅក្រៅស្រុកទៀត។ អ៊ីចឹងសម្រាប់អ្នកដឹកនាំវ័យឆ្លាត មិនគួរយករឿងនេះមកធ្វើជាធំ ហើយត្រូវធ្វើម៉េចឲ្យមានការផ្សះផ្សាជាតិ។»
ទោះបីជាយ៉ាងណា លោក ហ៊ុន ម៉ាណែត បានលើកឡើងថា លោកក៏ចង់ឲ្យអ្នកនយោបាយយកការជជែកគ្នាជាធំ ហើយក៏មិនចង់ធ្វើការវាយប្រហារគ្នា បន្តវេនដល់ក្មេងជំនាន់ក្រោយដែរ៖ «អ្វីដែលគណបក្សសង្គ្រោះជាតិ ធ្វើនៅ Adelaide នេះ តើចង់បានន័យថាម៉េច? តើចង់បន្តដល់ជំនាន់ក្រោយទៀត? ជាក្រុមការងារយុវជនដែលតំណាងឲ្យជំនាន់ក្រោយ បើបងប្អូនបង្ហាញថាត្រូវវាយគ្នាដល់ជំនាន់ក្រោយទៀត តើត្រូវធ្វើដូចម្ដេច?»
គណបក្សសង្គ្រោះជាតិ បានប្រកាសផ្អាកប្រជុំសភាជាបណ្ដោះអាសន្នភ្លាមៗជាថ្មីម្ដងទៀតកាលពីថ្ងៃទី៧ តុលា ដោយសំអាងថា គណបក្សសង្គ្រោះជាតិ គិតពីសុវត្ថិភាពផ្ទាល់ខ្លួនដោយដឹងថា នឹងអាចមានអ្វីមួយកើតឡើងលើតំណាងរាស្ត្របក្សប្រឆាំង។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួនពីររូប ត្រូវបានបាតុករគាំទ្រគណបក្សប្រជាជនកម្ពុជា ប្រើអំពើហិង្សាឲ្យរងរបួសធ្ងន់កាលពីខែតុលា ឆ្នាំ២០១៥ គឺលោក ញ៉យ ចំរើន និងលោក គង់ សភា។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី ពន្យល់ថា គណបក្សនយោបាយជាប់ឆ្នោតទាំងពីរ ត្រូវតែបង្កើតទំនុកចិត្តឲ្យគ្នាទៅវិញទៅមក ដើម្បីបង្កើតឲ្យមានភាពកក់ក្ដៅរៀងៗខ្លួន។ លោកបញ្ជាក់ថា ជាឧទាហរណ៍ ជម្លោះរវាងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជា រហូតដល់បង្ហូរឈាមគ្នា។ ទីបំផុតគ្មានបរទេសណាមកផ្សះផ្សានោះឡើយ។ ចំពោះស្ថានភាពបច្ចុប្បន្ននេះ អាចអាក្រក់ជាងកាលពីមុនទៀត បើសិនជាអ្នកនយោបាយមិនរកច្រកដើម្បីបង្រួបបង្រួមគ្នាទេនោះ ហើយការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ក៏មិនអាចធ្វើទៅរួច បើសិនជាមេដឹកនាំខ្មែរនៅតែបែកបាក់៕
(1) I agree 100% with Mr. Hong Lim. (2) Hun Manet's Khmer language, tone of voice, characteristically sound more and more like Hun Sen! Like father like son?
ReplyDelete