លោកនាយកគណៈរដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និងប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។ RFA |
ថ្នាក់ដឹកនាំ បក្សនយោបាយ ធំ ទាំង២ បង្ហាញជំហរ ទន់ភ្លន់ ក្នុងថ្ងៃ បុណ្យភ្ជុំបិណ្ឌ
RFA / វិទ្យុ អាស៊ី សេរី | ៣០ កញ្ញា ២០១៦
នៅក្នុងថ្ងៃ ភ្ជុំបិណ្ឌនេះ
ប្រមុខ ដឹកនាំ គណបក្ស នយោបាយ
ហាក់មាន ទិសដៅ ស្របគ្នា ក្នុងការស្វែងរក សន្តិភាព និងស្ថិរភាព សង្គម។ ទន្ទឹមនឹងនេះ ទាំងគណបក្ស កាន់អំណាច និងគណបក្ស ប្រឆាំង
បានអំពាវ ឲ្យពលរដ្ឋ ដែលធ្វើ ដំណើរ ទៅលេង ស្រុកកំណើត
ត្រូវ គោរពច្បាប់ ចរាចរណ៍ និងយោគយល់ អធ្យាស្រ័យ ឲ្យគ្នា ឲ្យបានខ្ពស់។
លោក គឹម សុខ អ្នកវិភាគបញ្ហានយោបាយមានប្រសាសន៍ថា
ប្រទេសកម្ពុជា តូច និងពោរពេញដោយសក្ដានុពល
ជាពិសេសពលរដ្ឋសម្បូរដោយធនធានផងទាំងនេះគឺជាធាតុផ្សំដ៏ចម្បង
និងជាសសរទ្រូងរបស់ប្រទេសដ៏រឹងមាំដែលងាយក្នុងការអភិវឌ្ឍ។
ប៉ុន្តែលោកបញ្ជាក់ថា សំខាន់ត្រូវចាប់ផ្ដើមពីការឯកភាពជាតិ
និងស្រុះស្រួលរបស់អ្នកនយោបាយជាមុនសិន។ លើសពីនេះទៀត
អ្នកធ្វើសេចក្ដីសម្រេចចិត្តលើគោលនយោបាយត្រូវគោរពច្បាប់
ជាពិសេសត្រូវមានភក្ដីភាពចំពោះជាតិ និងពលរដ្ឋដោយស្មោះត្រង់។
លោក គឹម សុខ៖ «រឿងដែលសំខាន់បំផុតគឺអ្នកនយោបាយស្រលាញ់ជាតិសិន
ចេះនិយាយគ្នាសិន ចេះរួបរួមគ្នាសិន។
មានបញ្ហាអីត្រូវនាំគ្នាសម្លឹងមើលច្បាប់ នាំគ្នាយកច្បាប់មកអនុវត្តយកច្បាប់មកជជែកគ្នា។
កុំមានបញ្ហាអីគិតគំរាមកម្ទេច។ អាហ្នឹងជាបញ្ហាធំណាស់
នាំឲ្យជាតិបែកបាក់ ហើយមិនអាចអភិវឌ្ឍន៍ជាតិទៅមុខបានទេ មានតែថយក្រោយ។»
នៅក្នុងថ្ងៃភ្ជុំបិណ្ឌនេះ
ប្រមុខដឹកនាំបក្សនយោបាយធំៗទាំងពីរ បង្ហាញជំហរទន់ភ្លន់ដែលពីមុនធ្លាប់តែវាយប្រហារគ្នាដោយសម្ដីមិនសំចៃមាត់។
ទាំងលោក ហ៊ុន សែន និងលោក កឹម សុខា បានងាកមករកធម៌អាថ៌វិញម្ដងនៅពេលនេះ។
លោកនាយករដ្ឋមន្ត្រីបានបង្ហាញសារនយោបាយនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក
(Facebook) របស់លោកផ្ទាល់ នៅថ្ងៃទី៣០ កញ្ញា
មើលទៅហាក់បង្ហាញភាពស្ងប់ចិត្តទៅនឹងអំពើល្អដែលបានសាងនៅក្នុងថ្ងៃវេនបិណ្ឌទី១៤
នេះ។ ជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន
បានអំពាវនាវឲ្យពលរដ្ឋគោរពច្បាប់ ជាពិសេសក្នុងពេលបើកបរ។ បន្ថែមពីលើនេះ
លោកនាយករដ្ឋមន្ត្រីបានផ្សាយបុណ្យកុសលដែលលោកបានបំពេញជូនដល់ពលរដ្ឋទាំងក្នុង
និងក្រៅប្រទេស រួមទាំងយោធាឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន
និងកងកម្លាំងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពនៅក្រៅប្រទេសក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។
ដោយឡែក
លោក កឹម សុខា ប្រធានស្ដីទីគណបក្សប្រឆាំង
ថ្វីបើពេលនេះលោកកំពុងបន្តស្នាក់នៅក្នុងទីស្នាក់ការគណបក្ស
តែលោកឆ្លៀតអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោត។ មិនខុសពីលោក ហ៊ុន សែន ឡើយ លោក
កឹម សុខា ដែលហ៊ុមព័ទ្ធដោយបណ្ដឹង និងសាលក្រមរបស់តុលាការក្នុងដំណាក់កាលចុងក្រោយនេះផង
បានផ្សាយសេចក្ដីល្អកើតពីបុណ្យកុសលនេះបានដល់ពលរដ្ឋគ្រប់គ្នា៖ «ខ្ញុំព្រះករុណាខ្ញុំបាទ
កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ សូមប្រគេនពរ
និងជូនចំពោះថេរានុត្ថេរៈគ្រប់ព្រះអង្គ
និងបងប្អូនជនរួមជាតិខ្មែរទាំងក្នុង និងក្រៅប្រទេសសូមទទួលបាននូវពុទ្ធពរទាំង
៤ប្រការ គឺអាយុ វណ្ណៈ សុខ និងពល។សូមធ្វើដំណើរប្រកបដោយសុវត្ថិភាព។
សូមបានជួបជុំក្រុមគ្រួសារញាតិសន្តានដោយក្តីរីករាយ។»
ភាពស្ងប់ស្ងាត់ផ្នែកនយោបាយនៅពេលនេះ
ស្របពេលដែលលោក ហ៊ុន សែន អះអាងកាលពីថ្ងៃទី២២ ខែកញ្ញា
ប្រកាសបទឈប់បាញ់ជាមួយបក្សប្រឆាំងដោយពាក្យសម្ដីនៅក្នុងរដូវកាលភ្ជុំបិណ្ឌនេះ។
ក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ប្រកាសភ្លាមគេសង្កេតឃើញបក្សដែលមានអាសនៈនៅក្នុងរដ្ឋសភាទាំងពីរ
ហាក់បន្ទន់ឥរិយាបថបន្តិច។ បន្ទាប់មកទៀត សមាជិកគណៈកម្មការទាំងពីរដែលមកពីបក្សផ្សេងគ្នានេះ
សម្រេចកាន់ដៃគ្នាចូលសភា។
លោក គឹម សុខ អ្នកវិភាគសង្គម និងនយោបាយមើលឃើញថា
ដើម្បីអាចស្តារប្រទេសឲ្យមានភាពចម្រើនទៅជំហានដំបូងគឺត្រូវបំបាត់អំពើពុករលួយ
មុននឹងត្រូវចាប់ពង្រឹងវិស័យកសិកម្មជាអាទិភាព
ហើយធ្វើកំណែទម្រង់ទៅលើវិស័យដទៃទៀតដែលចាំបាច់មានដូចជាទេសចរណ៍
និងបង្កើនការកែច្នៃកសិផលឲ្យទៅជាផលិតផលកសិឧស្សាហកម្ម៕
No comments:
Post a Comment